សង្គមស៊ីវិលធ្វើការខាងបរិស្ថាននៅខេត្តកំពង់ស្ពឺ អះអាងថា មន្ត្រីតុលាការខេត្ត កំពង់ស្ពឺមិនអនុវត្តច្បាប់ទៅលើអ្នកដែល ចូលកាប់បំផ្លាញព្រៃឈើយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ព្រៃការពារ។ អ្នកឃ្លាំមើលទទូចឲ្យមន្ត្រីរដ្ឋាភិបាលនិងតុលាការ ប្រើប្រាស់ឆន្ទៈពិតប្រាកដឈរលើគោលការណ៍ឯករាជ្យក្នុងការអនុវត្តច្បាប់ទៅលើជនដែលប្រព្រឹត្តទាំងអស់នេះ ដើម្បីការពារធនធានធម្មជាតិនៅកម្ពុជា។
អង្គការសង្គមស៊ីវិលដែលធ្វើការសកម្មក្នុងការការពារបរិស្ថាននៅតំបន់ជួរភ្នំក្រវាញ អះអាងថាមិនទាន់ឃើញអាជ្ញាធរ និងមន្ត្រីតុលាការខេត្តកំពង់ស្ពឺអនុវត្តច្បាប់ទៅលើជនប្រព្រឹត្តបទល្មើសព្រៃឈើនោះទេ ហើយតុលាការខេត្តបានលើកលែងទោសដល់ជនប្រព្រឹត្តទាំងអស់។ អង្គការសង្គមស៊ីវិលខកចិត្តចំពោះតុលាការខេត្តកំពង់ស្ពឺ ដែលមិនព្រមអនុវត្តច្បាប់ទៅជនល្មើស អាចធ្វើឲ្យជនទាំងនោះបានចិត្តនឹងបន្តកាប់ឈើនៅក្នុងតំបន់ការពារតទៅទៀត។
ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ ខែមិថុនាថា សព្វថ្ងៃទាំងអាជ្ញាធរ និងតុលាការខេត្តកំពង់ស្ពឺ មិនទាន់ឃើញអនុវត្តច្បាប់ឲ្យជាដុំកំភួន ឬចាត់វិធានការទៅក្រុមជនល្មើសដែលលួចកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ និងកាប់ទន្ទ្រានដីព្រៃលក់នោះទេ។ លោកបន្ថែមថា បើទោះបីជា លោកដាក់ពាក់បណ្ដឹងទៅតុលាការហើយក្ដី ក៏តុលាការមិនព្រមចាត់វិធានការទៅជនប្រព្រឹត្តទាំងអស់នោះដែរ ។ លោកសម្ដែងការខកចិត្តចំពោះតុលាការខេត្តដែលមិនព្រមអនុវត្តច្បាប់។
លោក ជា ហ៊ាន៖ «ពេលអ៊ីចឹងវាអស់វាបាក់ទឹកចិត្តឥឡូវយើងធ្វើទៅណាគ្នាខំដេកទាំងយប់ទាំងថ្ងៃបញ្ជូនសំណុំរឿងដល់តុលាការ តុលាការលើកលែងបទចោទបាត់ដល់អ៊ីចឹងយូរៗទៅបាក់ទឹកចិត្តអស់ ហើយនាយករដ្ឋមន្ត្រីគាត់ចេះតែស្រែកទៅ ស្រែកក៏ស្រែកទៅ ប៉ុន្តែពេលគាត់ស្រែកគេធ្វើបន្តិចអ៊ីចឹងទៅរួចពីធ្វើហើយដដែលអ៊ីចឹងទៅ»។
ប្រធានអង្គការរូបនេះបន្ថែមថា ទាំងមន្ត្រីបរិស្ថាន និងលោកបានកសាងសំណុំរឿងដាក់ជូនទៅតុលាការជាច្រើនសារ ប៉ុន្តែតុលាការមិនបានចាត់វិធានការទៅជនប្រព្រឹត្តទាំងអស់ បែរជាតុលាការលើកបទចោទនិងលើកលែងទោសជនទាំងនោះទៅវិញ។ លោក ជា ហ៊ាន បន្ថែមថា ព្រៃការពារក្នុងខេត្តចំនួន៤ ដែលមានការកាប់បំផ្លាញ គឺខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កោះកុង និងព្រះសីហនុ មិនទានឃើញមានការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងនោះទេ។ លោកស្នើទៅដល់អ្នកមានលុយមួយចំនួនគួរពិចារណាឈប់ទិញដីព្រៃដែលក្រុមជនល្មើសកាប់ទន្ទ្រាននៅក្នុងតំបន់ការពារ ដើម្បីចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃ និងការកាប់បំផ្លាញព្រៃឈើតទៅទៀត។
ជុំវិញរឿងនេះវិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ លោក វ៉ិត មឃៈ និងអភិបាលខេត្តកំពង់ស្ពឺលោក វី សំណាង ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី១៧ ខែមិថុនានេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
កាលពីថ្ងៃទី៥ ខែមិថុនា លោក ហ៊ុន សែន បានប្រកាសឲ្យអ្នកមានតួនាទីក្នុងជួររដ្ឋាភិបាល នឹងអ្នកមានលុយ ដែលកំពុងនៅពីក្រោយខ្នងការកាប់ទន្ទ្រានដីព្រៃយកធ្វើកម្មសិទ្ធិ ឲ្យដកខ្លួនជាបន្ទាន់ និងបញ្ជាឲ្យអ្នកក្រោមឱវាទចាប់ខ្លួនអ្នកដែលប្រព្រឹត្តបទល្មើសព្រៃឈើទាំងអស់នោះយកមកផ្ដន្ទាទោសទៅតាមច្បាប់។
ទាក់ទងនឹងបញ្ហានេះ អ្នកស្រាវជ្រាវនិងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង យល់ឃើញថា វាជាឆន្ទានុសិទ្ធិរបស់តុលាការ ហើយតុលាការគួរចុះសិក្សាស្រាវជ្រាវឲ្យបានត្រឹមត្រូវ ប្រសិនមានករណីនេះពិតមែនតុលាការគួរចាត់វិធានការតាមច្បាប់ ប៉ុន្តែលោកថា កន្លងមកអ្នកដែលប្រព្រឹត្តបទល្មើសព្រៃឈើការកាប់ទន្ទ្រានដីព្រៃ គឺជាមនុស្សដែលមានអំណាច មានតួនាទីនិងមានលុយ ពួកគេទាំងអស់នោះតែងតែគេចរួចពីសំណាញ់ច្បាប់រហូត។
លោក សេង សុខហេង៖ «ឲ្យតែអ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មអ្នកប្រព្រឹត្តបទល្មើសទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើនិងការកាប់រុករានដីរដ្ឋភាគច្រើន បើសិនជាពួកគេ មានខ្សែមានខ្នងមានអំណាចមានលុយហ្នឹងគឺមិនសូវជាត្រូវតុលាការផ្ដន្ទាទោសពួកគេទៅតាមច្បាប់ទេ»។
ក្រុមអ្នកធ្វើការខាងវិស័យបរិស្ថាន ចង់ឃើញរដ្ឋាភិបាល និងតុលាការអនុវត្តច្បាប់ទៅលើក្រុមជនល្មើសឲ្យបានតឹងរ៉ឹង និងបើកចិត្តឲ្យទូលាយដល់ប្រជាពលរដ្ឋដែលមានចិត្តចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ ។ ពួកគេចង់បានការលើកចិត្តពីរដ្ឋាភិបាលជាជាងរដ្ឋាភិបាលចោទប្រកាន់ទៅលើសកម្មជន និងធ្វើទុក្ខបុកម្នេញ ទៅលើអ្នកដែលចូលរួមការពារសម្បត្តិធនធានធម្មជាតិ។
ច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ កំណត់ថា ការគាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ គឺជាបទល្មើសឧក្រិដ្ឋ ដែលជនប្រព្រឹត្តល្មើសនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ៥ ដល់ ១០ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១០លានរៀល ទៅ ១៥០លានរៀល។ ចំណែក មន្ត្រីពាក់ព័ន្ធធ្វេសប្រហែស ឬមិនគោរពច្បាប់នេះ ត្រូវទទួលវិន័យរដ្ឋបាល និងត្រូវចោទប្រកាន់ចំពោះមុខតុលាការ ហើយមន្ត្រីដែលសមគំនិត ត្រូវផ្ដន្ទាទោសដូចជនប្រព្រឹត្តដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។