លោក សម រង្ស៊ី បង្កើតក្រុមប្រឹក្សាជាតិតស៊ូដើម្បីបញ្ចប់នយោបាយងើបមួយវ៉ៃមួយ លោក ហ៊ុន សែន

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានបង្កើតក្រុមប្រឹក្សាជាតិតស៊ូ ដើម្បីប្រមូលកម្លាំងខ្មែរនៅទូទាំងពិភពលោក ដើម្បីងើបឡើងរួមគ្នារំដោះកម្ពុជា ចេញពីរបបដឹកនាំរបស់ត្រកូល «ហ៊ុន» និងដើម្បីបញ្ចប់នយោបាយ «ងើបមួយវ៉ៃមួយ» របស់លោក ហ៊ុន សែន។

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​បង្កើត​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ (NRC) លើកឡើង​ថា សមាសភាព​ដឹកនាំ​ក្រុមប្រឹក្សា​នេះ​មាន​ចំនួន​៣​រូប រួមមាន​លោក សម រង្ស៊ី ជា​ប្រធាន មាន​អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ ជា​អ្នកនាំពាក្យ និង​លោក ឆាំ ឆានី អគ្គ​លេខាធិការ​សាខា​សង្គ្រោះ​ជាតិ​ប្រចាំ​ទ្វីប​អឺរ៉ុប ជា​ប្រធាន​ក្រុម​ជំនួយការ​។

លោក សម រង្ស៊ី បង្កើតក្រុមប្រឹក្សាជាតិតស៊ូ ដើម្បីបញ្ចប់នយោបាយ «ងើបមួយវ៉ៃមួយ» របស់លោក ហ៊ុន សែន ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានបង្កើតក្រុមប្រឹក្សាជាតិតស៊ូ ដើម្បីប្រមូលកម្លាំងខ្មែរនៅទូទាំងពិភពលោក

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា ក្រុម​ប្រឹក្សា​នេះ មាន​គោលដៅ​នាំ​យក​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស យុត្តិធម៌ និង​ការពារ​បូរណ​ភាព​ទឹក​ដី ហើយ​ក្រុមប្រឹក្សា​នេះ នឹង​អនុវត្ត​តាម​រដ្ឋ​ធម្មនុញ្ញ និង​ស្មារតី​កិច្ច​ព្រមព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស។

អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ជាតិ​តស៊ូ​លោក គឹម សុខ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៣​មីនា​ថា ការងារ​ស្នូល​របស់​ក្រុមប្រឹក្សា​ជាតិ​តស៊ូ​នៅ​ពេល​នេះ គឺ​ការ​ប្រមូល​ផ្ដុំ​កម្លាំង​អ្នក​នយោបាយ​គ្រប់​គណបក្ស និង​ពលរដ្ឋ​ខ្មែរ​ទូទៅ ដែល​ស្រលាញ់​លទ្ធិ​ប្រជាធិបតេយ្យ ឱ្យ​ងើប​ទាំង​អស់​គ្នា​តស៊ូ​រួម​គ្នា​ទាមទារ​យុត្តិធម៌ និង​សេរីភាព​មក​វិញ​។

ដូច្នេះ ក្រុមប្រឹក្សា​ជាតិ​តស៊ូ នឹង​ក្លាយ​ទៅ​ជា​កម្លាំង​នៃ​ការ​ប្រមូល​ផ្ដុំ​អ្នក​ប្រជាធិបតេយ្យ ដើម្បី​សង្គ្រោះ​ជាតិ​កម្ពុជា ពី​ជន​ផ្ដាច់ការ។

—  លោក គឹម សុខ

វិទ្យុ​អាស៊ីសេរី​នៅ​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា​​។

លោក សម រង្ស៊ី បាន​ប្រកាស​បង្កើត​ក្រុមប្រឹក្សាជាតិ​តស៊ូ​នៅ​ក្នុង​សមាជ​មហាជន​សង្គ្រោះជាតិ ដែល​រៀបចំ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា​។ មេ​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា ការ​បង្កើត​ក្រុមប្រឹក្សា​ជាតិ​នេះ គឺ​ជា​យុត្តិសាស្ដ្រ​ថ្មី​បន្ថែម​ទៀត ក្នុង​បេសកកម្ម​សង្គ្រោះ​កម្ពុជា ចេញ​ពី​របប​ដឹកនាំ​ត្រកូល «​ហ៊ុន​»។

លោក សម រង្ស៊ី បន្ថែម​ថា លោក​មិន​អាច​អត់ទ្រាំ​នៅ​ស្ងៀម​បាន​ឡើយ នៅ​ពេល​ឃើញ​ពលរដ្ឋ​ភាគ​ច្រើន​រស់​នៅ​ជួប​តែ​ការ​ឈឺចាប់ វេទនា និង​ក្លាយ​ជា​ជន​រងគ្រោះ ដោយសារ​របប​ដឹកនាំ​បែប​ជិះជាន់ និង​គាបសង្កត់ ហើយ​ឃើញ​តែ​ក្រុម​បក្ខពួក និង​ក្រុម​អ្នក​អែបអប​ត្រកូល​លោក ហ៊ុន សែន ដែល​អាច​រស់នៅ​សុខស្រួល ហើយ​នាំ​គ្នា​អួត​សម្ញែង​ទ្រព្យសម្បត្តិ​មាសប្រាក់​ហូរហែ ដែល​បាន​មក​ពី​អំពើ​ពុក​រលួយ​។

ហ៊ុន សែន ថា ងើប​មួយ​វ៉ៃ​មួយ ងើប​មួយ​វ៉ៃ​មួយ គាត់​អំណាច​ពេញ​ដៃ បញ្ជា​កង​កម្លាំង​ប្រដាប់​អាវុធ ធ្វើ​បាប​រាស្រ្ដ​តាម​ចិត្ត។ ដូច្នេះ រាស្ដ្រ​ក្នុង​ប្រទេស មិន​អាច​និយាយ​អី​បាន មិន​អាច​ធ្វើ​អី​បាន។ អ៊ីចឹង ជា​កាតព្វកិច្ច​របស់​ជនជាតិ​ខ្មែរ ដែល​រស់​នៅ​ក្រៅ​ប្រទេស ដែល​យើង​មាន​សេរីភាព ហ៊ាន​និយាយ ហ៊ាន​តវ៉ា ហ៊ាន​រៀបចំ​ការ​តស៊ូ យើង​ត្រូវ​តែ​ចេញ​មុខ​ជំនួស​ប្រជារាស្ដ្រ​ខ្មែរ ដែល​គ្នា​មិន​អាច​ធ្វើ​អី​បាន។

—  លោក សម រង្ស៊ី

លោក សម រង្ស៊ី បញ្ជាក់ថា ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ នឹង​មាន​សមាជិក​សមាជិកា ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច និង​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេស​នៅ​ទូទាំង​ពិភព​លោក។ លោក​ជឿជាក់​ថា នៅ​ពេល​ណា​មួយ ពលរដ្ឋ​ខ្មែរ​ងើប​ឡើង​តស៊ូ​ទាំង​អស់​គ្នា ដើម្បី​ដណ្ដើម​យក​ប្រទេស​កម្ពុជា​មក​ដាក់​ជា​សម្បត្តិ​រួម​វិញ ខណៈ​បច្ចុប្បន្ន​កំពុង​ក្លាយ​ជា​របស់​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ក្រុម​គ្រួសារ​ត្រកូល «​ហ៊ុន​»៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។