សកម្មជន និងពលរដ្ឋ ដែលធ្វើការលើវិស័យធនធានធម្មជាតិ អះអាងថា ការផ្លាស់ប្ដូរប្រធានមន្ទីរបរិស្ថានខេត្តចំនួន៣ នៅជុំវិញតំបន់ព្រៃឡង់ មិនមែនជាវិធីជួយបំបាត់ការកាប់បំផ្លាញព្រៃឈើឡើយ តែអាចជាការផ្ដល់ឱកាសឱ្យមន្ត្រីបរិស្ថានទាំងនោះផ្លាស់ប្ដូរវេនគ្នាប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូកពី ពីជនល្មើស ដើម្បីផ្គត់ផ្គង់ឲ្យមេដឹកនាំរបស់ខ្លួន។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត សម្រេចប្ដូរប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ព្រះវិហារ និងខេត្តក្រចេះ។
សកម្មជន និងពលរដ្ឋនៅជុំវិញតំបន់ព្រៃឡង់ ចាត់ទុកការផ្លាស់ប្ដូរប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ព្រះវិហារ និងខេត្តក្រចេះរបស់លោក ហ៊ុន ម៉ាណែត ថាជាចំណាត់ការមិនចំបញ្ហា ដើម្បីបំបាត់អំពើពុករលួយ និងការកាប់បំផ្លាញធនធានធម្មជាតិឡើយ។ សកម្មជនបរិស្ថាន ចង់ឲ្យរដ្ឋាភិបាល បើចិត្តឲ្យទូលាយអនុញ្ញាតឲ្យបណ្ដាញសហគមន៍ព្រៃឡង់ចូលល្បាតព្រៃឈើឡើងវិញ និងត្រូវអនុវត្តច្បាប់ទៅលើជនល្មើស និងអ្នកជាប់ពាក់ព័ន្ធឲ្យបានតឹងរ៉ឹង។
សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន យុវជន លឹម គីមសួរ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ ខែមករាថា ការផ្លាស់ប្ដូរប្រធានមន្ទីរបរិស្ថានខេត្តនៅជុំវិញតំបន់ព្រៃឡង់នេះ មិនមែនជាវិធីសាស្ត្រការពារធនធានធម្មជាតិនៅតំបន់អភិរក្សមួយនេះនោះទេ ផ្ទុយទៅវិញ គឺជាការផ្លាស់ប្ដូរវេនគ្នាប្រព្រឹត្តអំពើពុករលួយ ដើរប្រមូលលុយពីជនល្មើស ដើម្បីចែកគ្នា។
យុវជន លឹម គីមសួរ៖ «បច្ចុប្បន្នយើងមើលឃើញថា មន្ត្រីអត់មានឆន្ទៈក្នុងការធ្វើការងារដើម្បីការពារព្រៃឈើនោះទេ ភាគច្រើនមុខតំណែងតួនាទីរបស់គាត់គឺយកទៅធ្វើការដើម្បីប្រកបអាជីវកម្មទៅលើការកាប់ឈើ ព្រៃឈើនៅក្នុងស្រុកខ្មែរយើងក៏អត់អាចការពារបានដែរ ហើយប្រសិនបើជាការពារបានលុះត្រាតែបញ្ឈប់ការចាប់ចងយុវជនយើង ហើយឲ្យពួកគាត់ចូលរួមការពារព្រៃឈើពិតប្រាកដ ទើបអាចមានសង្ឃឹមខ្លះ»។
ចំណែក សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ដែលតែងតែចុះល្បាតព្រៃជាញឹកញាប់ លោក ម៉ា ចិត្រា ឲ្យដឹងថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការការពារព្រៃឈើនៅក្នុងតំបន់ព្រៃឡង់មែននោះ រដ្ឋាភិបាលត្រូវតែអនុញ្ញាតឲ្យសហគមន៍ព្រៃឡង់ចូលល្បាតព្រៃដោយសេរី និងត្រូវស៊ើបអង្កេតស្វែងរកជនល្មើស និងអ្នកគប់គិត ដែលបណ្ដោយឲ្យមានបទល្មើសព្រៃឈើកន្លងមក យកមកអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ទើបការការពារធនធានធម្មជាតិមានប្រសិទ្ធភាព។
លោក ម៉ា ចិត្រា៖ «ខ្ញុំមើលឃើញថា វាគ្រាន់តែជាដូរមនុស្សឲ្យមកទទួលប្រយោជន៍អំពីឧក្រិដ្ឋកម្មលើវិស័យព្រៃឈើទៅវិញទេ វាអត់មានអ្វីជួយទៅដល់កិច្ចការពារព្រៃឈើបាននោះទេ អ៊ីចឹងសម្រាប់ឆន្ទៈប្រសិនបើរដ្ឋាភិបាលមានមែនត្រូវតែ ស៊ើបអង្កេតពាក់ព័ន្ធបញ្ហាអំពើពុករលួយ នឹងបានអាចធ្វើទៅបាន»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ បានទេ នៅថ្ងៃទី២៦ ខែមករា។ ចំណែកប្រធានមន្ទីរបរិស្ថានថ្មីទាំង៣ខេត្តក៏វិទ្យុអាស៊ីសេរី មិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចផ្លាស់ប្ដូរប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ព្រះវិហារ និងខេត្តក្រចេះ តាមការស្នើសុំរបស់ប្អូនប្រុសលោក គឺរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី កាលពីថ្ងៃទី២០ ខែមករា។ ក្នុងនោះប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ លោក អោង ប៊ុនធឿន ជំនួសលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារលោក សុង ច័ន្ទសុជាតិ ត្រូវផ្ទេរឲ្យទៅលោក មឿន សុភេទ និងប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លោក ឆាយ ឌួងសាវុធ ត្រូវផ្ទេរឲ្យទៅលោក គា ប៊ូ។ ចំណែកឯអតីតប្រធានមន្ទីរបរិស្ថានទាំង៣ខេត្តនេះ ត្រូវទៅបម្រើការងារនៅទីស្ដីការក្រសួងបរិស្ថានវិញ។
នៅក្នុងលិខិតស្នើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ស្នើទៅនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤មិនបានបង្ហាញអំពីមូលហេតុជាក់លាក់ ក្នុងការផ្លាស់ប្ដូរប្រធានមន្ទីរទាំងអស់នេះនោះទេ តែយ៉ាងណាកន្លងទៅសកម្មជនបរិស្ថាន តែងតែរកឃើញបទល្មើសព្រៃឈើទ្រង់ទ្រាយធំជាច្រើនករណីនៅតំបន់ព្រៃឡង់ ក្នុងខេត្តព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។
ដោយឡែក ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង មិនត្រូវបានផ្លាស់ប្ដូរ តាមការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ឡើយ បើទោះបីប្រធានមន្ទីររូបនេះតែងតែរងការចោទប្រកាន់ថា បានប្រមូលលុយពីជនល្មើស និងប្រព្រឹត្តអំពើពុករលួយ បណ្ដោយឲ្យមានបទល្មើសជាច្រើននៅក្នុងខេត្តនេះក៏ដោយ។
រីឯបណ្ដាញសហគមន៍ព្រៃឡង់ លោក ស្វាយ សុង ឲ្យដឹងនៅថ្ងៃទី២៦ ខែមករាថា លោកមិនសង្ឃឹមថា មន្ត្រីទាំងនោះអាចទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់បាននោះទេ ពីព្រោះអ្នកដែលរកស៊ីអាជីវកម្មឈើនៅក្នុងតំបន់ព្រៃឡង់ គឺមានលក្ខណៈជាប្រព័ន្ធ និងមានមន្ត្រីប្រព្រឹត្តអំពើពុករលួយច្រើន។ លោកថា ដើម្បីបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ឲ្យមានប្រសិទ្ធភាព គឺត្រូវតែមានការចូលរួមការពារធនធានធម្មជាតិពីគ្រប់ភាគីទាំងអស់។
លោក ស្វាយ សុង៖ «ប្រសិនជាគាត់មានការសហការជាមួយបណ្ដាញសហគមន៍ព្រៃឡង់ សហគមន៍ព្រៃឈើ និងប្រជាពលរដ្ឋរស់នៅក្បែរតំបន់ព្រៃឡង់វាពិតជាល្អមែនទែន អ៊ីចឹងអ្វីដែលជាការរឹងមាំ អ្វីដែលយើងការពារបាន លុះត្រាតែមានការសហការ រវាងមន្ត្រីបរិស្ថាន មន្ទីរបរិស្ថាន សហគមន៍ព្រៃឡង់ និងអង្គការជាតិ និងអន្តរជាតិ ខ្ញុំសង្ឃឹមប្រសិនបើជាអ៊ីចឹង»។
ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីជិត៥សែន (៤៨៩.៦៦៣) ហិកតារ ជាប់ខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាល បង្កើតជាតំបន់ដែនជម្រកសត្វព្រៃនៅក្នុងឆ្នាំ២០១៦ គ្រប់គ្រងដោយក្រសួងបរិស្ថាន។ កន្លងទៅសកម្មជនបរិស្ថាន អង្គការស៊ីវិលជាតិ និងអន្តរជាតិ រកឃើញថា ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ដែនជម្រកសត្វព្រៃព្រៃឡង់តែងតែរងការកាប់ឈើធ្វើអាជីវកម្ម និងកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅជុំវិញតំបន់នោះយ៉ាងអនាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។