សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​អន្លង់​ក្រមួន​ប្ដឹង​អាជ្ញាធរ​និង​ឈ្មួញ​ចោទ​កាប់​ព្រៃ​សហគមន៍

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​អន្លង់ក្រមួន ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ប្ដឹង​អាជ្ញាធរ​ភូមិ-ឃុំ និង​ឈ្មួញ ពី​បទ​រួម​គំនិត​ផ្តល់​អត្ថិភាព​ឲ្យ​ជនល្មើស​កាប់​បំផ្លាញ​ព្រៃ​សហគមន៍។ ប្រធាន​សហគមន៍ ចោទ​ប្រកាន់​ថា មេ​ភូមិ និង​មេ​ឃុំ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​យ៉ាង​អនាធិបតេយ្យ​កាល​ពី​ឆ្នាំ​២០១២។ ចំណែក​មេ​ឃុំ​ស្រែឫស្សី បដិសេធ​ការ​ចោទ​ប្រកាន់​នោះ ដោយ​លើក​ហេតុផល​ថា ជា​ការ​មួលបង្កាច់​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ។

តើ​ពាក្យ​ប្ដឹង​របស់​សហគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​នេះ នឹង​ទទួល​លទ្ធផល​យ៉ាង​ណា?

រហូត​មក​ដល់​បច្ចុប្បន្ន ពាក្យ​បណ្ដឹង​របស់​សហគមន៍​ភូមិ​អន្លង់ក្រមួន ជាង ២​ឆ្នាំ​មក​ហើយ នៅ​មិន​ទាន់​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង យក​មក​ជំនុំ​ជម្រះ​ក្ដី​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ?

សហគមន៍​អះអាង​ថា ពួក​គេ​មាន​ភស្តុតាង​ជាក់លាក់​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ បង្ក​ឡើង​ដោយ​អ្នក​មាន​លុយ និង​មាន​អំណាច ដើម្បី​យក​ដី​ព្រៃ​សហគមន៍​ធ្វើ​ជា​ដី​កម្មសិទ្ធិ​ឯកជន។

ប្រធាន​សហគមន៍​ភូមិ​អន្លង់ក្រមួន ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ លោក ខៀវ ចាន់ បារម្ភ​ថា សកម្មភាព​កាប់​ទន្ទ្រាន​ដោយ​អ្នក​មាន​អំណាច ជួល​កម្មករ​កាប់​ព្រៃ​សហគមន៍​អាច​ធ្វើ​បាន ក៏​ដោយសារ​អាជ្ញាធរ​ភូមិ និង​ឃុំ នៅ​ពី​ក្រោយ​ខ្នង​បទល្មើស​នេះ​ដែរ។ សហគមន៍​ភូមិ​អន្លង់ក្រមួន បាន​ដាក់​ពាក្យ​ប្ដឹង​អ្នក​ពាក់ព័ន្ធ​ដែល​ជា​ឈ្មួញ​ចំនួន ២​នាក់​ផ្សេង​ទៀត ឈ្មោះ មាស សុខសាន និង ដេត ទៅ​តំណាង​អយ្យការ​ខេត្ត​ស្ទឹងត្រែង តាំង​ពី​ឆ្នាំ​២០១៣។ រហូត​ដល់​ថ្ងៃ​ទី​២៩ កញ្ញា តំណាង​អយ្យការ បាន​កោះ​ហៅ​សហគមន៍​ដែល​ជា​ដើម​ចោទ និង​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​ឈ្មួញ​ពីរ​នាក់ ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត ក៏ប៉ុន្តែ​ដីកា​កោះ​នេះ​ត្រូវ​លើក​ពេល​ដល់​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា។

លោក​បន្ត​ទៀត​ថា ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន គឺ​ជា​ប្រភេទ​ព្រៃ​ស្អិត​ដែល​កាល​ពី​ដើម​ឡើយ ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ពឹង​អាស្រ័យ​នឹង​ព្រៃ​ឈើ​នេះ​ដោយ​សុខសាន្ត។ តែ​ជា​អកុសល សកម្មភាព​កាប់​បំផ្លាញ​ជា​ប្រព័ន្ធ បង្ក​ឲ្យ​ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន បាន​ក្លាយ​ជា​ទី​វាល​អស់​មួយ​ផ្នែក​ធំ​ប្រមាណ​ជាង ៤០០​ហិកតារ ចាប់​ពី​ឆ្នាំ​២០១២។ លោក​កត់​សម្គាល់​ថា មេ​ឃុំ​ស្រែឫស្សី ធ្លាប់​ព្រមាន​ប្រជា​សហគមន៍ ថា​នឹង​រំលាយ​សហគមន៍​ចោល ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​មុខ​របរ​រក​ស៊ី​ប្រជាពលរដ្ឋ។ លោក​ចាត់​ទុក​ថា ការ​ព្រមាន​នេះ ហាក់​បី​ដូចជា​ការ​ប្រមាថ​លើ​ស្មារតី និង​ឆន្ទៈ​អភិរក្ស​ព្រៃ​ឈើ​របស់​ជនជាតិ​ដើម​ភាគ​តិច និង​ដូចជា​ការ​ចូលរួម​ចំណែក​បំផ្លាញ​ព្រៃ​ឈើ​ដូច្នេះ​ដែរ៖ «កម្លាំង​យើង​ដើរ​មិន​បាន​ពេញលេញ ដោយសារ​យើង​ខ្វះខាត​ជីវភាព ទី​១។ ទី​២ ដើរ​ដូច​លាក់លៀម គេ​មិន​បញ្ចេញ​សកម្មភាព គេ​គ្រាន់​តែ​វាយ​ប្រហារ​ថា​យើង​ដើរ​ខុស​ច្បាប់ គេ​នឹង​បញ្ជា​ប៉េអិម​ឲ្យ​ចាប់»

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ យល់​ថា ការ​ដាក់​ពាក្យ​ប្ដឹង​នេះ គឺ​ជា​ជម្រើស​ចុង​ក្រោយ ដែល​ពួក​គាត់​ចាត់​ទុក​ព្រៃ​ឈើ​អាស្រ័យ​ផល ជា​អាយុ​ជីវិត​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង តាំង​ពី​ដើម ដែល​ផ្ដល់​ប្រយោជន៍​យ៉ាង​មហិមា ដូចជា​មាន​ដើម​ឈើ​ផលិត​ជ័រ​ទឹក ឬ​ដើម​ច្បោះ​ជ័រ​រាប់​ម៉ឺន​ដើម ដែល​មាន​លទ្ធភាព​ផ្គត់ផ្គង់​ជីវភាព​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​តាំង​ពី​ដូនតា។

ប្រជា​សហគមន៍ លោក ថាន់ វ៉ន ចាត់​ទុក​ការ​បាត់​បង់​ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន ដូចជា​ការ​កាត់​ផ្តាច់​ដង្ហើម​នៃ​របរ​ចិញ្ចឹម​ជីវិត​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ ដូច្នេះ​ដែរ ត្បិត​ការ​ចិញ្ចឹម​ជីវិត​ជនជាតិ​ដើម​ភាគ​តិច​កួយ បាន​មក​ពី​ព្រៃ​ឈើ ដូចជា​ដង​ជ័រ​ទឹក រក​ឃ្មុំ ដាក់​អន្ទាក់​សត្វ បេះ​បន្លែ​ផ្លែ​ឈើ និង​បោច​វល្លិ ជាដើម។ លោក​ថា ព្រៃ​សហគមន៍​បន្ទាប់​ពី​ការ​កាប់​យក​ឈើ​ប្រណីត​អស់ និង​បន្ត​កាប់​ឆ្ការ​ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ​ឯកជន​ជា​បន្តបន្ទាប់ ដែល​សកម្មភាព​បង្ក្រាប ឬ​ទប់ស្កាត់ ហាក់​មាន​តិចតួច។ ជាង​នេះ​ទៅ​ទៀត លោក​រិះគន់​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋបាល​ព្រៃ​ឈើ ថា​មិន​បាន​អនុវត្ត​ច្បាប់​ការពារ​អភិរក្ស​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព ថែម​ទាំង​បណ្តែតបណ្តោយ​ឲ្យ​ឈ្មួញ​កាប់​ឆ្ការ​ព្រៃ​តាម​តែ​អំពើ​ចិត្ត៖ «បេង​នាងនួន ប៉ុន្តែ​កាប់ ១០​ឆ្នាំ​ហើយ តែ​ព្រៃ​តូច​ទេ ចង់​តែ​មួយ​ខេត្ត​ស្ទឹងត្រែង ទៅ​យក​តែ​កន្លែង​នោះ​ទេ! រលាយ​អស់​ហើយ​រាល់​ថ្ងៃ​មិន​ដឹង​គិត​យ៉ាង​ម៉េច​ទេ? ធ្វើ​តាម​ច្បាប់ ដល់​អា​ច្បាប់​មួយ​ឃាត់​ហាម​មិន​ដឹង​អា​ណា​ខុស អា​ណា​ត្រូវ​ទេ! ចុង​ក្រោយ​អស់​តែ​ខោ​អស់​តែ​អាវ​ខ្លួន​ឯង​ទទេៗ»

ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន មាន​ផ្ទៃ​ដី​ចំនួន ៨១០​ហិកតារ ឋិត​នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដោយ​ពុំ​ទាន់​ចុះ​បញ្ជី​ជា​ដី​សមូហភាព​សហគមន៍​ស្រប​ច្បាប់​ឡើយ ក៏ប៉ុន្តែ​មាន​តែ​ផែនទី​កំណត់​ទំហំ​ផ្ទៃ​ដី​គ្រប់គ្រង ដែល​រៀបចំ​ឡើង​ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​មាន​ការ​ជួយ​ជ្រោមជ្រែង​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល។ សហគមន៍​អះអាង​ថា អាជ្ញាធរ​ឃុំ​ធ្លាប់​ទទួល​ស្គាល់​ដី​ព្រៃ​សហគមន៍​នេះ និង​ធ្លាប់​ធ្វើ​លិខិត​ស្នើសុំ​ទៅ​អាជ្ញាធរ​ស្រុក ក៏ប៉ុន្តែ​ត្រូវ​បាន​អាក់ខាន ដោយ​លោក​អតីត​អភិបាល​ស្រុក​បដិសេធ។

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ភូមិ​អន្លង់ក្រមួន ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង លោក ថាន់ វ៉ន ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។
សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ភូមិ​អន្លង់ក្រមួន ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង លោក ថាន់ វ៉ន ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។ (RFA/Men Sothyr)

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ស្រែឫស្សី លោក លួន ណាន បដិសេធ​ថា ការ​ចោទ​ប្រកាន់​របស់​សហគមន៍ គឺ​ជា​ការ​ចោទ​ប្រកាន់​គ្មាន​ការ​ពិត និង​បំភ័ន្ត​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ។ តែ​យ៉ាង​ណា លោក​ទទួល​ស្គាល់​ថា សកម្មភាព​កាប់​ឆ្ការ​ព្រៃ​ពិត​ជា​មាន​មែន ប៉ុន្តែ​ពុំ​មែន​កាប់​នៅ​ព្រៃ​សហគមន៍​នោះ​ឡើយ ហើយ​អ្នក​ដែល​កាប់ គឺ​ជា​ពលរដ្ឋ​មូលដ្ឋាន។ ពួក​គាត់​កាប់​ឆ្ការ ដើម្បី​យក​ដី​ធ្វើ​របរ​ចិញ្ចឹម​ជីវិត​បន្តិចបន្តួច ដែល​នៅ​ខាង​ក្រោយ​កន្ទុយ​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​ភូមិ។ លោក​កត់​សម្គាល់​ថា កាល​ពី​ឆ្នាំ​២០១៣ មាន​ពលរដ្ឋ​ចំនួន ១៨០​នាក់ ធ្លាប់​បាន​ផ្ដិត​មេដៃ​មិន​ទទួល​ស្គាល់​សហគមន៍​ការពារ​ព្រៃ​ឈើ​អន្លង់ក្រមួន ដោយ​លើក​ហេតុផល​ថា សហគមន៍​បាន​រារាំង​អ្នក​ភូមិ​មិន​ឲ្យ​កាប់​ឆ្ការ​ព្រៃ​បន្តិចបន្តួច ដើម្បី​យក​ដី​ធ្វើ​ចម្ការ​ជា​លក្ខណៈ​គ្រួសារ៖ «កាប់​មិន​មែន​ព្រៃ​សហគមន៍​ចាស់​ទេ អា​កន្ទុយ​ក្រោយ​ពី​កម្មសិទ្ធិ​នេះ​ណា! ខាង​ក្រោយ​នៅ​សល់​កន្លះ​ហិកតារ​ក៏​កាប់​ទៅ ក៏​ហាម​មិន​ឲ្យ​កាប់​ទៀត»

ទាក់ទង​បញ្ហា​នេះ តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង លោក ផាត់ ថៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ កញ្ញា ថា សំណុំ​រឿង​នេះ សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​អន្លង់ក្រមួន បាន​ដាក់​ប្ដឹង​មេ​ភូមិ និង​មេ​ឃុំ​ស្រែឫស្សី និង​អ្នក​ពាក់ព័ន្ធ​ពីរ​នាក់​ទៀត កាល​ពី​ចុង​ឆ្នាំ​២០១៣ ហើយ​តំណាង​អយ្យការ​បាន​ចុះ​ធ្វើ​ការ​អង្កេត​លើ​សំណុំ​រឿង​នេះ​និង​បាន​ដាក់​ជូន​ប្រធាន​ចៅក្រម​ខេត្ត​រួច​រាល់​ហើយ កាល​ពី​ចុង​ឆ្នាំ​២០១៤ ដើម្បី​ពិនិត្យ​សម្រេច។ លោក​បង្ហើប​ថា ករណី​នេះ​អាជ្ញាធរ​មូលដ្ឋាន​ផ្សេង​ទៀត​អាច​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ ដោយ​យោង​ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាត្រា​១០០៖ «ចៅក្រម​ដែល​កាន់​សំណុំ​រឿង​ហ្នឹង ឥឡូវ​គាត់​ផ្លាស់​ទៅ​រតនគិរី បាត់​ហើយ។ គាត់​ប្រគល់​សំណុំ​រឿង​មក​ឲ្យ​ប្រធាន​តុលាការ​ហើយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង លោក អៀង គិមថុល ដើម្បី​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៩ កញ្ញា។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល បារម្ភ​ថា នីតិវិធី​របស់​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង ដែល​អូស​បន្លាយ​ពេល​យូរ​បង្ក​ការ​លំបាក​ដល់​ដំណើរ​ការ​នៃ​ការ​អភិរក្ស​ព្រៃ​ឈើ​របស់​សហគមន៍ ស្រប​ពេល​ដែល​សហគមន៍​មិន​ទាន់​មាន​យន្តការ​អភិរក្ស​ព្រៃ​សហគមន៍ និង​ការ​ចុះ​ល្បាត​រឹងមាំ​នៅ​ឡើយ។ លោក​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​កើត​ឡើង​បាន ក៏​ជា​ការ​បណ្តែតបណ្តោយ​របស់​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​មូលដ្ឋាន ដែល​មិន​បាន​សហការ​គ្នា​ជាមួយ​សហគមន៍ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នោះ​ទេ៖ «បើ​កាប់​អស់​ហើយ ជនជាតិ​ដើម​ភាគ​តិច​គាត់​មាន​សង្ឃឹម​អី​ទៀត ព្រោះ​គាត់​ពឹងពាក់​ទៅ​លើ​ដើម​ច្បោះ រក​វល្លិ​ផ្ដៅ រក​ឃ្មុំ ឬ​មួយ​ក៏​បរបាញ់​សត្វ បើ​សិន​វា​អត់​ទៀត​ចប់! អា​ហ្នឹង​វា​ដូចជា​ផ្តាច់​សេដ្ឋកិច្ច​របស់​គាត់»

កាល​ពី​ចុង​ឆ្នាំ​២០១៣ សហគមន៍​ភូមិ​អន្លង់ក្រមួន ចាប់​ម៉ាស៊ីន​អារ​ឈើ​ស្វ័យ​ប្រវត្តិ​ចំនួន ៤​គ្រឿង ហើយ​ប្រគល់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​កិច្ចសន្យា​ដើម្បី​បញ្ឈប់។ សហគមន៍​កត់​សម្គាល់​ថា បន្ទាប់​ពី​ប្រគល់​ឲ្យ​អាជ្ញាធរ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​សកម្មភាព​កាប់​ឆ្ការ​ព្រៃ​ដោយ​លួចលាក់​នៅ​តែ​បន្ត​កើត​ឡើង​ដដែល។

ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាត្រា​១០០ ចែង​ថា សកម្មភាព​ទាំងឡាយ​ណា​ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ដែន​ដី ឬ​មន្ត្រី​អាជ្ញាធរ​ផ្សេង​ទៀត ដើម្បី​ធ្វើ​ការ​អន្តរាគមន៍​ផ្តល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជួយ​ដល់​អាជីវកម្ម​ព្រៃ​ឈើ និង​ធ្វើ​សកម្មភាព​គ្រប់​យ៉ាង​ផ្ទុយ​ពី​បទបញ្ញត្តិ​នៃ​ច្បាប់ ត្រូវ​ចាត់​ទុក​ជា​បទល្មើស​ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ១០០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។