ឡាវបិទច្រកទន្លេដើម្បីសាងសង់ទំនប់វារីអគ្គិសនីដនសាហុងបន្តទៀត
2015.12.31
ច្រកទន្លេនៃកោះសាហុង ដែលជាផ្នែកមួយនៃទីតាំងសាងសង់ទំនប់វារីអគ្គិសនីដងសាហុង (Don Sahong) នៃប្រទេសឡាវ ត្រូវបានក្រុមហ៊ុនសាងសង់ទំនប់ឈូសឆាយដីបិទច្រកទន្លេនេះរួចរាល់។ការបិទច្រកទន្លេនេះ គឺផែនការសម្រេចបានប្រមាណ ៣០ភាគរយនៃការសាងសង់ទំនប់នេះ។
មន្ត្រីឃ្លាំមើលបរិស្ថានអង្គការទន្លេបី អះអាងនៅថ្ងៃទី៣១ ខែធ្នូ ថា ការបិទច្រកកោះសាហុង របស់ក្រុមហ៊ុនសាងសង់ទំនប់គឺជាការចាប់ផ្ដើមទ្រង់ទ្រាយធំនៃការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង របស់ភាគីឡាវ។
អតីតមន្ត្រីសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន កត់សំគាល់ថា ច្រកកោះសាហុង គឺជាច្រកទន្លេសំខាន់ជាងគេនៃច្រកទន្លេជាច្រើននៅប្រទេសឡាវ ដែលមានប្រភពទឹកពីទន្លេមេគង្គ។ ច្រកហ៊ូសាហុង (Hu Sahong) គឺជាច្រកទន្លេតែមួយគត់ដែលមច្ឆជាតិធ្វើបន្លាស់ទីពីខ្សែទឹកខាងក្រោមទៅពងកូននៅតំបន់ខ្សែទឹកខាងលើ ហេតុនេះការបិទច្រកទន្លេនេះនឹងធ្វើឲ្យប៉ះពាល់ការចរាចរមច្ឆជាតិ និងការពងកូនរបស់វា៖ «ហ៊ូសាហុង ត្រូវបានបិទ ហើយត្រីមិនអាចចរាចរឡើងទៅលើបានទេ។ គម្រោងសាងសង់ហ្នឹងមិនទាន់បើកច្រករបៀងឲ្យត្រីឡើងចុះទៅមេគង្គលើបាន»។
ប្រទេសឡាវ បានចាប់ផ្ដើមសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ចាប់ពីខែតុលា ឆ្នាំ២០១៥ ខណៈដែលប្រទេសជាសមាជិកទាំងបួននៃគណៈកម្មការទន្លេមេគង្គ មានកម្ពុជា ថៃ ឡាវ និងវៀតណាម បានឯកភាពគ្នាកាលពីខែមិថុនា ឆ្នាំ២០១៥ ថានឹងពិគ្រោះយោបល់គ្នាមុននឹងធ្វើការសាងសង់ទំនប់។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ដនសាហុង កាលពីសប្ដាហ៍មុននេះ អតីតមន្ត្រីអង្គការបណ្ដាញការពារទន្លេបី គឺលោក មៀច មាន សង្កេតឃើញរថយន្តបានបើកឆ្លងកាត់កោះសាហុង បន្ទាប់ពីគ្រឿងចក្របានឈូសឆាយបិទច្រកទន្លេនេះ។ លោកថា កាបិទច្រកកោះសាហុង បង្ហាញថា ផែនការសាងសង់ទំនប់សម្រេចបានប្រមាណ ៣០ភាគរយ។ ករណីនេះគឺជាហានិភ័យចំពោះអនាគតទន្លេមេគង្គនៃប្រទេសកម្ពុជា ដែលជាបេះដូងនៃប្រព័ន្ធជីវចម្រុះឆ្លងដែន និងជាអាយុជីវិតនៃសត្វកម្រមួយចំនួន ហើយក៏ជាប្រភពចំណូលពលរដ្ឋរាប់រយលាននាក់រស់នៅតាមដងទន្លេមេគង្គ ប៉ែកខាងក្រោម។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង មានកម្ពស់ពី ៣០ម៉ែត្រ ទៅ ៣២ម៉ែត្រ និងមានប្រវែងប្រហែល ៧គីឡូម៉ែត្រ។ ទំនប់នេះមានចម្ងាយប្រមាណ ១.៥០០ម៉ែត្រពីព្រំដែនប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង។ ទំនប់វារីអគ្គិសនីនេះផលិតថាមពលអគ្គិសនីចាប់ពី ២៤០មេហ្គាវ៉ាត់ ទៅ ៣៦០មេហ្គាវ៉ាត់។ ក្រុមហ៊ុនមេហ្គា ហ្វើស (Mega First Corporation Berhad) ដែលជាអ្នកសាងសង់ទំនប់នេះ ធ្លាប់ប្រកាសថា ខ្លួនបានសិក្សា និងវាយតម្លៃពីផលប៉ះពាល់បរិស្ថាន ឬហៅកាត់ថា EIA (Environmental Impact Assessment) រួចហើយមិនមានផលប៉ះពាល់អ្វីនោះទេ។
ទាក់ទិនការបិទច្រកទន្លេហ៊ូសាហុងនេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា មិនមានយន្តការណាអាចបញ្ឈប់ការសាងសង់ទំនប់របស់ភាគីឡាវ បានឡើយ ពីព្រោះទំនប់ដនសាហុង សាងសង់ក្នុងទឹកដីឡាវ។ លោកបន្តថា រាជរដ្ឋាភិបាលធ្លាប់បានផ្ញើកំណត់ទូតបង្ហាញពីការព្រួយបារម្ភពីផលប៉ះពាល់ជូនប្រទេសឡាវ រួចហើយ៖ «ពីព្រោះអាហ្នឹងក្នុងដែនអធិបតេយ្យភាពគេ យើងមិនដឹងធ្វើម៉េចដែរ ប៉ុន្តែកំណត់ការទូតយើងបានធ្វើរួចហើយ»។
ស្រដៀងគ្នានេះដែរ អគ្គលេខាធិការគណៈកម្មការទន្លេមេគង្គកម្ពុជា លោក តែ ណាវុធ អះអាងដែរថា ជាការលំបាកក្នុងការទប់ស្កាត់ការសាងសង់ទំនប់ដនសាហុងនេះ ពីព្រោះការសាងសង់ទំនប់ដនសាហុង ឋិតក្នុងអធិបតេយ្យភាពទឹកដីនៃប្រទេសឡាវ។ ចំណែកភាគីឡាវ អះអាងថា មិនមានផលប៉ះពាល់អ្វីស្ដីពីការសាងសង់ទំនប់នោះទេ។ លោកថា កិច្ចព្រមព្រៀងឆ្នាំ១៩៩៥ កំណត់ឲ្យបញ្ឈប់ និងសងសំណងប្រសិនរកឃើញមានផលប៉ះពាល់ឆ្លងដែនជាក់លាក់៖ «មាត្រាទី៧ ចែងថា បើយើងឃើញមានផលប៉ះពាល់ជាក់ស្ដែង យើងអាចសុំឲ្យបញ្ឈប់។ មាត្រាទី៨ ចែងថា ការទទួលខុសត្រូវសំណងដោយរដ្ឋជាភាគី អាហ្នឹងបើនិយាយពីច្បាប់កិច្ចព្រមព្រៀង»។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអភិរក្សបរិស្ថាន លោក មៀច មាន អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា និងប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ យកចិត្តទុកដាក់ត្រួតពិនិត្យផលប៉ះពាល់ជាក់លាក់ស្ដីពីការសាងសង់ទំនប់ដនសាហុង ដើម្បីធ្វើជាសំអាងស្នើឲ្យភាគីឡាវ បញ្ឈប់ ឬសងសំណងផលប៉ះពាល់តាមកិច្ចព្រមព្រៀងឆ្នាំ១៩៩៥៕