សហគមន៍ជនជាតិដើមភាគតិចនៅស្រុកលំផាត់ ខេត្តរតនគិរី កំពុងរៀបចំពាក្យប្ដឹងពីករណីកាប់រានព្រៃឈើនៅភ្នំគន្ធី ដើម្បីយកដីលក់ បន្ទាប់ពីអ្នកឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក បានចុះទៅអង្កេតជាក់ស្ដែងស្ដីពីសកម្មភាពកាប់រានព្រៃនៅតំបន់នោះ។ ទន្ទឹមនេះដែរ សហគមន៍រាយការណ៍ថា ក្រុមមន្ត្រីមូលដ្ឋានបានព្យាយាមគំរាមប្រើសន្តិសុខភូមិចាប់ខ្លួនប្រជាពលរដ្ឋណាដែលផ្លិតមេដៃប្ដឹងករណីនេះ។
ស្នាមមេដៃប្រជាពលរដ្ឋ ១៥០នាក់ បានផ្ដិតរួចហើយលើពាក្យប្ដឹងទៅស្ថាប័នខណ្ឌរដ្ឋបាលព្រៃឈើ និងការិយាល័យការពារសិទ្ធិមនុស្សសមាគមអាដហុក ខេត្តរតនគិរី ប្រយោជន៍សុំឲ្យស្ថាប័ននេះជួយចុះទប់ស្កាត់ និងដកហូតយកដីសហគមន៍ដែលត្រូវបានគេកាប់រាន និងលក់ដូរជាលក្ខណៈឯកជនខុសច្បាប់។
កាលពីថ្ងៃពុធ ទី២៨ ខែមករា សហគមន៍មួយក្រុមនិងមន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក ខេត្តរតនគិរី បាននាំគ្នាទៅកាន់តំបន់ភ្នំគន្ធី ទីដែលក្រុមសហគមន៍បានរាយការណ៍ថា ព្រៃឈើនៅតំបន់នោះប្រមាណ ៥០ហិកតារ ត្រូវបានគេកាប់រានដើម្បីយកដី និងមានមន្ត្រីមូលដ្ឋានភូមិឃុំជាអ្នកនៅពីក្រោយសកម្មភាពកាប់រានព្រៃនោះទៀតផង។
មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្ត លោក ឆាយ ធី រៀបរាប់ថា ព្រៃតំបន់នេះជាព្រៃរបោះ និងជាតំបន់ដីត្រៀមបម្រុងរបស់សហគមន៍ត្រូវបានគេកាប់អស់ប្រមាណ ៥០ហិកតារ នៅខាងលិចភ្នំគន្ធី ចាប់ពីជើងភ្នំរហូតដល់អូរគន្ធី។ លោកកត់សម្គាល់ថា ចលនាកាប់រានដីនេះមួយផ្នែកគឺប្រជាពលរដ្ឋមានដីជាប់នឹងព្រៃនោះបានប្រើម៉ាស៊ីនកាត់ឈើអាររំលំឈើ ដើម្បីយកដីប្រាកដមែន។ចំណែកដីមួយផ្នែកទៀតមានពាក់ព័ន្ធមន្ត្រីមូលដ្ឋាន ភូមិឃុំបានជួលគេកាប់រានដើម្បីយកដីដូចគ្នា។
លោក ឆាយ ធី៖ «យើងមានការព្រួយបារម្ភ ព្រោះដីហ្នឹងប្រសិនបើត្រូវបានចលនាឲ្យមានការលក់ដូរពីប្រជាពលរដ្ឋក្នុងចំណោមដី ៥៩ហិកតារ វានឹងអាចបាត់បង់ដីព្រៃសហគមន៍ និងដីព្រៃរដ្ឋបន្ថែមទៀត។ កាលណាគេលក់ ៥០ហិកតារ ច្បាស់ជាគេឈូសរានដោយគ្រឿងចក្របន្ថែមលើសពីហ្នឹង ចូលដីព្រៃរដ្ឋផង និងដីព្រៃសហគមន៍នៅទីនោះផង»។
របាយការណ៍អង្កេតរបស់សមាគមអាដហុក រកឃើញថា ដីដែលបានពីការកាប់រានព្រៃនេះប្រមាណ ១០ហិកតារ ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋានលក់ទៅឲ្យឈ្មួញអ្នកទិញដីរួចហើយ។ ចំណែកដីនៅតំបន់នោះរាប់រយហិកតារទៀត គឺជាកម្មវត្ថុនៃការកាប់រានបន្តដើម្បីយកដីលក់ទៅឲ្យឈ្មួញនៅពេលព្រៃឈើបានអាររំលំរួច។
ក្រុមសហគមន៍ភូមិប៉ាតាង ចាត់ទុកដីព្រៃសហគមន៍ជាតំបន់ព្រៃត្រៀមបម្រុងរបស់ប្រជាពលរដ្ឋចុះបញ្ជីដីធ្លីជាលក្ខណៈសមូហភាពតាមការប៉ាន់ប្រមាណដីនៅតំបន់ភ្នំគន្ធី មានប្រមាណ ៦០០ហិកតារ។
តំណាងសហគមន៍លោក ហ្សុន លិក មានប្រសាសន៍បញ្ជាក់ថា មេភូមិប៉ាតាង បានគំរាមប្រើប្រាស់ក្រុមសន្តិសុខភូមិចាប់ខ្លួនប្រជាពលរដ្ឋណាដែលចូលរួមផ្ដិតមេដៃប្ដឹងករណីនេះ។ លោកបន្តថា សហគមន៍ទាមទារឲ្យមន្ត្រីព្រៃឈើចុះស៊ើបអង្កេតករណីកាប់រានព្រៃនេះ និងទប់ស្កាត់កុំឲ្យករណីនេះរីករាលដាលបន្ថែមទៀត និងជាពិសេសដកហូត យកដីដែលបានកាប់រានហើយលក់ដូរទៅឲ្យឈ្មួញទុកជាដីសហគមន៍គ្រប់គ្រងជាលក្ខណៈសមូហភាព។
លោក ហ្សុន លិក៖ «គេកាប់អស់ព្រៃហើយគិតម៉េច? នៅសល់តិចតួចយើងមិនការពាររឹតតែអស់ហើយ។ ទៅជាមួយអាដហុក ខ្ញុំប៉ាន់ស្មាន ៦០០ហិកតារ ភ្នំគន្ធីហ្នឹងវានៅកណ្ដាលប៉ះពាល់ដីសហគមន៍ទាំងរួម ទាំងមូល។ ចង់ប្ដឹងឲ្យខាងរដ្ឋបាលព្រៃឈើខាងមេព្រៃគេមកមើល គេមកថត គេមកដកហូតអ៊ីចឹង»។
មួយភាគធំនៃព្រៃឈើនៅតំបន់ភ្នំគន្ធី បានក្លាយជាដីវាលក្រាលដោយគំនរឈើដែលកាប់រំលំមិនទាន់ដុតរាននៅឡើយ។
មេឃុំប៉ាតាង លោក គឹត ចេន មានប្រសាសន៍ទទួលស្គាល់ថា ប្រជាពលរដ្ឋនៅភូមិព្រួក ឃុំប៉ាតាង ពិតជាបានកាប់រានព្រៃនៅជាប់នឹងដីប្រជាពលរដ្ឋមែន។ ចំណែកមន្ត្រីមូលដ្ឋានក៏បានកាប់រានដីមួយចំណែកដើម្បីយកដីធ្វើចម្ការដាំដុះ ដោយសារតែព្រៃនោះជាព្រៃរេចរឹល។
លោកបដិសេធថា អាជ្ញាធរឃុំមិនបានបញ្ជាក់លើឯកសារលក់ដីនៅតំបន់នោះទេ៖ «គេកាប់ប្រាប់ខ្ញុំដែរណា! ហើយវាហ៊ានៗ អាក្បាលចម្ការ បើក្នុងកណ្ដាលព្រៃអត់ហ៊ានទេ។ ព្រៃរេចរឹល ព្រៃខ្លុង មានព្រៃធំ ព្រៃដើមឈើធំឯណា ពួកហ្នឹងវាចេះតែអ៊ីចេះអ៊ីចុះហ្នឹង ការពិតគឺក្បាលដី ប្រជាពលរដ្ឋនៅភូមិព្រួក។ វស្សាហ្នឹងខ្ញុំបិទទាំងអស់អត់ឲ្យធ្វើទេ»។
នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ផាន់ ភីន កាលពីដើមសប្ដាហ៍សំណូមពរឲ្យសហគមន៍ដាក់ពាក្យប្ដឹងករណីនេះជាបន្ទាន់ មកស្ថាប័នលោកដើម្បីជាមូលដ្ឋានចុះស៊ើបអង្កេតករណីនេះ៖ «ជួយណែនាំឲ្យប្រជាជនគាត់ដាក់ពាក្យប្ដឹងមកដាក់ទៅស្រុក ឬដាក់ទៅខេត្ត ដាក់ឲ្យលឿនបន្តិចមក ឲ្យវាមានភ្លើងបន្តិចមក ស្រណុកខ្ញុំចុះធ្វើការ»។
ចំណែកអភិបាលស្រុកលំផាត់ លោក គង់ ស៊្រុន ទទួលស្គាល់ថា ពិតជាមានការកាប់ព្រៃយកដីអនាធិបតេយ្យនៅតំបន់ភ្នំគន្ធីមែន ក៏ប៉ុន្តែទំហំនៃការកាប់រានមិនច្រើនដូចការអះអាងរបស់សហគមន៍នោះឡើយ។ លោកបន្តថា នៅសប្ដាហ៍ក្រោយអាជ្ញាធរស្រុកនឹងសុំកិច្ចអន្តរាគមន៍ពីមន្ត្រីជំនាញព្រៃឈើដកហូតដីនោះទុកជាសម្បត្តិរដ្ឋវិញ។
តំបន់ព្រៃឈើនៅភ្នំគន្ធី កាលពីឆ្នាំ២០១០ ត្រូវបានអនុប្រធានតុលាការខេត្ត លោក ថោ សារ៉ន កាប់រានអស់ជាង ២០ហិកតារ ហើយរហូតមកទល់នឹងឆ្នាំ២០១៣ ដីតំបន់នោះត្រូវបានប្រជាពលរដ្ឋកាប់រានបន្ថែមអស់ប្រមាណ ៣០ហិកតារទៀត ដើម្បីយកដីជាកម្មសិទ្ធិឯកជន ប៉ុន្តែអាជ្ញាធរស្រុកនិងមន្ត្រីជំនាញបានដកហូតដីដែលបានពីការកាប់រាននោះទុកជាដីសម្បត្តិរដ្ឋវិញហើយ។ យ៉ាងនេះក្តី គេមិនឃើញសមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការផ្លូវច្បាប់ណាមួយចំពោះអ្នកដែលបានពាក់ព័ន្ធកាប់រានព្រៃយកដីខុសច្បាប់នេះនៅឡើយ។
យ៉ាងណាក៏ដោយ មន្ត្រីសមាគមអាដហុក ឲ្យដឹងថា ពាក្យប្ដឹងរបស់សហគមន៍បានដាក់ជូនការិយាល័យសមាគមអាដហុក រួចហើយ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា។ មន្ត្រីសមាគមអាដហុក គ្រោងនឹងអន្តរាគមន៍ពាក្យប្ដឹងនេះទៅមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើនៅចុងសប្ដាហ៍នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។