ពលរដ្ឋហាក់មិនជឿថា ក្រុមអ្នកមានអំណាច និងកូនចៅរបស់ពួកគេ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ឡើយ។ ភាពមិនជឿជាក់នេះបានកើតឡើងជាថ្មី ក្រោយពីកូនស្រីឧកញ៉ា តុង ហុងសេង ឈ្មោះ សាម ម៉ីជូ អាយុ២៧ឆ្នាំ បានបើកឡានទំនើបបុកអ្នកបើកម៉ូតូ ជាមន្ត្រីក្រសួងសាធារណការឈ្មោះ គួច លឹមហាន អាយុ៣៥ឆ្នាំ ឲ្យស្លាប់ចោលប្រពន្ធនិងកូនតូច ក្នុងខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៨ ខែកក្កដា។
ការព្រួយបារម្ភរបស់ពលរដ្ឋ ថាជនបង្កអាចរកលេសដើម្បីរួចខ្លួនពីការទទួលខុសត្រូវតាមច្បាប់ គឺដោយសារកន្លងមក ធ្លាប់មានករណីកូនមន្ត្រីនិងអ្នកមានអំណាច តែងទទួលបានការបន្ធូរបន្ថយទោស ក្រោយពីបើកឡានបុកមនុស្សស្លាប់។ ករណីទាំងនោះ រួមមាននិស្សិតពេទ្យឈ្មោះ គាមពិសិដ្ឋ ណារីតា កូនស្រីអនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល កាលពីឆ្នាំ២០១៣ បានបើករថយន្តបុករះម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យកុមារ៣នាក់ស្លាប់ ប៉ុន្តែជាប់គុកតែ៣ខែ ដោយមន្ត្រីលើកហេតុផលថា និស្សិតពេទ្យរូបនេះ មានជំងឺសរសៃប្រសាទ។
ចំណែកកូនស្រីសមាជិកក្រុមប្រឹក្សាខេត្តសៀមរាបឈ្មោះ យិន ឃុនម៉ី ដែលបើកឡានយ៉ាងលឿន ទៅបុកម៉ូតូនិស្សិតឆ្នើមកញ្ញា ឌុំ រីដា ស្លាប់ កាលពីឆ្នាំ២០១៩ ក៏ជាប់គុកត្រឹម២ខែដែរ។ លើសពីនេះ កូនប្រុសរបស់មេធាវីម្នាក់ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលបានបើកឡានបុកកីឡាករជម្រើសជាតិវាយស៊ីស្លាប់ ហើយបានព្យាយាមរត់គេចខ្លួនពីផ្លូវច្បាប់ បានប្ដឹងប្រពន្ធ និងឪពុកម្ដាយជនរងគ្រោះពីបទបរិហាកេរ្តិ៍ថែមទៀតផង៕
#រូបត្លុកនេះ ជាគំនិតរបស់អ្នកគូររូបត្លុក!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
