សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី​រៀបចំ​ប្ដឹង​ករណី​កាប់​រាន​ព្រៃ​ឈើ

ដោយ រដ្ឋា វិសាល
2014.01.30
កាប់​ឈើ រតនគិរី ៦១០ សហគមន៍​ភូមិ​ប៉ាតាង ឃុំ​ប៉ាតាង ស្រុក​លំផាត់ ខេត្ត​រតនគិរី ចង្អុល​បង្ហាញ​មន្ត្រី​សមាគម​អាដហុក​ខេត្ត ពី​កន្លែង​កាប់​រាន​ព្រៃឈើ​នៅ​ភ្នំ​គន្ធី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៤។
Adhco Photo

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី កំពុង​រៀបចំ​ពាក្យ​ប្ដឹង​ពី​ករណី​កាប់​រាន​ព្រៃ​ឈើ​នៅ​ភ្នំ​គន្ធី ដើម្បី​យក​ដី​លក់ បន្ទាប់​ពី​អ្នក​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អាដហុក បាន​ចុះ​ទៅ​អង្កេត​ជាក់ស្ដែង​ស្ដីពី​សកម្មភាព​កាប់​រាន​ព្រៃ​នៅ​តំបន់​នោះ។ ទន្ទឹម​នេះ​ដែរ សហគមន៍​រាយការណ៍​ថា ក្រុម​មន្ត្រី​មូលដ្ឋាន​បាន​ព្យាយាម​គំរាម​ប្រើ​សន្តិសុខ​ភូមិ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ណា​ដែល​ផ្លិត​មេដៃ​ប្ដឹង​ករណី​នេះ។

ស្នាម​មេដៃ​ប្រជាពលរដ្ឋ ១៥០​នាក់ បាន​ផ្ដិត​រួច​ហើយ​លើ​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​ការិយាល័យ​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ខេត្ត​រតនគិរី ប្រយោជន៍​សុំ​ឲ្យ​ស្ថាប័ន​នេះ​ជួយ​ចុះ​ទប់ស្កាត់ និង​ដក​ហូត​យក​ដី​សហគមន៍​ដែល​ត្រូវ​បាន​គេ​កាប់​រាន និង​លក់​ដូរ​ជា​លក្ខណៈ​ឯកជន​ខុស​ច្បាប់។

កាល​ពី​ថ្ងៃ​ពុធ ទី​២៨ ខែ​មករា សហគមន៍​មួយ​ក្រុម​និង​មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក ខេត្ត​រតនគិរី បាន​នាំ​គ្នា​ទៅ​កាន់​តំបន់​ភ្នំ​គន្ធី ទី​ដែល​ក្រុម​សហគមន៍​បាន​រាយការណ៍​ថា ព្រៃឈើ​នៅ​តំបន់​នោះ​ប្រមាណ ៥០​ហិកតារ ត្រូវ​បាន​គេ​កាប់​រាន​ដើម្បី​យក​ដី និង​មាន​មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ​ជា​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​កាប់​រាន​ព្រៃ​នោះ​ទៀត​ផង។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត លោក ឆាយ ធី រៀបរាប់​ថា ព្រៃ​តំបន់​នេះ​ជា​ព្រៃ​របោះ និង​ជា​តំបន់​ដី​ត្រៀម​បម្រុង​របស់​សហគមន៍​ត្រូវ​បាន​គេ​កាប់​អស់​ប្រមាណ ៥០​ហិកតារ នៅ​ខាង​លិច​ភ្នំ​គន្ធី ចាប់​ពី​ជើង​ភ្នំ​រហូត​ដល់​អូរ​គន្ធី។ លោក​កត់សម្គាល់​ថា ចលនា​កាប់​រាន​ដី​នេះ​មួយ​ផ្នែក​គឺ​ប្រជាពលរដ្ឋ​មាន​ដី​ជាប់​នឹង​ព្រៃ​នោះ​បាន​ប្រើ​ម៉ាស៊ីន​កាត់​ឈើ​អារ​រំលំ​ឈើ ដើម្បី​យក​ដី​ប្រាកដ​មែន។ចំណែក​ដី​មួយ​ផ្នែក​ទៀត​មាន​ពាក់ព័ន្ធ​មន្ត្រី​មូលដ្ឋាន ភូមិ​ឃុំ​បាន​ជួល​គេ​កាប់​រាន​ដើម្បី​យក​ដី​ដូច​គ្នា។

លោក ឆាយ ធី៖ «យើង​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​ដី​ហ្នឹង​ប្រសិន​បើ​ត្រូវ​បាន​ចលនា​ឲ្យ​មាន​ការ​លក់ដូរ​ពី​ប្រជាពលរដ្ឋ​ក្នុង​ចំណោម​ដី ៥៩​ហិកតារ វា​នឹង​អាច​បាត់​បង់​ដី​ព្រៃ​សហគមន៍ និង​ដី​ព្រៃ​រដ្ឋ​បន្ថែម​ទៀត។ កាលណា​គេ​លក់ ៥០​ហិកតារ ច្បាស់ជា​គេ​ឈូស​រាន​ដោយ​គ្រឿងចក្រ​បន្ថែម​លើស​ពី​ហ្នឹង ចូល​ដី​ព្រៃ​រដ្ឋ​ផង និង​ដី​ព្រៃ​សហគមន៍​នៅ​ទី​នោះ​ផង»

របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក រក​ឃើញ​ថា ដី​ដែល​បាន​ពី​ការ​កាប់​រាន​ព្រៃ​នេះ​ប្រមាណ ១០​ហិកតារ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន​លក់​ទៅ​ឲ្យ​ឈ្មួញ​អ្នក​ទិញ​ដី​រួច​ហើយ។ ចំណែក​ដី​នៅ​តំបន់​នោះ​រាប់​រយ​ហិកតារ​ទៀត គឺ​ជា​កម្មវត្ថុ​នៃ​ការ​កាប់​រាន​បន្ត​ដើម្បី​យក​ដី​លក់​ទៅ​ឲ្យ​ឈ្មួញ​នៅ​ពេល​ព្រៃ​ឈើ​បាន​អារ​រំលំ​រួច។

ក្រុម​សហគមន៍​ភូមិ​ប៉ាតាង ចាត់​ទុក​ដី​ព្រៃ​សហគមន៍​ជា​តំបន់​ព្រៃ​ត្រៀម​បម្រុង​របស់​ប្រជាពលរដ្ឋ​ចុះ​បញ្ជី​ដីធ្លី​ជា​លក្ខណៈ​សមូហភាព​តាម​ការ​ប៉ាន់​ប្រមាណ​ដី​នៅ​តំបន់​ភ្នំ​គន្ធី មាន​ប្រមាណ ៦០០​ហិកតារ។

តំណាង​សហគមន៍​លោក ហ្សុន លិក មាន​ប្រសាសន៍​បញ្ជាក់​ថា មេ​ភូមិ​ប៉ាតាង បាន​គំរាម​ប្រើប្រាស់​ក្រុម​សន្តិសុខ​ភូមិ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ណា​ដែល​ចូល​រួម​ផ្ដិត​មេដៃ​ប្ដឹង​ករណី​នេះ។ លោក​បន្ត​ថា សហគមន៍​ទាមទារ​ឲ្យ​មន្ត្រី​ព្រៃ​ឈើ​ចុះ​ស៊ើប​អង្កេត​ករណី​កាប់​រាន​ព្រៃ​នេះ និង​ទប់ស្កាត់​កុំ​ឲ្យ​ករណី​នេះ​រីក​រាលដាល​បន្ថែម​ទៀត និង​ជា​ពិសេស​ដក​ហូត យក​ដី​ដែល​បាន​កាប់​រាន​ហើយ​លក់​ដូរ​ទៅ​ឲ្យ​ឈ្មួញ​ទុក​ជា​ដី​សហគមន៍​គ្រប់គ្រង​ជា​លក្ខណៈ​សមូហភាព។

លោក ហ្សុន លិក៖ «គេ​កាប់​អស់​ព្រៃ​ហើយ​គិត​ម៉េច? នៅ​សល់​តិចតួច​យើង​មិន​ការពារ​រឹតតែ​អស់​ហើយ។ ទៅ​ជាមួយ​អាដហុក ខ្ញុំ​ប៉ាន់​ស្មាន ៦០០​ហិកតារ ភ្នំ​គន្ធី​ហ្នឹង​វា​នៅ​កណ្ដាល​ប៉ះពាល់​ដី​សហគមន៍​ទាំង​រួម ទាំង​មូល។ ចង់​ប្ដឹង​ឲ្យ​ខាង​រដ្ឋបាល​ព្រៃ​ឈើ​ខាង​មេព្រៃ​គេ​មក​មើល គេ​មក​ថត គេ​មក​ដក​ហូត​អ៊ីចឹង»

មួយ​ភាគ​ធំ​នៃ​ព្រៃឈើ​នៅ​តំបន់​ភ្នំ​គន្ធី បាន​ក្លាយ​ជា​ដី​វាល​ក្រាល​ដោយ​គំនរ​ឈើ​ដែល​កាប់​រំលំ​មិន​ទាន់​ដុត​រាន​នៅ​ឡើយ។

មេ​ឃុំ​ប៉ាតាង លោក គឹត ចេន មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រួក ឃុំ​ប៉ាតាង ពិត​ជា​បាន​កាប់​រាន​ព្រៃ​នៅ​ជាប់​នឹង​ដី​ប្រជាពលរដ្ឋ​មែន។ ចំណែក​មន្ត្រី​មូលដ្ឋាន​ក៏​បាន​កាប់​រាន​ដី​មួយ​ចំណែក​ដើម្បី​យក​ដី​ធ្វើ​ចម្ការ​ដាំ​ដុះ ដោយសារ​តែ​ព្រៃ​នោះ​ជា​ព្រៃ​រេចរឹល។

លោក​បដិសេធ​ថា អាជ្ញាធរ​ឃុំ​មិន​បាន​បញ្ជាក់​លើ​ឯកសារ​លក់​ដី​នៅ​តំបន់​នោះ​ទេ៖ «គេ​កាប់​ប្រាប់​ខ្ញុំ​ដែរ​ណា! ហើយ​វា​ហ៊ានៗ អា​ក្បាល​ចម្ការ បើ​ក្នុង​កណ្ដាល​ព្រៃ​អត់​ហ៊ាន​ទេ។ ព្រៃ​រេចរឹល ព្រៃ​ខ្លុង មាន​ព្រៃ​ធំ ព្រៃ​ដើម​ឈើ​ធំ​ឯ​ណា ពួក​ហ្នឹង​វា​ចេះ​តែ​អ៊ីចេះ​អ៊ីចុះ​ហ្នឹង ការ​ពិត​គឺ​ក្បាល​ដី ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រួក។ វស្សា​ហ្នឹង​ខ្ញុំ​បិទ​ទាំង​អស់​អត់​ឲ្យ​ធ្វើ​ទេ»

នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី លោក ផាន់ ភីន កាល​ពី​ដើម​សប្ដាហ៍​សំណូមពរ​ឲ្យ​សហគមន៍​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ជា​បន្ទាន់ មក​ស្ថាប័ន​លោក​ដើម្បី​ជា​មូលដ្ឋាន​ចុះ​ស៊ើប​អង្កេត​ករណី​នេះ៖ «ជួយ​ណែ​នាំ​ឲ្យ​ប្រជាជន​គាត់​ដាក់​ពាក្យ​ប្ដឹង​មក​ដាក់​ទៅ​ស្រុក ឬ​ដាក់​ទៅ​ខេត្ត ដាក់​ឲ្យ​លឿន​បន្តិច​មក ឲ្យ​វា​មាន​ភ្លើង​បន្តិច​មក ស្រណុក​ខ្ញុំ​ចុះ​ធ្វើ​ការ»

ចំណែក​អភិបាល​ស្រុក​លំផាត់ លោក គង់ ស៊្រុន ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​កាប់​ព្រៃ​យក​ដី​អនាធិបតេយ្យ​នៅ​តំបន់​ភ្នំ​គន្ធី​មែន ក៏​ប៉ុន្តែ​ទំហំ​នៃ​ការ​កាប់​រាន​មិន​ច្រើន​ដូច​ការ​អះអាង​របស់​សហគមន៍​នោះ​ឡើយ។ លោក​បន្ត​ថា នៅ​សប្ដាហ៍​ក្រោយ​អាជ្ញាធរ​ស្រុក​នឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ជំនាញ​ព្រៃឈើ​ដក​ហូត​ដី​នោះ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ។

តំបន់​ព្រៃឈើ​នៅ​ភ្នំ​គន្ធី កាល​ពី​ឆ្នាំ​២០១០ ត្រូវ​បាន​អនុ​ប្រធាន​តុលាការ​ខេត្ត លោក ថោ សារ៉ន កាប់​រាន​អស់​ជាង ២០​ហិកតារ ហើយ​រហូត​មក​ទល់​នឹង​ឆ្នាំ​២០១៣ ដី​តំបន់​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​កាប់​រាន​បន្ថែម​អស់​ប្រមាណ ៣០​ហិកតារ​ទៀត ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ​ឯកជន ប៉ុន្តែ​អាជ្ញាធរ​ស្រុក​និង​មន្ត្រី​ជំនាញ​បាន​ដក​ហូត​ដី​ដែល​បាន​ពី​ការ​កាប់​រាន​នោះ​ទុក​ជា​ដី​សម្បត្តិ​រដ្ឋ​វិញ​ហើយ។ យ៉ាង​នេះ​ក្តី គេ​មិន​ឃើញ​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​ចំពោះ​អ្នក​ដែល​បាន​ពាក់ព័ន្ធ​កាប់​រាន​ព្រៃ​យក​ដី​ខុស​ច្បាប់​នេះ​នៅ​ឡើយ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​សមាគម​អាដហុក ឲ្យ​ដឹង​ថា ពាក្យ​ប្ដឹង​របស់​សហគមន៍​បាន​ដាក់​ជូន​ការិយាល័យ​សមាគម​អាដហុក រួច​ហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​មករា។ មន្ត្រី​សមាគម​អាដហុក គ្រោង​នឹង​អន្តរាគមន៍​ពាក្យ​ប្ដឹង​នេះ​ទៅ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៅ​ចុង​សប្ដាហ៍​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។