ប្រធានសហព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ បានខកចិត្តដែលកម្មករទទួលបានការដំឡើងប្រាក់ឈ្នួលត្រឹម ២ដុល្លារ នៅក្នុងឆ្នាំ២០២៧។ អ្នកស្រីបានបន្តថា ប្រាក់ឈ្នួលឡើងពី ២១០ដុល្លារ ទៅដល់ ២១២ដុល្លារ មិនអាចឆ្លើយតបទៅនឹងការចំណាយជាមូលដ្ឋានរបស់កម្មករ និងទំនិញលើទីផ្សារដែលកំពុងតែឡើងថ្លៃនោះទេ ហើយនឹងធ្វើឲ្យកម្មករមានជីវភាពកាន់តែលំបាកជាងមុនបន្ថែមទៀត។
ធាតុពិតប្រាក់ឈ្នួលរបស់បងប្អូនកម្មករនយោជិត មិនដែលបានឡើងឲ្យបានទៅនឹងតម្លៃអតិផរណាទីផ្សារទេ។ កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យប្រាក់ឈ្នួលរបស់បងប្អូនកម្មករនយោជិតហ្នឹង វានៅមានកម្រិតទាបទៅៗ។ ពីព្រោះ ទី១ បើឡើងបានតម្លៃអតិផរណាទីផ្សារ គឺកម្មករនយោជិត ក៏អត់បានលុយដែរ ពីព្រោះឡើងមក គាត់យកលុយហ្នឹង ចំណាយវិញដដែល។ ចុះ! ទម្រាំឡើង (២១២ដុល្លារ) ហ្នឹង វាអត់បានទៅនឹងតម្លៃអតិផរណាទីផ្សារទៅទៀត សួរថា តើគាត់ប្រឈមទៅនឹងការរស់នៅក្នុងសង្គមបែបណា?
— អ្នកស្រី យ៉ាង សុភ័ណ្ឌ
អ្នកស្រី យ៉ាង សុភ័ណ្ឌ ស្ថិតក្នុងចំណោមសហជីពមួយចំនួន ដែលបានទាមទារឲ្យដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករឲ្យដល់២៥០ដុល្លារ ក្នុងមួយខែ ដើម្បីអាចឆ្លើយតបទៅនឹងការចំណាយសម្រាប់ការរស់នៅរបស់កម្មករ។ ទោះជាយ៉ាងណា ការទាមទារប្រាក់ឈ្នួល ២៥០នេះ មិនត្រូវបានដាក់បញ្ចូលនៅក្នុងការបោះឆ្នោតចុងក្រោយ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
ការបោះឆ្នោត កាលពីថ្ងៃទី៣០ កញ្ញា សម្រាប់កំណត់ប្រាក់ឈ្នួលឲ្យកម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានសំឡេងឆ្នោតរហូត ៤៧សំឡេង ក្នុងចំណោមសំឡេង ៥១សំឡេង បានគាំទ្រតួលេខរក្សាប្រាក់ឈ្នូលឲ្យនៅ២១០ដុល្លារដដែល តាមការចង់បានរបស់ភាគីថៅកែ ស្របពេល៣សំឡេងទៀត គាំទ្រប្រាក់ឈ្នួល ២២៥ដុល្លារ និង១សំឡេងទៀត អនុប្បវាទ។
រដ្ឋាភិបាលបានសម្រេចបន្ថែមប្រាក់ឈ្នួលគោលសម្រាប់កម្មករឲ្យឡើងពី ២១០ដុល្លា ក្នុងឆ្នាំ២០២៦ ទៅ ២១២ដុល្លារ ក្នុងឆ្នាំ២០២៧។ រដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ បានលើកឡើងថា ប្រាក់ឈ្នួលគោលជាក់ស្ដែងរបស់កម្មករ គឺមានចំនួនរហូត ២៣១ដុល្លារ ប្រសិនបើបូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗ ដូចការប្រាក់សម្រាប់ធ្វើដំណើរនិងស្នាក់នៅ ប្រាក់សាហ៊ុយធ្វើការទៀងទាត់ និងប្រាក់ផ្ដល់សម្រាប់ធ្វើការថែមម៉ោងជាដើម។
ទោះជាយ៉ាងណា ការស្ទង់មតិលើការចំណាយសម្រាប់ការរស់នៅរបស់គ្រួសារកម្មករ ដែលធ្វើឡើងនៅក្នងឆ្នាំ២០២៦ ដោយក្រុមសហជីពបានបង្ហាញថា កម្មករភាគច្រើនជំពាក់បំណុល ហើយការចំណាយរបស់គ្រួសារកម្មករជាមធ្យម មានចំនួន ៥០៤ដុល្លារក្នុងមួយខែ។ ការស្ទង់មតិបានរកឃើញទៀតថា កម្មករមួយចំនួនត្រូវពឹងផ្អែកលើការងារថែមម៉ោង ហើយគ្រួសារ ត្រូវកាត់បន្ថយការចំណាយលើម្ហូបអាហារ និងការអប់រំរបស់កូនៗ ទើបអាចទប់ទល់នឹងជីវភាពបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
