សហគមន៍​អភិរក្ស​ផ្សោត​ថា សត្វ​ផ្សោត​ងាប់ ដោយសារ​អាជ្ញាធរ​មិន​យកចិត្តទុកដាក់​អភិរក្ស

0:00 / 0:00

សហគមន៍​អភិរក្ស​ផ្សោត​ព្រែក​កាំពី រស់នៅ​ឃុំ​សំបុក ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ​សម្ដែង​ក្តី​បារម្ភ ពី​ការ​ផុត​ពូជ​សត្វ​ផ្សោត​ដែល​កំពុង​រស់នៅ ក្នុង​អន្លង់​អភិរក្ស​ជីវសាស្ត្រ​ចម្រុះ តាម​ដង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​អនាគត។ សហគមន៍​ថា ភាព​ធូររលុង​នៃ​ការអនុវត្ត​ច្បាប់​នេសាទ និង​អំពើពុករលួយ គឺជា​មូលហេតុ​ធ្វើ​ឱ្យ​សត្វ​ផ្សោត​ងាប់​ជា​បន្ត​បន្ទាប់។

សហគមន៍​អភិរក្ស​ផ្សោត​ព្រែក​កាំពី អំពាវនាវ​ជា​ថ្មី​ទៀត ឱ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ និង​ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យ​ពី​ករណី​កិច្ច​ឆ្មាំ​អភិរក្ស​ផ្សោត ដែល​ជា​សេនាធិការ​របស់​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម​ឡើងវិញ ខណៈ​ដែល​ពួកគេ​រកឃើញ​ថា មន្ត្រី​នគរបាល​យុត្តិធម៌​ទាំងនោះ បាន​ឃុបឃិត ជាមួយ​ក្រុម​ជនល្មើស ជា​ថ្នូរ​អនុញ្ញាត​ឱ្យ​ប្រើ​ឧបករណ៍​នេសាទ​ឆក់​ក្ដៅ និង​ត្រជាក់ នៅ​តំបន់​ដែល​ផ្សោត​រស់នៅ និង​ឆ្លង​កាត់។

ការ​អំពាវនាវ​នេះ​ធ្វើឡើង​ក្រោយពី​សត្វ​ផ្សោត​ឈ្មោល​ពេញវ័យ​មួយ​ក្បាល​ទៀត ទម្ងន់​ជាង ១០០គីឡូក្រាម ប្រវែង​ជិត ២ ម៉ែត្រ ងាប់​អណ្ដែត​ទឹក​កាលពី​ថ្ងៃ​ទី២២ កក្កដា ក្នុង​ទន្លេ​មេគង្គ​ក្នុង​ភូមិ​កាកុត ឃុំ​សំបុក ស្រុក​ចិត្របុរី។ សមត្ថកិច្ច​សន្និដ្ឋាន​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ផ្សោត​ងាប់ ដោយសារ​ជាប់​មង​អ្នកនេសាទ ព្រោះ​មាន​ស្នាម​របក​ស្បែក​ត្រង់ក និង​ជុំវិញ​ដងខ្លួន។

សហគមន៍​អភិរក្ស​ផ្សោត​ព្រែក​កាំពី ថ្លែង​សុំ​លាក់​ឈ្មោះ ឱ្យ​ដឹង​កាលពី​ថ្ងៃទី២៣ កក្កដា​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក មាន​ផ្សោត ៦​ក្បាល​ហើយ ងាប់​ជា​បន្ទាប់​បន្ត ដោយសារ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​អគ្គិសនី​ឆក់ នៅ​អន្លង់​អភិរក្ស​ផ្សោត និង​ទីតាំង​ដែល​ផ្សោត​ឆ្លងកាត់​។ លោក​បារម្ភ​ថា អំពើពុករលួយ ជា​ថ្នូរ​អនុញ្ញាត​ឱ្យ​ជនល្មើស​ឆក់​ត្រី នៅ​តំបន់​ដែល​ផ្សោត​រស់នៅ គឺជា​ដើមចម​បង្ក​ឱ្យ​ប៉ះពាល់​ជីវិត​សត្វ​ផ្សោត និង​ផុត​ពូជ​ត្រី​កម្រ​ក្នុង​តំបន់​៖ «ដូច​ថា អត់​សូវ​មាន​គិត​គួរ​ទេ ពួក​ហ្នឹង​ទាំងអស់​គ្នា​ហ្នឹង ឃើញ​ងាប់​អ៊ីចឹង អត់​មាន​ភ្ញាក់ផ្អើល​កម្រើក​អី​សោះ កម្រើក​ឱ្យ​ប្រឹងប្រែង​មើល​អត់​ទេ​។ រាល់ថ្ងៃ​ហ្នឹង​យាប់​ហ្មង ដើរ​ចុះៗ ដើរ​យក​តែ​លុយ ពួក​ឆក់​កាន់តែ​ខ្លាំង​ទៅ ខ្លាំង​មែនទែន គ្មាន​ពី​ណា​ចាប់អារម្មណ៍​សោះ»។

បុរស​ដដែល​បន្ថែម​ថា ថ្វី​ត្បិត​រដ្ឋាភិបាល បាន​បញ្ជូន​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​កសិកម្ម ឈរជើង​ការពារ​សត្វ​ផ្សោត​នៅ​តំបន់​នោះ​ក្តី ក៏​មន្ត្រី​ជំនាញ​ទាំងនោះ មិនបាន​បំពេញ​តួនាទី​ដោយ​ស្មោះ​ត្រង់ ការពារ​ផលប្រយោជន៍​ជាតិ ដើម្បី​ឱ្យ​សហគមន៍​ស្ងប់​អារម្មណ៍​នោះ​ទេ ថែមទាំង​ចូល​ដៃជើង​ជាមួយ​ក្រុម​ជនល្មើស ដែល​ជា​ហេតុ​ធ្វើ​បាត់បង់​សត្វ​ផ្សោត​ជា​បន្តបន្ទាប់​។ ចំណែក​អាជ្ញាធរ​ខេត្ត ហាក់​មិនសូវ​យកចិត្តទុកដាក់ តាមដាន​ពី​ប្រសិទ្ធភាព​ការងារ​មន្ត្រី​ទាំង​នោះ​ទេ។

អាស៊ីសេរី​បាន​ទាក់ទង ប្រធាន​ឆ្មាំ​ទន្លេ និង​ជា​អនុប្រធាន​រដ្ឋបាល​ជល​ផល​ខែត្រ​ក្រចេះ លោក ម៉ុក ពន្លក ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នក​ទទួល កាលពី​ថ្ងៃ​ទី២៣ កក្កដា។

ចំណែក​មេឃុំ​សំបុក លោក ទុយ សុវណ្ណា បដិសេធ​ថា ពុំ​មាន​បទល្មើស​នេសាទ​កើតមាន​ច្រើន​នៅ​តំបន់​អភិរក្ស​ជីវចម្រុះ​នោះ​ទេ ព្រោះ​អាជ្ញាធរ​ឃុំ​បាន​បង្កើត​កម្លាំង​ប្រជា​ការពារ​ភូមិ ចំនួន ៨​នាក់ ដាក់​វេន​គ្នា​ចុះ​ល្បាត​ជាប្រចាំ និង​ឃាត់​ចាប់​ជនល្មើស​នេសាទ​ខុសច្បាប់​បាន ១២​ករណី នៅ​ក្នុង​រយៈពេល ៤ ខែ​ចុង​ក្រោយនេះ៖ «នៅ​ម្ដុំ​កំាពី​ហ្នឹង ឆក់​អត់​ដូច​មុន​ទេ ពួក​ខ្ញុំ​បង្ក្រាប​បាន ១២​ករណី​ហើយ ប្រជា​ការពារ​។ អត់​ដូច​មិន​ទេ​។ ពី​ម្សិលម្ង៉ៃ ឆ្មាំ​ទន្លេ​ចាប់​បាន​ម្នាក់ ក្រៅពី​ហ្នឹង​វា​រត់ចោល​ឧបករណ៍​ទាំងអស់»។

នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ ធ្លាប់​លើកឡើង​ថា ភ្លៀង​ធ្លាក់​ច្រើន​ត្រី​មេ​ពូជ​ធំៗ បាន​ច្រាល​ចេញពី​អន្លង់​អភិរក្ស​ជីវចម្រុះ គឺជា​ឱកាស​របស់​ជនខិលខូច លួច​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ស្ទាក់​ចាប់​ត្រី បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​ពូជ​ត្រី​កម្រ និង​សត្វ​ផ្សោត​។ លោក​បន្ថែម​ថា ត្រី​ដែល​រស់នៅ​ក្នុង​អន្លង់​អភិរក្ស​ជីវចម្រុះ ជា​ចំណី ដ៏​សំខាន់​របស់​សត្វ​ផ្សោត ក៏ប៉ុន្តែ​ប្រសិន​ប្រសិនបើ​ត្រី​ក្នុង​អន្លង់​បាត់បង់​ហើយ​នោះ សត្វ​ផ្សោត​នឹង​ប្រឈម​គ្រោះថ្នាក់ ដោយសារ​បាត់បង់​ចំណី​៖ «ផ្សោត​វា​រស់នៅ​ក្នុង​អន្លង់​ជ្រៅ គឺ​អន្លង់​ដែល​សំបូរ​ដោយ​ត្រី តែ​បើ​ត្រី​វា​ផុត​ទៅ ផ្សោត​មាន​ចំណី​អី​ណា​ទៀត​។ យើង​ត្រូវ​រួមគ្នា​ការពារ​ឱ្យ​បាន​នៅ​រដូវ​ត្រី​ពង​។ ត្រី​វា​ចាប់​ផ្ដើម​ចេញពី​អន្លង់​នៅ​ពេល​ភ្លៀង​ធ្លាក់ តែ​បើ​យើង​ចាប់​វា​អស់​មិនបាន​ពង​ផង បណ្ដាល​ឱ្យ​បាត់​កូន​ត្រី នៅ​ថ្ងៃ​អនាគត​ហ្នឹង បណ្ដាល​ឱ្យ​មនុស្ស​រាប់​លាន​នាក់ ដែល​អាស្រ័យ​ផល​ត្រី​ហ្នឹង ប៉ះពាល់​ផលប្រយោជន៍​ដោយសារ​ជនខិលខូច​មួយ​ក្ដាប់​តូច​ហ្នឹងឯង»។

នៅ​ខែត្រ​ក្រចេះ មាន​អន្លង់​អភិរក្ស​ផ្សោត និង​ត្រី​មេ​ពូជ ៦៤​អន្លង់ ក្នុង​នោះ​មាន​អន្លង់ ៥ ដែល​ផ្សោត​រស់​នៅ​។ របាយការណ៍​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ ហៅ​កាត់​ថា WWF បាន​ឱ្យ​ដឹង​ថា ចំនួន​ត្រី​ផ្សោត​នៅ​កម្ពុជា មាន​ទាំងអស់​ជាង កៅសិប​ក្បាល ៩២ ភាគច្រើន​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ​។ សម្រាប់​ឆ្នាំ ២០១៩ អង្គការ WWF រក​ឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មីៗ​មាន​ចំនួន ៩​ក្បាល។

សហគមន៍​រស់នៅ​ឃុំ​សំបុក បាន​នាំគ្នា​អភិវឌ្ឍ​នៅ​តំបន់​ផ្សោត​រស់នៅ ប្រែក្លាយ​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​បៃតង ក្នុង​ទិសដៅ​រួមគ្នា​អភិរក្ស​ប្រព័ន្ធ​ជីវចម្រុះ និង​សត្វ​ផ្សោត ក្នុង​គោលបំណង​បង្កើន​ប្រាក់ចំណូល​ដល់​សហគមន៍​ជាច្រើន​ឆ្នាំ​មក​ហើយ​។ សហគមន៍​ថា វត្តមាន​សត្វ​ផ្សោត​ទាំងនោះ​បាន​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍ ជាច្រើន​សែន​ដុល្លារ​ក្នុង​មួយឆ្នាំៗ តាមរយៈ​ការ​លក់ដូរ​ម្ហូប​អាហារ វត្ថុ​អនុស្សាវរីយ កន្លែង​ស្នាក់នៅ និង ជួល​ទូក​ទស្សនា​ផ្សោត​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។