អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Care) បានចេញវីឌីអូឃ្លីបជាង ៤នាទី បង្ហាញពីក្ដីបារម្ភខ្លាចបាត់បង់សួនសត្វភ្នំតាម៉ៅ ក្រោយពីទទួលព័ត៌មានថា គេនឹងមានគម្រោងឈូសឆាយដីព្រៃនៅតំបន់អភិរក្សតំបន់ភ្នំតាម៉ៅ នៅក្នុងខែត្រតាកែវ។
អ្នកជំនាញអភិរក្សសត្វព្រៃនៅអង្គការនេះ លោក នីច ម៉ាក (Nick Marx) មានប្រសាសន៍នៅក្នុងវីដេអូឃ្លីប ដែលផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Care) កាលពីថ្ងៃទី២៦ ខែមេសាថា ថ្មីៗ នេះ លោកបានទទួលព័ត៌មានអត់ល្អ និងដ៏គួរឲ្យព្រួយបារម្ភអំពីគម្រោងឈូសឆាយដីព្រៃភ្នំតាម៉ៅ ដែលសព្វថ្ងៃនេះ ដីព្រៃនៅជាប់ និងនៅជុំវិញតំបន់អភិរក្សនេះ ត្រូវបានឈូសឆាយខ្លះរួចទៅហើយ។ លោកថា ភ្នំតាម៉ៅ គឺជាសួនសត្វល្អជាងសួនសត្វដទៃទៀតតែមួយគត់សម្រាប់សង្គ្រោះសត្វ និងបង្កកំណើតសត្វព្រៃកម្រ ព្រមទាំងជាកន្លែងទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយមកមើលសម្បត្តិធម្មជាតិនៅកម្ពុជា។
លោក នីច ម៉ាក (Nick Marx) ដែលបានធ្វើការអភិរក្សសត្វព្រៃនៅកម្ពុជាអស់រយៈពេល ២០ឆ្នាំមកហើយនោះ មានប្រសាសន៍ថា លោកជាអ្នកតូច អត់មានអំណាច តែមានបេះដូងស្រឡាញ់សត្វ។ លោកអំពាវនាវដល់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយការពារសួនសត្វ និងព្រៃជុំវិញភ្នំតាម៉ៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។