អង្គការ FAO ពង្រីកការយល់ដឹងអំពីបទដ្ឋានស្តង់ដារកសិកម្មសរីរាង្គ
2017.06.03
អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានដាក់ឲ្យអនុវត្តនូវប្រព័ន្ធធានាដោយមានការចូលរួមហៅកាត់ថា ភី.ជី.អេស (PGS) ដើម្បីកំណត់បទដ្ឋានស្តង់ដារ ឬបញ្ជាក់គុណភាពកសិផលសរីរាង្គ។ គម្រោងបញ្ជាក់ពីកសិផលសរីរាង្គនេះ នឹងដើរតួនាទីសំខាន់ក្នុងការកសាងទំនុកចិត្តរវាងកសិករ និងអតិថិជន ខណៈដែលប្រជាពលរដ្ឋខ្មែរខ្លះនៅមានការព្រួយបារម្ភចំពោះគុណភាពផលិតផលកសិកម្មលើទីផ្សារក្នុងស្រុក។
អ្នកជំនាញកសិកម្មមើលឃើញថា ទន្ទឹមនឹងការរីកលូតលាស់កសិផលសរីរាង្គ ឬកសិផលដែលដាំដុះតាមធម្មជាតិដែលមិនប្រើសារធាតុគីមីនោះ ប្រជាពលរដ្ឋខ្មែរក៏នៅតែមានការព្រួយបារម្ភដែរ ចំពោះការក្លែងបន្លំផលិតផលកសិកម្មសរីរាង្គដាក់លក់លើនៅលើទីផ្សារដោយឈ្មួញទុច្ចរិត។
មន្ត្រីផ្នែកកសិកម្មរបស់អង្គការ FAO លោកស្រី ម៉េយលីង ហ្លូរ៉េស រ៉ូហ្សាស់ (Mayling Flores Rojas) លើកឡើងថា ដើម្បីកសាងទំនុកចិត្តរវាងកសិករ និងអ្នកប្រើប្រាស់នោះ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ បានដាក់ឲ្យអនុវត្តនូវប្រព័ន្ធធានាដោយមានការចូលរួម ហៅកាត់ថា PGS ដើម្បីបញ្ជាក់នូវគុណភាពកសិផលសរីរាង្គ ជាពិសេសទៀតនោះ មន្ត្រីអង្គការ FAO ជឿជាក់ថា ការធ្វើកសិកម្មសរីរាង្គ និងការចូលរួមជាមួយប្រព័ន្ធធានានេះ គឺកសិករនឹងមានឱកាសចូលរួមក្នុងប្រព័ន្ធទីផ្សារបានល្អប្រសើរ ដែលអាចឲ្យពួកគាត់មានប្រាក់ចំណូលសមរម្យ ខណៈដែលម្ហូបអាហារក៏ត្រូវបានធានាឲ្យមានសុវត្ថិភាពល្អ តាមរយៈការគោរពតាមគោលការណ៍មូលដ្ឋានគ្រឹះរបស់កសិកម្មសរីរាង្គពីអ្នកផលិត។
ការលើកឡើងនេះ ធ្វើឡើងក្នុងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងពីកសិកម្មសរីរាង្គ និងប្រព័ន្ធធានាដោយមានការចូលរួម ដែលរៀបចំឡើងនៅទីស្នាក់ការអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ កាលពីថ្ងៃទី៣១ ខែឧសភា។
កាលពីឆ្នាំ២០១៥ អង្គការ FAO បានសហការជាមួយក្រសួងកសិកម្មដើម្បីអនុវត្តគម្រោងកសិផលសរីរាង្គសាកល្បងដោយបានដាក់បញ្ចូលកសិករខ្នាតតូចក្នុងគម្រោងនេះចំនួន ១៣ក្រុម ដែលមានកសិករចំនួន ១១៧នាក់ មកពីខេត្តកំពង់ស្ពឺ បាត់ដំបង កណ្ដាល និងខេត្តតាកែវ។
អ្នកដាំបន្លែសរីរាង្គនៅក្នុងខេត្តកណ្ដាលម្នាក់ លោក ដារា រិទ្ធិ រៀបរាប់ថា បច្ចុប្បន្ននេះ បន្លែធម្មជាតិ ឬបន្លែសរីរាង្គនេះ មានតម្រូវការច្រើន បន្ទាប់ពីពលរដ្ឋខ្មែរយល់ដឹងអំពីផលប៉ះពាល់នៃសុខភាពដោយសារការទទួលទានបន្លែដែលមានប្រភពមិនច្បាស់លាស់។ លោកថា បន្លែសរីរាង្គមានតម្លៃខ្ពស់ជាងបន្លែគីមីបន្តិច ដោយសារដាំបន្លែសរីរាង្គនេះ មានការហត់នឿយ និងពិបាកថែទាំជាងការដាំបន្លែដែលប្រើប្រាស់ថ្នាំគីមី។ ការដាំដុះបន្លែសរីរាង្គនេះ មិនត្រឹមតែមានសុវត្ថិភាពចំណីអាហារប៉ុណ្ណោះ ប៉ុន្តែវាកក៏ជួយដល់បរិស្ថាន និងសង្គមដែរ៖ «សូមផ្ដាំទៅអ្នកដែលជាវបន្លែសរីរាង្គដែលចែកចាយនៅទីផ្សារថា សូមកុំគិតថា តម្លៃប៉ុណ្ណឹងថ្លៃ ពីព្រោះពួកខ្ញុំដាំវាពិបាកណាស់ ហើយនៅខែនេះបន្លែខ្លះមានរលួយ មានក្រហម ហើយអត់ចង់ធំទៀត។ មួយទៀត សំណូមពរអង្គការពាក់ព័ន្ធ និងដៃគូផ្សេងៗអោយឲ្យជួយជាបដិភាគដូចជាដំបូង យូ.វី (UV) ដើម្បីទប់ស្កាត់ជាមួយធម្មជាតិបានខ្លះ ព្រោះឥឡូវនេះវាពិបាកបញ្ហាធម្មជាតិរឿងភ្លៀង»។
រីឯអនុប្រធាននាយកដ្ឋានសាកវប្បកម្ម និង ដំណាំរួមផ្សំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក គៀន សុភា មានប្រសាសន៍ថា កម្ពុជាត្រូវការបន្លែប្រមាណ ៥០០ ទៅ ៦០០តោន ក្នុងមួយថ្ងៃ ប៉ុន្តែបន្លែទាំងនោះ គឺគ្មានការបញ្ជាក់ពីគុណភាព និងសុវត្ថិភាពចំណីអាហារសម្រាប់អ្នកប្រើប្រាស់នោះទេ ដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាជន ដូចជាមានជំងឺក្រពះ និងជំងឺធ្ងន់ធ្ងរផ្សេងទៀត ដូចជាជំងឺមហារីកជាដើម។ លោកបន្ថែមដែរថា ប្រព័ន្ធ PGS សម្រាប់បញ្ជាក់ពីគុណភាពអាហារសរីរាង្គនេះ គឺនឹងដើរតួនាទីសំខាន់ក្នុងការជំរុញឲ្យកសិករខ្នាតតូចឲ្យចូលរួមធ្វើកសិកម្មសរីរាង្គ ហើយវាក៏មានតួនាទីសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់កសិករ និងលើកកម្ពស់សុវត្ថិភាពចំណីអាហារ។
អ្នកជំនាញកសិកម្ម ថ្លែងថា កម្ពុជាត្រូវការធ្វើការពេលវេលា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធធារាសាស្ត្របន្ថែមទៀត សម្រាប់ការដាំដុះបន្លែធម្មតា និងបន្លែសរីរាង្គ ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសក្បែរខាង ជាពិសេសនោះ គឺប្រទេសវៀតណាម៕