អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Care) បារម្ភខ្លាចបាត់បង់ព្រៃសួនសត្វភ្នំតាម៉ៅបានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយការពារ។
វីឌីអូឃ្លីបជាង៤នាទីចេញផ្សាយដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Care)នៅលើបញ្ដាញសង្គមហ្វេសប៊ុកបង្ហាញពីក្ដីបារម្ភខ្លាចបាត់បង់សួនសត្វភ្នំតាម៉ៅក្រោយពីទទួលព័ត៌មាន ថា គេមានគម្រោងឈូសឆាយដីព្រៃនៅតំបន់អភិរក្សតំបន់ភ្នំតាម៉ៅនៅក្នុងខេត្តតាកែវ។
អ្នកជំនាញអភិរក្សសត្វព្រៃនៅអង្គការនេះ លោក នីច ម៉ាក (Nick Marx) មានប្រសាសន៍នៅក្នុងវីដេអូឃ្លីបថ្មីៗថាលោកបានទទួលព័ត៌មានអត់ល្អនិងដ៏គួរឲ្យព្រួយបារម្ភអំពីគម្រោងឈូសឆាយដីព្រៃភ្នំតាម៉ៅដែលសព្វថ្ងៃនេះ ដីព្រៃនៅជាប់និងនៅជុំវិញតំបន់អភិរក្សនេះត្រូវបានឈូសឆាយបណ្ដើរៗខ្លះរួចទៅហើយ។ លោកថា ភ្នំតាម៉ៅ គឺជាសួនសត្វល្អជាងសួនសត្វដទៃទៀតតែមួយគត់សម្រាប់សង្រ្គោះសត្វ និងបង្កកំណើតសត្វព្រៃកម្រ ព្រមទាំងជាកន្លែងទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយមកមើលសម្បត្តិធម្មជាតិនៅកម្ពុជា។
លោក នីច ម៉ាក (Nick Marx) ដែលបានធ្វើការអភិរក្សសត្វព្រៃនៅកម្ពុជាអស់រយៈពេល២០ឆ្នាំមកហើយនោះមានប្រសាសន៍ថាលោកជាអ្នកតូចអត់មានអំណាចតែមានបេះដូងស្រឡាញ់សត្វ។លោកអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយការពារសួនសត្វនិងព្រៃជុំវិញភ្នំតាម៉ៅឱ្យបានផងដើម្បីប្រយោជន៍ធំធេងដល់ពលរដ្ឋនិងប្រទេសកម្ពុជាទាំងអស់គ្នា។សូមលោកអ្នកនាងទស្សនាវីដេអូរនេះទាំងស្រុងដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។