សកម្មជនការពារបរិស្ថាន និងប្រជាសហគមន៍បារម្ភថា ការណ៍ដែលលោក ហ៊ុន សែន បានស៊ីញេចេញអនុក្រឹត្យពង្រីកតំបន់ដែនអភិរក្ស ជាច្រើនម៉ឺនហិកតារទៀតក្នុងដែនជម្រកសត្វព្រៃចំនួន ៣ នឹងបង្កបញ្ហាស្មុគស្មាញ ជំពាក់ជំពិនជាមួយពលរដ្ឋក្រីក្រ ក្នុងរឿងជម្លោះដីធ្លីជាថ្មីទៀត។
ពួកគាត់អះអាង ដែនជម្រកសត្វបឹងពែរ ដែលរដ្ឋាភិបាលពង្រីក បច្ចុប្បន្នសល់តែឈ្មោះ ព្រៃឈើបាត់បង់ស្ទើរទាំងស្រុង ជំនួសមកវិញ ដីចម្ការកម្មសិទ្ធិឯកជនរបស់អ្នកមានអំណាច និងគ្រប់គ្រងក្រុមហ៊ុនឯកជន។
សកម្មជនការពារបរិស្ថាន និងប្រជាសហគមន៍ ចាត់ទុកការពង្រីកដែនអភិរក្សចំនួន៣ របស់រដ្ឋាភិបាល គឺគ្មានបានផលចម្រើនក្នុងការប៉ះប៉ូវធនធានធម្មជាតិនោះឡើយ តែផ្ទុយទៅវិញ នឹងផ្ទុះការតវ៉ា ពីសំណាក់ពលរដ្ឋមូលដ្ឋាន ដែលគាត់កំពុងធ្វើចម្ការ នៅតំបន់ដីដែលរដ្ឋាភិបាលគ្រោងនឹងពង្រីកនោះ។
ថ្មីៗនេះ រដ្ឋាភិបាលសម្រេចពង្រីកទំហំផ្ទៃដី ជាង២ម៉ឺនហិកតារក្នុងតំបន់អភិរក្សនីមួយៗ រួមមាន មានជម្រកសត្វព្រៃ ភ្នំសំកុស ជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃបឹងពែរ។
សកម្មជនការពារបរិស្ថាន លោក ខេម សុឃី សង្កេតឃើញថា ពេលនេះដែនជម្រកសត្វបឹងពែរ គឺគ្មានទំហំព្រៃឈើ ដែលត្រូវពង្រីកផ្ទៃដីអភិរក្សទៀតទេ គឺមានតែដីចម្ការរបស់ពលរដ្ឋជាច្រើនពាន់ហិកតារ។
លោកថា តំបន់អភិរក្សដែលមានស្រាប់ ក្រសួងបរិស្ថានគ្មានសមត្ថភាពថែរក្សាឱ្យមានប្រសិទ្ធភាពនោះទេ គឺបណ្តោយឱ្យមានការកាប់ឈើធំៗអស់ ហើយបន្តសម្រុកកាប់ទន្ទ្រានព្រៃ ដើម្បីកសិកម្ម ជាទ្រព្យឯកជន ភាគច្រើនបង្កឡើងដោយបុគ្គលមានលុយមានអំណាច និងក្រុមហ៊ុនឯកជន។
លោកបញ្ជាក់ទៀតថា តំបន់អភិរក្សនេះ មានព្រៃឈើតិចតួចប៉ុណ្ណោះ ដោយផ្ទៃដីភាគច្រើន បានក្លាយជាវាលរហោឋាន និងដីចម្ការកម្មសិទ្ធិឯកជន។
លោក ខេម សុឃី៖ «បើព្រៃបឹងពែរវិញ វាសឹងតែថា បាត់បង់ទៅហើយ បាត់បង់ទាំងស្រុង ព្រោះថា ដាច់ដូចស្បែកខ្លា ដាច់ជាក្រឡាអស់ហើយ វាមានដីចម្ការចន្ទី និងដីចម្ការដំឡូង រួមទាំងពលរដ្ឋ និងក្រុមហ៊ុន វាជាដីអាស្រ័យផលអស់។ បើកាត់ដីទាំងស្រុង ការរីករាលដាលទំនាស់ដីធ្លី នឹងកើតឡើង»។
ដែនជម្រកសត្វព្រៃបឹងពែរ ត្រូវបានរដ្ឋាភិបាលពង្រីកផ្ទៃដីអភិរក្សមានទំហំជាង ២ម៉ឺន ៣ សែនហិកតារទៀត (២៣.៣៨៣) សរុបទាំងអស់ ២ សែន ៦ម៉ឺន ហិកតារ (២៦៥.៨៨៣) ឋិតក្នុងខេត្តសៀមរាប ព្រះវិហារ និងកំពង់ធំ ដែលកំណត់ដោយព្រះរាជក្រឹត្យ ឆ្នាំ១៩៩៣។
សហគមន៍ថា នៅរយៈពេលជាង ១០ ឆ្នាំកន្លងទៅនេះ ព្រៃការពារមួយនេះ មានក្រុមហ៊ុនសម្បទានវិនិយោគដីធ្វើកសិកម្ម និងមានឈ្មួញមានឥទ្ធិពលខ្លះ កាប់ឈើធ្វើអាជីវកម្មទ្រង់ទ្រាយធំ ក្នុងនោះក៏មានក្រុមហ៊ុន ទ្រី ភាព ចូលកាប់ឈើមានតម្លៃ ជាបន្តបន្ទាប់។
ចំណែកដែនជម្រកសត្វព្រៃសំកុស ឯណោះវិញ ! ប្រជាសហគមន៍សង្កេតឃើញថា សកម្មភាពកាប់ទន្ទ្រានព្រៃឈើ ដើម្បីធ្វើចម្ការអស់ជាច្រើនពាន់ហិកតារ បន្ទាប់ពីកាប់ឈើមានតម្លៃ អស់ស្ទើរទាំងស្រុង។ សកម្មភាពទន្ទ្រានព្រៃ ឱ្យក្លាយជាវាលធ្វើកសិកម្ម កំពុងកើតមានក្នុងខេត្តចំនួន៣ នៅជុំវិញ តំបន់អភិរក្សនោះ។
ប្រជាសហគមន៍ការពារព្រៃឈើ គឺលោក លី វ៉ាន់ សង្កេតឃើញថា នៅរយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ សកម្មភាពកាប់ឈើធំៗ និងទន្ទ្រានព្រៃ ក្នុងដែនអភិរក្សនេះ បន្តកើតមានខ្លាំង ធ្វើឱ្យប៉ះពាល់ជម្រកសត្វព្រៃ អាកាសធាតុឡើងកំដៅ និងថយចុះជីវចម្រុះ។
លោកថា រដ្ឋាភិបាលគួរតែពង្រឹងប្រសិទ្ធភាពការពារព្រៃឈើ លុបបំបាត់អំពើពុករលួយ អនុវត្តច្បាប់តឹងរ៉ឹង និងបញ្ឈប់ការរឹតត្បិតអ្នកការពារព្រៃឈើ ប្រសើរជាងពង្រីកតំបន់អភិរក្ស អាចនឹងប៉ះទង្គិច ជាមួយពលរដ្ឋរាប់រយគ្រួសារនៅជុំវិញតំបន់ការពារ។
លោក លី វ៉ាន់៖ «ឈើកាប់ជាគំហុក នៅតំបន់ហ្នឹងកាប់ច្រើនណាស់ កាប់ឈើ និងទន្ទ្រានយកដី ឈើសឹងគ្រប់ប្រភេទ នៅខ្ពង់រាប ខ្លុង ផ្ចឹក រាំង និងគគីរ។ អស់ឈើកម្តៅកើនខ្លាំង នៅតំបន់នោះ សំបូរសត្វ មានគ្រប់ប្រភេទ»។
រដ្ឋាភិបាលបានពង្រីកផ្ទៃដី ដែនជម្រកសត្វព្រៃភ្នំសំកុសទំហំជិត ៣ម៉ឺនហិកតារទៀត (២៨.៦៣៤ ) សរុបជាង ៣ សែន ៦ ម៉ឺនហិកតារ ស្ថិតក្នុងភូមិខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។ តំបន់ការពារធម្មជាតិមួយនេះ មានប្រជុំភ្នំខ្ពស់រាបចំនួន៣ គឺ ភ្នំសំកុស ភ្នំខ្មោច និង ភ្នំទំព័រ លាតសន្ធឹងជាប់ព្រំដែនប្រទេសថៃ ដែលជាជម្រកដ៏សំខាន់សម្រាប់សត្វបក្សី និងសត្វព្រៃជាច្រើនប្រភេទ។
ចំណែកដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ត្រូវរដ្ឋាភិបាលសម្រេចពង្រីកបន្ថែមទំហំផ្ទៃដីជាង ២ ម៉ឺន ៦ សែនហិកតារ (២៦.៣៩៧) សរុបជាង ៤ សែន ២ ម៉ឺនហិកតារ (៤២៨៩៧១) ស្ថិតក្នុង ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
អនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរថា មូលហេតុដែលរដ្ឋាភិបាលពង្រីកផ្ទៃដីអភិរក្ស ក្នុងបំណងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សហគមន៍មូលដ្ឋាន លើកកម្ពស់ការអប់រំ និងការសិក្សាស្រាវជ្រាវ ក្នុងតំបន់នោះ។
ប្រជាសហគមន៍សង្កេតឃើញថា ដើមឈើធំៗ ក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព បានបាត់បង់អស់ទាំងស្រុង បច្ចុប្បន្ននៅសល់តែព្រៃរេចរឹល និងដីចម្ការកម្មសិទ្ធិឯកជនជាច្រើនម៉ឺនហិកតារ ហើយផ្នែកខ្លះទៀត គ្រប់គ្រងដោយក្រុមអ្នកមានលុយមានអំណាច។ រីឯសកម្មភាពកាប់ទន្ទ្រានព្រៃរានយកដី បន្តកើតមានច្រើន ដោយគ្មានការទប់ស្កាត់ឱ្យច្បាស់លាស់នោះទេ ជាច្រើនឆ្នាំកន្លងទៅនេះ។
សកម្មជនការពារព្រៃឈើ លោក ខេម សុឃី អះអាងថា ពេលនេះលោកនៅមិនទាន់ឃើញមន្ត្រីបរិស្ថាន និងអាជ្ញាធរកំណត់បង្គោលព្រំដី អភិរក្ស ដែលអាជ្ញាធរពង្រីកនោះទេ។ តែយ៉ាងណាលោកថា ពេលនេះគ្មានព្រៃឈើដែលត្រូវពង្រីកទៀតឡើយ គឺមានតែដីចម្ការ និងដីគ្រប់គ្រងកម្មសិទ្ធិឯកជន វាលល្វឹងល្វើយ។
លោក ខេម សុឃី៖ «យកព្រៃពីណាមកពង្រីកមានតែពង្រីក ដាក់ដែនអភិរក្ស ហ្នឹងនៅក្នុងដីចម្ការចន្ទីរ សរុបទាំងអស់ ដើម្បីទុកជាព្រៃអភិរក្សមិនដឹង។ កុំឱ្យតែកាត់ឆ្វៀលចេញ ចុះព្រះរាជក្រឹត្យព្រះរាជក្រឹត្យ ជាក់ស្តែងភ្នំតាម៉ៅ នៅសុខៗឈូសបំផ្លាញអស់ ។ ហ្នឹងជាគំរូអាក្រក់ដល់អ្នកដឹកនាំសារក្រោយ»។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាននៅឡើយទេ នៅថ្ងៃទី១១ សីហា ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ចំណែកប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បដិសេធផ្តល់សម្ភាសន៍រឿងនេះ ដោយលោកបញ្ជាក់យ៉ាងខ្លីថា លោកបានផ្ទេរភារកិច្ចហើយ។
សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា សង្កេតឃើញថា ថ្វីត្បិតតែដែនអភិរក្សទាំងនោះ កំណត់ជាតំបន់ការពារធម្មជាតិ ដែលក្រសួងសាមីបញ្ជូនឆ្មាំអភិរក្សឈរជើងយាមព្រៃ និងបើកទីស្នាក់ការជុំវិញទីនោះក្តី ក៏ប៉ុន្តែសកម្មភាពកាប់ឈើធំៗ និងការទន្ទ្រានដី ធ្វើឡើងដោយរលូន។ លោកចង់ឱ្យរដ្ឋាភិបាលអាណត្តិថ្មី គួរតែមានឆន្ទៈដោះស្រាយចំណុចនេះ។
លោក ថុន រដ្ឋា៖ «តែអាចនឹងពង្រីកប៉ះពាល់កាន់កន្លែងពលរដ្ឋអាស្រ័យផលអត់?ការពង្រីកផ្ទៃដីមានការជជែកដេញដោល នឹងឆ្វៀលដីស្បែកខ្លា អាហ្នឹងក៏យើងមានការព្រួយបារម្ភ ខ្លាចប៉ះពាល់ទ្រព្យឯកជនរបស់ពលរដ្ឋដែរ»។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ក្រសួងបរិស្ថាន គួរតែលុបបំបាត់សកម្មភាពកាប់ឈើ និងរុករានទន្ទ្រានព្រៃអភិរក្សខុសច្បាប់ ដើម្បីធានាសុវត្ថិភាពបរិស្ថានក្នុងតំបន់ការពារធម្មជាតិ ទើបការពង្រីកតំបន់អភិរក្សមានប្រសិទ្ធភាព៖ «អ្នកដែលមានលុយមានអំណាច តែងប្រើប្រាស់ពលរដ្ឋទន់ខ្សោយ ពាំងមុខ ដើម្បីឱ្យខ្លួនបានផលប្រយោជន៍តែប៉ុណ្ណឹង»។
ក្រៅពីពង្រីកផ្ទៃដី ក្នុងតំបន់អភិរក្ស រដ្ឋាភិបាលបានកាត់បន្ថយ តំបន់ឧទ្យានជាតិមួយចំនួនទៀត ដើម្បីលក់ និងវិនិយោគឱ្យក្រុមហ៊ុនឯកជន គឺឧទ្យានជាតិបទុមសាគរ ឧទ្យានគិរីរម្យ ឧទ្យានជាតិកែប និងឧទ្យានជាតិបូកគោ។
កន្លងទៅ រដ្ឋាភិបាលកាត់ផ្ទៃដី ក្នុងតំបន់ឧទ្យានបទុមសាគរជាង ១៤ម៉ឺន ៤ពាន់ហិកតារ (១៤៤.៨៨២) លក់ឱ្យវិស័យឯកជនទៅវិញ ធ្វើឱ្យមានការបំផ្លាញព្រៃឈើខ្នាតធំដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស៊ីញេ ពុះលក់ដីព្រៃនៅតំបន់នោះ ដើម្បីលក់ឱ្យក្រុមហ៊ុនឯកជន និងក្រុមឧកញ៉ា មានអំណាច។
សកម្មភាពឈូសឆាយព្រៃដ៏ធំល្វឹងល្វើយ និងដុតកម្ទេចព្រៃឱ្យក្លាយជាវាល ដើម្បីសាងសង់រីសត (Resort) ផ្ទះវីឡា កន្លែងកម្សាន្តបែបអភិជន និងពុះដីឡូលក់ នៅតែបន្តយ៉ាងសស្រាក់សស្រាំ។ នេះបើយោងតាមការស្រាវជ្រាវ របស់ក្រុមយុវជនចលនាមាតាធម្មជាតិ។
ក្រុមយុវជនបន្ថែមថា រដ្ឋាភិបាលគួរតែខ្មាសដូនតា ដែលគ្មានសមត្ថភាពការពារធនធានទាំងនោះបាននៅសម័យនេះ ខណៈដែលតំបន់អភិរក្សទាំងនេះ គឺជាមរកតធម្មជាតិបន្សល់ទុក តាំងពីជំនាន់សម្តេចព្រះបាទ នរោត្តម សីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។