ក្រុមអ្នកអភិរក្សរបស់រដ្ឋបាលជលផល សមាគមអភិរក្សសត្វព្រៃ និងសហគមន៍មូលដ្ឋាន ប្រទះឃើញសំបុកក្រពើត្រីចំនួនពីរ ដែលមានពងក្រពើចំនួន ៤៨គ្រាប់ នៅតាមប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង។ ក្រពើត្រីនេះជាប្រភេទសត្វដែលកំពុងរងការគំរាមកំហែងជិតផុតពូជ។ ក្រុមអ្នកអភិរក្សសន្និដ្ឋានថា ចំនួនក្រពើត្រីមានវ័យជំទង់ នៅកម្ពុជាមានប្រមាណពី ១០០ក្បាល ទៅ៣០០ក្បាលតែប៉ុណ្ណោះ។
ទីប្រឹក្សាបច្ចេកទេសនៃសមាគមអភិរក្សសត្វព្រៃ ដែលបានរកឃើញសំបុកក្រពើត្រី លោក សោម ស៊ីថា ថ្លែងថា ក្រុមអ្នកអភិរក្សបានរកឃើញនៅក្នុងត្រពាំងមួយកន្លែង នៅតាមប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង។ លោកថាទីតាំងសំបុកពងកូន ដែលក្រពើត្រីបានធ្វើឡើងមកនេះ អាចប្រឈមនឹងការខូចខាត ឬបាត់បង់ដោយសារតែទឹកព្រែកជន់លិច ឬដោយសារតែពលរដ្ឋមូលដ្ឋាន ឬអ្នកនេសាទប្រមូលយកពងទាំងនេះទៅបរិភោគ ឬលក់។ លោកថា ហេតុនេះក្រុមអ្នកអភិរក្សបាន យកពងកូនក្រពើទាំងនេះទៅរក្សាទុក នៅក្នុងសម្បុកសិប្បនិម្មិតនៅសហគមន៍របស់ប្រជាជន៖ «បាទ ! នៅក្នុងភូមិហ្នឹង យើងប្រើសម្ភារៈដែលមេវាធ្វើសំបុកហ្នឹង យកមកធ្វើឱ្យទៅធ្វើសិប្បនិម្មិតនៅក្នុងភូមិ ដើម្បីចៀសវាងទីមួយ គឺការពារកុំឱ្យលិចទឹក ហើយទីពីរទៀតក្នុងករណីកុំឱ្យប្រជាជន ឬអ្នកនេសាទគាត់ទៅឃើញ គាត់ប្រមូលយក។ នៅពេលដែលពងនឹងញាស់ហើយ យើងនឹងយកទៅលែងភ្លាមៗ តែម្ដង នៅទីតាំងដែលយើងរកឃើញហ្នឹង»។
លោក សោម ស៊ីថា ឱ្យដឹងបន្ថែមថាក្រុមអ្នកអភិរក្សបានប្រទះឃើញពងក្រពើត្រីនេះ បីឆ្នាំជាប់ៗគ្នាហើយ។ កាលពីឆ្នាំ ២០១៧ ក្រុមអ្នកអភិរក្សរកឃើញមួយសំបុក ដែលមានពងចំនួន ១៩គ្រាប់ និងឆ្នាំ ២០១៨ រកឃើញចំនួន ៣សំបុក ដែលមានពងសរុបចំនួន ៧៨គ្រាប់។ លោក សោម ស៊ីថា សង្ឃឹមថាឆ្នាំនេះ ក្រុមអ្នកអភិរក្សនឹងឃើញពងក្រពើត្រីនេះបន្ថែមទៀត។
ទោះជាយ៉ាងណា ពងក្រពើត្រីចំនួន ៧៨គ្រាប់ ដែលរកឃើញកាលពីឆ្នាំ ២០១៨ មិនមានកូនមួយណាបានញាស់ចេញមកនោះទេ ដោយសារតែពងទាំងនេះខូចខាតដោយសារទឹកជនលិច។
អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ បានបញ្ចូលពូជក្រពើត្រីទាំងនេះ ទៅក្នុងបញ្ជីក្រហមរបស់ខ្លួន ក្នុងប្រភេទសត្វជិតផុតពូជធ្ងន់ធ្ងរ ដោយសារតែចំនួនរបស់វាបានថយចុះមកនៅប្រមាណមួយពាន់ក្បាលប៉ុណ្ណោះនៅលើសាកលលោក។ មូលហេតុចម្បងនៃការធ្លាក់ចុះនេះដោយសារតែ ការបាញ់សម្លាប់ក្រពើត្រី ដើម្បីយកស្បែកក្រពើធ្វើអាជីវកម្ម។
ដោយឡែកនៅកម្ពុជាវិញ ពពួកក្រពើត្រីនេះរងការគំរាមកំហែងខ្លាំងផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់សមាគមអភិរក្សសត្វព្រៃ ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា បញ្ជាក់ថាពូជក្រពើត្រីកំពុងរងគ្រោះដោយសារតែកាប់បំផ្លាញព្រៃលិចទឹកដែលជាទីជម្រកធម្មជាតិរបស់វា និងការប្រមាញ់ក្រពើត្រីវ័យជំទង់ដោយខុសច្បាប់។ ដោយឡែកកាលពី ពីរទសវត្សរ៍កន្លងទៅ ក៏ធ្លាប់មានករណីចាប់យកកូនក្រពើត្រីទើបញាស់ ទៅលក់ក្នុងកសិដ្ឋានចិញ្ចឹមក្រពើទាំងនៅកម្ពុជា និងលក់ចេញទៅប្រទេសថៃផងដែរ។
អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល លោក អ៊ិន ហ៊ុល បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា ការប្រមូលពង និងកូនក្រពើត្រី គឺជាសកម្មភាពខុសច្បាប់។ លោកក៏ស្នើដល់ពលរដ្ឋដែលកាប់ទន្ទ្រានព្រៃយកដីធ្វើស្រែចម្ការ ឱ្យឈប់សកម្មភាពកាប់បំផ្លាញទីជម្រករបស់ក្រពើត្រី និងឈប់ប្រមូលពងកូនរបស់ក្រពើត្រីតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។