#រូបត្លុកនយោបាយ៖ «កាប់ឈើ ក្លាយជាបណ្ឌិត កាប់ឧស ក្លាយជាទណ្ឌិត»

សូមប្រិយមិត្តចូលរួមដាក់ចំណងជើងឱ្យរូបត្លុកនេះទាំងអស់គ្នា!

មន្ត្រីបរិស្ថានប្រចាំនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្តនៅខេត្តឧត្តរមានជ័យ បានជំរិតទារប្រាក់៥០ម៉ឺនរៀល ពីប្រជាពលរដ្ឋដែលដឹកឧសតាមគោយន្តចំនួន២គ្រឿង។ ករណីនេះ បានធ្វើឱ្យមហាជនរិះគន់ រហូតបង្ខំឲ្យអភិបាលខេត្តឧត្តរមានជ័យ បញ្ជាឲ្យមន្ត្រីបរិស្ថានទាំងនោះ យកលុយទៅសងពលរដ្ឋវិញ ហើយបានដកប្រធានទីស្នាក់ការបរិស្ថានប្រចាំនៅ សហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន ឲ្យមកបម្រើការងារនៅមន្ទីរបរិស្ថានខេត្តវិញ។

ករណីនេះ ក៏បានធ្វើឱ្យពលរដ្ឋនឹកឃើញជាថ្មីថា មូលហេតុនេះហើយ បានជាមេឧក្រិដ្ឋជនបំផ្លាញព្រៃឈើដ៏ធំម្នាក់ប្រចាំស្រុកខ្មែរ គឺឧកញ៉ា ទ្រី ភាព ត្រូវបានគេផ្ដល់សញ្ញាបត្របណ្ឌិត និងជាអ្នកអភិរក្សព្រៃឈើទៅវិញ ស្របពេលគេដឹងថា ឧកញ៉ារូបនេះ ជាអ្នករកស៊ីកាប់បំផ្លាញព្រៃឈើ ដឹកទៅលក់នៅក្រៅប្រទេសយ៉ាងសេរី ដោយសារមានការគាំទ្រពីរដ្ឋាភិបាលត្រកូល «ហ៊ុន»។

កន្លងមក សកម្មជនបរិស្ថានតែងបានរិះគន់ថា ក្រុមសមត្ថកិច្ច ជាពិសេសមន្ត្រីបរិស្ថានប្រចាំនៅតាមដែនជម្រកសត្វព្រៃផ្សេងៗ ដូចជានៅតំបន់ព្រៃឡង់ជាដើម គឺមិនបានទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនោះទេ ផ្ទុយទៅវិញ គឺពួកមន្ត្រីចាំឃ្លាំមើល និងចុះរារាំងសកម្មជន និងពលរដ្ឋក្នុងសហគមន៍ មិនឲ្យចូលទៅល្បាត និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើទៅវិញ៕

#នេះជាគំនិតរបស់អ្នកគូររូបត្លុក!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។