សហគមន៍​អភិរក្ស​ផ្សោត​ខេត្តក្រចេះ​ បារម្ភ​ពី​ការ​បាត់បង់​សត្វ​ផ្សោត​ក្នុង​ទន្លេ​មេគង្គ​ដោយសារ​ការ​នេសាទ​ខុស​ច្បាប់

0:00 / 0:00

សហគមន៍​នេសាទ​ព្រែក​កាំពី ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​ នៅ​ថ្ងៃ​ពុធ​ ទី១៣ ខែ​វិច្ឆិកា​ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ពង្រឹង​គោលនយោបាយ​អភិរក្ស​ផ្សោត​តាម​ដងទន្លេ​មេគង្គ​ឱ្យ​មានប្រសិទ្ធភាព​ ដោយសារបទល្មើស​នេសាទ​នៅតែ​កើតមាន​ជាបន្តបន្ទាប់​។ ការ​អំពាវនាវ​នេះ​ បន្ទាប់ពី​ផ្សោត​ញី​មួយ​ក្បាល​ទៀត​ទម្ងន់​ជាង​ ១០០គីឡូក្រាម​ បានងាប់​ក្នុង​ទន្លេមេគង្គ​ខេត្តក្រចេះ​ដោយសារ​ជាប់​មង​អ្នកនេសាទ។

សហគមន៍​អភិរក្ស​ផ្សោត​ព្រែក​កាំ​ពី អះអាងថា​​សត្វ​ផ្សោត​ ដែល​ជា​ឆ្នាំងបាយ​របស់​សហគមន៍​នៅតែ​ទទួលរង​ការ​គំរាមកំហែង​ជាបន្តបន្ទាប់​ដោយសារ​ក្រុម​ជនល្មើស​នៅតែ​លួច​ឆក់​ត្រី​ និង​ពង្រាយ​មង​នៅ​តំបន់​សំ​ខាន់​ៗ ដែល​ផ្សោត​ឆ្លងកាត់។

ប្រជា​សហគមន៍​នេសាទ​ព្រែក​កាំ​ពី​ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ ឱ្យ​ដឹង​ថា​ បទល្មើស​នេសាទ​នៅតែ​កើតមាន​ដោយ​លួចលាក់​ នៅ​តំបន់​សំ​ខាន់​ៗដែល​ផ្សោត​រក​ចំណី​ និង​ឆ្លងកាត់​ ដោយពលរដ្ឋ​ខ្លះ​ បាន​លួច​ពង្រាយ​មង​ នៅ​អន្លង់​អភិរក្ស​ផ្សោត​ បង្ក​ហានិភ័យ​ខ្ពស់​ដល់​ជីវិត​សត្វ​ផ្សោត​។ លោកអះអាង​​ថា​ ក្រុម​ជនល្មើស​ ២នាក់​នៅ​មូលដ្ឋាន​ នៅតែ​បន្តសកម្មភាព​លួច​ឆក់​ត្រី​ ជា អាជីព​ចិញ្ចឹមជីវិត​ ហើយ​ឧបករណ៍​ដែល​ពួកគេ​ប្រើប្រាស់​សម្រាប់​ចាប់ត្រី​ បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​ជីវិត​សត្វ​ផ្សោត​ និង​ត្រី​មេ​ពូ​ជធំៗ​។ លោក​ថា​ វិធានការ​បង្ក្រាប​បទល្មើស​ របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ នៅ​មិនទាន់​គ្រប់ជ្រុងជ្រោយ​នៅឡើយ​ទេ៖ «សោក​ស្តាយ​ហួស​ពី​សោក​ស្តាយ តែ​មិន​ដឹង​ធ្វើ​ម៉េច ពួក​ឆក់​នៅ​តែ​ខ្លាំង​អ៊ីចឹង។ ពួក​ឆក់​រាល់​ថ្ងៃ​ហ្នឹង វា​លួច​ឆក់ តែ​ឥឡូវ​គេ​ក៏​ដាក់​ផែនការ​ខ្លាំង​ដែរ​ហើយ តែ​វា​នៅ​តែ​លូច​ឆក់។ បើ​វា​រុំ​កន្ទុយ​អា​ហ្នឹង​ជាប់​មង​ហើយ »

ប្រជាសហគមន៍​​បង្ហាញ​​កង្វល់​បែបនេះ បន្ទាប់​ពីសត្វ​ផ្សោត​ញី​មួយ​ក្បាល​ត្រូវ​បាន ប្រទះ​ឃើញ​ស្លាប់​នៅ​អន្លង់​ព្រះសង្ឃ​ ស្ថិត​ក្នុង​ភូមិ​សំបុក​ ឃុំ​សំបុក​ ស្រុក​ចិត្រ​បុរី​ កាលពី​ថ្ងៃទី១២ ខែ​វិច្ឆិកា។ មន្ត្រី​ជំនាញ​ពិនិត្យ​ឃើញ​ថា​ សត្វ​ផ្សោត​នោះ​មាន​ទម្ងន់​ ១១០គីឡូ​ក្រាម និង​មាន​ប្រវែង​ជាង​ ២ម៉ែត្រ (២២៧​សង់ទី​ម៉ែត្រ) ស្លាប់​ដោយ​មាន​មង​រុំ​ជាប់​កន្ទុយ។ កាលពី​ចុង​ខែ​មិថុនា​ ឆ្នាំ២០១៨ កន្លង​ទៅ​ សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​ ទម្ងន់​ប្រមាណ​ ៩២គីឡូ​ក្រាម​ ក៏​បាន​ងាប់​នៅ​តំបន់​អន្លង់​កាំពី​ក្នុង​ខេត្ត​ក្រចេះ ដោយសារ​ជាប់​មង​អ្នក​នេសាទ​ដូច​គ្នា​នេះ​ដែរ។

អនុប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​ក្រចេះ​ និង​ជា​ប្រធាន​ឆ្មាំ​ទន្លេ​ លោក​ ម៉ុក ពន្លក បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ​នៅ​ថ្ងៃ​ទី១៣ វិច្ឆិកា ដោយ​លោក​ថា កំពុង​ជាប់រវល់។ ចំណែក​នាយក​អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ​ហៅ​កាត់​ថា WWF-​Cambodia លោក​ សេង​ ទៀក​ ក៏​មិន​លើក​ទូរ​ស័ព្ទ​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

មេឃុំ​សំបុក​ លោក​ ទុយ​ សុវណ្ណា​ ថ្លែង​ថា មួយ​រយៈ​នេះ​ បទល្មើស​នេសាទ​បាន​ថយ​ចុះ​ច្រើន​ ព្រោះ​អាជ្ញាធរ​ ឆ្មាំ​ទន្លេ​ និង​ប្រជា​ការពារ​សហការ​គ្នា​ ចុះ​ទប់ស្កាត់​បទល្មើស​នេសាទ​នេសាទ​គ្រប់​ប្រភេទ។ ក៏​ប៉ុន្តែ​លោក​ថា​ ទន្លេ​មេគង្គ​មាន​ទំហំ​ធំ​ មាន​ប្រជុំកោះ​ស្មុគស្មាញ​ ជាដើម​ចម​ ធ្វើ​ឱ្យ​អាជ្ញាធរ​លំបាក​ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស។ លោក​ថា​ ក្រុម​ជនសង្ស័យ​នៅ​មូលដ្ឋាន​ជិត​ ២០នាក់​ ក្នុង​នោះ​មួយ​ចំនួន​ជា​ជន​ជាតិ​វៀតណាម​ផង​ បាន​អះអាង​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា ពួក​គេ​ឈប់​នេសាទ​ខុស​ច្បាប់​ទៀតហើយ​ បន្ទាប់ពី​អាជ្ញាធរ​បាន​បញ្ជូន​ឈ្មោះ​ ពួកគេ​ទៅ​តុលាការ​នា​ពេល​កន្លង​ទៅ៖ «សហគមន៍​នេសាទ និង​ឆ្មាំ​ទន្លេ​ទៀត ដោយសារ​ភូមិសាស្ត្រ​ធំធេង វា​មាន​ព្រៃ និង​កោះ​វា​ច្រើន។ ដូច្នេះ យើង​បាន​បង្ក្រាប​ច្រើន​បទ​ល្មើស​នេសាទ​ខុស​ច្បាប់ បង្ក្រាប​ច្រើន មិនមែន​ទ្រង់ទ្រាយ​ដូច​មិន​ទេ។ មាន​ដែល​លួច​លាក់​បំផុត​អត់​ដូច​មុន​ទេ គឺ​មាន​ដែ​លួច​លាក់​បំផុត »

មកទល់​ពេល​នេះ​ ទន្លេមេគង្គ​ខេត្ត​ក្រចេះ​ មាន​សត្វ​ផ្សោត​រស់នៅ​ ចន្លោះ​ពី ៥៥ ទៅ ៦០ក្បាល។ សត្វ​ផ្សោត​ទាំង​អស់​នោះ​ កំពុង​តែ​រស់​នៅ​ក្នុង​អន្លង់​អភិរក្ស ៥ទីតាំង​ផ្សេង​គ្នា​ រួមមាន​ អន្លង់​ខ្សាច់​ម្កាក់​ អន្លង់​កោះ​ដំបង​ អន្លង់​កោះ​ផ្តៅ​ អន្លង់​កន្ទុយ​កោះ​រងាវ និង​អន្លង់​ផ្សោត​កាំ​ពី​ក្នុង​អាង​ទន្លេ​មេគង្គ។

អង្គការ WWF-Cambodia ធ្លាប់​បាន​បង្ហោះ​សារ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា សត្វ​ផ្សោត​កំពុង​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង នៅ​តែ​ទទួល​រង​ការ​គំរាម​កំហែង​ដោយ​ការ​នេសាទ​ខុស​ច្បាប់ ជាពិសេស​ការ​ពង្រាយ​មង​ដោយ​ខុស​ច្បាប់​ក្នុង​តំបន់​អភិរក្ស​ផ្សោត​រស់​នៅ។ អង្គការ​មួយ​នេះ​ ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ រួម​គ្នា​ការពារ​ថែរក្សា​សត្វ​ផ្សោត​ក្នុង​ទន្លេ​មេគង្គ​ និង​បញ្ឈប់​រាល់​ការ​នេសាទ​ខុស​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។