ដំណាំ​ស្រូវ​របស់​កសិករ​នៅ​ខេត្ត​មួយ​ចំនួន​បន្ត​ខ្វះ​ទឹក​ស្រោចស្រព​ដោយសារ​រាំង​ស្ងួត

ស្រប​ពេល​ដែល​ខេត្ត​មួយ​ចំនួន កំពុង​ទទួល​រង​ទឹក​ជំនន់ ​ប្រជាកសិករ​នៅ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ​និង​ខេត្ត​សៀមរាប កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​រាំង​ស្ងួត​ទៅ​វិញ។ ​ខេត្ត​ភាគ​ពាយ័ព្យ​នេះ​ជួប​គ្រោះ​រាំងស្ងួត​អស់​ជា​ច្រើន​ខែ​មក​ហើយ។ កសិករ​នៅ​ខេត្ត​ទាំង​នោះ លើក​ឡើង​ថា ដំណាំ​ស្រូវ​របស់​ពួក​គាត់​ឆ្នាំ​នេះ​ប្រហែល​មិន​បាន​ប្រមូល​ផល​ទេ​ ព្រោះ​ដើម​ស្រូវ​ឡើង​ក្រហម​ក្រៀម​ស្វិត​​រក​ងាប់​បណ្ដើរៗ ហើយ។

កសិករ​ម្នាក់​រស់​នៅ​ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ​ខេត្ត​បន្ទាយមានជ័យ​ លោក​ កើត សម្បត្តិ​ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១២​ សីហា​ថា​ ដំណាំ​ស្រូវ​របស់​លោក​ប្រមាណ​ ៥​ហិកតារ​ ដើម​ស្រូវ​ក្រៀម​ស្វិត​រក​​ងាប់ ដោយសារ​រាំង​ស្ងួត​ប្រមាណ ​២ខែ​ហើយ​ ពុំ​ទាន់​មាន​ភ្លៀង​ជោកជាំ​ម្ដង​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ការ​ខ្វះ​ទឹក​ស្រោចស្រព​នេះ​​ មិន​មែន​មាន​តែ​កសិករ​នៅ​ឃុំ​ទឹក​ជោរ​ប៉ុណ្ណោះ​ទេ គឺ​ដំណាំ​ស្រូវ​របស់​កសិករ​រាប់ពាន់​ហិកតារ​ផ្សេង​ទៀត​ ដោយ​ចាប់​តាំង​ពី​ទី​រួម​ខេត្ត​បន្ទាយមានជ័យ​ មក​ដល់​ស្រុក​ព្រះនេត្រព្រះ ​ក៏​មាន​ដើម​ស្រូវ​ក្រហម​រក​ងាប់​ដោយ​សារ​ខ្វះ​ទឹក​ស្រោចស្រព​ដែរ។ កសិករ​រូប​នេះ បន្ថែម​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​ពួកគាត់​​ប្រឈម​នឹង​ដាច់​ស្បៀង​ដោយ​សារ​ដំណាំ​ស្រូវ​ខួច​អស់​ ដូច្នេះ​កសិករ​ជា​គ្រួសារ​នឹង​ធ្វើ​ចំណាក​ស្រុក​ ដើម្បី​ទៅ​ស្វែង​រក​ការងារ​ធ្វើ​រក​ប្រាប់​ដោះស្រាយ​ជីវភាព​ គ្រួសារ​ និង​សម្រាប់​យក​ប្រាក់​សង​ធនាគារ​ដែល​បាន​ខ្ចី​ធ្វើ​ដើម​ទុន​ដាំដុះ៖ «ដើម​​ស្រូវ​​ខ្លះ​​ស្មើ​​ក្បាល​ជង្គង់ ខ្លះ​​ទើប​​ដុះ​ ហើយ​យើង​ទើបតែ​ព្រួស​បន្ត​ទៀត​​។បាទ​ដល់​ពេល​អត់​ទឹង​ទៅ​ដើម​ស្រូវ​ឡើង​ស្កូវ​ ហើយ​ដើម​ដុះ​មុន​ចាប់​ផ្ដើម​ដើម​រួញ​ ហើយ​វា​ចាប់​ផ្ដើម​ងាប់​ស្លឹក​ខាង​លើ​ៗ​ នៅ​​គល់​​វា​​អត់​​ទាន់​​ងាប់​​អស់​​ទេ​ ហើយ​​កន្លែង​​ខ្លះ​គោ​​អត់​​ស៊ី​​ទេ »

ចំណែក​កសិករ​នៅ​ខេត្ត​សៀមរាប​ឯណោះ​វិញ​ ក៏​ព្រួយបារម្ភ​អំពី​​បញ្ហា​ជីវភាព​ខ្វះខាត​ដោយ​​គ្រោះ​រាំង​ស្ងួត​នេះ​ដែរ។

កសិករ​ម្នាក់​រស់​នៅ​ភូមិ​ដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង​ លោក វន ភារម្យ​ ថ្លែង​ថា ដំណាំ​ស្រូវ​របស់​កសិករ​នៅ​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​ រាប់ពាន់​ហិកតារ​ខ្វះ​ទឹក​ស្រោចស្រព​ជាង​២ខែហើយ ក្នុង​នោះ​ស្រូវ​ខ្លះ​ស្លឹក​ប្រែ​ពណ៌​ក្រហម​ចង់​ដូច​​ចំបើង​ទៅ​ហើយ​។ លោក​បន្ត​ថា កសិករ​ស្ទើរ​ផ្ទះ​ត្អូញត្អែរ​បញ្ហា​ជីវភាព​ ដោយ​ភ័យ​ខ្លាច​រក​​ប្រាក់​មិន​បាន​សង​ធនាគារ​ ព្រោះ​កសិករ​ភាគ​ច្រើន​រស់​នៅ​ពឹង​លើ​ដំណាំ​ស្រូវ​ដើម្បី​រក​ប្រាក់​ចំណូល៖ «ដូច​ជា​ស្រូវ​ ៣ខែ​ពិបាក​នឹង​រស់​គឺ វា​ខូច​អស់​ហើយ​ បើ​ស្រូវ​វា​អាច​នៅ​បាន​ខ្លះ​។ ភាគ​ច្រើន​អ្នក​ដែល​យក​លុយ​ធនាគារ​ប្រឈម​នឹង​គ្មាន​ប្រាក់​បង​ដើម​​ឱ្យ​​គេ​ ដោយសារ​រំពឹង​លក់​ស្រូវ​សង​គេ​វិញ​ តែ​ដល់​ពេល​ស្រូវ​ងាប់​អស់​ហើយ​មិន​ដឹង​បាន​ប្រាក់​អី​ឡើង​ឱ្យ​គេ »

ចំណែក​កសិករ​នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង ឯណោះ​វិញ លោក ចក់ បូថា ប្រាប់​អាស៊ី​សេរី​ថា ដោយសារ​គ្រោះ​រាំងស្ងួត​នេះ បណ្ដាល​​ឱ្យ​ដំណាំ​ស្រូវ​របស់​លោក​ ១ហិកតារ ពោត ១ហិកតារ និង​ម្នាស់​កន្លះ​ហិកតារ ក្រៀម​ស្វិត​​រក​ងាប់​ ដោយ​មិន​រំពឹង​បាន​ប្រមូល​ផល​នោះ​ទេ​។ កសិករ​រូប​នេះ​បន្ត​ថា ​លោក​ខ្ចី​ប្រាក់​ពី​ធនាគារ​​ប្រមាណ​ ៣.០០០ដុល្លារ​​អាមេរិក ធ្វើ​ដើម​ទុន​ដាំដុះ​ដំណាំ​ទាំង​នោះ​ ដោយ​រំពឹង​ថា​នៅ​ពេល​ប្រមូល​ផល​នឹង​បាន​ប្រាក់​សង​គេ​វិញ​​ ប៉ុន្តែ​ផល​ដំណាំ​បែរ​ជា​ខូច​អស់​ទៅ​វិញ​​។ កសិករ​រូប​នេះ​បញ្ជាក់​ថា​ ការ​ខូច​ខាត​នេះ​ដោយសារ​ពួកគាត់​ពឹងផ្អែក​តែ​លើ​​ធម្មជាតិ​ដើម្បី​យក​​ទឹក​ស្រោចស្រព​ផល​ដំណាំ ស្រប​ពេល​ដែល​​​ឆ្នាំ​នេះ​ធម្មតា​​មិន​អំណោយ​ផល​ដល់​កសិករ​ ខណៈ​រដូវ​ដាំដុះ​ក៏​​​ជិត​ផុត​ទៅ​ហើយ៖ «យើង​អត់​មាន​ភ្លៀង​មាន​តែ​ខ្យល់​ខ្លាំង​។​ ឥឡូវ​យើង​ហួស​ពេល​ធ្វើ​ស្រែ​ហើយ ដោយសារ​យើង​វា​ចុង​ដៃ​ផង​ ហើយ​អត់​មាន​លុយ​សម្រាប់​ទិញ​ពូជ​ផង​។ ឥឡូវ​យើង​មាន​តែ​រឿង​ធ្វើ​ចំណាក​ស្រុក​ទេ​ ព្រោះ​វា​ខូច​អស់​ហើយ​អត់​មាន​អី​សង​គេ​វិញ​។ អស់​ច្រើន​ដោយសារ​យើង​ទិញ​ពូជ​ស្រូវ​ថ្លៃ​ ហើយ​យើង​បាន​ចំណាយ​លុយ​បូម​ទឹក​ដាក់​​ខ្លះ​មក​ហើយ ដល់​ពេល​​អស់​ទឹក​អណ្ដូង​អត់មាន​ទឹក​អី​ដាក់​ទៀត »

កសិករ​រូប​នេះ​បន្ត​ថា នៅ​ស្រុក​រុក្ខគិរី គាស់ក្រឡ និង​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ ខ្វះ​ទឹក​ស្រោចស្រព​ និង​មាន​ដំណាំ​ស្រូវ​របស់​កសិករ​រាប់​ម៉ឺន​ហិកតារ​រង​ការ​ខូច​ខាត។

ទាក់​ទង​នឹង​បញ្ហា​នេះ អភិបាល​ខេត្ត​បាត់ដំបង លោក ងួន រតនៈ ប្រាប់​អាស៊ី​សេរី​ថា ស្រុក​មួយ​ចំនួន​ជាប់​ដង​ស្ទឹង​សង្កែ​​ក្នុង​ខេត្ត​របស់​លោក​ជួប​គ្រោះ​​ទឹក​ជំនន់ និង​ស្រុក​មួយ​ចំនួន​ទៀត​នៅ​តំបន់​ខ្ពង់រាប​ជួប​គ្រោះ​រាំងស្ងួត។ ទោះ​ជា​យ៉ាង​ណា លោក​អះអាង​ថា នៅ​តំបន់​ដែល​មាន​​គ្រោះ​រាំង​ស្ងួត​នោះ ខាង​ខេត្ត​​មិន​អាច​ជួយ​ពួកគាត់​បាន​ទេ​ ព្រោះ​​ជា​តំបន់​ដី​ទូល​​ដែល​គ្មាន​ប្រភព​ទឹក៖ «ចំណុច​ណា​ដែល​ខ្ពស់​ជាង​ប្រភព​ទឹក​យើង​មាន​តែ​រង់ចាំ​ទឹក​ភ្លៀង​ទេ​ បើ​មាន​ទឹក​យើង​បូម​បើ​អត់​រង់ចាំ​ទឹក​ភ្លៀង​វា​អត់​មាន​ទេ​ជា​ទូទៅ​វា​អីចឹង​។ កាល​ណា​យើង​ធ្វើ​ស្រែ​នៅ​តំបន់​ទូល​ខ្ពស់​ដែល​អត់​ប្រភព​ទឹក​ជួយ​បាន​ គឺ​ក្រៅ​ពី​ភ្លៀង​អត់​មាន​មធ្យោបាយ​ទេ​។ បើ​កន្លែង​ណា​ក្បែរ​ប្រភព​ទឹក​ បើ​យើង​អាច​សង្គ្រោះ​បាន​គឺ យើង​ជួយ​​បូម​ជួយ​អី​គាត់ »

ក្រៅ​ពី​ខេត្ត​ទាំង​នេះ​ហើយ​ នៅ​ខេត្ត​ពោធិ៍សាត់​ឯណោះ​វិញ​ក៏​ជួប​បញ្ហា​គ្រោះ​រាំង​ស្ងួត​នេះ​ដែរ។​

របាយការណ៍​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី​៦​ សីហា​ថា​ ដំណាំ​ស្រូវ​របស់​កសិករ​នៅ​ខេត្ត​ពោធិ៍សាត់​ចំនួន​ ៣ស្រុក​​​ដែល​ខ្វះ​ទឹក ដោយ​សារ​គ្រោះ​រាំងស្ងួត​ រួម​មាន​ស្រុក​​តា​លោ​សែន​ជ័យ បាកាន និង​ស្រុក​កណ្ដៀង ​ដែល​មាន​ផ្ទៃ​ដី​ជិត​ ៤៧.០០០​ហិកតារ​ក្នុង​នោះ​បូម​ទឹក​ជួយ​សង្គ្រោះ និង​បង្វែរ​ទឹក​ពី​ស្ទឹង​ពោធិ៍សាត់​តាម​ប្រព័ន្ធ​ប្រឡាយ​ដំណាក់អំពិល​បាន ​២.៦.០០០​ហិកតារ។ រីឯ​ផ្ទៃ​ដី ​១៧.៥០០​ហិកតារ​ទៀតត្រូវ​ការ​​រយៈ​ពេល​ប្រហែល​ ២០​ថ្ងៃ​ទៀត ទើប​ជួយ​សង្គ្រោះ​បាន​ ​ក្នុង​នោះ​ដំណាំ​ស្រូវ​ ៣.៥០០​ហិកតារ ខូច​ខាត​ទាំង​ស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។