ក្រុមអ្នកស្រឡាញ់បរិស្ថាន ប្រកាសជំហរបន្តធ្វើយុទ្ធនាការ ទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់រោងចក្រអារឈើនៅជាប់តំបន់ព្រៃការពារធម្មជាតិ និងបញ្ឈប់ការផ្តល់លិខិតអនុញ្ញាតប្រមូលផល និងអនុផលព្រៃឈើចេញពីដីសម្បទានសេដ្ឋកិច្ច ដឹកទៅលក់នៅក្រៅប្រទេស។ ពួកគេបានបង្ហោះវីដេអូផ្សព្វផ្សាយអំពាវនាវឱ្យពលរដ្ឋចូលរួមទប់ស្កាត់បទល្មើសព្រៃឈើគ្រប់រូបភាព។
មន្ត្រីសង្គមស៊ីវិល សកម្មជនបរិស្ថាន និងក្រុមយុវជន យល់ថា ប្រជាពលរដ្ឋគឺជាអ្នកសម្រេចជោគវាសនាចុងក្រោយ ក្នុងដំណើរបេសកកម្មការពារព្រៃឈើ ក្នុងប្រទេសកម្ពុជា ព្រោះពួកគេគ្មានជំនឿពីប្រសិទ្ធភាពការងាររបស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងតុលាការ ក្នុងការវែកមុខ ក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើ មកផ្ដន្ទាទោសតាមច្បាប់នោះឡើយ។
យុវជនដែលសកម្មក្នុងការឃ្លាំមើលបទល្មើសព្រៃឈើ គឺ លោក ម៉ា ចិត្រា បានបង្ហោះវីដេអូដោយថ្លែងថា នៅគ្រាដែលព្រៃឈើដែលជាសម្បត្តិដូនតា ត្រូវបានជនទុច្ចរិត បំផ្លាញស្ទើររាល់ថ្ងៃ តើយុវជននៅសម្ងំធ្វើអ្វីទៀត? ហេតុអ្វីមិននាំគ្នាក្រោកឈរឡើង ការពារមរតកដូនតាបន្សល់ចុងក្រោយ៖ «នៅក្នុងសម័យសង្គ្រាមយុវជនម្នាក់គឺជាទាហានម្នាក់នៅក្នុងសម័យសន្តិភាព យុវជនម្នាក់គឺជាសកម្មជនបរិស្ថានម្នាក់គឺជាសកម្មជនសិទ្ធិមនុស្សម្នាក់ នៅពេលដែលព្រៃឈើដែលជាសម្បត្តិដូនតាយើងត្រូវបានក្រុមទុច្ចរិតនាំគ្នាបំផ្លាញស្ទើររាល់ថ្ងៃ។ តើយុវជននៅសម្ងំធ្វើអ្វីទៀត ? ហេតុអ្វីមិននាំគ្នាក្រោកឈរឡើង ដើម្បីការពារសម្បត្តិដូនតាយើង ដែលជាមរតកចុងក្រោយ សម្រាប់យើងនិងសម្រាប់កូនចៅយើងជំនាន់ក្រោយ»។
ក្រុមយុវជនទាមទារឱ្យបិទរោងចក្រអារឈើទូទាំងប្រទេសក្រុមអ្នកស្រឡាញ់បរិស្ថាន ប្រកាសជំហរបន្តធ្វើយុទ្ធនាការ ទាមទារឱ្យរដ្ឋាភិបាល បិទរោងចក្រអារឈើនៅជាប់តំបន់ព្រៃការពារធម្មជាតិ និងបញ្ឈប់ការផ្តល់លិខិតអនុញ្ញាតប្រមូលផល និងអនុផលព្រៃឈើចេញពីដីសម្បទានសេដ្ឋកិច្ច ដឹកទៅលក់នៅក្រៅប្រទេស។ ពួកគេបានបង្ហោះវីដេអូផ្សព្វផ្សាយអំពាវនាវឱ្យពលរដ្ឋចូលរួមទប់ស្កាត់បទល្មើសព្រៃឈើគ្រប់រូបភាព។
Posted by RFA Khmer on Wednesday, April 8, 2020
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង រកឃើញថា ការអនុញ្ញាតឱ្យមានរោងចក្រអារឈើ បើទោះបីស្របច្បាប់ ឬមិនស្របច្បាប់ក្តី គឺជាមូលហេតុសំខាន់ នៃការបំផ្លាញព្រៃឈើដ៏សម្បើមនៅកម្ពុជា។ លោកបញ្ជាក់ថា ការអនុញ្ញាតឱ្យមានរោងចក្រអារឈើស្របច្បាប់ ក៏ជាវិនាសកម្មព្រៃឈើធំធេងដែរ ព្រោះរដ្ឋាភិបាល ពុំមានប្រព័ន្ធត្រួតពិនិត្យ និងការតាមដានឱ្យបានដិតដល់នោះទេ ដែលជាឱកាស ធ្វើឱ្យក្រុមហ៊ុនឯកជន កាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ និងនៅតំបន់ព្រៃការពារធម្មជាតិផ្សេងទៀត៖ «រោងចក្រស្របច្បាប់ហ្នឹងហើយធ្វើឱ្យព្រៃឈើហិនហោចព្រោះថា យើងពុំមានប្រព័ន្ធត្រួតពិនិត្យ ផ្នែកច្បាប់ ឬក៏តាមដានឱ្យបានដិតដល់ទេនៅក្នុងព្រៃជាពិសេសគឺ ដែលជាឱកាសមួយធ្វើឱ្យក្រុមហ៊ុនឯកជនកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃការពារ ជាពិសេសនៅព្រៃឡង់ នៅភ្នំព្រេច នៅណាមលៀ នៅកោះកុង នៅពោធិ៍សាត់ និងនៅកន្ទុយនាគ ឧទ្យានជាតិវរជ័យជាដើម នៅតំបន់ការពារផ្សេងៗទៀត ដែលយើងវឹកវរមេរោគកូវីដ - ១៩ ជនឱកាសនិយមជាពិសេស ខាងក្រុមហ៊ុនហ្នឹង បន្តនូវការកាប់បំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជាហើយបានដឹកជញ្ជូនឆ្លងដែនទៅលក់នៅប្រទេសក្រៅ»។
សកម្មជនបរិស្ថានមួយរូបទៀត លោក ញិល ភាព បានបង្ហាញទស្សនថា ឧក្រិដ្ឋកម្មព្រៃឈើធំធេង បណ្ដាលមកពី មន្ត្រីខិលខូចអសមត្ថភាព ក្នុងជួររដ្ឋាភិបាល ឃុបឃិតជាប្រព័ន្ធ បើកដៃឱ្យឈ្មួញទុច្ចរិតផ្តួលរំលំឈើហ៊ុបធំៗ ក្នុងតំបន់ព្រៃឡង់។ លោកថា មូលហេតុចម្បងមួយទៀត មានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច នៅជាប់ព្រៃឡង់ ដែលទទួលបានសិទ្ធិវិនិយោគ មានរោងចក្រអារឈើខ្នាតធំ កំពុងប្រមូលផលឈើខុសច្បាប់ ចេញពីព្រៃឡង់ ដោយគ្មានការទប់ស្កាត់៖ «យើងឃើញថា ក្រុមហ៊ុនទាំងអស់នោះ មានរោងចក្រអារឈើធំៗ ដែលកំពុងតែផ្ដួលរំលំឈើ ដែលកំពុងតែកើបប្រមូលផលឈើយកទៅធ្វើជាទ្រព្យសម្បត្តិបុគ្គលរបស់ខ្លួននាំចេញទៅបរទេសប្រទេសយ៉ាងអនាធិបតេយ្យបំផុត។ ខ្ញុំសូមអំពាវនាវ ដល់រាជរដ្ឋាភិបាលចាត់វិធានការដកមន្ត្រីខិលខូច ដែលអសមត្ថភាព និងដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនដែលកំពុងបំផ្លាញ ធនធានធម្មជាតិបំផ្លាញព្រៃឈើរបស់យើង»។
យុទ្ធនាការរបស់ក្រុមយុវជន និងសកម្មជននេះ ចែកជា ៣ ចំណាក់កាល ទី១. យុទ្ធនាការ កាន់បដាដោយសរសេរអក្សរថា បិទរោងចក្រអារឈើនៅទូទាំងប្រទេស ផ្សព្វផ្សាយតាមបណ្ដាញសង្គម រយៈពេល ១០ថ្ងៃ ទី២. យុទ្ធនាការជិះម៉ូតូជុំវិញតំបន់ព្រៃឡង់ រយៈពេល ៦ថ្ងៃ ដើម្បីស្រាវជ្រាវរកបទល្មើសព្រៃឈើ និងទី៣. យុទ្ធនាការ អប់រំផ្សព្វផ្សាយសហគមន៍មូលដ្ឋាន ឱ្យយល់ពីតម្លៃព្រៃឈើ និងរួមគ្នាអភិរក្សឱ្យគង់វង្ស។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី បដិសេធអធិប្បាយជុំវិញ យុទ្ធនាការនេះទេ ដោយលោកបង្វែរឱ្យសួរក្រសួងកសិកម្មវិញ៖ «ការបញ្ឈប់ហ្នឹងគឺជាសមត្ថកិច្ចរបស់ខាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ អ៊ីចឹងអ្នកដែលមានសមត្ថកិច្ចចេញគឺខាងក្រសួងជាអ្នកចេញ។ អ៊ីចឹងសួរទៅខាងក្រសួងបាទ។ អរគុណ»។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏ប៉ុន្តែពួកលោក មិនលើកទូរស័ព្ទ នៅថ្ងៃទី៨ មេសា។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ សង្កេតឃើញថា មកទល់ពេលនេះ មានក្រុមហ៊ុនធំៗចំនួន ៣ មានរោងចក្រអារឈើខ្នាតធំជាប់ព្រៃឡង់ គឺក្រុមហ៊ុនស៊ីងបាយអូថេក (THINK BIOTECH CAMBODIA) ក្រុមហ៊ុនអង្គរប្លាយវូដ (Angkor Plywood) និងក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ (THY NGA CO., LTD. DEVELOPMENT AND INVESTMENT)។ លោកថា ក្រុមហ៊ុនទាំងនេះ កំពុងដំណើរការធ្វើអាជីវកម្មឈើយ៉ាងសស្រាក់សស្រាំ ដឹកចេញពីតំបន់ព្រៃឡង់ យកទៅលក់នៅក្រៅប្រទេស។ លោកថា មន្ត្រីបរិស្ថាន និងសមត្ថកិច្ចដែលឈរជើង នៅតំបន់នោះ មិនហ៊ានអនុវត្តច្បាប់ លើក្រុមហ៊ុនទាំងនោះទេ ព្រោះមានអ្នកមានអំណាច កាងនៅពីក្រោយខ្នង៖ «គាត់មិនបានការពារទេគាត់នៅតែចាំប្រមូលលុយចាំត្របាក់លុយគេឱ្យដឹកឈើចេញយកលុយ គោយន្តទៅកាប់ឈើយកលុយ។ អ៊ីចឹងហើយយើងមើលឃើញចំណុចនេះហើយបានយើងភ័យព្រួយបារម្ភ ចំពោះព្រៃឈើបន្សល់ចុងក្រោយ របស់កម្ពុជា បានធ្វើឱ្យយើងបង្កើតជាយុទ្ធនាការបញ្ឈប់ កុំឱ្យមានការកាប់បំផ្លាញព្រៃឈើបន្សល់ចុងក្រោយរបស់កម្ពុជា»។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីតំណាងក្រុមហ៊ុន ទាំងនេះនៅឡើយទេ នៅថ្ងៃដដែលនេះ ក៏ប៉ុន្តែក្រុមហ៊ុន ស៊ីងបាយអូថេក ធ្លាប់បានបដិសេធថា ក្រុមហ៊ុនមិនពាក់ព័ន្ធនឹងការកាប់ព្រៃឈើក្នុងតំបន់ព្រៃឡង់នោះឡើយ។
លោក ហេង ស្រស់ បង្ហាញក្តីព្រួយបារម្ភខ្លាំង ពីជោគវាសនាព្រៃឈើ សល់ចុងក្រោយនៅកម្ពុជា ព្រោះលោកថា អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ទទួលបានសំណូក និងលាភសក្ការៈពីក្រុមឈ្មួញទុច្ចរិត ជាថ្នូរមិនបង្ក្រាបបទល្មើសព្រៃឈើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។