រាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នមួយរបស់រដ្ឋ បានដាក់សំណើមួយទៅលោកនាយករដ្ឋមន្ត្រី និងបណ្ដាស្ថានទូតនានា ស្ដីពីផលប៉ះពាល់នៃគម្រោងទំនប់វារីអគ្គិសនី ដនសាហុង (Don Sahong) របស់ប្រទេសឡាវ កាលពីថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈ។
ស្ថាប័នដែលប្រមូលផ្តុំដោយក្រុមបណ្ឌិតមួយនេះ រំពឹង ១០០ភាគរយថា ប្រមុខរដ្ឋាភិបាលនឹងមើលរបាយការណ៍របស់ខ្លួន។ បណ្ឌិតមួយក្រុមនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលចុះសិក្សាដល់ទីកន្លែងទំនប់វារីអគ្គិសនីដនសាហុង ហើយរកឃើញថា ប្រសិនបើគម្រោងនេះដំណើរការនឹងធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅតាម ១០ខេត្ត ក្នុងប្រទេសកម្ពុជា និងប៉ះពាល់ដល់ជីវចម្រុះក្នុងទឹក ហើយត្រីផ្សោតជាសត្វកម្រនឹងត្រូវផុតពូជ។ ជាងនេះទៅទៀត ពលរដ្ឋខ្មែរចំនួន ៥០ភូមិ ស្មើនឹង ៤៥.០០០នាក់ ដែលរស់ក្បែរតំបន់នោះ នឹងត្រូវបាត់បង់មុខរបរ។
លោកបណ្ឌិត សុខ ទូច ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងឲ្យដឹងថា ការដាក់លិខិតនេះ គឺជាការងារដែលរាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែធ្វើបន្ទាប់ពីសិក្សាស្រាវជ្រាវ។ លោកបណ្ឌិត សុខ ទូច រំពឹងថា រដ្ឋាភិបាលកម្ពុជា នឹងពិនិត្យមើលឯកសាររបស់ក្រុមការងាររាជបណ្ឌិត្យសភា៖ «ខ្ញុំជឿជាក់ថា រាជបណ្ឌិត្យសភាមិនមែន អិន.ជី.អូ (NGO) ទេ។ ...នេះការស្នើសុំដែលមានការសិក្សាស្រាវជ្រាវ»។
របាយការណ៍កម្រាស់ ៦ទំព័រ សរសេរជាភាសាខ្មែរ និងអង់គ្លេស ជាផ្លូវការរបស់រាជបណ្ឌិត្យសភាកម្ពុជា បានសិក្សាទិដ្ឋភាពច្បាប់ ទិដ្ឋភាពធម្មជាតិ និងទិដ្ឋភាពនយោបាយបញ្ជាក់ថា ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវសំណូមពរឲ្យភាគីឡាវ ផ្អាកការសាងសង់ទំនប់វារីអគ្គិសនីនោះ ហើយងាកមកសិក្សាពីផលប៉ះពាល់ផ្លូវទឹកផ្នែកខាងក្រោមជាមុនសិន។
អ្នកវិភាគឯករាជ្យបញ្ហាអភិវឌ្ឍន៍សង្គម និងបរិស្ថាន លោក ឯម ឧត្ដម និយាយថា រដ្ឋាភិបាលកម្ពុជា កន្លងមកមិនសូវហ៊ានរិះគន់ការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ឡើយ ត្បិតអីរដ្ឋាភិបាលកម្ពុជា ក៏កំពុងតែសាងសង់ទំនប់វារីអគ្គិសនីច្រើនណាស់ដែរ។ ប៉ុន្តែលោករំពឹងថា លិខិតរបស់រាជបណ្ឌិត្យសភាកម្ពុជា អាចធ្វើឲ្យរដ្ឋាភិបាលកម្ពុជា មានឯកសារយោងដើម្បីដាក់សំណើទៅភាគីឡាវ៖ «រដ្ឋាភិបាលនិយាយភាសាការទូតច្រើន មិនសូវហ៊ានរិះគន់ឡាវទេ...»។
ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ៤ ដែលទន្លេមេគង្គហូរកាត់ រួមមានប្រទេសវៀតណាម ថៃ និងប្រទេសឡាវ។ ក្រៅពីបង្កើតគណៈកម្មាធិការរួមនៃគណៈកម្មការទន្លេមេគង្គ ប្រទេសចំនួន៣ គឺកម្ពុជា វៀតណាម និងឡាវ បានប្រើពាក្យស្លោករួមគ្នាមួយគឺ "យើងមានមិត្តភាពទន្លេមេគង្គ យើងផឹកទឹកទន្លេមេគង្គរួមគ្នា"។
លោកបណ្ឌិត សុខ ទូច ទាមទារឲ្យប្រទេសឡាវ ត្រូវសិក្សាផលប៉ះពាល់នៃប្រទេសទាំងនេះមិនមែនសិក្សាពីផលប៉ះពាល់តែប្រទេសខ្លួនមួយទេ។ គម្រោងទំនប់នេះ នៅចម្ងាយ ១.៥០០ម៉ែត្រពីព្រំប្រទល់ប្រទេសកម្ពុជា។
ប្រជាពលរដ្ឋពលរដ្ឋរស់នៅឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក ហួត សេង មានការព្រួយបារម្ភថា នៅពេលគម្រោងទំនប់សាងសង់រួច លោកនឹងបាត់បង់មុខរបរ ព្រមទាំងបាត់បង់ដីសម្រាប់ដាំដុះដំណាំប្រចាំថ្ងៃ៖ «ការបារម្ភរបស់ខ្ញុំ គឺបាត់បង់អេកូទេសចរណ៍ អន្លង់ផ្សោត និងដាំបន្ថែ មិនដឹងថា ថ្ងៃមុខទៅរកស៊ីអីទេ»។
ទំនប់វារីអគ្គិសនី ដនសាហុង (Don Sahong) ដែលស្ថិតនៅភាគខាងត្បូងប្រទេសឡាវ ជិតខ្សែទឹកទន្លេមេគង្គខាងលើនៃប្រទេសកម្ពុជា។ ទំនប់វារីអគ្គិសនីដែលបម្រុងសាងសង់នោះ មានកម្ពស់ពី ៣០ ទៅ ៣២ម៉ែត្រ និងប្រវែងប្រហែល ៧គីឡូម៉ែត្រ នៅចន្លោះកោះធំៗ ក្នុងទឹកដីឡាវ ជាប់ព្រំដែនកម្ពុជា ស្ថិតក្នុងតំបន់ ស៊ីផានដន (Si Phan Don) ភាគខាងត្បូងប្រទេសឡាវ។ លទ្ធភាពផលិតអគ្គិសនីចាប់ពី ២៤០ ទៅ ៣៦០ មេហ្គាវ៉ាត់។ ក្រុមហ៊ុនដែលទទួលសាងសង់មកពីប្រទេសម៉ាឡេស៊ី។
របាយការណ៍របស់អង្គការនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (The NGO Forum on Cambodia) អះអាងថា ទំនប់នេះនឹងបង្កការលំបាកដល់បន្លាស់ទីត្រីប្រចាំរដូវដើម្បីរកចំណីនិងពង។ ប៉ះពាល់ដល់ជីវភាពមនុស្សរស់នៅប្រមាណ ៦០លាននាក់ ក្នុងនោះ ប៉ះពាល់ដោយផ្ទាល់ដល់ពលរដ្ឋកម្ពុជា ប្រមាណ ៦លាននាក់ ដែលពឹងអាស្រ័យលើទឹកទន្លេមេគង្គ។
នាយកអង្គការនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក តឹក វណ្ណរ៉ា លើកឡើងថា លិខិតរបស់រាជបណ្ឌិត្យសភាកម្ពុជា នៅពេល គឺទាន់សភាពការណ៍ខណៈដែលថ្នាក់ដឹកនាំប្រទេសឡាវ នឹងមកធ្វើទស្សនៈផ្លូវការនៅប្រទេសកម្ពុជា ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខនេះ។
ក្នុងនាមសង្គមស៊ីវិល លោក តឹក វណ្ណរ៉ា ស្នើដល់ប្រមុខរដ្ឋកម្ពុជា ឲ្យលើករបៀបវារៈស្ដីពីផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង ទៅភាគីឡាវ ក្នុងពេលអ្នកដឹកនាំជាន់ខ្ពស់មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា៖ «ការដាក់លិខិតនេះជារឿងត្រឹមត្រូវ ហើយរំពឹងថា រដ្ឋាភិបាលនឹងជជែករឿងនេះជាមួយរដ្ឋាភិបាលឡាវ»។
រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងប្រធានអង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឲ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ថា លោកមិនទាន់ឃើញសំណើរបស់រាជបណ្ឌិត្យសភាកម្ពុជា នៅឡើយទេ។ យ៉ាងណាក៏ដោយចុះ លោក ផៃ ស៊ីផាន យល់ថា សំណើមួយនេះ ជាឯកសារដែលធ្វើអាចឲ្យរដ្ឋាភិបាលកម្ពុជា គួរថ្លែងយ៉ាងណាទៅរដ្ឋាភិបាលឡាវ ទាក់ទងផលប៉ះពាល់នេះ៖ «រាជរដ្ឋាភិបាលគឺទទួលព័ត៌មានទាំងអស់។ ទោះបីយ៉ាងណា រាជរដ្ឋាភិបាលឈរលើស្មារតីជាដៃគូរវាងភាគីកម្ពុជា-ឡាវ»។
រាជបណ្ឌិត្យសភាកម្ពុជា រំពឹងថា រាជរដ្ឋាភិបាលកម្ពុជា និងបណ្ដាស្ថានទូតក្នុងប្រទេសកម្ពុជា នឹងផ្ដល់តម្លៃដល់ការសិក្សារកឃើញតាមរយៈការដាក់សំណើនេះ។ តាមបែបផែនរដ្ឋបាល រាជបណ្ឌិត្យសភាដាក់ឯកសារបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីរួចហើយទើបស្ថាប័នមួយនេះចាត់ចែងបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។