យុវជន​ធ្វើ​យុទ្ធនាការ​​កាត់​បន្ថយ​ការ​ជួញដូរ​សត្វ​ព្រៃ

យុទ្ធនាការ​ថែរក្សា​បរិស្ថាន​របស់​ក្រុមប្រឹក្សា​យុវជន​នៃ​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ក្រោម​ប្រធានបទ "ជីវិត​សត្វព្រៃ​​គឺ​ជា​ជីវិត​របស់​យើង" ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ដោយ​យុវជន​ជាង ១០០​នាក់ មក​ពី​វិទ្យាល័យ និង​សកលវិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ។
ដោយ អ៊ុក សាវបូរី
2013-10-27
Share
យុវជន ៦១០ ក្រុម​យុវជន​​​គូរ​រូប​សត្វ​​​នៅ​លើ​​ថ្ពាល់​ក្នុង​ពេល​​ចូល​រួម​យុទ្ធនាការ​ថែ​រក្សា​បរិស្ថាន​និង​សត្វ​ព្រៃ នៅ​ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២០១៣។ RFA/Ouk Savborey
RFA/Ouk Savbory

យុទ្ធនាការ​នេះ​បាន​ធ្វើ​ឡើង​ដើម្បី​ឲ្យ​យុវជន​កំពុង​សិក្សា​រួប​រួម​គ្នា​អភិរក្ស​សត្វ​ព្រៃ និង​មិន​បរិភោគ​សាច់​សត្វ​ព្រៃ ដែល​ប្រព្រឹត្ត​ទៅ​នៅ​សាលា​អន្តរជាតិ​អាមេរិកាំង។

យុវជន​ជា​សិស្ស និស្សិត មន្ត្រី​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ និង​មន្ត្រី​នាយកដ្ឋាន​ព្រៃឈើ​ក្នុង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រជុំ​គ្នា​មួយ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​តុលា និយាយ​ពី​ការ​រួម​គ្នា​កាត់​បន្ថយ​ការ​ជួញដូរ​សត្វ​ព្រៃ ​មិន​បរិភោគ​សាច់​សត្វ​ព្រៃ និង​ថែ​រក្សា​បរិស្ថាន​ ព្រៃ​ឈើ និង​ពូជ​សត្វ​ព្រៃ​កម្រ​ដែល​ហៀប​បាត់បង់។

ប្រធាន​ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា (U.S. AYC) លោក ឡុង យូផេង ថ្លែង​ថា ជំនួញ​សត្វព្រៃ ជា​ការ​ជួញ​ដូរ​ខ្នាត​ធំ​លំដាប់​ទី​៣ នៅ​លើ​ពិភពលោក បន្ទាប់​ពី​ជំនួញ​គ្រឿង​ញៀន​និង​ជំនួញ​អាវុធ។

លោក​ថា ការ​ជួញដូរ​សត្វ​ព្រៃ និង​ការ​ទទួល​ទាន​សត្វ​ព្រៃ គឺ​ជា​ឧក្រិដ្ឋកម្ម។ ការ​ជួញដូរ​សត្វ​ព្រៃ​បាន​ធ្វើ​ឲ្យ​ឈ្មួញ​ចំណេញ​ច្រើន តែ​វា​អាច​បង្ក​ជំងឺ​ឆ្លង​ពី​សត្វ​មក​មនុស្ស​ក្នុង​កន្លែង​ដែល​កំពុង​ជួញដូរ​សត្វ​នោះ៖ «ពួក​យើង​នឹង​ត្រៀម​មាន​ជា​គម្រោង​ត្រូវ​ធ្វើ​ការងារ​នៅ​តាម​សហគមន៍ គឺ​នៅ​ភ្នំ​តាម៉ៅ។ អ៊ីចឹង​សកម្មភាព​អ្នក​ទាំង​អស់​គ្នា​ថ្ងៃ​ហ្នឹង វា​នឹង​ជួយ​អ្នក​ទាំង​អស់​គ្នា​ក្នុង​សកម្មភាព​បន្ត​បន្ទាប់​ទៀត។ យើង​នឹង​ជ្រើសរើស​អ្នក​ចូល​រួម​របស់​យើង​នៅ​ក្នុង​ហ្នឹង ចន្លោះ​ពី ២០ ទៅ ២៥​នាក់ ដើម្បី​ឲ្យ​ធ្វើ​ការ​ក្នុង​គម្រោង​នៅ​ភ្នំ​តាម៉ៅ»

ក្នុង​សិក្ខាសាលា "ជីវិត​សត្វ​ព្រៃ ​គឺ​ជា​ជីវិត​របស់​យើង" មាន​ការ​សម្ដែង​របាំ​ក្ងោក​ប៉ៃលិន ដែល​បកស្រាយ​ពី​អត្ថន័យ​របាំ​ដោយ​កញ្ញា មាស ចាន់សត្យា ថា​របាំ​ដែល​គូស្នេហ៍​សត្វ​ក្ងោក​ព្រៃ​នោះ​រាំ បញ្ជាក់​ពី​ការ​មិន​អាច​បាត់បង់​ពូជ​វា​ពី​ព្រៃ​ឡើយ៖ «បើ​សិន​ជា​ក្ងោក​ញី​បាត់ ធ្វើ​ឲ្យ​ក្ងោក​ឈ្មោល​នោះ​ទុក្ខ​ព្រួយ​ហើយ។ ការ​ជួញដូរ​សត្វ​ព្រៃ ឬ​ក៏​សម្លាប់​សត្វ​ព្រៃ គឺ​មិន​មែន​ជា​រឿង​ល្អ​ទេ»

ក្រុម​សិស្ស​ដែល​មាន​គូរ​រូប​សត្វ និង​ដាន​ជើង​ខ្លា​ឃ្មុំ​នៅ​ថ្ពាល់ ថ្លែង​ថា ពួកគាត់​មិន​បរិភោគ​សាច់​សត្វ​ព្រៃ និង​ហ៊ាន​រាយការណ៍​ពី​កន្លែង​លក់​សត្វ​ព្រៃ​តាម​រយៈ​ទូរស័ព្ទ​លេខ​បន្ទាន់ 012 500 094។

យុវសិស្ស​ខ្លះ​បាន​លើក​ឡើង​ថា ការ​ជួញដូរ​សត្វ​ព្រៃ​កើន​ឡើង ព្រោះ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ការ​កាប់​ព្រៃ​ឈើ​រាប់​សិប​ម៉ឺន​ហិកតារ នាំ​ឲ្យ​សត្វ​ព្រៃ​ខ្វះ​ជម្រក ហើយ​ឈ្មួញ​និង​អ្នក​បរបាញ់​សត្វ ងាយ​ស្រួល​ចាប់​សត្វ​នោះ​ជួញដូរ។

យុវសិស្ស៖ «១៖ ការ​អភិរក្ស​សត្វ​ព្រៃ​ក្នុង​បំណង​មួយ​ជួយ​បរិស្ថាន និង​ជួយ​អភិរក្ស​សត្វ​ព្រៃ​ទាំង​នោះ យើង​ឃើញ​ថា សត្វ​ព្រៃ​ទាំង​នោះ​វា​កំពុង​តែ​មាន​ការ​បង្ហិនបង្ហោច​ពី​មនុស្ស​យើង​គ្រប់​ពូជ​សាសន៍ ហើយ​និង​គ្រប់​ជាន់​ថ្នាក់។ ២៖ សត្វ​កាំប្រមា វា​ជា​សត្វ​មួយ​ដែល​ជិត​ផុត​ពូជ ទោះ​បី​ជា​យើង​អាច​រក​វា​បាន​យក​មក​ធ្វើ​ថ្នាំ ក៏​ខ្ញុំ​គិត​ថា វា​អត់​មាន​ប្រសិទ្ធភាព​អ្វី​សម្រាប់​ជួយ​ដល់​សុខភាព​យើង​ដែរ គឺ​មាន​តែ​វិទ្យាសាស្ត្រ​ពេទ្យ ដែល​ជា​ក្បួន​ពិត​ប្រាកដ​ដើម្បី​ជួយ​ដល់​ជំងឺ​របស់​យើង មិន​មែន​ការ​យក​សត្វ​ព្រៃ​មក​ធ្វើ​ជា​ថ្នាំ ឬ​ក៏​ការ​ជួញដូរ​អាច​ដោះស្រាយ​បាន​នូវ​បញ្ហា​ហ្នឹង​ទេ។ ៣៖ ឈប់​ប្រើប្រាស់​ផលិតផល​សត្វ​ព្រៃ​តាំង​ពី​ខ្លួន​ឯង​ទៅ។ នៅ​ពេល​ដែល​ខ្ញុំ​ឈប់​ប្រើប្រាស់​អ្នក​ទី​២ ឈប់​ប្រើប្រាស់​អ្នក​ទី​៣ ទី​៤ ទី​៥ ម្នាក់ៗ​ហ្នឹង​ឈប់​ប្រើប្រាស់ នោះ​យើង​បាន​កម្លាំង​មួយ​ដ៏​ធំ ដើម្បី​ការពារ​សត្វ​ព្រៃ ហើយ​និង​បរិស្ថាន​របស់​យើង»

មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife alliance) លោក ខឹម វុទ្ធីរ៉ាវង្ស ថ្លែង​ថា អង្គការ​នេះ​បង្កើត​ក្រុម​បង្ក្រាប​បទល្មើស​សត្វ​ព្រៃ​ចល័ត ដែល​សមាសភាព​ជា​មន្ត្រី​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។

លោក​ថា ក្រុម​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​នេះ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​សត្វ​ព្រៃ​ជា​ច្រើន តែ​លោក​មិន​បង្ហាញ​ចំនួន​បង្ក្រាប​បាន​ប៉ុន្មាន​នោះ​ទេ។ លោក​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ រាប់​មឺន​ហិកតារ ជា​បញ្ហា​ចម្បង​ដែល​សត្វ​ព្រៃ​នៅ​កម្ពុជា ត្រូវ​បាត់បង់​ស្រប​ច្បាប់​ដោយ​ការ​ឈូស​ព័ទ្ធ​ព្រៃ កាប់​ព្រៃ ហើយ​ធ្វើ​របង​ព័ទ្ធ​ចាប់​យក​សត្វ​ក្នុង​ទំហំ​ដី​នោះ៖ «ច្បាប់​របស់​ព្រៃ​ឈើ​វា​មាន​បទ​ល្មើស​គេ​កំណត់ ៤​ធំៗ។  ទី​១ ជាប់​គុក ពី ៥ ទៅ ១០​ឆ្នាំ ទី​២ ជាប់​គុក​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ ទី​៣ ជាប់​គុក​ពី ១​ខែ ទៅ ១​ឆ្នាំ ហើយ​ទី​៤ គឺ​បង់​ពិន័យ​អន្តរកាល ឬ​អាច​រួច​ខ្លួន។ ដូច្នេះ​ប្រភេទ​សត្វ និង​ប្រភេទ​បទល្មើស​វា​ទាក់ទង​គ្នា»

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ លោក ព្រំ ណុល ឲ្យ​ដឹង​ថា អ្នក​ជួញដូរ​សត្វ​ព្រៃ​ត្រូវ​ជាប់​គុក ៥ ទៅ ១០​ឆ្នាំ។ ចំពោះ​អ្នក​មាន​សាច់​សត្វ​ព្រៃ​យក​មក​ធ្វើ​ម្ហូប អាច​មាន​ទោស​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ​ជាដើម។

យុទ្ធនាការ​ថែរក្សា​បរិស្ថាន​របស់​ក្រុមប្រឹក្សា​យុវជន​នៃ​ទូត​សហរដ្ឋអាមេរិក ក្រោម​ប្រធានបទ "ជីវិត​សត្វ​ព្រៃ​ គឺ​ជា​ជីវិត​របស់​យើង" បាន​ប្រមូល​មតិ​យុវជន​ក្នុង​គោលដៅ ៣ គឺ​ទី​១ វាស់​ស្ទង់​ចំណេះដឹង​របស់​យុវជន ទាក់ទង​ការ​ជួញដូរ​សត្វព្រៃ​នៅ​កម្ពុជា ទី​២ ចង់​បាន​មតិ​របស់​យុវជន​ទាក់ទង​នឹង​ដំណោះស្រាយ​រដ្ឋាភិបាល លើ​បញ្ហា​ជួញដូរ​សត្វព្រៃ ទី​៣ ប្រមូល​មតិ​យុវជន ធ្វើ​ជា​គោលនយោបាយ​បញ្ជូន​ទៅ​កាន់​ឯកអគ្គរដ្ឋទូត​នានា រដ្ឋាភិបាល​និង​អង្គការ​ដៃគូ ដើម្បី​ចាត់​វិធានការ​ជួយ​ទប់ស្កាត់​ការ​ជួញដូរ​សត្វ​ព្រៃ ការ​ថែ​រក្សា​បរិស្ថាន និង​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល