ក្រសួងការបរទេសអាមេរិកបានចាត់ថ្នាក់ ការជួយដូរមនុស្សនៅកម្ពុជា នៅក្នុងកម្រិត៣ដដែល គឺជាកម្រិតដ៏អាក្រក់បំផុត ខណៈកម្ពុជាទទួលបានចំណាត់ថ្នាក់នេះ តាំងពីឆ្នាំ២០២២មក។ ក្រសួងការបរទេសអាមេរិកបានលើកឡើងនៅក្នុងរបាយការណ៍សម្រាប់ឆ្នាំ២០២៦ ស្ដីពីការជួញដូរមនុស្សថា ការឲ្យចំណាត់ថ្នាក់នេះ ដោយសាររដ្ឋាភិបាលកម្ពុជាមិនបានបំពេញតាមស្ដង់ដារជាអប្បបរមា ហើយមិនបានប្រឹងប្រែងឲ្យបានគ្រប់គ្រាន់ដើម្បីលុបបំបាត់ការជួញដូរមនុស្ស។
អាមេរិកបានបន្ថែមថា ផ្ទុយទៅវិញ ក្រុមមន្ត្រីអនុវត្តច្បាប់ ទីប្រឹក្សារដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ជាអ្នកទទួលបានលុយកាក់ ដើម្បីជួយការពារនិងកាងឲ្យក្រុមឧក្រិដ្ឋជន ប្រព្រឹត្តិអំពើជួញដូរមនុស្ស ឲ្យបម្រើការតាមទីតាំងឆបោកអនឡាញ ដែលមានការធ្វើទារុណកម្ម និងឃុំឃាំងមនុស្ស។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលាលោក គឹម សុខ បានយល់ឃើញថា ការលើកឡើងជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ដើម្បីជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាត់វិធានការលើក្រុមឧកញ៉ានិងមន្ត្រីធំៗ ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងទីតាំងឆបោក គឺជាសញ្ញាបង្ហាញថា អាមេរិកមិនអាចនៅស្ងៀមចំពោះបញ្ហានេះទេ។
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មានជម្រើសតែមួយទេ ក្នុងចំណោមជម្រើសពីរ។ ឬមួយចាត់ការខ្ទប់ដង្ហើមឧក្រិដ្ឋកម្មពួកមន្ត្រីឧកញ៉ាធំៗ របស់ខ្លួន ឬមួយត្រូវរង់ចាំទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលនឹងខ្ទប់ដង្ហើមរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត តែម្ដង? ពីព្រោះសហរដ្ឋអាមេរិក ដាច់ខាតនឹងចាត់វិធានការធ្ងន់និងក្ដៅ ដោយជៀសមិនផុតទេ។
— លោក គឹម សុខ
ការចេញរបាយការណ៍ស្ដីពីការជួញដូរមនុស្សនេះ បានធ្វើឡើងក្រោយពីសមាជិកសភា និងជាប្រធានគណៈកម្មការសភាអាមេរិកចំនួន២ គឺលោក ប្រាយអិន ម៉ាស្ត៍ (Brian Mast) និងលោក ចន មូលេណា (John Moolenaar) បានដាក់លិខិតស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ស្កុត បេសិន (Scott Bessent) ស៊ើបអង្កេតដើម្បីសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីនិងឧកញ៉ាកម្ពុជា ដែលជាប់សង្ស័យជាមួយក្រុមឧក្រិដ្ឋជន ដែលឆបោកលុយពលរដ្ឋអាមេរិករាប់ពាន់លានដុល្លារ។
មន្ត្រី និងឧកញ៉ាទាំងនោះ រួមមានលោក ហ៊ុន តូ ក្មួយប្រុសលោក ហ៊ុន សែន លោក ឌី វិជ្ជា កូនប្រសារលោក ហ៊ុន សែន លោក នេត សាវឿន ក្មួយប្រុសប្រសារលោក ហ៊ុន សែន លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក យឹម លក្ខណ៍ អតីតប្អូនប្រសារលោក ហ៊ុន ម៉ានី និងមន្ត្រីៗជាន់ខ្ពស់មួយចំនួនទៀត។
របាយការណ៍ស្ដីពីស្ថានភាពជួញដូរមនុស្សរបស់ក្រសួងការបរទេសអាមេរិកក៏បញ្ជាក់ដែរថា ការបង្កើនសកម្មភាពបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជាតាំងពីខែមករា ឆ្នាំ២០២៦ បានធ្វើឱ្យទីតាំងឆបោករាប់រយកន្លែងត្រូវបិទទ្វារ ប៉ុន្តែអ្នកស្រុក និងជនរងគ្រោះ ដែលរត់ចេញ បានរាយការណ៍ថា ក្រុមឧក្រិដ្ឋជនបានដឹងខ្លួនមុន ហើយបានបំបាត់ភស្តុតាង មុនពេលក្រុមប៉ូលីសនិងទាហានចុះទៅដល់។
ក្រសួងការបរទេសអាមេរិកក៏បានរិះគន់លើរដ្ឋាភិបាលកម្ពុជា ដែលមិនបានចាត់ទុកមនុស្សដ៏ច្រើនលើសលប់ ថាជាជនរងគ្រោះពីការជួញដូរមនុស្ស និងធ្វើឲ្យពួកគេបាត់បង់សិទ្ធិស្នាក់នៅក្នុងមណ្ឌលជួយសង្គ្រោះ បន្ទាប់ពីត្រូវបានគេជួយយកចេញពីទីតាំងឆបោកអនឡាញ។ របាយការណ៍បន្តថា ករណីខ្លះទៀត សមត្ថកិច្ច ក៏បានរារាំងក្រុមអង្គការសង្គមស៊ីវិល មិនឲ្យផ្ដល់សេវាជួយសង្គ្រោះទៅដល់ជនរងគ្រោះ ដែលត្រូវបានឃុំខ្លួននៅក្នុងមណ្ឌលឃុំឃាំង។
ការរិះគន់នេះ ក្រោយពីរបាយការណ៍របស់សមត្ថកិច្ចកម្ពុជាបង្ហាញថា មានជនបរទេសប្រមាណ១១ម៉ឺននាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ដោយសារជាប់ពាក់ព័ន្ធនឹងទីតាំងឆបោក ខណៈអាមេរិកបានអះអាងថា មានសេចក្ដីរាយការណ៍គួរឲ្យជឿជាក់ថា កម្មករបរទេសទាំងនោះ គឺមួយចំនួនបានប្រឈមនឹងស្ថានភាពដែលត្រូវគេជួញដូរមកកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
