មនុស្សជាង១០នាក់រួមគ្នាអភិរក្សសហគមន៍នេសាទមួយនៅខេត្តបន្ទាយមានជ័យ

ក្រុមប្រជាសហគមន៍នេសាទមួយកន្លែងដែលមានសមាជិកជាង ១០នាក់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បំពេញការងារក្នុងសហគមន៍ដូចជាការដាក់វេនគ្នាយាមថែរក្សាបឹងអភិរក្ស ឬត្រូវបង្ខំចិត្តរស់នៅបែកពីប្រពន្ធកូនជារៀងរាល់ឆ្នាំ។ តើប្រជាសហគមន៍មួយនេះជួបប្រទះការលំបាកអ្វីខ្លះក្នុងការថែរក្សាបឹងមួយនេះ?
នៅអំឡុងខែកុម្ភៈ ឆ្នាំនេះ តំបន់អភិរក្សបឹងតង្កៀបក្ដាមនៃឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ដែលក្រុមប្រជាសហគមន៍យាមការពារប្រចាំទាំងយប់ទាំងថ្ងៃនោះ នៅក្នុងបឹងមួយនេះមានទឹកល្ហល្ហាចព្រៀបមាត់ច្រាំង និងមានរោងស្នាក់នៅប្រក់ស័ង្កសីមួយកន្លែងនៅជាប់មាត់បឹងនេះតែម្ដង។
នៅពេលអ្នកយកព័ត៌មានអាស៊ីសេរី ទៅដល់មាត់បឹងមួយនេះភ្លាម ក្រុមប្រជាសហគមន៍ដែលអង្គុយខាងក្រោមរោងស្នាក់នៅនោះ បានចេញមកស្វាគមន៍ដោយមានទឹកមុខញញឹមញញែមបង្ហាញអារម្មណ៍សប្បាយរីករាយ ហាក់បញ្ជាក់ថា មានភ្ញៀវមកពីឆ្ងាយទៅលេងពួកគាត់។
ប្រធានសហគមន៍នេសាទបឹងតង្កៀបក្ដាម លោក ឡំ ឡាយ ផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរី នៅមាត់បឹងតង្កៀបក្ដាមថា មិនសូវមានអ្នកយកព័ត៌មាន ឬមន្ត្រីអង្គការសង្គមស៊ីវិលមកលេងពួកគាត់នោះទេ។ បុរសសម្បុរស្រអែមវ័យ ៥០ឆ្នាំប្លាយរូបនេះ បន្ថែមដោយសម្ដីមួយៗថា បើទោះជាពុំមានមនុស្សមកលេង ឬយកអំណោយទៅចែកឲ្យពួកគាត់ក្ដី ក៏ប៉ុន្តែលោកថា ទឹកចិត្តរបស់ពួកគាត់នៅតែស្រឡាញ់ការងារអភិរក្សនេះជានិច្ច។
លោកបន្ថែមថា ពួកគាត់មានសមាជិកចំនួន ១១នាក់មកស្នាក់នៅការពារតំបន់អភិរក្សមួយនេះរយៈពេលប្រមាណ ៧ខែក្នុងមួយឆ្នាំ គឺចាប់ពីខែធ្នូ រហូតដល់ខែកក្កដា ជារៀងរាល់ឆ្នាំ៖ «ព្រោះសមាជិកក្នុងសហគមន៍ដាក់វេនគ្នា ៤ថ្ងៃមួយវេន ថ្ងៃសល់ទំនេរទៅធ្វើការងាររកចំណូលដោះស្រាយក្នុងគ្រួសារ។ ជួបការលំបាកខ្វះខាតថវិកាដោះស្រាយជីវភាពគ្រួសារ និងថវិកាចាក់សាំងធ្វើដំណើរទៅការពារតំបន់អភិរក្សដែលមានផ្លូវឆ្ងាយ»។
នៅជុំវិញរោងស្នាក់នៅរបស់សហគមន៍ឃើញមានចាន និងឆ្នាំដាំបាយមួយចំនួន និងមានទូក ២គ្រឿងចតនៅមាត់បឹង សម្រាប់ជាមធ្យោបាយដើរល្បាតការពារអ្នកលួចធ្វើនេសាទនៅតំបន់អភិរក្ស។
លោក ឡំ ឡាយ មានប្រសាសន៍ថា ពួកគាត់រស់នៅបែកប្រពន្ធកូនមកការពារតំបន់អភិរក្សទាំងយប់ទាំងថ្ងៃ ដើម្បីថែរក្សាធនធានធម្មជាតិ រួមមានត្រី និងសត្វស្លាបនៅតំបន់អភិរក្សមួយនេះឲ្យគង់វង្ស៖ «បាទ! ចំពោះថវិកាដោះស្រាយយាមក្នុងតំបន់អភិរក្សនេះ យើងដោះស្រាយដោយខ្លួនឯង ពុំអ្នកណាគេចេញឲ្យពួកខ្ញុំទេ»។
នៅពេលមានថ្ងៃក្ដៅខ្លាំង ពួកគាត់នាំគ្នាអង្គុយនៅក្រោមរោងស្នាក់នៅ ដោយអ្នកខ្លះក៏សម្រាកនៅលើអង្រឹង ហើយភ្នែកមើលបឹងអភិរក្សក្រែងលោមានអ្នកលួចធ្វើនេសាទខុសច្បាប់។
ប្រជាសហគមន៍បឹងតង្កៀបក្ដាមម្នាក់ទៀត លោក លាក់ យឿម ផ្ដល់សម្ភាសឲ្យអាស៊ីសេរី ថា លោកស្ម័គ្រចិត្តធ្វើជាអ្នកអភិរក្សក្នុងសហគមន៍មួយនេះជាង ៣ឆ្នាំហើយ។ បុរសវ័យ ៣០ឆ្នាំប្លាយរូបនេះបន្ថែមដោយសម្ដីមួយៗថា មូលហេតុដែលលោកចូលធ្វើជាមន្ត្រីសហគមន៍ដោយស្រឡាញ់ធនធានធម្មជាតិ និងចង់ថែរក្សាសម្បត្តិទាំងអស់នេះឲ្យបានគង់វង្សយូរអង្វែងទៅមុខទៀត៖ «ខ្ញុំស្នើសុំឲ្យបងប្អូនក្នុងប្រាសាទ ឲ្យយល់ពីតម្លៃដែលពួកខ្ញុំមកយាមនេះ គឺដើម្បីថែរក្សាទេ មិនមែនដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ សុំឲ្យប្រជាពលរដ្ឋជួយការពារអភិរក្សតំបន់សហគមន៍យើងទាំងអស់គ្នា»។
នៅជុំវិញតំបន់អភិរក្សបឹងតង្កៀបក្ដាម មានព្រៃរនាម និងដើមរាំងទឹកដុះព័ទ្ធជុំវិញ។ ចំណែកផ្ទៃបឹងទាំងមូលវិញ ប្រមាណ ៦០ភាគរយនៃតំបន់អភិរក្សមានដើមឈូក និងដើមសម្លោក ដុះនៅផ្ទៃទឹកមានស្លឹកពណ៌បៃតងគួរឲ្យចង់គយគន់។ ក្រៅអំពីនោះ មានដើមសារាយ ដុះបណ្ដែតរាយប៉ាយលើទឹក ដែលជាទីកន្លែងកម្សាន្តរបស់ត្រី និងសត្វស្លាបហែលលេងរួមគ្នា។
មេឃុំប្រាសាទ លោក ជឹម ជុត មានប្រសាសន៍ថា អ្នកស្ម័គ្រចិត្តធ្វើការងារនៅក្នុងសហគមន៍នេះ ពុំមានប្រាក់ខែសម្រាប់ឧបត្ថម្ភពួកគាត់នោះទេ។ លោកបន្ថែមថា ពួកគាត់ទាំងអស់នោះបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរឃុំ ជាពិសេសមន្ត្រីប៉ូលិស នៅពេលដែលមានបទល្មើសកើតឡើងទ្រង់ទ្រាយធំ ដែលអ្នកប្រព្រឹត្តិមានគ្នាច្រើន ហើយពួកគាត់មិនអាចទប់ស្កាត់បាន គឺពួកគាត់តែងតែអន្តរាគមន៍ទៅមន្ត្រីប៉ូលិសភ្លាមៗ ដើម្បីឲ្យចុះទៅជួយពួកគាត់ដល់ទីកន្លែង៖ «បាទ! កុំមានពួកគាត់ចូលរួមការពារត្រីនៅបឹងអភិរក្សនេះ មិនសល់ទេ។ កន្លងប្រជាពលរដ្ឋបានរិះគន់ពួកគាត់ធ្វើដើម្បីប្រយោជន៍ពួកគាត់ មិនត្រឹមត្រូវទេ តាមពិតគាត់ដាក់មងបន្តិចបន្តួចគ្រាន់ដោះស្រាយថ្លៃសាំងម៉ូតូធ្វើដំណើររបស់ពួកគាត់ទេ»។
បឹងមួយនេះជាទីកន្លែងអភិរក្សត្រីដ៏ធំនៅក្នុងស្រុកព្រះនេត្រព្រះ ដែលអាចជួយបង្កើនពូជត្រីឲ្យកាន់តែច្រើននៅរដូវទឹកឡើង។ ទន្ទឹមគ្នានេះ ប្រសិនបើពុំមានអ្នកអភិរក្សនៅតំបន់នេះឲ្យបានល្អទេ នឹងធ្វើឲ្យធនធានមច្ឆជាតិថយចុះ ហើយប៉ះពាល់ដល់របរធ្វើនេសាទរបស់ពលរដ្ឋនៅតំបន់នោះនៅថ្ងៃខាងមុខជាពុំខាន។
មន្ត្រីសម្របសម្រួលអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផលជុំវិញបឹងទន្លេសាប អ្នកស្រី នូ សារឹម មានប្រសាសន៍ថា ប្រជាសហគមន៍នេសាទស្ទើរគ្រប់ទីកន្លែងនៅជុំវិញបឹងទន្លេសាប គឺពួកគាត់ធ្វើការលះបង់កម្លាំងកាយ និងចិត្ត ដើម្បីថែរក្សាធនធានធម្មជាតិជាប្រយោជន៍រួម។ អ្នកស្រីកត់សម្គាល់ថា កន្លងទៅ អាជ្ញាធរហាក់មិនសូវសហការជាមួយពួកគាត់ឲ្យបានពេញលេញនោះទ គឺពួកគាត់ប្រឹងប្រែងធ្វើការងារដោយខ្លួនឯង។ អ្នកស្រីសង្កត់ធ្ងន់ថា សហគមន៍នេសាទមានសារសំខាន់ណាស់ក្នុងការរួមចំណែកថែរក្សាធនធានមច្ឆជាតិ ជាពិសេសថែរក្សាពូជត្រី ដើម្បីពងកូនបន្តពូជទៅមុខទៀត៖ «កន្លងមកយើងឃើញថា សូម្បីតែផែនការកម្មវិធីវិនិយោគឃុំ យើងឃើញថាសហគមន៍នេសាទគាត់ខំលើកជាផែនការដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ ដើម្បីអភិរក្សធនធានជលផល ក៏ប៉ុន្តែផែនការទាំងនោះភាគច្រើនបានត្រឹមដាក់បញ្ចូល ប៉ុន្តែឆ្លើយតបនៅមានការខ្វះខាតយ៉ាងច្រើនមិនឆ្លើយតបឲ្យស៊ីជម្រៅទៅលើផែនការរបស់គាត់»។
ប៉ុន្តែមេឃុំប្រាសាទ បញ្ជាក់ថា អាជ្ញាធរឃុំតែងសហការល្អជាមួយសហគមន៍ទាំងការគ្រប់គ្រង និងការងារអភិវឌ្ឍន៍តំបន់អភិរក្ស។ លោកបន្ថែមថា កន្លងទៅ ការអភិវឌ្ឍមិនបានទូលំទូលាយដោយសារខាងឃុំគ្មានថវិកាគ្រប់គ្រាន់ជួយដល់សហគមន៍។
មេឃុំប្រាសាទ ឲ្យដឹងទៀតថា នៅក្នុងឃុំមួយនេះមានសហគមន៍នេសាទទាំងតូចទាំងធំប្រមាណ ៥កន្លែង។ លោកអះអាងថា សហគមន៍នេសាទដែលធំ ហើយមានសារសំខាន់ជាងគេ គឺសហគមន៍បឹងតង្កៀបក្ដាម ដែលមានផ្ទៃបឹងទទឹង ៥០០ម៉ែត្រ និងបណ្ដោយ ១ពាន់ម៉ែត្រ និងមានចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីឃុំប្រាសាទ៕