យុទ្ធនាការស្ដីពីផលប៉ះពាល់ដោយសារគម្រោងសង់ទំនប់វារីអគ្គិសនីដនសាហុង
2014.03.30

យុទ្ធនាការសម្ដែងការព្រួយបារម្ភចំពោះផលប៉ះពាល់បណ្ដាលមកពីគម្រោងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) នៅប្រទេសឡាវ បានធ្វើដល់ថ្ងៃទី២ ហើយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤។
យុទ្ធនាការនេះមានការចូលរួមពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលប្រចាំតំបន់ ក្នុងខេត្តស្ទឹងត្រែង អាជ្ញាធរដែនដី និងប្រជាពលរដ្ឋប្រមាណ ២០០នាក់ គឺធ្វើនៅក្បែរអន្លង់ផ្សោត ក្នុងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅក្បែរព្រំដែនប្រទេសឡាវ ដែលនៅចម្ងាយប្រហែល ២គីឡូម៉ែត្រ នៃតំបន់ស៊ីផាន់ដន ដែលឡាវគ្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុងនោះ។
សត្វផ្សោតទឹកសាបដ៏កម្ររបស់ពិភពលោកដែលមាននៅកម្ពុជា នឹងអាចផុតពូជក្នុងពេលខាងមុន ហើយជីវភាពរបស់ពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ នឹងប្រែប្រួលនៅពេលដែលទំនប់វារីអគ្គិសនីដនសាហុង ប្រទេសឡាវត្រូវសាងសង់ឡើង។
ទំនប់វារីអគ្គិសនីដែលអាចផលិតកម្លាំងថាមពលអគ្គិសនីប្រមាណពី ២៤០ ដល់ ៣៦០មេហ្គាវ៉ាត់ ហើយរដ្ឋាភិបាលប្រទេសឡាវ បានចំណាយប្រាក់លើកគម្រោងសាងសង់នេះប្រមាណ ៣០០លានដុល្លារអាមេរិកនេះ ត្រូវរងការរិះគន់ពីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋថា មិនបានសិក្សាពីផលប៉ះពាល់ពីគម្រោងសាងសង់នោះឲ្យបានច្បាស់លាស់ឡើយ។
អនុប្រធានឆ្មាំទន្លេ លោក ដន បាន់ បញ្ជាក់ថា ទីជម្រកសត្វផ្សោត និងតំបន់ដែលសត្វផ្សោតធ្វើចរាចរណ៍ចុះឡើងប្រហែល ១៩០គីឡូម៉ែត្រ ចាប់ពីតំបន់កាំពី ខេត្តក្រចេះ ដល់ក្បែរល្បាក់ខោន ប្រទេសឡាវ នេះ នឹងរងគ្រោះកាន់តែធ្ងន់ធ្ងរ ហើយជាពិសេសនឹងប៉ះពាល់ដល់ផលត្រី និងពូជត្រីកម្រផ្សេងៗទៀតដែលបំឡាស់ទីតាមដងទន្លេមេគង្គ។
ទាំងពលរដ្ឋ អាជ្ញាធរ ព្រមទាំងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល សុទ្ធតែបានលើកឡើងពីការព្រួយបារម្ភ ជាពិសេសផលប៉ះពាល់អវិជ្ជមានដែលអាចនឹងកើតមានឡើងដល់ពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា នោះ។
ក្រុមប្រឹក្សាស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក ឈឺន ឈន ថ្លែងថា ទោះយ៉ាងណាការទាក់ទងគ្នារវាងអាជ្ញាធរថ្នាក់ខេត្ត និងថ្នាក់តំបន់នៅតែមានការអធ្យាស្រ័យគ្នាដដែល ទាំងការចេញចូលរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង នេះ គឺត្រូវតែសិក្សាបែបបច្ចេកទេសឲ្យបានច្បាស់លាស់មុននឹងសាងសង់ឡើង ព្រោះវានឹងធ្វើឲ្យប៉ះពាល់ដល់អ្នកដែលរស់នៅតាមដងទន្លេផ្នែកខាងក្រោមៗ ជាពិសេសគឺពលរដ្ឋដែលរស់នៅអាស្រ័យផលពីទន្លេមេគង្គ ដូចជានេសាទ និងកសិកម្មជាដើម។
អ្វីដែលធ្វើឲ្យអ្នកចូលរួមកាន់តែព្រួយបារម្ភនោះ គឺប៉ះពាល់ដល់បរិស្ថានទន្លេ សង្គម វប្បធម៌ ប្រពៃណី និងធ្វើឲ្យផ្លាស់ប្ដូរការរស់នៅរបស់ប្រជាពលរដ្ឋ។
លោក វង្ស កុសល មន្ត្រីផ្នែកច្បាប់របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) ថ្លែងថា ការសិក្សាពីផលប៉ះពាល់ពីការសង់ទំនប់នោះ ត្រូវតែមានការចូលរួមពីគ្រប់ភាគីដែលពាក់ព័ន្ធ ទាំងផ្នែកខាងលើ និងផ្នែកខាងក្រោមនៃដងទន្លេមេគង្គ ជាពិសេសគឺពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្ទាល់នៅតាមដងទន្លេ។
រដ្ឋាភិបាលប្រទេសឡាវ ត្រូវតែគោរពកិច្ចការព្រមព្រៀងរបស់គណៈកម្មការកិច្ចការទន្លេមេគង្គឆ្នាំ១៩៩៥។ គោរពស្មារតីការសម្រេចចិត្តរបស់ប្រជាពលរដ្ឋប្រទេសអាស៊ានដែលធ្វើនៅប្រទេសមីយ៉ាន់ម៉ា ឬភូមា កាលពេលថ្មីៗនេះ។
ទោះយ៉ាងណា ក្រុមមន្ត្រីអង្គការដែលរៀបចំយុទ្ធនាការនោះ នៅក្នុងខេត្តស្ទឹងត្រែង បានស្នើឲ្យរដ្ឋាភិបាលប្រទេសឡាវ សិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់លើគ្រប់វិស័យ ពីផលប៉ះនៃគម្រោងវារីអគ្គិសនីដនសាហុង នេះ ហើយត្រូវពិគ្រោះយោបល់ឲ្យទូលំទូលាយជាមួយប្រជាពលរដ្ឋ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធ ហើយបង្ហាញរបាយការណ៍ឲ្យបានច្បាស់លាស់។ មិនត្រឹមតែប៉ុណ្ណោះ ស្នើឲ្យគណៈកម្មការទន្លេមេគង្គ ជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសឡាវ សិក្សាដោយឯករាជ្យស្ដីពីផលប៉ះពាល់នៃគម្រោងវារីអគ្គិសនីដនសាហុងនេះ៕