ក្រុម​យុវជន​ចុះ​ល្បាត​ព្រៃ​ព្រះ​រកា​នៅ​ថ្ងៃ​ទី៣ ធ្នូ ក្រោយ​ជិះកង់​ដល់​​គោលដៅ

ក្រុម​យុវជន​ជិះកង់​ដើម្បី​ព្រៃ​ព្រះ​រកា បាន​ទៅ​ដល់​គោលដៅ​ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែង​មាន​ជ័យ​ ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី២ ធ្នូ ក៏​ប៉ុន្តែ​ការ​ជិះកង់​ថ្ងៃ​ចុង​ក្រោយ​នេះ អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បាន​ចុះ​ទៅ​សួរនាំ​ពួក​គាត់។

សកម្មជន​បរិស្ថាន និង​ជា​អ្នក​ចូល​រួម​​រៀប​ចំ​យុទ្ធនាការ​ជិះ​កង់ ដើម្បី​ព្រៃ​ព្រះ​រកា លោក សាន់ ម៉ាឡា ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​បាន​ដាក់​កម្លាំង​តាម​ឃ្លាំមើល និង​ថតរូប​ក្រុម​យុវជន​នៅ​តាម​ផ្លូវ​ពី​ទី​រួម​ខេត្ត​ព្រះវិហារ​ទៅ​ដល់​ឃុំ​ប្រមេរ។ លោក​ថា ពេល​ទៅ​ដល់​ឃុំ​ប្រមេរ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​សួររក​លិខិត​អនុញ្ញាត ហើយ​ពួក​​លោក​ក៏​បាន​ពន្យល់​ពី​គោល​បំណង​ និង​សកម្មភាព​នេះ។ ក្រោយ​មក អភិបាល​ខេត្ត​ព្រះវិហារ​ស្ដីទី​ក៏​បាន​ឱ្យ​ក្រុម​យុវជន​សរសេរ​លិខិត​ផ្ទាល់​ដៃ ដើម្បី​ស្នើសុំ​ចុះ​ល្បាត​ព្រៃ​ព្រះ​រកា ហើយ​អាជ្ញាធរ​ក៏​បាន​អនុញ្ញាត​ភ្លាមៗ រួច​ក៏​បាន​សន្យា​បញ្ជូន​កម្លាំង​មក​ជួយ​ល្បាត​ព្រៃ​ព្រះ​រកា​ថែម​ទៀត ប្រសិន​បើ​ក្រុម​យុវជន​ត្រូវ​ការ៖ «»

ក្រុម​យុវជន​ឈប់​សម្រាក​នៅ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ឃុំ​ប្រមេរ​នៅ​យប់​ថ្ងៃ​ទី២ ធ្នូ ហើយ​ព្រឹក​ឡើង​ ពួក​គាត់​នឹង​ចុះ​ល្បាត​ព្រៃ​ព្រះ​រកា​ជាមួយ​ប្រជា​សហគមន៍ និង​មន្ត្រី​ឧទ្យានុរក្ស។ ក្រុម​យុវជន​គិត​ថា ជន​ល្មើស​កាប់​ឈើ​ក្នុង​ព្រៃ​ព្រះ​រកា​ទំនង​ជា​បាន​ផ្អាក​សកម្មភាព និង​លាក់​ខ្លួន​ហើយ បន្ទាប់​ពី​បាន​ឮ​ដំណឹង​នេះ។ ក៏​ប៉ុន្តែ​ក្រុម​យុវជន​យល់ថា យ៉ាង​ហោច​ណាស់​ក៏​ពួក​គាត់​អាច​ប្រមូល​ភស្តុតាង​ស្ដីពី​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​​សត្វ​ព្រៃ​ព្រះ​រកា ដើម្បី​ដាក់​ជូន​ក្រសួង​បរិស្ថាន​ដែល​ជា​ស្ថាប័ន​សាមី​ដែរ។

នៅ​លើ​ក្រដាស ព្រៃ​ព្រះ​រកា​មាន​ទំហំ​ជាង ៩ម៉ឺន​ហិកតារ​ស្ថិត​នៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ចំនួន៣​ គឺ​ស្រុក​ត្បែងមានជ័យ​ ស្រុក​ជាំ​ក្សាន្ត​ និង​ស្រុក​ឆែប​ របស់​ខេត្ត​ព្រះវិហារ។ ទោះ​ជា​យ៉ាង​ណា សកម្មជន​​បរិស្ថាន​រក​ឃើញ​ថា ព្រៃ​អភិរក្ស​មួយ​នេះ​កំពុង​រង​ការ​បំផ្លិច​បំផ្លាញ​ឥត​ឈប់​ឈរ ដោយ​សកម្មភាព​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​ការ​ទន្ទ្រាន​ដី​យក​ធ្វើ​ជា​កម្មសិទ្ធិ​​ឯកជន​ដោយ​ខុស​ច្បាប់៕

(ក្រុម​យុវជន​ជិះកង់​ដើម្បី​ព្រៃ​ព្រះ​រកា បាន​ទៅ​ដល់​គោលដៅ​ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែង​មាន​ជ័យ​ ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​លោក ម៉ា ចិត្រា)

(ក្រុម​យុវជន​ជិះកង់​ដើម្បី​ព្រៃ​ព្រះ​រកា នៅ​តាម​ផ្លូវ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​លោក ម៉ា ចិត្រា)

(ក្រុម​យុវជន​ជិះកង់​ដើម្បី​ព្រៃ​ព្រះ​រកា ពេល​ចេញ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ២០១៩។ រូប៖ RFA)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។