មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអាដហុកចង់ឃើញអាជ្ញាធរខេត្តព្រះវិហារ និងតំណាងអយ្យការបង្ហាញភាពច្បាស់លាស់ ក្នុងការអនុវត្តច្បាប់លើជនល្មើស និងអ្នកពាក់ព័ន្ធទាំងឡាយណា ដែលឈូសឆាយទន្ទ្រានរំលោភយកដីព្រៃអភិរក្សដោយខុសច្បាប់។ ការអះអាងនេះ បន្ទាប់ពីដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ឋិតក្នុងភូមិព្រៃគោល ឃុំស្រយង់ ស្រុកគូលែន ត្រូវបានបុគ្គលមានលុយមានអំណាចឈូសឆាយ ឱ្យក្លាយជាវាលរហោឋានអស់ជិត ៥រយហិកតារ (៤៧០) នៅរយៈពេល ៣ ខែចុងក្រោយនេះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តព្រះវិហារលោក ឡោ ចាន់ ឱ្យដឹងនៅថ្ងៃទី២៥ ខែឧសភាថា សកម្មភាពឈូសឆាយព្រៃនេះ ក្រុមឈ្មួញបានប្រើគ្រឿងចក្រជាច្រើនគ្រឿង វាយកម្ទេចដើមឈើធំៗ ឱ្យក្លាយជាវាល ដើម្បីយកដីធ្វើកសិកម្ម។ លោកថា ថ្មីៗនេះ អាជ្ញាធរមូលដ្ឋានខេត្តនេះ និងតំណាងអយ្យការ បានចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង តែលោកនៅពុំទាន់ឃើញអនុវត្តច្បាប់ដល់ជនសង្ស័យ និងរឹបអូសដីទាំងនោះជាសម្បត្តិរដ្ឋនៅឡើយទេ។ លោកទាមទារឱ្យអាជ្ញាធរ ត្រូវដកហូតដីទាំងនោះជាសម្បត្តិរដ្ឋវិញ និងត្រូវចាប់ខ្លួនអ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន៖ «មិនអាចនរណាមានសិទ្ធិចាត់ចែងលក់ទិញ ឬក៏មានសិទ្ធិចាត់ចែងទៅឱ្យជនណាម្នាក់បានទេ ព្រោះឋិតក្នុងដីព្រះរាជក្រឹត្យ។ អាជ្ញាធរបានចុះទៅ អាជ្ញាធរត្រូវតែមានវិធានការ គឺត្រូវតែដកហូតដីទាំងអស់ហ្នឹង ដើម្បីយកមកធ្វើជាសម្បត្តិរបស់រដ្ឋ ដាក់ក្នុងដែនគូលែនព្រហ្មទេពវិញ ទោះបីជាឈូសឆាយ វាលហើយក៏ដោយ »។
មន្ត្រីសង្គមស៊ីវិលរូបនេះឆ្ងល់ថា ហេតុអ្វីបានអាជ្ញាធរមូលដ្ឋាន និងមន្ត្រីបរិស្ថានប្រចាំការនៅតំបន់នោះ បណ្តែតបណ្តោយឱ្យឈ្មួញបំផ្លាញព្រៃឈើខ្នាតធំដោយគ្មានការអនុវត្តច្បាប់។ លោកបារម្ភថា ការឈូសឆាយព្រៃអភិរក្សនេះ នឹងរំខានជីវិតសត្វព្រៃច្រើនប្រភេទ បាត់បង់ព្រៃឈើធំធេង និងកន្លែងអាស្រ័យផល ធនធានធម្មជាតិរបស់ពលរដ្ឋជាដើម។
កាលពីសប្តាហ៍មុន អ្នកកាសែតក្នុងស្រុកមួយក្រុម និងពលរដ្ឋរស់នៅតំបន់នោះជាង ២០នាក់ បានចុះដល់ទីតាំងជាក់ស្តែង ប្រទះឃើញដើមឈើទាំងតូចទាំងធំ ក្នុងព្រៃអភិរក្សមួយនេះ ត្រូវគេឈូសឆាយ និងដុតកម្ទេចគំនរឈើចោល ឱ្យក្លាយជាវាលមើលដាច់កន្ទុយភ្នែក។ ក្រុមពលរដ្ឋអះអាងថា អ្នកមានលុយមានអំណាច គឺជាមេខ្លោង បំផ្លាញព្រៃអភិរក្សនេះ ដូច្នេះហើយទើបពុំមានចំណាត់ការតឹងរ៉ឹងពីមន្ត្រីបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺរឿងនេះពីប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារលោក សុង ចាន់សុជាតិ និងអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បាននៅឡើយទេ នៅថ្ងៃទី២៥ ខែឧសភា ព្រោះទូរសព្ទហៅចូលតែគ្មានអ្នកលើក។
ប៉ុន្តែតំណាងអយ្យការអមតុលាការខេត្តព្រះវិហារលោក ទី សុវិនថាល់ វិញលោកអះអាងថា ព្រះរាជអាជ្ញាពីរនាក់ បានចុះស៊ើបអង្កេតរឿងនេះ ហើយនិងបានឃាត់ខ្លួនជនសង្ស័យមួយចំនួនមកអនុវត្តច្បាប់ ប៉ុន្តែលោកមិនបញ្ជាក់លម្អិតថា ឃាត់ខ្លួនបានប៉ុន្មាននាក់នោះទេ ព្រោះឋិតក្នុងដំណើរការស៊ើបអង្កេត។ លោកបន្តថា ក្រោយព្រះរាជអាជ្ញារបញ្ចប់ការស៊ើបអង្កេតរឿងនេះរួចហើយ នឹងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីចំពោះជនសង្ស័យទាំងនោះ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ការចុះអនុវត្តច្បាប់ព្រៃឈើភាគច្រើន ជនសង្ស័យបានរត់គេចខ្លួនបាត់ រីឯដីដែលត្រូវឈូសឆាយ រង់ចាំសេចក្តីសម្រេចពីតុលាការ ដោយសហការជាមួយអាជ្ញាធរជំនាញ៖ «តំណាងអយ្យការមាន វុធ សាវី គាត់ចុះ ឃើញកសាងសំណុំរឿងមក ជាបន្តបន្ទាប់ហើយ អ៊ីចឹងពេលព្រះរាជអាជ្ញារងណាចុះ ពេលរឿងហ្នឹងមក ខ្ញុំចាត់តាំងអ្នកហ្នឹងដដែលទេ។ នៅពេលបើកការស៊ើបសួរ អាហ្នឹងអាស្រ័យលើចៅក្រម»។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុកលោក ប៉ែន ប៊ុណ្ណារ៍ ចាត់ទុកឧក្រិដ្ឋកម្មព្រៃឈើនេះ មានការឃុបឃិតជាប្រព័ន្ធរវាងក្រុមឈ្មួញ និង អាជ្ញាធរពាក់ព័ន្ធ។ លោកទាមទារឱ្យអាជ្ញាធរ និងតំណាងអយ្យការ ត្រូវចាប់ខ្លួនអាជ្ញាធរខិលខូច ដែលពាក់ព័ន្ធករណីនេះ មកអនុវត្តច្បាប់ ដើម្បីព្រមានដល់អាជ្ញាធរផ្សេងៗទៀត៖ «បើយើងនិយាយឱ្យខ្លី វាជាការឃុបឃិតគ្នាជាប្រព័ន្ធ ហើយការចុះទៅស៊ើបវាគ្រាន់ជាបង្ហាញខ្លួនឯង សមត្ថកិច្ច និងអាជ្ញាធរហ្នឹងបានចុះទៅមើល ចុះទៅស៊ើប ហើយប្រសិនសិនជា ស្ថាប័នជំនាញ និងអាជ្ញាធរដែនដី មានឆន្ទៈកុំថាឡើយ រាប់រយហិកតារ ត្រឹម ៥ហិកតារ ជនល្មើសហ្នឹងឃាត់បានហើយ »។
ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ត្រូវបានអតីតព្រះមហាក្សត្រនរោត្តមសីហនុ កំណត់ជាតំបន់អភិរក្សនៅឆ្នាំ១៩៩៣ មានផ្ទៃដីជាង ៤ សែនហិកតារ (៤០២.៥០០) ស្ថិតក្នុងខេត្តចំនួនបី គឺខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប។ ព្រៃអភិរក្សនេះ ផ្តល់ប្រយោជន៍ច្រើន សម្រាប់ពលរដ្ឋចូលស្វែងរកអនុផលព្រៃឈើចិញ្ចឹមជីវិត ហើយក៏ជាទីជម្រករបស់សត្វកម្រជាច្រើនប្រភេទ ដូចជា សត្វខ្ទីង ទន្សោង ឈ្លូស រមាំង ដំរី និងប្រើសជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។