អាជ្ញាធរខេត្តសៀមរាប សមាគមអភិរក្សដំរី និងអាជ្ញាអរអប្សរា សម្រេចបញ្ឈប់សេវាកម្មជិះដំរីកម្សាន្តនៅតំបន់អង្គរ ចាប់ពីដើមឆ្នាំ២០២០ ខាងមុខនេះតទៅ។ អង្គការអភិរក្សដំរី ដែលមានមូលដ្ឋាននៅខេត្តមណ្ឌលគិរី សាទរចំពោះសេចក្ដីសម្រេចនេះ នឹងចាត់ទុកថា ជាវិធីរក្សាពូជសត្វដំរីឱ្យរស់នៅយូរអង្វែង។
អ្នកនាំពាក្យអាជ្ញាធរអប្សរា លោក ឡុង កុសល ឱ្យដឹងនៅអាទិត្យទី១៦ ខែវិច្ឆិកាថា មូលហេតុដែលអាជ្ញាធរពាក់ព័ន្ធ និងសមាគមអភិរក្សដំរី សម្រេចបញ្ឈប់សេវាកម្មជិះដំរី ព្រោះចង់ថែរក្សាសត្វកម្រទាំងនេះ រស់នៅតាមបែបធម្មជាតិក្នុងព្រៃអភិរក្ស ហើយភ្ញៀវទេសចរអាចទៅទស្សនាមើលកម្សាន្តបាន។ លោកបញ្ជាក់ថា នៅតំបន់អង្គរពេលនេះ មានដំរីសរុប ១៤ក្បាល ហើយមួយចំនួន បានបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវជិះកម្សាន្តនៅតំបន់អង្គរ៖ «ក៏ប៉ុន្តែក្នុងចំណោមទាំង ១៤ក្បាល គឺទាំងអស់ហ្នឹង ត្រូវបានយកមកបម្រើ កិច្ចការងារផ្តល់ជាសេវាកម្មដឹកជញ្ជូនទេ ដោយសារតែមួយចំនួនតូចហ្នឹង ជាដំរីមានដែលអាយុ ចាស់។ គ្រាន់តែថាមាន យកទៅរក្សាទុកមិនឱ្យបម្រើការងារសេវាកម្មទេ » ។
លោក ឡុង កុសល បន្ថែមទៀតថា សមាគមអភិរក្សដំរីនឹងយកដំរីទាំងអស់នេះ ថែទាំក្នុងព្រៃអភិរក្សនៅភូមិបុស្សធំ នៃស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោកបញ្ជាក់ថា សមាគមអភិរក្សដំរី និងអាជ្ញាធរពាក់ព័ន្ធ សម្រេចបង្កើតព្រៃសហគមន៍មួយកន្លែងនៅតំបន់នោះ ដើម្បីចិញ្ចឹមសត្វដំរីរស់នៅលក្ខណៈធម្មជាតិ ក៏ប៉ុន្តែលោកមិនបញ្ជាក់លម្អិតថា ព្រៃសហគមន៍នោះ នឹងទាក់ទាញភ្ញៀវទេសចរបែបណានោះទេ ព្រោះសមាគមអភិរក្សដំរីមានតួនាទីធ្វើកិច្ចការងារនេះ៖ «សមាគមអ្នកគ្រប់គ្រងដំរី មានការឯកភាពគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋ សម្រេចបង្កើតព្រៃសហគមន៍ ដើម្បីឱ្យដំរីរស់នៅលក្ខណៈជាតិរបស់គាត់បាន » ។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទង សមាគមអភិរក្សដំរី ដើម្បីសុំការអធិប្បាយបន្ថែម ជុំវិញករណីនេះបានថា យ៉ាងណានៅឡើយទេ នៅថ្ងៃទី១៦ វិច្ឆិកា។
ចំណែក ប្រធានអង្គការអភិរក្សសត្វដំរី ដែលមានមូលដ្ឋាននៅខេត្តមណ្ឌលគិរី លោក ឃុន ឌីយ៉ូត ចាត់ទុកវិធានការនេះថា ជារឿងល្អ និងបានរួមចំណែកអភិរក្សសត្វដំរីឱ្យរស់នៅបានយូរតាមលក្ខណៈធម្មជាតិ។ លោកបន្តថា កន្លងទៅ អង្គការរបស់លោកក៏ធ្លាប់ស្នើសុំបញ្ឈប់សេវាកម្មនេះ នៅខេត្តមណ្ឌលគិរីដែរ។ លោកថា ការយកដំរីជិះ ដើម្បីរកប្រាក់ចំណូល នឹងបង្កប៉ះពាល់សុខភាពដំរី ជាពិសេស ធ្វើឱ្យវាចុះខ្សោយកម្លាំង៖ «ខ្ញុំសប្បាយចិត្តមែនទែនឃើញអ៊ីចឹង ពីព្រោះរឿងហ្នឹងខ្ញុំធ្វើការងារ ១០ឆ្នាំហើយ ពីព្រោះកន្លែងខ្ញុំ មុនដំបូងក៏ជិះដំរីដែរ។ ក្រោយពីខ្ញុំទៅគ្រប់គ្រងកន្លែងហ្នឹង ខ្ញុំបានពិភាក្សាអ្នកធ្វើការនៅកន្លែងហ្នឹង។ ហេតុធ្វើយើងជិះដំរី យើងធ្វើស្រែលើខ្នងគេអ៊ីចឹង ? ដំរីចាស់ៗ អស់ហើយ ក្នុងព្រៃជួបជុំគ្នា វាសប្បាយ កាលណាជិះវា នៅថែទាំមើលវា រកពេលទំនេរអត់បានទេ ហើយវាជួបគ្នាក៏អត់បានដែរ ដោយសារត្រូវការដឹកយកវាទៅទទួលភ្ញៀវ » ។
កាលពីឆ្នាំ២០១៦ សត្វដំរីមួយក្បាលងាប់ នៅគ្រាដែលដឹកភ្ញៀវកម្សាន្តនៅតំបន់អង្គរ ដោយសារខ្សោយកម្លាំង។ សហគមន៍អន្តរជាតិ និងអង្គការអភិរក្សដំរី រិះគន់យ៉ាងខ្លាំងៗ ចំពោះសេវាកម្មនេះ និងស្នើឱ្យបញ្ឈប់ជារឿយៗ។
ពលរដ្ឋរស់នៅខេត្តសៀមរាប លោក ទៀក សិលា ក៏សាទរចំពោះវិធានការនេះដែរ ហើយចង់ឃើញអាជ្ញាធរអភិរក្សដំរី ក្នុងព្រៃលក្ខណៈវិទ្យាសាស្ដ្រ ដើម្បីរក្សាពូជដំរីឱ្យបានគង់វង្សយូរ។ លោកសង្កេតឃើញថា ដំរីងាប់កន្លងទៅ ដោយសារធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃៗ អស់កម្លាំង នៅគ្រាដែលដឹកភ្ញៀវកម្សាន្តស្ទើរជារៀងរាល់ថ្ងៃនៅតំបន់អង្គរនោះ៖ «ដំរីគួរតែមានកន្លែងវានៅសម្រាប់អភិរក្ស។ សម្រាប់ឱ្យភ្ញៀវមើលវិញល្អជាង បើជិះមើលទៅដូចបាបកម្មពេកហើយបង យកលុយពីគាត់។ យកវាទៅនៅក្នុងព្រៃ នៅតំបន់អភិរក្សមួយ ឱ្យភ្ញៀវមើលវិញ អាហ្នឹងល្អជាង » ។
អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរអប្សរា បានកំណត់តម្លៃសេវាកម្មជិះដំរីកម្សាន្តម្ដងៗ ៨ដុល្លារឬស្មើ ៨ម៉ឺនរៀលនៅតំបន់អង្គរ។ ចំពោះអ្នកជិះថតរូបមួយភ្លែតតម្លៃ ២.០០០រៀល ក្នុងមនុស្សម្នាក់។
អង្គការអភិរក្សដំរី ឱ្យដឹងទៀតថា វត្តមានដំរីនៅទូទាំងប្រទេសកម្ពុជា មានចំនួនសរុប ៦៧ក្បាល ក្នុងនោះនៅខេត្តមណ្ឌលគិរីមាន ៣៧ក្បាល និងនៅខេត្តសៀមរាបមាន ១៤ក្បាល។ អង្គការមួយនេះចាត់ទុកថា ការថយចុះទំហំព្រៃឈើ ជាកត្តាគំរាមកំហែងធ្ងន់ធ្ងរដល់ជីវិតសត្វដំរីព្រៃ និងដំរីស្រុក៕