អង្គការសង្គមស៊ីវិលចំនួន ៣អង្គភាពរួមមាន អង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផលប្រចាំតំបន់បឹងទន្លេសាប (FACT) អង្គការលីកាដូ (Licadho) សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) និងប្រជាពលរដ្ឋសហគមន៍នេសាទ ព្រមទាំងអាជ្ញាធរមូលដ្ឋាននៅស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៨ មេសា សហការគ្នាចុះត្រួតពិនិត្យនៅតំបន់ព្រៃលិចទឹកនៅស្រុកឯកភ្នំ ដើម្បីមានវិធានការទប់ស្កាត់មិនឲ្យមានការរុករានព្រៃលិចទឹកបន្តទៀត។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល បន្ទាប់ពីចុះត្រួតពិនិត្យនៅតំបន់ព្រៃលិចទឹកហើយ សុទ្ធតែបានអះអាងដូចៗគ្នាថា តំបន់ព្រៃលិចទឹកនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ មានការកាប់រុករានព្រៃយកដីធ្វើជាកម្មសិទ្ធិទាំងការរុករានថ្មី និងចាស់ជាបន្តបន្ទាប់។ ពួកគាត់បន្តថា ករណីនេះបើពុំមានការទប់ស្កាត់ជាបន្ទាន់ទេ នឹងបាត់បង់ព្រៃលិចទឹកទាំងនោះអស់ជាពុំខាន។
ក្រុមប្រជាពលរដ្ឋសហគមន៍នេសាទភូមិព្រែកត្រប់ ថ្លែងប្រាប់នៅខាងមុខសាលាស្រុកឯកភ្នំ នៅថ្ងៃទី២៨ មេសា ថា ការកាប់ឆ្ការរុករានព្រៃលិចទឹកយកដីធ្វើកសិកម្មពីសំណាក់ប្រជាពលរដ្ឋនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ មានសន្ទុះកាន់តែខ្លាំងឡើងជាបន្តបន្ទាប់ ធ្វើឲ្យហិនហោចអស់ព្រៃលិចទឹកតំបន់៣ ដែលជាដែនជម្រករបស់មច្ឆជាតិប្រមាណ ៣០ហិកតារ ហើយពុំមានសមត្ថកិច្ចណាទប់ស្កាត់បាននៅឡើយទេ៖ «គាត់ចេះតែរានមួយឆ្នាំបន្តិចៗទៅ ហើយហៅគាត់មកធ្វើកិច្ចសន្យាជាញឹកញាប់ដែរ នៅតែគាត់ឈប់រុករានព្រៃទៀត។ បាទ! ខ្ញុំអរណាស់ពេលឃើញអង្គការ ហើយនិងសមត្ថកិច្ចចុះទៅដល់ទីកន្លែងតំបន់ព្រៃលិចទឹកបែបនេះ»។
ចំណែកឯមន្ត្រីសម្របសម្រួលអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផលប្រចាំតំបន់បឹងទន្លេសាប និងដែលបានចុះទៅត្រួតពិនិត្យនៅតំបន់ព្រៃលិចទឹកដែរនោះ គឺអ្នកស្រី នូ សារឹម មានប្រសាសន៍បញ្ជាក់ថា ការចុះទៅត្រួតពិនិត្យព្រៃលិចទឹកនេះ ធ្វើឡើងតាមពាក្យបណ្ដឹងពីប្រជាពលរដ្ឋក្នុងសហគមន៍នេសាទភូមិព្រែកត្រប់ ដែលពួកគេមានការព្រួយបារម្ភពីប្រជាពលរដ្ឋកាប់រុករានព្រៃយកដីធ្វើជាកម្មសិទ្ធិ។ អ្នកស្រីបន្តថា ក្រោយពីចុះត្រួតពិនិត្យនៅតំបន់ព្រៃលិចទឹកនោះមក រកឃើញព្រៃដែលទើបធ្វើការរុករានថ្មីប្រមាណ ២០ហិកតារ និងដីព្រៃដែលរុករានចាស់ប្រមាណ ៧០ហិកតារ។ ទោះជាយ៉ាងនេះក្ដី អ្នកស្រីបន្ថែមថា នឹងរិះរកវិធានការដោះស្រាយជុំវិញបញ្ហានេះជាមួយសមត្ថកិច្ចពាក់ព័ន្ធបន្តទៀត៖ «ប្រសិនជាដោះស្រាយនៅសាលាស្រុកឯកភ្នំ មិនចេញទេ យើងនឹងយកលទ្ធផលធ្វើជារបាយការណ៍ដាក់ទៅខណ្ឌរដ្ឋបាលជលផល និងដាក់ទៅថ្នាក់ខេត្ត និងបន្តដាក់ទៅថ្នាក់ជាតិរហូតណាទទួលបានលទ្ធផល»។
ទាក់ទងនឹងបញ្ហានេះដែរ អភិបាលស្រុកឯកភ្នំ លោក មាច ស៊ុំ មានប្រសាសន៍បញ្ជាក់ថា ការកាប់រុករានដីព្រៃលិចទឹកនោះ កន្លងទៅអាជ្ញាធរពាក់ព័ន្ធធ្វើការទប់ស្កាត់ជាប្រចាំ ប៉ុន្តែនៅតែមានប្រជាពលរដ្ឋខ្លះលួចកាប់ព្រៃយកដី ដោយសារផ្ទៃដីនៅតំបន់ព្រៃលិចទឹកនៅស្រុកឯកភ្នំ មានទំហំធំធ្វើឲ្យពិបាកក្នុងការទប់ស្កាត់៖ «កន្លងមកយើងក៏ធ្លាប់ហៅគាត់ទៅអប់រំជាបន្តបន្ទាប់ដែរ ប៉ុន្តែការអនុវត្តរបស់យើងកន្លងទៅមិនបានដាក់ទោសពៃរ៍ផ្នែកច្បាប់ទៅលើប្រជាពលរដ្ឋដែលរុករានព្រៃនោះតែម្ដងទេ គឺយើងធ្វើការផ្សព្វផ្សាយ និងអប់រំសិន លុះណាករណីធ្ងន់ធ្ងរទើបយើងអនុវត្តតាមច្បាប់»។
ទោះយ៉ាងនេះក្ដី ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល នៅតែព្រួយបារម្ភថា សកម្មភាពកាប់បំផ្លាញព្រៃលិចទឹកនេះ អាចនឹងហិនហោចអស់ព្រៃទៅជាដីវាលដល់បឹងទន្លេសាបគ្មានសល់ ក្នុងពេលឆាប់ៗ ប្រសិនបើសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនទប់ស្កាត់ទាន់ពេល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។