សមាជិកសហគមន៍ការពារព្រៃឡង់ លោក អ៊ុក ម៉ៅ ព្រួយបារម្ភពីសុវត្ថិភាព បន្ទាប់ពីមន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង ប្តឹងលោកទៅតុលាការពីបទកាប់រុករានដីព្រៃអភិរក្ស។ អ្នកការពារព្រៃឡង់រូបនេះ ចាត់ទុកពាក្យបណ្តឹងនេះ ជាល្បិចមូលបង្កាច់ ដើម្បីកាច់បំបាក់ស្មារតីពលរដ្ឋដែលលះបង់ការពារព្រៃឈើ ព្រោះខ្លាចក្រែងប៉ះពាល់ប្រយោជន៍ឈ្មួញ និងមន្ត្រីខិលខូច។
សកម្មជនការពារព្រៃឡង់ ដែលជាជនជាតិដើមភាគតិចកួយ រស់នៅស្រុកថាឡាបរិវ៉ាត់ លោក អ៊ុក ម៉ៅ ហួសចិត្តនៅគ្រាដែលមន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង បានប្តឹងលោកទៅតុលាការ ដោយចោទពីបទកាប់រុករានដីព្រៃឡង់អស់ជាង ២០ហិកតារ។ លោកអះអាងថា លោកពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ ហើយលោកចាត់ទុកពាក្យបណ្តឹងនេះ ជាល្បិចមូលបង្កាច់គ្មានមូលដ្ឋាន ខណៈដែលមន្ត្រីបរិស្ថាន មិនបានបង្ហាញទីតាំងកាប់រុករានដីព្រៃអភិរក្សនៅចំណុចណាឱ្យប្រាកដនោះឡើយ។
លោកគិតថា ការប្តឹងផ្តល់នេះ ព្រោះមន្ត្រីបរិស្ថាន មិនសប្បាយចិត្តនឹងសកម្មភាពរបស់ពួកលោក ដែលឃ្លាំមើលបទល្មើសព្រៃឈើ និងតែងតែរិះគន់អាជ្ញាធរមិនអនុវត្តច្បាប់ព្រៃឈើទៅប្រព័ន្ធផ្សព្វផ្សាយ។
លោកបន្ថែមថា កន្លងទៅ ពួកលោកបានផ្តល់ព័ត៌មាន និងទីតាំងឈូសឆាយទន្ទ្រានព្រៃឡង់អស់រាប់ពាន់ហិកតារ ឋិតក្នុងឃុំអន្លង់ជ្រៃ និងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ តែមិនឃើញមន្ត្រីបរិស្ថានអនុវត្តច្បាប់ទេ បែរជាទម្លាក់កំហុសលើលោកទៅវិញ៖ «ខ្ញុំអ្នកការពារព្រៃសោះ ហៅទៅចោទខ្ញុំថា អ្នកកាប់បំផ្លាញព្រៃឈើ ដល់ពេលគ្រឿងចក្រ វ៉ៃព្រៃរាប់ពាន់ហិកតារ មិនដែលទប់ស្កាត់ផង មកទប់ស្កាត់ពួកខ្ញុំអត់ដឹងអីសោះ។ មកមួលបង្កាច់ពួកខ្ញុំ គាត់គំរាមកំហែងមិនឱ្យអ្នកការពារព្រៃដឹងឮ»។
លោក អ៊ុក ម៉ៅ ខកចិត្តនៅគ្រាដែលប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដែលទើបតែងតាំងថ្មី គឺលោក ស្រេង ជាហេង មិនបំពេញតួនាទីអនុវត្តច្បាប់ការពារព្រៃឈើ ដែលកំពុងទទួលរងការកាប់ឈើមានតម្លៃ និងឈូសឆាយទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិអស់រាប់ពាន់ហិកតារ។ បន្ថែមពីនេះ សកម្មភាពកាប់ឈើកំពុងកើតឡើងច្រើន ឋិតនៅចំណុចជ្រៃធំ ក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ និងមានតំបន់ខ្លះទៀត ឋិតនៅឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ នៃដែនជម្រកសត្វព្រៃឡង់។
សកម្មជនការពារព្រៃឡង់រូបនេះ ចាត់ទុកពាក្យបណ្តឹងនេះ ជាការគំរាមកំហែង បំបាក់ទឹកចិត្តជនជាតិដើមភាគតិច ដែលលះបង់អាយុជីវិត ពេលវេលា ថវិកាផ្ទាល់ខ្លួន ការពារធនធានធម្មជាតិ។ លោកថា កន្លងទៅ មន្ត្រីបរិស្ថានតែងតែរារាំង និងគំរាមពួកលោក មិនឱ្យឃ្លាំមើលបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់៖ «ព្រៃធម្មតាភ្នែកយើងមើលឃើញថា ឆ្ងាយតែមើលមិនឃើញគោលដៅដែលគេត្រូវកាប់ វាលឆ្ងាយណាស់ រាប់ពាន់ហិកតារ នៅជ្រៃធំ បងបរិស្ថានបើលោកការពារព្រៃមកហៅខ្ញុំ ខ្ញុំជូនទៅ បើលោកអ្នកបំផ្លាញទេ មិនបាច់ទៅមើលក៏បានដែរ។ ខ្ញុំសូមផ្តាំផ្ញើតែប៉ុណ្ណឹងទេ»។
កាលពីថ្ងៃទី១៦ ឧសភា តំណាងអយ្យការខេត្តស្ទឹងត្រែង លោក ស៊ិន រក្សា បានចេញដីកាកោះហៅ លោក អ៊ុក ម៉ៅ ឱ្យចូលខ្លួនបំភ្លឺ នៅថ្ងៃទី៨ មិថុនា ឆ្នាំ២០២២ ពីបទកាប់រុករានដីព្រៃយកធ្វើជាកម្មសិទ្ធិ។ ដីកាកោះហៅនេះ មិនបានបញ្ជាក់ឈ្មោះ ដើមបណ្តឹងទេ ប៉ុន្តែសកម្មជនព្រៃឡង់អះអាងថា ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រែង ជាហេង គឺជាដើមបណ្តឹងក្នុងសំណុំរឿងនេះ។
តែយ៉ាងណា លោក អ៊ុក ម៉ៅ បន្ថែមថា ពាក្យបណ្តឹងនេះ គឺជាឱកាសឱ្យលោកបកស្រាយការពិត ព្រោះលោកមានភស្តុតាង និងសាក្សីច្បាស់លាស់ បញ្ជាក់ថា ដែនជម្រកសត្វព្រៃឡង់ជាច្រើនទីតាំង កំពុងទទួលរងការកាប់ និងឈូសឆាយព្រៃទ្រង់ទ្រាយធំ ឋិតក្នុងឃុំអន្លង់ជ្រៃ ឃុំចម្ការលើ និង ឃុំអន្លង់ភេ៖ «បើពលរដ្ឋកាប់ចម្ការតិចតួចចាប់ដកកាំបិតពូថៅ បើគេឈូសឆាយអស់រាប់រយ រាប់ពាន់ហិកតារ អត់ឃើញអស់លោកណា មកធ្វើកើតទេ។ ខ្ញុំសូមផ្តាំផ្ញើទៅថ្នាក់ដឹកនាំលើៗផង មន្ត្រីក្រោមៗកំពុងបំផ្លាញជាតិហើយ រាយការណ៍១០ដង ២០ដង គាត់មិនដែលធ្វើការទេ បើពលរដ្ឋកាប់កាំបិទពូថៅ ចាប់ដាក់គុកច្រវាក់»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីតំណាងអយ្យការខេត្តស្ទឹងត្រែង លោក ស៊ិន រក្សា បាននៅឡើយទេ នៅថ្ងៃទី១០ មិថុនា។
រីឯប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រែង ជាហេង និងព្រះរាជអាជ្ញាអមតុលាការខេត្តស្ទឹងត្រែង លោក ចេត ខេមរ៉ា ក៏វិទ្យុអាស៊ីសេរី មិនអាចសុំការអធិប្បាយបានដែរ ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ប៉ុន្តែអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថា សំណុំរឿងនេះ ជានីតិវិធីរបស់តុលាការ ហើយប្រសិនបើពលរដ្ឋមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ គឺគ្មានទោសឡើយ៖ «ពលរដ្ឋចូលរួមការពារធនធានធម្មជាតិមិនខុសទេ កុំឱ្យតែមានរឿងអីផ្សេងទៀត»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តស្ទឹងត្រែងលោក ប៊ី វ៉ាន់នី យល់ថា ការប្រើអំណាចជាមន្ត្រីនគរបាលយុត្តិធម៌ ប្តឹងពលរដ្ឋដែលលះបង់ការពារព្រៃឈើ គឺជាទង្វើគំរាមកំហែងស្មារតីពលរដ្ឋ ដែលជាផ្នែកមួយ ធ្វើឱ្យព្រៃឈើកាន់តែបាត់បង់។ លោកស្នើឱ្យព្រះរាជអាជ្ញា ចុះស៊ើបអង្កេតដល់ទីតាំងជាក់ស្តែង ដើម្បីរកការពិត ជាពិសេសត្រូវពិនិត្យមើល សកម្មភាពកាប់រានដីព្រៃអភិរក្សអស់រាប់ពាន់ហិកតារ ដែលមន្ត្រីបរិស្ថានបណ្តែតបណ្តោយ៖ «នៅឃុំកាំងចាមកាប់ចូលព្រៃឡង់ ហេតុអីមិនឃើញមន្ត្រីបរិស្ថានរៀបចំឯកសារដាក់ពាក្យបណ្តឹង ទៅតុលាការផង។ នៅខាងអន្លង់ជ្រៃក៏មានការកាប់បំផ្លាញព្រៃឡង់ដែរ មិនឃើញមន្ត្រីបរិស្ថានរៀបចំឯកសារដាក់ចូលតុលាការដែរ»។
សេចក្តីរាយការណ៍ពីប្រជាសហគមន៍ព្រៃឡង់ បន្ថែមថា មកទល់ពេលនេះ ព្រៃឡង់នៅចំណុចភូមិមន និងភូមិវាលពោធន៍ឃុំអន្លង់ជ្រៃ ត្រូវគេកាប់អស់ជាង ២ រយហិកតារ (២០០) ជាថ្មីទៀត។ រីឯព្រៃឡង់នៅចំណុចវាលព្រិច ក្នុងភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ក៏ត្រូវគេកាប់បំផ្លាញអស់ជិត ១ពាន់ហិកតារ នៅរយៈពេល ជាង ៤ខែចុងក្រោយនេះ។ លើសពីនេះ ក្រុមអ្នកកាប់ឈើជាច្រើនក្រុម ប្រដាប់ដោយរណាយន្តជាច្រើនគ្រឿង កំពុងមមាញឹកកាប់រានព្រៃទាំងតូចទាំងធំ រួចដុតកម្ទេចចោល ដើម្បីបម្លែងតំបន់នោះ ជាដីកម្មសិទ្ធិឯកជន។
ក្រមព្រហ្មទណ្ឌមាត្រា៥២៨ ចែងថា មន្ត្រីរាជការសាធារណៈ មិនប្ដឹងបរិហារ និងមិនអើពើបង្ក្រាបបទល្មើស ឋិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលដល់ ៦លានរៀល។
ព្រៃឡង់ឋិតក្នុងចន្លោះខែត្រចំនួនបួន គឺខែត្រក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខែត្រកំពង់ធំ ត្រូវរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីជាង ៤សែនហិកតារ (៤៣១.៦៨៣ហិកតារ) ដែលឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។