មន្ត្រីអង្គការសង្គមស៊ីវិល រិះគន់អាជ្ញាធរនៅតំបន់ព្រៃឡង់ អសមត្ថភាព ក្នុងការទប់ស្កាត់បទល្មើសជួញដូរសាច់សត្វព្រៃ។
ការលើកឡើងនេះ នៅបន្ទាប់ពីមន្ត្រីអង្គការសង្គមស៊ីវិល ធ្វើការសង្កេតរយៈពេល ៣ខែ នៅតំបន់ព្រៃឡង់ បានរកឃើញថា អាជីវកម្មសាច់សត្វព្រៃមានលក្ខណៈបើកចំហនៅតាមផ្សារ ជាប្រចាំ និងបង្កប់ការលក់ដូរដោយលួចលាក់តាមហាងលក់ម្ហូបអាហារ ជាដើម។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ សីហា ថា លោកព្រួយបារម្ភពីការបាត់បង់សត្វព្រៃនៅក្នុងតំបន់ព្រៃឡង់ ដោយសារតែការចុះសង្កេតរយៈពេល ៣ខែនោះ បានរកឃើញទាំងអន្ទាក់សម្រាប់ចាប់សត្វ និងការជួញដូរសាច់សត្វព្រៃ បើកចំហនៅលើទីផ្សារ។ លោកស្នើដល់មន្ត្រីពាក់ព័ន្ធដោះស្រាយបញ្ហានេះ ដើម្បីទប់ស្កាត់វិនាសកម្មសត្វព្រៃនៅតំបន់ព្រៃឡង់។
លោក ហេង គឹមហុង៖ «ការលក់ដោយលួចលាក់គឺថា វាមិនមែនជារឿងមួយថ្មីទេ ប៉ុន្តែការលក់ចំហនៅលើទីផ្សារទើបជាបញ្ហា ដែលយើងព្រួយបារម្ភខ្លាំង ដែលបង្ហាញឲ្យយើងមើលឃើញថា អំពីការមិនយកចិត្តទុកដាក់ និងកម្សោយសមត្ថភាពក្នុងការទប់ស្កាត់សកម្មភាពទាំងអស់នេះបាទ។ សម្រាប់ខ្ញុំ ខ្ញុំយល់ថា អាជ្ញាធរមានសមត្ថកិច្ចគួរតែយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យចំពោះរឿងនេះ»។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៥ សីហា។
អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ដ្រា បានថ្លែងក្នុងកិច្ចប្រជុំមួយនៃយុទ្ធនាការបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់កាលពីខែមីនាកន្លងទៅថា ពលរដ្ឋបានយល់ដឹងច្រើនជាងមុនដោយបណ្ដុះស្មារតីស្រលាញ់បរិស្ថាន និងសត្វព្រៃកាន់តែខ្លាំងដោយពួកគាត់បានផ្លាស់ប្ដូរឥរិយាបថ ឈប់ទទួលទានសត្វព្រៃហើយងាកមកចូលរួមការពារ។ រីឯម្ចាស់ភោជនីយដ្ឋានចំនួន ៥២កន្លែង ក៏ចូលរួមយុទ្ធនាការអន្ទាក់សូន្យលើកទី១ដែរ។ លោកបញ្ជាក់ថា ការចូលរួមរបស់សាធារណជន គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត អាចជួយឱ្យសម្រេចគោលដៅបញ្ឈប់ការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។
ផ្ទុយពីការលើកឡើងនេះ មន្ត្រីអង្គការសង្គមស៊ីវិលនៅតែបន្តរកឃើញអន្ទាក់នៅក្នុងព្រៃ និងការលក់ដូរសាច់សត្វព្រៃនៅតាមផ្សារយ៉ាងអានាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។