គម្រោង​សាងសង់​វារីអគ្គិសនី​ស្រែពក​ក្រោម​៣ «បង្ក​ផល​ប៉ះពាល់» ដល់​ពលរដ្ឋ​និង​បរិស្ថាន​ជីវចម្រុះ

0:00 / 0:00

សកម្មជន​បរិស្ថាន​និង​អង្គការ​សង្គម​ស៊ីវិល​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ និង​បរិស្ថាន​ជីវចម្រុះ ក្រោយ​ពី​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (ROYAL GROUP CO., LTD.) របស់ លោក​ឧកញ៉ា គិត ម៉េង គ្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ស្រែពក​ក្រោម​៣ ស្ថិត​នៅ​ព្រំ​ប្រទល់​ខេត្ត​រតនគិរី​និង​ខេត្ត​មណ្ឌលគិរី។ សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើការ​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ត្រឹមត្រូវ និង​តម្លាភាព​ជាមុន​សិន។

អ្នក​ការពារ​បរិស្ថាន ព្រួយបារម្ភ​អំពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្រែពក​ក្រោម​៣ ដែល​អាច​ប៉ះពាល់​ដល់​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ កន្លែង​ជំនឿ​សាសនា និង​បរិស្ថាន​ជីវចម្រុះ​នៅ​តំបន់​នោះ ។ ពួកគេ ចង់​ឃើញ​អ្នក​ពាក់ព័ន្ធ​គ្រប់​ភាគី​ទាំងអស់​ចូលរួម​សិក្សា​អំពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ និង​តម្លាភាព ពីព្រោះ​កន្លង​ទៅ​រាល់​គម្រោង​បែបនេះ​តែងតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​មូលដ្ឋាន​ដែល​ជា​ម្ចាស់​ស្រុក​រង​ទុក្ខ​លំបាក។

ការ​លើកឡើង​នេះ​បន្ទាប់ពី​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (ROYAL GROUP CO., LTD.) របស់​លោក​ឧកញ៉ា គិត ម៉េង សហការ​ជាមួយ​ក្រុមហ៊ុន​ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល (KHMER FOUNDATION APPRAISAL CO., LTD.) និង​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ចុះ​ស្រង់​ឈ្មោះ​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់ ស្ថិតនៅ​ឃុំ​ណឃិលិក ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ដើម្បី​ផ្លាស់​ទីលំនៅ​បច្ចុប្បន្ន ទៅ​រស់នៅ​ទីតាំង​ថ្មី ប៉ុន្តែ​ក្នុង​លិខិត​នោះ​មិន​បាន​បញ្ជាក់​ទីតាំង​ថ្មី​នោះ​ទេ នេះ​បើ​តាម​លិខិត​របស់ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (ROYAL GROUP CO., LTD.) ដែល​មាន​ហត្ថលេខា​របស់​លោក គិត ម៉េង ចុះ​កាល​បរិច្ឆេទ​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៤។

អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៥ ខែ​កុម្ភៈ ថា លោក​ព្រួយបារម្ភ​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្រែពកក្រោម​៣ នេះ នឹង​ធ្វើ​ឲ្យ​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ និង​បរិស្ថាន​ជីវចម្រុះ​ជាច្រើន​រង​ផល​ប៉ះពាល់។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវតែ​ពិចារណា​ឲ្យ​ដិត​ដល់ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ និង​បរិស្ថាន។

លោក សេង សុខហេង៖ «រដ្ឋាភិបាល​គួរតែ​ប្រើប្រាស់​នៅ​ជម្រើស​ផ្សេង ដើម្បី​ផលិត​ថាមពល​អគ្គិសនី​ដើម្បី​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​យើង ព្រោះ​ទំនប់​វារីអគ្គិសនី​យើង​ដឹង​ហើយ​ថា មាន​ផល​ប៉ះពាល់​ច្រើន​មែន​ទែន សម្រាប់​មនុស្សជាតិ​រួម​ទាំង​បរិស្ថាន​ដូចជា​ក្នុង​តំបន់ និង​ក្នុង​ប្រទេស​របស់​យើង​ហ្នឹង»។

ចំណែក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ឃុំ​ណឃិលិក កញ្ញា កាឡឹក ចម្រើន ឲ្យ​ដឹង​ថា រហូត​ដល់​ពេល​នេះ អ្នកភូមិ​នៅ​មិនទាន់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​អំពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្រែពកក្រោម​៣ នេះ​ទេ ប៉ុន្តែ​ប្រសិន​បើ​គម្រោង​នេះ​ដំណើរ​មែន​នោះ យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ចំនួន ៤​ភូមិ​នឹង​រង​ផល​ប៉ះពាល់​អំពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​នេះ ហើយ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដីស្រែ​ចម្ការ​ជាច្រើន​ហិកតារ​នៅ​តំបន់​នោះ។

កញ្ញា កាឡឹក ចម្រើន៖ «មានការ​ព្រួយបារម្ភ​ដោយសារតែ​កន្លែង​ហ្នឹង​វា​ជា​ទឹក​ដី​កំណើត​របស់​យើង​ដល់​ពេល​គេ​ធ្វើ​វារីអគ្គិសនី​ទៅ គេ​នឹង​បណ្ដេញ​ពលរដ្ឋ​ចេញពី​ទីនេះ​ឲ្យ​អស់ វា​ពិបាក​ដល់​ពេល​យើង​ដូរ​ទីលំនៅ​ទៅ​វា​អត់​ដូច​កន្លែង​ដើម​យើង ដូច​ពី​ដើម​អ៊ីចឹង គាត់​អត់​ទាន់​សម្រេចចិត្ត​ធ្វើស្រែ​ចម្ការ​ទៀត​ទេ ដោយសារ​គាត់​មាន​ការ​ភ័យខ្លាច»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា និង​អភិបាលខេត្ត​មណ្ឌលគិរី លោក ថង សាវុន ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី៥ ខែ​កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង​តែ​គ្មាន​អ្នក​ទទួល។

ទោះជា​យ៉ាងណា​នៅក្នុង​លិខិត​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដដែល​បាន​បញ្ជាក់​ថា ក្រសួង​បរិស្ថាន​និង​ក្រសួង​រ៉ែ និង​ថាមពល បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បន្ត​សិក្សា​លំអិត​ទៅលើ​ផ្នែក​បច្ចេកទេស និង​ផល​ប៉ះពាល់​សង្គម​ថែម​ទៀត បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​ដាក់​របាយការណ៍​សិក្សា​គម្រោង​ឲ្យ​ក្រសួង​បរិស្ថាន និង​ក្រសួង​រ៉ែ​និង​ថាមពល រួច​មក។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី រៀបចំ​ផែនការ​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​អំពី​គម្រោង​សាងសង់​វារីអគ្គិសនី​ស្រែពក​ក្រោម​៣​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​អង្គការ​ទន្លេ​បី លោក លាង ប៊ុនលាភ ថា អាជ្ញាធរ​ត្រូវតែ​ផ្ដល់​ព័ត៌មាន និង​ឲ្យ​ពលរដ្ឋ​មូលដ្ឋាន​ចូលរួម​សិក្សា​ពី​ផល​ប៉ះពាល់​នេះ​ឲ្យ​បាន​ពេញលេញ។

លោក លាង ប៊ុនលាភ៖ «គឺ​តម្រូវ​ឲ្យ​មាន​សង្គម​ស៊ីវិល​អ្នក​ប៉ះពាល់​ចូលរួម​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នោះ​បាន​គាត់​មាន​ឱកាស​ចូលរួម យើង​អត់​បាន​ហៅ​ថា ឲ្យ​សេរីភាព​គាត់​ពេញលេញ​គម្រោង​រៀបចំ​ធ្វើ ឬ​រៀបចំ​អ្វី​ត្រូវ​សួរ​គាត់​ជាមុន យើង​អនុម័ត​ដល់​ក្រសួង​រ៉ែ និង​ថាមពល​អស់រលីង​ហើយ​ដល់​ពេល​ត្រូវ​ការ​រើ​ទីលំនៅ​ចេញ​ប៉ះពាល់​ប៉ុន្មាន​គ្រួសារ​បាន​ឲ្យ​គាត់​ដឹង​វា ជា​រឿង​មួយ​វា​អត់​ត្រឹមត្រូវ»។

សកម្មជន​បរិស្ថាន និង​សង្គម​ស៊ីវិល​លើកឡើង​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្រែពក​ក្រោម​៣ ដែល​អាច​ផលិត​ថាមពល​ជាង ៣០០​មេហ្កាវ៉ាត់ និង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ខេត្ត​ចំនួន​២ នៅ​ស្រុក​លំផាត់ ខេត្ត​រតនគីរី និង​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ ប្រជាពលរដ្ឋ​ជិត ៣​ពាន់​គ្រួសារ​(២.៩២០) មនុស្ស​ជាង ១​ម៉ឺន​នាក់ និង​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​ហិកតារ នៅ​ជុំវិញ​តំបន់​នោះ។

ការ​សាងសង់​ទំនប់​វារីអគ្គិសនី ក្នុង​ពេល​កន្លង​ទៅ​តែង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់ពាន់ រងទុក្ខ​វេទនា។ ជាក់ស្ដែង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​ជា​គម្រោង «ខ្សែ​ក្រវាត់ និង​ផ្លូវ» (BRI) របស់​ចិន​នៅ​កម្ពុជា​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្តស្ទឹងត្រែង ជិត​៥.០០០​នាក់ រង​ការ​ប៉ះពាល់​ពី​ទឹក​លិច​លំនៅឋាន​ដីស្រែ​ចម្ការ និង​ផលដំណាំ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ទាំង​នោះ​បង្ខំចិត្ត​ផ្លាស់ប្ដូរ​ទីលំនៅ ហើយ​ទទួលយក​សំណង​មិន​សមរម្យ​ពី​ក្រុមហ៊ុន​។ ហើយ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​ប៉ះពាល់​ដល់​បរិស្ថាន និង​ពលរដ្ឋ​ខ្មែរ​នោះ សាងសង់​រួមគ្នា​ដោយ ក្រុមហ៊ុន Royal Group របស់​លោក គិត ម៉េង ដដែល និង​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន ហៃដ្រូឡានឆាំង (Hydrolancang International Energy) និង​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​វៀតណាម​អ៊ីឡិចត្រិចស៊ីធី (Vietnam Electricity) ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។