អ្នក​ជំនាញ​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​មុន​នឹង​ប្រគល់​គម្រោង​អភិវឌ្ឍន៍​វារីអគ្គិសនី​ស្ទឹង​តាតៃ​លើ​ទៅ​ឲ្យ​ក្រុម​ហ៊ុនចិន

ដោយ ហេង រស្មី
2020-10-23
Share
វារីអគ្គិសនី តាតៃ កោះកុង ស្ថានីយវារីអគ្គិសនី តាតៃ នៅស្ទឹង​តាតៃ​ផ្នែកខាងក្រោម ​ខេត្ត​កោះកុង។
រូប៖ ហ្វេសប៊ុក​ក្រសួង​រ៉ែ និង​ថាមពល

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​បរិស្ថាន​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ពី​បាត់បង់​ធនធាន​ធម្មជាតិ​ និង​ជីវចម្រុះ​គ្រប់​ប្រភេទ​ បន្ទាប់​ពី​របប​ក្រុង​ភ្នំពេញ អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​ចិន​មួយ​អភិវឌ្ឍន៍​គម្រោង​អគ្គិសនី​ នៅស្ទឹងតាតៃលើ​ ខេត្ត​កោះកុង​ មាន​តម្លៃ​ជិត​ ៤០០​លាន​ដុល្លារ។​​​​

អ្នក​ជំនាញ​ទាម​ទារ​​របប​ក្រុង​ភ្នំពេញ​ សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​​បាន​ច្បាស់​លាស់​មុន​នឹង​សម្រេច​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​ចិន វិនិយោគ​លើ​គម្រោង​អគ្គិសនី​ស្ទឹង​តាតៃ​លើ ក្នុង​ខេត្ត​កោះកុង​ ប្រយោជន៍​ដើម្បី​ការ​ពារ​ដល់​ធន​ធាន​ធម្មជាតិ​កំពុង​បាត់​បង់។​

​​​​អ្នក​ជំនាញ​អភិបាល​កិច្ច​ទឹក​ លោក​ ហែម​ ឧត្តម​ មាន​ប្រសាសន៍​ថា​​ ស្ទឹង​តាតៃ​លើ​ គឺ​ជា​តំបន់​ដែល​សំបូរ​ទៅ​ដោយ​ជីវចម្រុះ​ ឈើ​កម្រ​ និង​សត្វ​កម្រ​គ្រប់​ប្រភេទ ហើយ​នៅ​ក្នុង​នោះ​មាន​ព្រៃ​រ៉ុង​ ដែល​ប្រជាពលរដ្ឋ​អាច​​ប្រមូល​ផល​ ចៀរ​​យក​ជ័រ​យក​ទៅ​លក់ ដើម្បី​ចិញ្ចឹម​ជីវិត​យូរយារ​ណាស់​មក​ហើយ។​

លោកថា​ ប្រសិន​បើ​ពុំ​មាន​ការ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​​ឱ្យ​ បាន​ដិតដល់​ទេ​ គម្រោង​នេះ​នឹង​មាន​ផល​ប៉ះពាល់​​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​៖ «ហើយ​ពេល​នោះ​បើ​ខ្ញុំ​នៅ​ចាំ​ នៅ​ពេល​ដែល​គេ​ចាប់​ផ្តើម​សាង​សង់​នៅ​ក្នុង​កំឡុង​ឆ្នាំ​២០១១-២០១២​ ពេល​នោះ​យើង​ឃើញ​មាន​សកម្មភាព​ស្តា​រ​បាត​អាង​ ហើយ​ក៏​មាន​សកម្មភាព​ក្រុម​ដែល​ចូល​ទៅ​កាប់​ព្រៃ​ ហើយ​ក៏​មាន​ការ​ដឹក​ឈើ​ចេញ​ជា​ដើម។​ បើ​សិន​ជា​គម្រោង​លើក​នេះ​មិន​មាន​ការ​គ្រប់​គ្រង​តាមដាន​ឱ្យដិត​ដល់​ទេ​ ខ្ញុំ​ថា​ នៅ​ក្នុង​ដំណាក់កាល​ដែល​គេ​ស្តា​របាត​អាង​នៃ​គម្រោង​ទំនប់​នេះ​អាច​នឹង​មាន​កាប់​ព្រៃ​ឈើ​ ហើយ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​​ទៅដល់​ជីវចម្រុះ​ សត្វព្រៃ​ផ្សេងៗ​ ក្នុង​ដំណាក់​កាល​ហ្នឹង​ដែរ»។

ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​បរិស្ថាន​របស់​អ្នក​ជំនាញ​នេះ​ បាន​កើត​មាន​ឡើង​ក្រោយ​ពីរ​របប​ក្រុង​ភ្នំ​ពេញ​បាន​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​ចិន មួយ​មាន​ឈ្មោះ​ថា​ ឆៃណា ណាសូណាល់​ ហេវី មើឈិន​ណារី កូអូបផ័ររ៉េស៊ិន( China National Heavy Machinery Corporation co., Ltd) ធ្វើ​វិនិយោគ​លើ​គម្រោង​អគ្គិសនី​ស្ទឹង​តាតៃ​លើ​ និង​អោយ​ក្រុម​ហ៊ុន​ ស៊ីនតិច (SchineiTec co., Ltd) គម្រោង​ខ្សែ​បណ្ដាញ​បញ្ជូន​តង់ស្យុង ៥០០​គីឡូវ៉ុល​ ២​ខ្សែ​ ពី​ភ្នំពេញ​ទៅ​ព្រំ​ដែន​កម្ពុជា​-ឡាវ​ និង​ពី​ខេត្ត​បាត់​ដំបង​ទៅ​ព្រំ​ដែន​កម្ពុជា-ថៃ​។​

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ ​ទីស្ដីការ​​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​២៣​ តុលា​ឲ្យដឹងថា គម្រោង​វារីអគ្គិសនី​ស្ទឹងតាតៃលើ​ គឺជា​គម្រោង​មួយ​ដែល​មាន​សក្ដានុពល​វារីអគ្គិសនី ប្រើ​ប្រាស់​ប្រភព​ទឹក​របស់​ស្ទឹង​២​ គឺ​ស្ទឹង​កែប​​ និង​ស្ទឹង​តាតៃ​ ដោយ​សាងសង់​ទំនប់​២​ កាត់​ស្ទឹង​ទាំង​ពីរ​បង្កើត​ជា​អាង​ស្តុក​ទឹក​២​​ ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក​។​

គម្រោង​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោម​រូប​ភាព​វិនិយោគ​ សាងសង់​-ដំណើរ​ការ​ផ្ទេរ​ នៅ​ក្នុង​ទំហំ​វិនិយោគ​សរុប​ចំនួន​ជិត​ ៤០០​លាន​ដុល្លារ (៣៨៩.៤១៤.០០៥​លាន​ដុល្លារ)​ ក្នុង​រយៈពេល ​៣៩​ឆ្នាំ​ ក្នុង​នោះ ​៤​ឆ្នាំ​សម្រាប់​ការ​សាង​សង់​ និង ​៣៥​ឆ្នាំ​ទៀត​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​។​

បរិមាណ​មូលដ្ឋាន​នៃ​ថាមពល​អគ្គិសនី​ផលិត​ប្រចាំ​ឆ្នាំ​លក់​ឱ្យ​អគ្គិសនី​កម្ពុជា គឺ​ជាមធ្យម​ ៥២៧​លាន​គីឡូវ៉ាត់ម៉ោង ហើយ​លក់​ក្នុង​តម្លៃ​​ជិត ៨សេន (៧,៩២ សេន​​) ដុល្លារ (ក្នុង​ ១​គីឡូវ៉ាត់​ម៉ោង។​

តាម​របាយការណ៍​របស់​ក្រសួង​រ៉ែ​ និង​ថាមពល បញ្ជាក់​ថា ចាប់ពី​ឆ្នាំ២០០៦ ដល់​ចុង​ឆ្នាំ២០១៩ កម្ពុជា​មាន​ការ​វិនិយោគ​លើ​វិស័យ​អគ្គិសនី​មាន​ចំនួន​ជាង ៦ពាន់​លាន​ដុល្លារ (៦​ពាន់ ១រយ​​លាន​ដុល្លារ)។​

បើ​តាម​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​បង្កើន​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ជិត ៣លាន​មេហ្កាវ៉ាត់ នៅ​ឆ្នាំ២០១៩ គឺ​បាន​កើន​ឡើង​ពី​ ២លាន​ ៦សែន​ មេហ្កាវ៉ាត់ កាល​ពី​​ឆ្នាំ២០១៨៕

អគារ​ក្រុមហ៊ុន​វារី​អគ្គិសនី​នៅ​ស្ថានីយ តាតៃ ស្ទឹង​តាតៃ​ផ្នែក​ខាង​ក្រោម ខេត្ត​កោះកុង។
អគារ​ក្រុមហ៊ុន​វារី​អគ្គិសនី​នៅ​ស្ថានីយ តាតៃ ស្ទឹង​តាតៃ​ផ្នែក​ខាង​ក្រោម ខេត្ត​កោះកុង។
រូប៖ ហ្វេសប៊ុក​ក្រសួង​រ៉ែ និង​ថាមពល

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។