ប្រជាកសិករដាំបន្លែនៅស្រុកបវេល ខេត្តបាត់ដំបង ជាច្រើនគ្រួសារកំពុងព្រួយបារម្ភខ្វះទឹកស្រោចស្រពផលដំណាំ ហើយធ្វើឱ្យប៉ះពាល់ដល់ការរកចំណូលដោះស្រាយជីវភាពគ្រួសារនៅពេលខាងមុខ ព្រោះគ្មានរបបផ្សេងក្រៅពីការដាំដុះ។ ពួកគាត់អះអាងថា ដំណាំរបស់ពួកគាត់បានដាំដុះទើបតែបានប្រហែលកន្លះខែស្រាប់តែទឹកស្ទឹងបវេល បានរីងហួតយ៉ាងឆាប់រហ័សជិតអស់ពីស្ទឹង ហើយមិនមានអាជ្ញាធរណាជួយដោះស្រាយពួកគាត់នៅឡើយ។
ប្រជាកសិករនៅភូមិជ្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល លោក បោ យឿត ថ្លែងប្រាប់អាស៊ីសេរីឱ្យដឹងនៅថ្ងៃទី១២ មីនាថា គ្រួសាររបស់លោករស់ដោយសាររបបដាំបន្លែ រកប្រាក់ដោះស្រាយជីវភាពគ្រួសារ ហើយគ្មានរបបផ្សេងក្រៅនេះឡើយ។ កសិកររូបនេះបន្តថា រដូវប្រាំងឆ្នាំនេះលោកដាំបន្លែនៅផ្ទៃដីប្រហែល២ហិកតារ រួមមានបន្លែត្រសក់ ម្ទេស និងស្ពៃក្ដោប។ លោកថា ដំណាំស្ពៃក្ដោបមានផ្ទៃដីជិតមួយហិកតារ គឺទើបតែដាំដុះបានប្រមាណកន្លះខែ ហើយស្រាប់តែទឹកចាប់ផ្ដើមរីងជិតអស់ពីស្ទឹង ហើយដំណាំប្រភេទនេះត្រូវចំណាយប្រហែលមួយខែកន្លះទៀតឯណោះទើបអាចប្រមូលផលបាន ដូច្នេះនៅពេលខាងមុខមិនដឹងរកទឹកពីណាមកស្រោចស្រពដំណាំរបស់ខ្លួនបានទេ៖ «ជីវភាពខ្ញុំរស់ដោយសារការដាំបន្លែ បើមិនដាំបន្លែចប់បាត់ហើយ និយាយទៅខ្ញុំដាំទាំងរដូវប្រាំង និងរដូវវស្សាជាអចិន្ត្រយ៍។ ខ្ញុំជំពាក់គេច្រើនណាស់ខាងធនាគារខ្ចីគេរហូតគេឈប់ឱ្យខ្ចី ហើយបើសិនខ្វះទឹកប្រើប្រាស់ទៀតដឹងតែលំបាកខ្លាំងហើយខ្ញុំ។ ដំណាំដែលភ័យខ្វះទឹកមានស្ពៃក្ដោប និងត្រសក់នឹងព្រោះយើងមិនមានជំនាញអីច្បាស់ជាងនេះ មានតែដំណាំនេះដែលធ្លាប់ដាំរហូតមក»។
លោកបន្តថា បន្លែដែលដាំក្នុងរដូវប្រាំងនេះរំពឹងថា នៅពេលខាងមុខបានផលលក់បានប្រាក់កម្រៃខ្លះសម្រាប់សងធនាគារដែលបានខ្ចីគេយកមកធ្វើដើមទុនដាំដុះកាលពីដើមរដូវ ព្រោះ ការដាំលើកទី១ ស្ពៃក្ដោបចុះថោកខ្លាំងលក់មិនបានប្រាក់កម្រៃ ហើយខាតអស់ដើមទុនជាង៥ពាន់ដុល្លារ ដូច្នោះប្រសិនបើមិនបានដាំដុះលើទី២ទេ គ្រួសារលោកប្រឈមនឹងធនាគាររឹបអូសដីធ្លីនិងផ្ទះសម្បែងជាងមិនខាន។
ប្រជាកសិករនៅស្រុកបវេល បានត្អូញត្អែរស្ទើរគ្រប់គ្នាអំពីបញ្ហាខ្វះទឹកស្រោចស្រពផលដំណាំរបស់ពួកគាត់ ព្រោះពួកគាត់រំពឹងរបរមួយនេះគ្រាន់បានប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ ដោយមិនបាច់ធ្វើចំណាកស្រុកនៅក្រៅប្រទេស។
កសិករនៅភូមិជ្រាំងបាក់ម្នាក់ទៀត លោក គង់ សារ៉ន រៀបរាប់ប្រាប់អាស៊ីសេរីឱ្យដឹងថា នៅរដូវប្រាំងឆ្នាំនេះលោកដាំស្ពៃក្ដោបជាងកន្លះហិកតារ ហើយទើបតែមានអាយុជាង១០ថ្ងៃ ស្រាប់តែទឹករីងជិតអស់ពីស្ទឹង។កសិកររូបនេះបន្តថា ប្រហែលកន្លះខែទៀតទឹកនឹងរីងអស់ពីស្ទឹង ស្របពេលដែលដំណាំកំពុងតែត្រូវការទឹក ហើយនេះជាទុក្ខធំផ្ទួនរបស់ពួកគាត់នៅក្នុងឆ្នាំនេះ បន្ទាប់ពីខាតអស់ដើមទុនម្ដងរួចហើយកាលពីរដូវទឹកស្រកនោះ៖ «ទៅណាក៏មិនហ៊ានទៅនៅតែផ្ទះ ខំដាំដុះហើយវាមិនបានផលទៀត ដល់បានផលវាចុះថោក និយាយឱ្យដល់មិនមានទីផ្សារលក់ឱ្យស្រួលបួល ហើយផ្សារនៅខេត្តបាត់ដំបងឈ្មួញនាំទំនិញពីថៃចូលមកដាក់លក់ធ្វើឱ្យទំនិញខ្មែរលក់មិនសូវដាច់។ បើឱ្យខ្ញុំផ្អាកមិនបានបើមុខរបរខ្ញុំតែប៉ុណ្ណឹងហើយ បើផ្អាកមានដាច់បាយ ណាជំពាក់ធនាគារផងបើផ្អាកទៅយើងយ៉ាប់មែនទែនហើយ។ ខ្ញុំមានតែស្រែឱ្យថ្នាក់លើជួយប៉ុណ្ណឹងឯង បើគេមិនជួយមានតែដាច់ពោះស្លាប់ បើមិនដឹងទៅរកអី»។
លោកបន្តថា ឆ្នាំនេះកសិករដាំបន្លែនៅខេត្តបាត់ដំបង មានបញ្ហាបំណុលកាន់តែខ្លាំងមិនធ្លាប់ជួបប្រទះ ដោយសារលើកទី១ ដាំបានផលល្អតែតម្លៃចុះថោក ដោយតម្លៃស្ពៃក្ដោបរបស់ពួកគាត់លក់បានចន្លោះពី៤០០ទៅ៧០០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ដែលខុសពីឆ្នាំមុនតម្លៃប្រមាណ១ពាន់រៀលក្នុងមួយគីឡូក្រាមឯណោះ ដែលតម្លៃនេះលក់បានប្រាក់ចំណេញខ្លះគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយមិនបាច់ធ្វើចំណាកស្រុកនោះទេ។ ប៉ុន្តែលោកថា ឆ្នាំនឹងប្រសិនបើអាជ្ញាធរមិនជួយដោះស្រាយបញ្ហាខ្វះទឹកស្រោចស្រពពួកគាត់ឱ្យបានទាន់ពេលទេ នឹងធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែក្រីក្រខ្លាំងជាមិនខាន។

ទាក់ទងនឹងបញ្ហានេះអភិបាលស្រុកបវេល លោក វិន ហួត មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ទឹកស្ទឹងបវេល បានរីកស្ងួតដល់បាតស្ទឹងនៅតាមដងស្ទឹងមួយចំនួនហើយ។ លោកអះអាងថា កន្លងមកអាជ្ញាធរបានណែនាំដល់ប្រជាពលរដ្ឋក្នុងស្រុករបស់លោកមិនឱ្យដាំដុះ និងធ្វើស្រែប្រាំងលើកទី២រួចមកហើយ ដើម្បីទុកទឹកសម្រាប់ប្រាស់ប្រចាំថ្ងៃ ព្រោះជួបគ្រោះរាំងស្ងួតអូសបន្លាយជាច្រើនទៅមុខទៀត ដែលធ្វើឱ្យមិនមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពនោះទេ។ ទោះជាយ៉ាងណា លោកថា កសិករដែលប្រកបរបរដាំបន្លែ ក្នុងការរកប្រាក់ចំណូលសំខាន់ក្នុងគ្រួសារនោះ ខាងលោកមិនទាន់បានទទួលព័ត៌មាននេះនៅឡើយ ប៉ុន្តែលោកថា ខាងស្រុកនឹងរកវិធីដើម្បីជួយដល់ពួកគាត់នៅពេលខាងមុខ៖ «រឿងនេះមធ្យោបាយយើងមានហើយ ដោយសារយើងទាក់ទងទៅថ្នាក់ជាតិហើយយើងប្រមែប្រមូលអ្វីនៅក្នុងមូលដ្ឋានយកមកជួយគ្នា។ សំខាន់បើគិតថា យើងជួយគាត់ទាល់តែគាត់ផ្ដល់ព័ត៌មានចំនួនប៉ុន្មាននាក់ ហើយអ្វីដែលគាត់គ្រោងថាអាចចិញ្ចឹមជីវិតបានហើយអ្នកដែលចិញ្ចឹមមិនបានវាមូលហេតុអីគាត់អត់ទាន់រាយការណ៍មកផង»។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា កសិករដែលប្រកបរបរដាំបន្លែរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារមិនមែនមានតែខេត្តបាត់ដំបងនោះទេ គឺមានជាច្រើនខេត្តទៀត ដូចខេត្តកណ្ដាល ត្បូងឃ្មុំ កំពង់ចាម រតនគិរី និងមណ្ឌលគិរីជាដើម ជាពិសេសទំនាបកណ្ដាលដែលមានផ្ទៃដី អំណោយផលអាចដាំដុះបានគឺពួកគាត់នឹងជួបបញ្ហាខ្វះទឹកស្រោចស្រពផលដំណាំរបស់ពួកគាត់។ លោកបន្តថា ប្រជាកសិករនឹងប្រឈមបញ្ហាធំក្នុងជីវភាពគ្រួសារដោយសារការខ្វះខាត និងការជំពាក់បំណុលធនាគារកាន់តែច្រើននៅពេលខាងមុខ៖ «ចំណុចនេះយើងឱ្យរដ្ឋាភិបាលមានវិធានការណ៍ចុះជួយពួកគាត់ជាបន្ទាន់ ដើម្បីកុំឱ្យពួកគាត់ខាតបង់ទុនសម្រាប់ផ្គត់ផ្គង់ និងជំរុញឱ្យមន្ត្រីនៅថ្នាក់មន្ទីរទាំងអស់ចាត់វិធានការណ៍ ហើយវិធានការណ៍ទឹក បើសិនជារដ្ឋាភិបាលអាចមានថវិកាអាចជីកអណ្ដូងទឹកជួយដល់កសិករជារឿងល្អ។ទី២ឆ្នាំបញ្ហាទឹកវាជះឥទ្ធិពលសម្រាប់ទៅឆ្នាំ ក្រោយដែលត្រូវតែគិតគូរប្រព័ន្ធធារាសាស្ត្រឱ្យបានច្រើនសម្រាប់ជួយដល់កសិករ»។
លោកបន្តថា បញ្ហានេះប្រសិនបើមិនមានការដោះស្រាយជូនពួកគាត់គឺកសិករ នឹងជួបបញ្ហាកាន់តែធ្ងន់ធ្ងរ ព្រោះកសិករភាគច្រើនខាតទាំងដំណាំស្រូវ និងការដាំបន្លែ ដូច្នេះបំណុលដែលពួកគាត់ជំពាក់ធនាគារ កាន់តែច្រើនទ្វេដង ដែលជាមូលហេតុធ្វើឱ្យពួកគាត់បោះបង់មុខរបរធ្វើកសិកម្មចោល ហើយត្រូវចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស បែកពីក្រុមគ្រួសារដើម្បីរកប្រាក់យកមកសងធនាគារ។
កសិករស្រុកបវេលទាំង២រូប ឱ្យដឹងថា នៅតំបន់ពួកគាត់រស់នៅអ្នកដែលប្រកបរបរដាំបន្លែតែមួយមុខ ដោយពុំមានចំណូលផ្សេងក្រៅពីរបរមួយនេះ មានប្រហែល១០០គ្រួសារ ហើយបានដាំដុះនៅលើផ្ទៃដីចន្លោះពី ១ទៅ៥ហិកតារ ក្នុងមួយគ្រួសារ៕