ប្រជាសហគមន៍ការពារព្រៃឈើខេត្តកំពង់ស្ពឺអះអាងថា សកម្មភាពឈូសឆាយ និងកាប់ឈើមានតម្លៃក្នុងព្រៃសហគមន៍មេត្តាធម្មជាតិ បានរលាយហិនហោចស្ទើរតែទាំងស្រុង ទើបឃើញមន្ត្រីបរិស្ថានចុះពិនិត្យ និងសិក្សាពីផលប៉ះពាល់នានា។ មន្ត្រីសង្គមស៊ីវិលសោកស្តាយ ដែលអាជ្ញាធរជំនាញផ្តល់កិច្ចអន្តរាគមន៍យឺតយ៉ាវ ធ្វើឱ្យបាត់បង់ធនធានធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ ទើបចុះដោះស្រាយតាមក្រោយ។
ប្រជាសហគមន៍ការពារព្រៃឈើឧត្តមស្រែពស់រស់នៅ ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខកចិត្តចំពោះមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ ដែលទើបតែបង្ហាញមុខចុះពិនិត្យផលប៉ះពាល់បរិស្ថាន និងសង្គម ទាក់ទិននឹងករណីឈូសឆាយ និងកាប់ឈើធំៗ ក្នុងតំបន់ព្រៃមេត្តាធម្មជាតិ។
សមាជិកសហគមន៍ លោក ឃន សារិទ្ធិ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣ មិថុនា អះអាងថា មកទល់ពេលនេះ ព្រៃសហគមន៍នេះ នៅសល់តែប្រមាណ១០ហិកតារ ព្រោះត្រូវមន្ត្រីយោធា ង ´''៧០'' ឈូសបំផ្លាញអស់ស្ទើរទាំងស្រុងហើយ។ លោកថា កុដិ អាស្រម និង ដើមឈើតូចធំៗ ដុះជុំវិញវត្តមេត្តាធម្មជាតិក៏គេឈូស និងដុតកម្ទេចអស់ដែរ។ រីឯដើមជ្រៃ និងដើមឈើទាល ដែលផ្តល់ម្លប់ស្រស់បំព្រង ទាក់ទាញភ្ញៀវទេសចរណ៍ និងជាកន្លែងដែលអ្នករក្សាសីលស្នាក់អាស្រ័យ ក៏ត្រូវគេឈូសឆាយបំផ្លាញអស់ដែរ៖ «និយាយទៅគាត់សោកស្តាយខ្លាំងណាស់ គាត់ខំការពារជាង ២០ឆ្នាំមកបំផ្លាញរយះខ្លី អស់ព្រៃហ្នឹង ពិបាកខ្លាំងណាស់ពលរដ្ឋ។ គោរកស៊ីតាមដងផ្លូវ ចូលព្រៃអត់កើតវាលអស់ហើយ អាណិតសត្វ។ ស្រុកនេះចិញ្ចឹមគោច្រើនជាងគេ ឥលូវអស់គោហ្នឹងទៅ ចប់ហើយស្រុកនេះ»។
កាលពីចុងសប្តាហ៍មុន គឺថ្ងៃទី១១ មិថុនា អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក នៅ ណាក់ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលសកម្មភាពឈូសឆាយបំផ្លាញព្រៃសហគមន៍ឧត្តមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ ប៉ុន្តែមិនបានដោះស្រាយ ក្តីកង្វល់រួមរបស់ពលរដ្ឋនោះទេ។
ប្រជាសហគមន៍ថា អនុប្រធានមន្ទីរបរិស្ថានរូបនេះ បានជួបអ្នកភូមិ ដើម្បីសិក្សាពីផលប៉ះពាល់ ប៉ុន្តែមន្ត្រីជំនាញទាំងនេះ មិនបានបោះបង្គោលព្រំ កំណត់ទីតាំងដីដែលត្រូវឈូសឆាយ និងដីអភិរក្សត្រឹមណាឱ្យប្រាកដនោះទេ។ ពួកគេបារម្ភថា ព្រៃដែលនៅសេសសល់បន្តិចបន្តួចចុងក្រោយ អាចនឹងបាត់បង់ទាំងស្រុង នៅពេលដ៏ខ្លីខាងមុខ។
លោក ឃន សារិទ្ធិ បន្ថែមថា អ្នកភូមិខឹងសម្បារយ៉ាងខ្លាំង ចំពោះការរលាយព្រៃសហគមន៍នេះ តែពួកគាត់មិនដឹងទៅពឹងស្ថាប័នណាមួយ ឱ្យជួយដោះស្រាយទេ ខណៈពួកគាត់បានស្រែកតវ៉ាជាច្រើនលើកតែគ្មានដំណោះស្រាយ។ លោកថា អ្នកភូមិនឹងប្រឈមជីវភាពកាន់តែលំបាកខ្លាំង នៅពេលដែលព្រៃនេះរលាយទាំងស្រុង ដោយសារបាត់បង់កន្លែងឃ្វាលគោក្របី និងកន្លែងរកអនុផលព្រៃឈើ។
រីឯសមាជិកសហគមន៍ការពារព្រៃឈើមេត្តាធម្មជាតិ លោក សយ សាត បានថតវីដេអូ បង្ហោះតាមបណ្ដាញសង្គម កាលពីពេលថ្មីៗនេះ ដោយបង្ហាញពីការបាត់បង់វត្តអារាម កុដិ និងអាស្រម ឋិតក្នុងព្រៃសហគមន៍នេះ ដែលត្រូវគេកាត់ឆ្វៀលយកដី ដើម្បីប្រគល់ឱ្យមន្ត្រីយោធា៖ «ដីនេះជាដីសហគមន៍ឧត្តមស្រែពស់ ឥលូវគេឈូសឆាយ ព្រំទាំងទីវត្តអារាមមេត្តាធម្មជាតិផង។ ព្រះអង្គខំកសាងកុដិនេះ ដើម្បីទុកជាសមាធិ ហើយកុដិនេះ កសាងអស់លុយជិត ១ម៉ឺនហើយ»។
ឆ្លើយតបរឿងនេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរកំពុងដោះស្រាយជាមួយពលរដ្ឋ និងភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលគ្នារកដំណោះស្រាយមួយដែលអាចទទួលយកបាន។ លោកបញ្ជាក់ថា លោកបានប្រាប់ទៅមន្ត្រីជំនាញ ឱ្យកំណត់ព្រំព្រទល់រួចហើយទាក់ទិនទីតាំងឈូសឆាយ និងទីតាំងអភិរក្ស។ លោកបន្ថែមថា ការផ្តល់ដីសម្បទានសង្គមកិច្ចនេះ គឺជាការសម្រេចរបស់ថ្នាក់ដឹកនាំ៖ «អាហ្នឹងត្រូវតែរកមើលវិធានការសម្របសម្រួលដោះស្រាយយ៉ាងម៉េច ? ពលរដ្ឋទទួលយកយ៉ាងម៉េច ហើយម្ចាស់អ្នកដែលគាត់ទទួលសិទ្ធិ គាត់ទទួលយកយ៉ាងម៉េច ? យើងត្រូវរកផ្លូវឱ្យគាត់សម្របសម្រួលគ្នា»។
កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅរដ្ឋាភិបាលបានចេញអនុក្រឹត្យ ឆ្វៀលដីព្រៃសហគមន៍ឧត្ដមស្រែខ្ពស់មានទំហំជិត ៣ រយហិកតារ (២៦២,២៤) ហិកតារ ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយអះអាងថា ដើម្បីបែងចែកជូនគ្រួសារយោធិន "ង-៧០” កងរថក្រោះ៤១គ្រួសារ និងពលរដ្ឋក្រីក្រជាច្រើនគ្រួសារទៀត សម្រាប់សង់លំនៅឋាន និងបង្កបង្កើនផល។
ជុំវិញរឿងនេះ ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង សោកស្តាយដែលអាជ្ញាធរអន្តរាគមន៍យឺតយ៉ាវ ធ្វើឱ្យបាត់បង់ធនធានធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ ទើបចុះពិនិត្យ និងសិក្សាផលប៉ះពាល់តាមក្រោយ។ លោកថា បុគ្គលដែលដុតវត្ត និងដុតកុដិព្រះសង្ឃ ក្នុងព្រៃមេត្តាធម្មជាតិ ក៏គួរតែស៊ើបអង្កេតរកអ្នកទទួលខុសត្រូវដែរ៖ «ជារឿងសោកស្តាយដែលអាជ្ញាធរពេលក្រោយគួរតែមានការអន្តរាគមន៍លឿនជាងនេះ មិនមែនទាល់តែអស់ព្រៃ មានការដុតវត្ត និងដុតកុដិអស់អីហើយ បានមានការដោះស្រាយ»។
ព្រៃសហគមន៍ឧត្ដមស្រែពស់ ឬហៅថា ព្រៃមេត្តាធម្មជាតិ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ជាព្រៃអភិរក្សពីក្រសួងបរិស្ថានកាលពីឆ្នាំ២០០២។
ប្រជាសហគមន៍រកឃើញថា ផែនទីបង្ហាញពីទំហំផ្ទៃដី ព្រៃសហគមន៍ឧត្តមស្រែពស់ មានផ្ទៃដី ៨០០ហិកតារ ប៉ុន្តែធាតុពិតជាក់ស្តែង ព្រៃនេះ ត្រូវក្រុមអ្នកមានអំណាច ពលរដ្ឋមួយចំនួន និង ក្រុមមន្ត្រីយោធាខ្លះ លួចកាប់ទន្ទ្រានអស់ជាបន្តបន្ទាប់។ រីឯគម្រោងកាត់ឆ្វៀលដីព្រៃជិត ៣រយហិកតារនេះ នឹងធ្វើឱ្យព្រៃអភិរក្សមួយនេះហិនហោចទាំងស្រុង។
ព្រៃសហគមន៍នេះ មានសត្វព្រៃកម្រជាច្រើនប្រភេទរស់នៅ រួមមាន ទោច ក្ងោក មាន់ព្រៃ ឈ្លូស និង ស្វាជាដើម។ បច្ចុប្បន្នសត្វព្រៃកម្រទាំងនោះ កំពុងប្រឈមបាត់បង់ទីជម្រក និងខ្លះរត់ទៅជ្រកនៅតំបន់ផ្សេង ហើយមានសត្វព្រៃខ្លះទៀត គេលួចបរបាញ់សម្លាប់ចោល។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន ស៊ើបដឹងថា គម្រោងកាត់ឆ្វៀលដីព្រៃអភិរក្សនេះ ក្រោមផ្លាកថា ដើម្បីបែងចែកឱ្យគ្រួសារកងទ័ព គឺជាល្បិចអាក្រក់ បំណងច្បាមយកដីព្រៃលក់ប៉ុណ្ណោះ ពុំមែនបែងចែកជូនពលរដ្ឋក្រីក្រ និងគ្រួសារយោធិនក្រីក្រពិតប្រាកដនោះឡើយ។ លោកថា ក្រុមអ្នកមានអំណាច បានយកឈ្មោះមន្ត្រីយោធា និងពលរដ្ឋក្រីក្រ ជាខែល ស្នើសុំឱ្យរដ្ឋាភិបាលកាត់ឆ្វៀលដីព្រៃតំបន់នោះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។