ប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្រុងប៉ោយប៉ែតនាំគ្នារត់គេចទៅរកទីទួលមានសុវត្ថិភាព ដើម្បីគេចចេញពីទឹកជំនន់ បន្ទាប់ពីបាក់ទំនប់ទឹកអូរខៃដននៅតំបន់ព្រំដែនជាប់ប្រទេសថៃនៅព្រឹកថ្ងៃទី២០តុលា។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏បណ្ដាក់គ្នាចុះជួបពលរដ្ឋរងគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យជាបន្តបន្ទាប់ដែរ។
ប្រជាពលរដ្ឋនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត លោកសាន់ រដ្ឋា ប្រាប់អាស៊ីសេរីថា នៅព្រឹកថ្ងៃទី២០តុលា ទឹកជំនន់បានហក់ឡើងយ៉ាងគំហុកបណ្ដាលឱ្យប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារកណ្ដាលនិងសង្កាត់ប៉ោយប៉ែត រាប់រយគ្រួសាររត់គេចទៅរកទីទួលមានសុវត្ថិភាព។លោកបន្ថែមថា ទឹកជំនន់នេះកើតឡើងដោយសារបាក់ទំនប់ទឹកអូរខៃដនចូលដល់ក្នុងសង្កាត់ផ្សារកណ្ដាលជាប់ព្រំដែនប្រទេសថៃ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនត្រូវការស្បៀង ពីព្រោះពួកគាត់មិនអាចចេញធ្វើដំណើរទៅណាបានឡើយ៖ «កំពុងតែវាយលុក គឺពីក្រុងប៉ោយប៉ែតមកដល់សង្កាត់និមិត្តវាកំពុងតែវាយលុកខ្លាំងមែនទែន វាមើលទៅវាល្ហល្ហាចដូចទន្លេអីចឹង ស្រេះរបស់ពលរដ្ឋមួយចំនួនលិចទឹកអស់។បើសង្គ្រាមយើងអាចគេចគ្រាប់កាំភ្លើងបាន យើងជីកត្រង់សេដល់ពេលទឹកជំនន់ អត់មានអីជួយទេ មានតែពឹងលើអាជ្ញាធរជួយសង្គ្រោះឱ្យទៅនៅទីទួលសុវត្ថិភាពតែប៉ុណ្ណឹង។អីចឹងវាវេទនាមែនទែន ការដកខ្លួនចេញពីផ្ទះរបស់ខ្លួនទៅនៅទីទួលសុវត្ថិភាពអីចឹងក្នុងខេត្តបន្ទាយមានជ័យដូចជាក់ស្ដែងអីចឹងគឺពិបាករស់នៅណាស់ » ។
រដ្ឋបាលក្រុងប៉ោយប៉ែតបានចេញជូនដំណឹងនៅព្រឹកថ្ងៃទី២០ តុលា ដោយហាមឃាត់មិនឱ្យរថយន្តធន់ធ្ងន់ឆ្លងកាត់ផ្លូវជាតិលេខ៥ចាប់ពីភូមិកូនដំរីដល់ក្រុងប៉ោយប៉ែតជាបន្តបណ្ដោះអាសន្ន។ការបិទផ្លូវនេះ ដោយសារតែទឹកជំនន់បានលិចផ្លូវជាតិលេខ៥នៅក្រុងប៉ោយប៉ែតជាច្រើនកន្លែង។
ទាក់ទងនឹងបញ្ហានេះប្រធានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម ប្រាប់សារព័ត៌មានក្នុងស្រុកថា អាជ្ញាធរបានបញ្ជូនកងកម្លាំងជំនាញជាច្រើននាក់ដឹកជម្លៀសប្រជាពលរដ្ឋនៅសង្កាត់ផ្សារកណ្ដាលនិងសង្កាត់និមិត្តទៅស្នាក់នៅទីទូលសុវត្ថិភាពមួយរយៈ៖ «ក្រុមការងាររបស់យើងនៅទីនេះមានកម្លាំងកងទ័ព និងកម្លាំងនគរបាលច្រើនដើម្បីជួយដោះស្រាយហើយបាននាំទាំងកាណូតហ្នឹងមកដោះស្រាយបញ្ហា ដោយសារថា យើងដឹងដំណឹងតាំងពីម្សិលមិញ។ឥឡូវយើងដឹងដំណឹងថាខាងប្រទេសថៃក៏កាយប្រឡាយបន្ថែមទៀត ដូច្នេះយើងមានការព្រួយបារម្ភទឹកបុកទៅទិសខាងអូរបីជាន់បន្តទៀត ហើយទឹកអាចនឹងឈានបុកចូលទៅក្រុងសិរីសោភ័ណ។ដូច្នេះយើងក៏ប្រុងប្រៀបជើងការនៅទីនេះនិងប្រុងប្រៀបជើងការនៅក្រុងសិរីសោភ័ណបន្តទៀត » ។
ដោយសារទឹកជំនន់កំពុងជាន់លិចធ្ងន់ធ្ងរនៅក្នុងខេត្តបន្ទាយមានជ័យនេះ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន និងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ក៏បានធ្វើដំណើរទៅកាន់ទីនោះ ដើម្បីជួបសួរសុខទុក្ខ និងជួយឧបត្ថម្ភស្បៀងអាហារជូនជនរងគ្រោះ។
នៅព្រឹកថ្ងៃទី២០ ខែតុលា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងសហការី ប្រមាណ១០នាក់បានចុះសួរសុខទុក្ខ និងចែកស្បៀងពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ២០០គ្រួសារ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដែរ។
លោក កឹម សុខា ក៏បានបង្ហោះសារលើហ្វេសប៊ុក (Facebook) របស់លោកដោយអំពាវនាវដល់ពលរដ្ឋឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ហើយបួងសួងសុំឱ្យពលរដ្ឋខ្មែរបានសុខទាំងអស់គ្នា និងកុំចងពៀរនឹងគ្នា។ បន្ថែមពីនេះលោកថា « អ្វីដែលជាកុសល ពលរដ្ឋខ្មែរគួរតែរួមគ្នាឈប់ឈ្លោះគ្នា ដើម្បីឱ្យកិត្តិយសជាតិរឹងមាំ »។
រីឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បានប្រកាសនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី២០តុលាថា លោកកំពុងធ្វើដំណើរទៅឆ្ពោះខេត្តបន្ទាយមានជ័យហើយ ដោយលោកគ្រោងស្នាក់នៅខេត្តមួយនេះចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ តុលា ដើម្បីចុះសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ជាង ២ម៉ឺនគ្រួសារនៅខេត្តមួយនេះ។ លោកបន្តថា ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេ ដែលចាំបាច់ត្រូវផ្តល់អាទិភាពសង្គ្រោះផង និងស្ដារឡើងវិញក្រោយទឹកជំនន់ផង។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រពន្ធកម្ពុជា លោក ឌិន ពិទ្ធី មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធគួរតែចុះជួយប្រជាពលរដ្ឋឱ្យបានសកម្មបន្ថែមទៀត ដើម្បីជួយកាត់បន្ថយកុំឱ្យពលរដ្ឋគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ។ បន្ថែមពីនេះ លោកជំរុញឱ្យអាជ្ញាធរចែកស្បៀងអាហារដល់ពលរដ្ឋរងគ្រោះឱ្យបានស្នើភាពគ្រប់និន្នាការគណបក្សនយោបាយ ដើម្បីជួយសម្រាលដល់ការលំបាករបស់ពួកគាត់៖ «ហើយទុកគាត់ចោលហើយទៅថតយកតិចអីចឹង យើងយកតែខ្សែបក្សពួកខ្លួនឯង ទី២ យើងធ្វើយកតែរូបភាពអត់មើលលក្ខណៈទូទៅ ចង់និយាយថា ការបែងចែកការជួយហ្នឹងវាខុសពីស្រុកគេ ប្រជាពលរដ្ឋអត់បានទទួលស្មើភាពគ្នា វាអត់មានលក្ខណៈទូទៅ។វាបានចោះៗហើយបានមួយ ហើយធ្វើឱ្យប្រជាពលរដ្ឋដែលរងគ្រោះមានទុក្ខវេទនានៅតែវេទនាដដែល វាលំបាកក៏កាន់តែលំបាកទៅអាហ្នឹងវាអត់មានយុត្តិធម៌សង្គមទេ » ។
អ្នកនាំពាក្យគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់អាស៊ីសេរីថា គិតត្រឹមព្រឹកថ្ងៃទី២០ តុលា ទឹកជំនន់បានលិចលង់ចំនួន ១៩ខេត្តនៅទូទាំងប្រទេស និងមានប្រជាពលរដ្ឋចំនួន ២៥នាក់បានស្លាប់ ក្នុងនោះខេត្តបន្ទាយមានជ័យច្រើនជាងគេមានអ្នកស្លាប់ចំនួន ១៣នាក់។ ប៉ះពាល់ប្រជាពលរដ្ឋ ៣១២.២២៤នាក់ ក្នុងនោះពលរដ្ឋ ៣៧.៣៩៦នាក់ ត្រូវបានជម្លៀសទៅនៅទីទួលមានសុវត្ថិភាពបណ្ដោះអាសន្ន។ ខូចស្រូវ ២១៣.២៨៩ហិកតារ និងដំណាំរួមផ្សំ ៧៩.៨៨៨ហិកតារ លិចសាលារៀនជាង ៥០០កន្លែងទឹកហូរចូលរោងចក្រចំនួន ៧៩កន្លែងនៅរាជធានីភ្នំពេញ កំពង់ស្ពឺ និងខេត្តកណ្ដាល ក្នុងនោះ ៤០កន្លែងបានផ្អាកដំណើរការបណ្ដោះអាសន្ន។ លើសពីនេះ គ្រោះធម្មជាតិមួយនេះធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដូចជា ទំនប់ទឹក ស្ពាន មន្ទីរពេទ្យ ផ្លូវថ្នល់ និងផ្លូវលំតាមជនបទជាច្រើនកន្លែងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។