កម្ពុជាមិនដកពាក្យបណ្ដឹងរឿងប្រាសាទព្រះវិហារ
2013.02.07

ការប្រកាសជំហររបស់រដ្ឋាភិបាលកម្ពុជា ជាការឆ្លើយតបទៅនឹងសំណើរបស់គណបក្សភឿថៃ ដែលជំរុញឲ្យនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ចរចានឹងមេដឹកនាំកម្ពុជា ឱ្យដកពាក្យបណ្ដឹងចេញពីតុលាការយុត្តិធម៌ ហើយវិលទៅចរចាទ្វេភាគីឡើងវិញ។
លោក កុយ គួង៖ «រឿងអស់ហ្នឹងកំពុងជាប់ក្នុងនីតិវិធីតុលាការទីក្រុងឡាអេ។ ដូច្នេះខ្ញុំយល់ គឺថា គ្រប់ភាគីទាំងអស់គួរតែរក្សាភាពស្ងប់ស្ងាត់ ហើយនិងរង់ចាំមើលដំណើរការនោះទៅ។ ព្រោះសម្ដេចតេជោលោកបានបញ្ជាក់ហើយថា មានតែដំណោះស្រាយផ្លូវហ្នុងទេ ដែលជាដំណោះស្រាយបញ្ចប់មិនឲ្យការប៉ះទង្គិចអាវុធ ជម្លោះអីតទៅទៀតនៅក្នុងតំបន់នោះ»។
តុលាការយុត្តិធម៌អន្តរជាតិ គ្រោងនឹងបើកសវនាការនៅពាក់កណ្ដាលខែមេសា ខាងមុខនេះ ដើម្បីបកស្រាយសាលដីកាឆ្នាំ១៩៦២ ស្ដីពីប្រាសាទព្រះវិហារ តាមសំណើរបស់ភាគីកម្ពុជា។
ជម្លោះព្រំដែនកម្ពុជា និងថៃ បានផ្ទុះឡើងជាថ្មីកាលពីឆ្នាំ២០០៨ ក្រោយពេលដែលប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨។ មួយសប្ដាហ៍ក្រោយនៃការបញ្ចូលឈ្មោះនេះ ទាហានថៃ បានចូលកាន់កាប់ដីតំបន់ក្បែរប្រាសាទព្រះវិហារ ដោយសំអាងថា ដីតំបន់ក្បែរប្រាសាទព្រះវិហារទំហំ ៤,៦គីឡូម៉ែត្រក្រឡា ឋិតក្នុងបូរណភាពទឹកដីរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។