ការស្ទង់មតិរបស់ក្រុមសហជីពបង្ហាញថា កម្មករត្រូវការប្រាក់ជាមធ្យមចំនួន៥០០ដុល្លារ ទើបអាចចំណាយគ្រប់ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារប្រចាំខែ ប៉ុន្តែពួកគាត់បានស្នើសុំដំឡើងប្រាក់ឈ្នួលនៅឆ្នាំ២០២៧ ត្រឹម២៥០ដុល្លារប៉ុណ្ណោះ។
សហជីពបានលើកឡើងថា ការស្នើសុំប្រាក់ឈ្នួលគោលត្រឹម២៥០ដុល្លារ មិនមានន័យថា គ្រប់គ្រាន់សម្រាប់ការចំណាយក្នុងគ្រួសារកម្មករឡើយ គ្រាន់តែអាចជួយដោះសម្រាលទុក្ខលំបាកខ្លះប៉ុណ្ណោះ។
ទោះជាយ៉ាងណា តួលេខទឹកប្រាក់២៥០ដុល្លារ ដែលស្នើដោយក្រុមសហជីពតំណាងឲ្យក្រុមកម្មករ មិនត្រូវបានភាគីថៅកែនិងរដ្ឋាភិបាល ដាក់បញ្ចូលទៅក្នុងការបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាឡើយ ហើយចុងក្រោយ ទាំងភាគីតំណាងឲ្យរដ្ឋាភិបាល ថៅកែ និងក្រុមសហជីពមាននិន្នាការទៅរដ្ឋាភិបាល បានព្រមព្រៀងគ្នានូវសំឡេងភាគច្រើន បោះឆ្នោតគាំទ្រឲ្យរក្សាប្រាក់ឈ្នួលនៅដដែល គឺ២១០ដុល្លារ ហើយរដ្ឋាភិបាលត្រូវបន្ថែមចំនួន២ដុល្លារ។
ការស្ទង់មតិបានបញ្ជាក់ថា នៅពេលប្រាក់ឈ្នួលកម្មករ មិនត្រូវបានដំឡើងឲ្យស្រមតាមទំនិញឡើងថ្លៃលើទីផ្សារ នោះនឹងធ្វើឲ្យពួកគាត់ ត្រូវធ្វើការងារថែមម៉ោង កាត់បន្ថយការចំណាយលើថ្លៃម្ហូបអាហារ និងការសិក្សារបស់កូនៗ ជាពិសេស កម្មករ ត្រូវខ្ចីប្រាក់បន្ថែមពីខាងក្រៅដែលមានអត្រាការប្រាក់ខ្ពស់ សម្រាប់យកមកបង្គ្រប់ការចំណាយរបស់គ្រួសារ៕
#នេះជាគំនិតរបស់អ្នកគូររូបត្លុក!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
