អង្គការលើកលែងទោសអន្តរជាតិ បានចេញផ្សាយរបាយការណ៍កាលពីខែតុលាថា មន្ត្រីយោធា និងប៉ូលីសជាន់ខ្ពស់មួយចំនួន ជាអ្នកបង្កើតក្រុមហ៊ុនសន្តិសុខ កាងការពារមជ្ឈមណ្ឌលឆបោកអនឡាញយ៉ាងហោចណាស់ ២២ ទីតាំង ក្នុងចំណោម ៨៦ ទីតាំងនៅទូទាំងប្រទេស។
អង្គការនេះ បានសម្ភាសន៍ជនរងគ្រោះជាង១រយនាក់ ដែលបានរួចខ្លួនពីការជួញដូរបង្ខំឱ្យធ្វើការដូចទាសករ ការប្រើប្រាស់កម្លាំងពលកម្មកុមារ ការធ្វើទារុណកម្ម ដូចជាការវាយដំ ឬឆក់ខ្សែភ្លើង ការរំលោភសេពសន្ថវៈ ការដកហូតសិទ្ធិសេរីភាព និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀត ដោយក្រុមសន្តិសុខ ជាអ្នកធ្វើសកម្មភាពទាំងនោះ។
អង្គការដដែលបានបន្ថែមថា យ៉ាងហោចណាស់ ក្រុមហ៊ុនសន្តិសុខចំនួន ៥ ដែលដឹកនាំដោយមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងអ្នកមានលុយមានអំណាច បានដាក់ពង្រាយកម្លាំងរបស់ខ្លួន នៅទីតាំងឆបោកអនឡាញជាច្រើនកន្លែង។
ក្រុមហ៊ុនទាំងនោះ រួមមាន ក្រុមហ៊ុនសន្តិសុខ លាភសំណាង បានផ្ដល់សេវាការពារមជ្ឈមណ្ឌលឆបោកអនឡាញចំនួន ១៥ ទីតាំង ក្នុងនោះ មានមជ្ឈមណ្ឌលឆបោកអនឡាញនៅខេត្តព្រះសីហនុ ឧទ្យានជាតិបូកគោ និងខេត្តមណ្ឌលគិរីជាដើម។ ក្រុមហ៊ុននេះត្រូវបានបង្កើតដោយវរសេនីយ៍ឯក បាន សុផាត ដែលជាជំនួយការរបស់មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទព័ណ៌។
ក្រុមហ៊ុននេះមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយមេឧក្រិដ្ឋជនជាច្រើននាក់ ក្នុងនោះ មានអតីតអ្នកឧកញ៉ា លី គួង ដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ពាក់ព័ន្ធនឹងករណីឆបោកអនឡាញ ការលាងលុយកខ្វក់ និងការជួញដូរមនុស្ស។
ក្រុមហ៊ុនសន្តិសុខ បេស ខេមបូឌា សេឃ្យូរីទី សើវីស (Best Cambodia Security Service) មានទីស្នាក់ការ និងការពារមជ្ឈមណ្ឌលឆបោកអនឡាញនៅក្រុងបាវិត ខេត្តស្វាយរៀង។ ស្នងការរងនគរបាលខេត្តស្វាយរៀង គឺលោក ឡាយ ចន្នី មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយក្រុមហ៊ុននេះ។
ក្រុមហ៊ុនសន្តិសុខ ស៊ីឃ្យូរីធី រីស្ប៉ន (Security Response) បានបង្កើតដោយលោក ឈិន អ៊ីជីន (Chen Y JUN) និងលោក ឡាន ជាងភីង (Lan JIANPING)។ មជ្ឈមណ្ឌលឆបោកអនឡាញ ម៉ឺនជ័យ (Park8) នៅក្នុងខេត្តព្រៃវែង គឺស្ថិតក្នុងចំណោមទីតាំង ដែលការពារដោយក្រុមហ៊ុនសន្តិសុខនេះ។ លោក ឡាន ជាងភីង ធ្លាប់ជាម្ចាស់ធនាគារ ផេនដា (Panda Bank) ដែលត្រូវបានធនាគារជាតិដកហូតអាជ្ញាប័ណ្ណ និងជម្រះបញ្ជី រីឯលោក ឈិន អ៊ីជីន ធ្លាប់ជាម្ចាស់ក្រុមហ៊ុនវាយកូនហ្កោល ហួយវ័ន (Huione Golf Club Co., Ltd)។
ក្រុមហ៊ុនសន្តិសុខ ហ្សេតឌី ស៊ីឃ្យួរឹធី (ZD Security) បានការពារនៅមជ្ឈមណ្ឌលឆបោកអនឡាញនៅតំបន់ ឡុងបេ (Long Bay) ស្រុកបុទុមសាគរ ខេត្តកោះកុង។ អតីតថ្នាក់ដឹកនាំនៃក្រុមហ៊ុននេះ គឺលោក យឹម លក្ខណ៍ ត្រូវជាកូនប្រុសរបស់អតីតឧបនាយករដ្ឋមន្ត្រីលោក យឹម ឆៃលី។ អតីតថ្នាក់ដឹកនាំនៃក្រុមហ៊ុនម្នាក់ទៀតគឺលោក តឹង ភីពីង (Deng Pibing) ដែលជាអ្នកជំនួញជនជាតិចិនដ៏ល្បីឈ្មោះខាងឆបោកអនឡាញ និងជួញដូរមនុស្ស។
ក្រុមហ៊ុន តារា ស៊ីឃ្យួរឹធីសឺវីស (Dara Security Service Co., Ltd) គឺជាក្រុមហ៊ុនសន្តិសុខការពារមជ្ឈមណ្ឌលឆបោកចំនួន ២ កន្លែងនៅក្រុងព្រះសីហនុ។ ម្ចាស់ក្រុមហ៊ុននេះ គឺលោក សាប់ តារ៉ា ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជានៅខេត្តព្រៃវែង។
ក្រៅពីនេះ អង្គការលើកលែងទោសអន្តរជាតិ ក៏បានរកឃើញដែរថា ចន្លោះពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ នេះ សមាជិកកងកម្លាំងប្រដាប់អាវុធមួយចំនួនផ្សេងទៀត ដូចជា នគរបាល ទាហាន និងកងរាជអាវុធហត្ថ បានបម្រើការងារជាច្រើន ដូចជា សន្តិសុខ មេក្រុម អ្នកជ្រើសរើសសន្តិសុខ អ្នកបង្វឹកកងសន្តិសុខ នៅមជ្ឈមណ្ឌលឆបោកអនឡាញយ៉ាងតិចណាស់២២កន្លែង។
ដោយឡែក ឧកញ៉ា ប៉ាង ណាគ្រី ត្រូវបានរកឃើញថា ជាអ្នកបង្កើតទីតាំងឆបោកអនឡាញនៅខេត្តបន្ទាយមានជ័យ ខណៈប្ដីរបស់លោកស្រី គឺឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរលោក ស៊ឹង សែនករុណា បានលើកឡើងថា ករណីឆបោកអនឡាញ គឺជាជំងឺរាំរ៉ៃមួយ ដែលអាជ្ញាធរ និងមន្ត្រី បានប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីការពារក្រុមឧក្រិដ្ឋជន ខណៈពលរដ្ឋ ជាអ្នករងគ្រោះពិតប្រាកដ។
យើងដឹងហើយនៅកម្ពុជាយើង ពោរពេញដោយអំពើពុករលួយ អំពើពុករលួយ នេះរាប់តាំងពីមន្ត្រីទាំងអស់ហ្នឹង ទទួលបានតួនាទី។ នៅពេលដែលពួកគេទទួលបានតួនាទីដោយការសូកប៉ាន់ ដោយបក្ខពួក ហើយទទួលបានតួនាទីដោយបែបហ្នឹង អ៊ីចឹងហើយបានជាពួកគេយកតួនាទីទាំងអស់ហ្នឹងទៅប្រើប្រាស់ ប្រព្រឹត្តនូវអំពើពុករលួយ។ អ៊ីចឹងការពាក់ព័ន្ធនឹងរឿងស្កេមអនឡាញនេះ ខ្ញុំថាវាមិនចម្លែកទេ។
— លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ
អង្គការលើកលែងទោសអន្តរជាតិបានគូសបញ្ជាក់ដែរថា ការរកឃើញអំពីចំនួនកងកម្លាំងប្រដាប់អាវុធ ដែលបានរួមការពារក្រុមឧក្រិដ្ឋជននេះ អាចមានចំនួនតិចជាងជាក់ស្ដែង ព្រោះតម្លាភាពរបស់កម្ពុជាមានចំនួនទាប បើធៀបនឹងប្រទេសផ្សេងៗទៀត ទៅលើទិន្នន័យនៃការចុះបញ្ជីក្រុមហ៊ុន និងទិន្នន័យនៃការចុះបញ្ជីដីធ្លីជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
