អាជ្ញាធរខេត្តព្រះវិហារ ដោះលែងសកម្មជនបរិស្ថាននិងអ្នកសារព័ត៌មាន១៥នាក់ ក្រោយឃាត់ខ្លួនមួយថ្ងៃ
2023.04.21

មន្ត្រីខេត្តព្រះវិហារ បានដោះលែងសកម្មជនបរិស្ថាន និងអ្នកសារព័ត៌មានបរទេសសរុប ចំនួន១៥នាក់ នៅល្ងាចថ្ងៃទី២១ ខែមេសា បន្ទាប់ពីឃាត់ខ្លួន ក្នុងពេលពួកគាត់ចុះស្រាវជ្រាវបទល្មើសកាប់ព្រៃឈើនៅដែនជម្រកសត្វព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ។ មន្ត្រីសង្គមស៊ីវិលចាត់ទុកការឃាត់ខ្លួនសកម្មជនបរិស្ថាន និងអ្នកកាសែតនេះថា ជាទង្វើខុសច្បាប់ ហើយហាក់ជួយលាក់បាំងបទល្មើស។
មន្ត្រីដែនជម្រកសត្វព្រៃព្រះរការ នៅក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២១ មេសា បានឃាត់ខ្លួនប្រជាសហគមន៍ សកម្មជនបរិស្ថាន និងអ្នកសារព័ត៌មានបរទេស សរុបចំនួន១៥នាក់សួរនាំ និងបង្ខំឱ្យចេញពីព្រៃព្រះរកា ដែលជាតំបន់មានការកាប់បំផ្លាញព្រៃឈើច្រើន។
ការឃាត់ខ្លួននេះគឺធ្វើឡើងខណៈដែលពួកគាត់ ចូលព្រៃព្រះរការ រកអនុផលព្រៃឈើ (បេះគុយ) និងប្រមូលភស្តុតាងពីបញ្ហាបទល្មើស ព្រៃឈើដែល នៅក្នុងតំបន់ ព្រៃព្រះរការរ នៅក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ទោះជាយ៉ាងណា នៅល្ងាចថ្ងៃដដែលនេះ អ្នកទាំង ១៥នាក់ បានយល់ ព្រមចាកចេញពីព្រៃ ហើយមកដល់ភូមិប្រមេរ ស្រុកត្បែងមានជ័យវិញហើយ ដោយពុំមានការឃាត់ឃាំងពីមន្ត្រីបរិស្ថានទៀតឡើយ។
សកម្មជនបរិស្ថានដែលមន្ត្រីឃាត់ខ្លួននោះរួមមានលោក សាន់ ម៉ាឡា លោក ម៉ា ចិត្រា កញ្ញា ងួន យ៉ែមវតី លោក មេង គ្រុយពន្លក និងអ្នកកាសែតអង់គ្លេសពីរនាក់ អ្នកបកប្រែម្នាក់ ព្រមទាំងប្រជាសហគមន៍ជនជាតិដើមភាគតិចកួយមួយចំនួនទៀត។
យុវជនសកម្មជនបរិស្ថានលោក ម៉ា ចិត្រា ប្រាប់អាស៊ីសេរីថា នៅព្រឹកថ្ងៃទី២១ ខែមេសា មន្ត្រីឧទ្យានុរក្សព្រៃព្រះរការ ២នាក់ក្នុងតំបន់៩១ ក្នុងស្រុកជាំក្សាន្ត បានឃាត់ខ្លួនរួចសួរនាំ និងបង្ខំឱ្យក្រុមលោកទៅទីស្នាក់ការមន្ត្រីនៅតំបន់នោះដើម្បីសួរនាំបន្ថែម។ ប៉ុន្តែ លោកថា ក្រុមរបស់លោកមិនព្រម ហើយទាមទារឱ្យមានការជជែកគ្នា នៅទីស្នាក់ការរបស់ប្រជាសហគមន៍វិញ។ មន្ត្រីឧទ្យានុរក្សព្រមជិះម៉ូតូតាមគោយន្តប្រជាសហគមន៍។ ប៉ុន្តែ មន្ត្រីនោះបែរជាគេចខ្លួនបាត់ មិននៅជជែកគ្នាឡើយ។
មន្ត្រីឧទ្យានុរក្សចោទក្រុមចុះល្បាតនេះថា ចុះល្បាតដោយមិនបានសុំច្បាប់ ប៉ុន្តែ ក្រុមចុះល្បាតអះអាងថា សកម្មភាពឃ្លាំមើលការកាប់បំផ្លាញព្រៃឈើ មិនតម្រូវឱ្យសុំច្បាប់ទេ។
លោក ម៉ា ចិត្រា យល់ថា សកម្មភាពនេះគ្រាន់តែការគំរាមកំហែង និងលាក់បាំង ក្រុមដើរល្បាតរបស់លោកមិនឱ្យដឹងពីសកម្មភាពកាប់បំផ្លាញព្រៃឈើតែប៉ុណ្ណោះ។ ទោះយ៉ាងណាលោក បញ្ជាក់ថា ក្នុងរយៈពេល ២យប់ដែលក្រុមលោកបានស្នាក់នៅក្នុងព្រៃ នោះឃើញមានកាប់ឈើជាច្រើនហាក់មិនមានការទប់ស្កាត់ពីមន្ត្រីទេ។
លោក ម៉ា ចិត្រា៖ «និយាយរួមការកាប់បំផ្លាញព្រៃឈើវានៅតែបន្តមាន ជាហូរហែក្នុងព្រៃព្រះរការរ ហើយយើងចូលទៅ ២យប់នេះយើងឃើញថា ឈើដួលពេញតែព្រៃអ៊ីចឹង បានគេមិនចង់ឱ្យយើងចូល ខ្លាចយើងថតគល់ឈើ ថតអីអ៊ីចឹងទៅ។ និយាយរួមគេខ្លាចប៉ះពាល់មុខមាត់របស់គេអ៊ីចឹងដែរ ស្ថាប័នពាក់ព័ន្ធនេះ គេការពារព្រៃមិនបាន គេខ្លាចប៉ះពាល់មុខមាត់គេ ពេលដែលយើងផ្សព្វផ្សាយ»។
យុវជនសហគមន៍លោក ងន ហ៊ីម ឱ្យដឹងថា មន្ត្រីឧទ្យានុរក្សបាន ប្រើសម្តីដោយគំរាមថា ប្រជាសហគមន៍មិនមានសិទ្ធិចុះល្បាតនៅក្នុងព្រៃនោះទេ។ លោកបន្តថា ដោយមន្ត្រីថតរូបក្រុមលោក ទើបលោកថតរូបមន្ត្រីវិញ ទើបមានការប៉ះសម្ដីគ្នាមួយពេលខ្លី។
លោក ងន ហ៊ីម៖ «គាត់សម្លុតដែរ ពេលដែលយើងទៅដល់គាត់ថា ពួកយើងចូលមកខុសច្បាប់ អត់បានសុំច្បាប់សុំអីគេ។ ពេលដែលយើងទៅដល់យើងខ្លាចមានការចាប់ខ្លាចអីអ៊ីចឹងទៅ ខ្លាចមានការឃាត់ខ្លួនយើងក៏ថតរូបគាត់ទុកជាភស្តុតាងហើយគាត់ថា ត្រូវលុបចេញវិញ ហើយគាត់បែរជាឱ្យយើងឈប់ហើយដល់ពេលយើងឈប់គាត់ចាប់ផ្តើមថតយើងវិញម្តង»។
វិទ្យុអាស៊ីសេរីព្យាយាមទាក់ទងនាយកដែនជម្រកសត្វព្រៃព្រះរការលោក យ៉ាន ប៊ុនសឿង ដើម្បីសាកសួរជុំវិញបញ្ហានេះ ប៉ុន្តែមិនមានអ្នកទទួលទូរស័ព្ទ។
ចំណែកអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា តំបន់ដែលសកម្មជន ប្រជាសហគមន៍ និងអ្នកសារព័ត៌មានចុះល្បាតនេះ មានការកាប់បំផ្លាញព្រៃឈើច្រើន។ លោកបន្តថា មន្ត្រីនៅតំបន់នោះ គួរតែមានការលើកទឹកចិត្ត និងសហការចំពោះការចុះល្បាតនេះដើម្បីទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើពីសំណាក់ឈ្មួញ ជាជាងការរារាំង។
លោក ស៊ឹង សែនករុណា៖ «ការទប់ស្កាត់បទល្មើស ឬក្រុមឧក្រិដ្ឋជនទៅកាប់បំផ្លាញព្រៃឈើនៅតំបន់ហ្នឹងជារឿងដែលត្រូវធ្វើ មិនមែនត្រូវរារាំងដល់ពលរដ្ឋសកម្មដែលជួយដល់អនុរក្ស ឬក្រសួងបរិស្ថានទៅវិញទេ។ ពួកគាត់នេះមិនសមរារាំងទេ»។
ប្រជាសហគមន៍ និងសកម្មជនបរិស្ថាន ចាត់ទុកទង្វើរបស់មន្ត្រីបរិស្ថាន ថា ជាការបំបិទសិទ្ធិរបស់ពួកគាត់។ នេះមិនមែនជារឿងថ្មីទេ ដែលអាជ្ញាធរ ជាពិសេសមន្ត្រីបរិស្ថាន ព្យាយាមរារាំង ឃាត់ខ្លួន និងធ្វើទុក្ខបុកម្នេញ ដល់ប្រជាសហគមន៍ សកម្មជនបរិស្ថាន និងអ្នកកាសែតដែលព្យាយាមលាតត្រដាងពីបទល្មើសព្រៃឈើ។ ពួកគាត់ជំរុញឲ្យអាជ្ញាធរ គួរតែបើកទូលាយឲ្យសកម្មជន អាចចូលល្បាត ព្រៃដោយសេរី ហើយមន្ត្រីទាំងនោះ គួរតែព្យាយាមទប់ស្កាត់ និងអនុវត្តច្បាប់ចំពោះ អ្នកកាប់បំផ្លាញព្រៃឈើវិញ ទើបអាចការពារព្រៃឈើដែលនៅសេសសល់ចុងក្រោយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។