មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលបរិស្ថានបានសំដែងការព្រួយបារម្ភពីបាត់បង់ធនធានធម្មជាតិ និងជីវចម្រុះគ្រប់ប្រភេទ បន្ទាប់ពីរបបក្រុងភ្នំពេញ អនុញ្ញាតឱ្យក្រុមហ៊ុនចិនមួយអភិវឌ្ឍន៍គម្រោងអគ្គិសនី នៅស្ទឹងតាតៃលើ ខេត្តកោះកុង មានតម្លៃជិត ៤០០លានដុល្លារ។
អ្នកជំនាញទាមទាររបបក្រុងភ្នំពេញ សិក្សាពីផលប៉ះពាល់បរិស្ថានបានច្បាស់លាស់មុននឹងសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនចិន វិនិយោគលើគម្រោងអគ្គិសនីស្ទឹងតាតៃលើ ក្នុងខេត្តកោះកុង ប្រយោជន៍ដើម្បីការពារដល់ធនធានធម្មជាតិកំពុងបាត់បង់។
អ្នកជំនាញអភិបាលកិច្ចទឹក លោក ហែម ឧត្តម មានប្រសាសន៍ថា ស្ទឹងតាតៃលើ គឺជាតំបន់ដែលសំបូរទៅដោយជីវចម្រុះ ឈើកម្រ និងសត្វកម្រគ្រប់ប្រភេទ ហើយនៅក្នុងនោះមានព្រៃរ៉ុង ដែលប្រជាពលរដ្ឋអាចប្រមូលផល ចៀរយកជ័រយកទៅលក់ ដើម្បីចិញ្ចឹមជីវិតយូរយារណាស់មកហើយ។
លោកថា ប្រសិនបើពុំមានការសិក្សាពីផលប៉ះពាល់បរិស្ថានឱ្យ បានដិតដល់ទេ គម្រោងនេះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន៖ «ហើយពេលនោះបើខ្ញុំនៅចាំ នៅពេលដែលគេចាប់ផ្តើមសាងសង់នៅក្នុងកំឡុងឆ្នាំ២០១១ - ២០១២ ពេលនោះយើងឃើញមានសកម្មភាពស្តារបាតអាង ហើយក៏មានសកម្មភាពក្រុមដែលចូលទៅកាប់ព្រៃ ហើយក៏មានការដឹកឈើចេញជាដើម។ បើសិនជាគម្រោងលើកនេះមិនមានការគ្រប់គ្រងតាមដានឱ្យដិតដល់ទេ ខ្ញុំថា នៅក្នុងដំណាក់កាលដែលគេស្តារបាតអាងនៃគម្រោងទំនប់នេះអាចនឹងមានកាប់ព្រៃឈើ ហើយនឹងធ្វើឱ្យប៉ះពាល់ទៅដល់ជីវចម្រុះ សត្វព្រៃផ្សេងៗ ក្នុងដំណាក់កាលហ្នឹងដែរ»។
ការព្រួយបារម្ភពីផលប៉ះពាល់បរិស្ថានរបស់អ្នកជំនាញនេះ បានកើតមានឡើងក្រោយពីររបបក្រុងភ្នំពេញបានអនុញ្ញាតឱ្យក្រុមហ៊ុនចិន មួយមានឈ្មោះថា ឆៃណា ណាសូណាល់ ហេវី មើឈិនណារី កូអូបផ័ររ៉េស៊ិន( China National Heavy Machinery Corporation co., Ltd) ធ្វើវិនិយោគលើគម្រោងអគ្គិសនីស្ទឹងតាតៃលើ និងអោយក្រុមហ៊ុន ស៊ីនតិច (SchineiTec co., Ltd) គម្រោងខ្សែបណ្ដាញបញ្ជូនតង់ស្យុង ៥០០គីឡូវ៉ុល ២ខ្សែ ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីខេត្តបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំ ទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ តុលាឲ្យដឹងថា គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ គឺជាគម្រោងមួយដែលមានសក្ដានុពលវារីអគ្គិសនី ប្រើប្រាស់ប្រភពទឹករបស់ស្ទឹង២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំងពីរបង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក។
គម្រោងនេះ នឹងត្រូវធ្វើឡើងក្រោមរូបភាពវិនិយោគ សាងសង់-ដំណើរការផ្ទេរ នៅក្នុងទំហំវិនិយោគសរុបចំនួនជិត ៤០០លានដុល្លារ (៣៨៩.៤១៤.០០៥លានដុល្លារ) ក្នុងរយៈពេល ៣៩ឆ្នាំ ក្នុងនោះ ៤ឆ្នាំសម្រាប់ការសាងសង់ និង ៣៥ឆ្នាំទៀតសម្រាប់ការធ្វើអាជីវកម្ម។
បរិមាណមូលដ្ឋាននៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឱ្យអគ្គិសនីកម្ពុជា គឺជាមធ្យម ៥២៧លានគីឡូវ៉ាត់ម៉ោង ហើយលក់ក្នុងតម្លៃជិត ៨សេន (៧,៩២ សេន) ដុល្លារ (ក្នុង ១គីឡូវ៉ាត់ម៉ោង។
តាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ចាប់ពីឆ្នាំ២០០៦ ដល់ចុងឆ្នាំ២០១៩ កម្ពុជាមានការវិនិយោគលើវិស័យអគ្គិសនីមានចំនួនជាង ៦ពាន់លានដុល្លារ (៦ពាន់ ១រយលានដុល្លារ)។
បើតាមអាជ្ញាធរអគ្គិសនីកម្ពុជាឱ្យដឹងថា ប្រទេសកម្ពុជាបានបង្កើនការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ជិត ៣លានមេហ្កាវ៉ាត់ នៅឆ្នាំ២០១៩ គឺបានកើនឡើងពី ២លាន ៦សែន មេហ្កាវ៉ាត់ កាលពីឆ្នាំ២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។