កសិករ​នៅ​ខេត្តបន្ទាយមានជ័យ និង​ប៉ៃលិន បារម្ភ​អំពី​គោ​ឆ្លង​ជំងឺ ខណៈ​ទឹក​ជំនន់​បន្ត​អូស​បន្លាយ

0:00 / 0:00

កសិករចិញ្ចឹមគោ​ក្របី នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន​មួយ​ចំនួន​បារម្ភ​ពី​សត្វ​ចិញ្ចឹម​មាន​ជំងឺ​រាតត្បាត ខណៈ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ខ្លាំង ហើយ​ទឹក​ជំនន់​ក៏​អូស​បន្លាយ​រយៈ​ពេល​យូរ។ កសិករ​អះអាង​ថា សត្វ​គោ​ក្របី និង​សត្វ​មួយ​ចំនួន​ទៀត​នៅ​តាម​មូលដ្ឋាន​បាន​ងាប់​ដោយ​សារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ ហើយ​កសិករ​ខ្វះ​បច្ចេកទេស​ក្នុង​ការ​គាំពារ​សត្វ។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា ក្រសួង​កសិកម្ម​គួរ​ចាត់​មន្ត្រី​ក្រោម​ឱវាទ ចុះ​ត្រួត​ពិនិត្យ និង​ទប់​ស្កាត់​ជា​បន្ទាន់ ដើម្បី​ការពារ​សត្វ​ចិញ្ចឹម​របស់​កសិករ​ឱ្យ​បាន​ទាន់​ពេល​វេលា។

កសិករ​ចិញ្ចឹម​គោ​នៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន បារម្ភ​សត្វ​ចិញ្ចឹម​របស់​ពួក​គាត់​ឈឺ​ច្រើន និង​ពិបាក​រក​កន្លែង​បន្លាស់​ទី ក្រោយ​ទឹក​ជំនន់​ជន់​លិច​ភូមិស្រុក​របស់​ពួក​គេ។

កសិករ​ចិញ្ចឹម​គោ​ក្របី​ម្នាក់​នៅ​ឃុំពន្លៃ ស្រុក​ភ្នំស្រុក លោក សួន ឆាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថ្ងៃ​ទី១២ តុលា ថា លោក​ព្រួយ​បារម្ភ និង​សោក​ស្ដាយ​ជា​ខ្លាំង ដែល​បាន​ងាប់​ក្របី២ ដោយសារ​ជំងឺ​សារទឹក​គោ​កន្លង​មក។ លោក​បន្ត​ថា លោក និង​អ្នក​ភូមិ​ក្បែរ​ខាង ងាប់​គោ និង​ក្របី ដោយ​អ្នក​ខ្លះ ២ក្បាល អ្នកខ្លះ ៩ក្បាល និង​ខ្លះ​ទៀត ១៦ក្បាល​ជា​បន្ត​បន្ទាប់។ លោក សួន ឆាន បន្ថែម​ថា កន្លង​មក​នៅ​តំបន់​ពួក​គាត់​រស់នៅ​មិន​ដែល​ទទួល​បាន​ការ​ប្រឹក្សា​ពី​មន្ទីរ​កសិកម្ម​អំពី​របៀប​ចិញ្ចឹម​សត្វ​ឡើយ ដោយ​ពួក​លោក​តែង​រក​ពេទ្យ​សត្វ​ក្នុង​ភូមិ ឬ​ទិញ​ថ្នាំ​មក​ព្យាបាល​គោ​ក្របី​ដោយ​ខ្លួន​ឯង៖ «អា​រឿង​វា​ឈឺ​ជំងឺ​សារ​បង កាល​ពី​ឈឺ​ជំងឺ​សារ​ចាប់​មួយ​មិន​បាច់​ឆ្លង​ទេ​អា​នេះ ចាប់​ក្រោល​ណា ចាប់​ក្រោល​នោះ​តែ​ម្ដង អា​ជំងឺ​សារ​ទឹក​យើង​ហាស។ បើ​វា​ចាប់ វា​ចាប់​ផ្ដើម​ហើម​ពោះ​បែក​ពពុះ​មាត់​យក​តែ​ម្ដង អត់​មាន​ចាំ​ឈឺ​យូរ​ទេ។ ទឹកជំនន់ ជំងឺ​សារ​វា​ស្គាល់​អា​ធ្លាក់​រដូវ​ភ្លៀង​មក​ម្ដង ២ដង វា​ចាប់​ផ្ដើម​ជួន​កាល​ទៅ​វា​ស៊ី​ប៉ះ​ថ្នាំ​ពុល​ណា​បង ក្របី​នេះ​ដល់​ពេល​ជំងឺ​ប៉ះ​ថ្នាំ​ពុល​ហើម​តែ​ពោះ​ធម្មតា ប៉ះ​ណា​ទៅ​ឈឺ​ប្រកាច់​យក​តែ​ម្ដង »

ស្រដៀងគ្នានេះ​ដែរ កសិករ​ចិញ្ចឹម​គោ​ម្នាក់​ទៀត នៅ​ឃុំ​សាលា​ក្រៅ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន លោកស្រី គឹម ណៃ លើក​ឡើង​ថា លោកស្រី​ចិញ្ចឹម​គោ​សរុប ៥០ក្បាល ដោយ​គោ​ទាំង​នោះ​មិន​ទាន់​មាន​កើត​ជំងឺ​អ្វី​នៅ​ឡើយ​ទេ។ លោកស្រី​បន្ត​ថា ថ្វីត្បិត​តែ​គោក​ក្របី​របស់​គាត់​មិន​ទាន់​មាន​ជំងឺ​ក៏​ដោយ ក៏​លោកស្រី​នៅ​តែ​ព្រួយបារម្ភ ព្រោះ​កន្លង​មក គ្មាន​បច្ចេកទេស​អ្វី​ច្បាស់លាស់​ឡើយ គឺ​គ្រាន់​តែ​ទិញ​ថ្នាំ​ពី​ពេទ្យសត្វ​រួច​យក​មក​ចាក់​សត្វ​គោ​ដោយខ្លួនឯង​ប៉ុណ្ណោះ។ លោកស្រី គឹម ណៃ ស្នើសុំ​ឱ្យ​មន្ទីរ​កសិកម្ម​ខេត្តប៉ៃលិន ចុះ​ត្រួត​ពិនិត្យ និង​ផ្ដល់​បច្ចេកទេស​ថែទាំ និង​បង្ការ​ជំងឺ​សត្វ​ដល់​ពលរដ្ឋ​នៅ​តាម​ឃុំ​សង្កាត់។ លោកស្រី គឹម ណៃ ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ គិតគូរ​រក​ទីផ្សារ​លក់​គោ​ដល់​កសិករ​ក្នុង​តម្លៃ​សមរម្យ​ដែរ ព្រោះ​សព្វថ្ងៃ​តម្លៃ​គោ​ក្របី​កំពុង​ចុះថោក៖ « បារម្ភ​ដូច​ថា ខែ​វា​ឈឺ ដូច​កាល​មុន​ចេញ​អា​បូស​ខ្យល់ បូស​អី​អ៊ីចឹង​ទៅ យើង​បារម្ភ​ដែរ តែ​ដល់​ពេល​នេះ យើង​ទៅ​ទាក់ទង​ពេទ្យ​ទៅ គេ​ឱ្យ​ថ្នាំ​ឱ្យ​អី​មក ក៏​ចាក់​ត្រូវ។ ខ្ញុំ​ចាក់​តែ​ខ្លួន​ឯង​ខ្ញុំ​មិន​ដែល​ហៅ​ពេទ្យ​សត្វ​ផង។ អត់​ដែល​មាន​មន្ទីរ​មាន​អី​មក​សួរ​នាំ​អី​ផង ចិញ្ចឹម​យូរ​ហើយ។ និយាយ​ទៅ​ត្រូវ​លក់ លក់​ទៅ ត្រូវ​វា​កើត វា​កើត​ទៅ ឈឺ​អី​យើង​មើល​ទិញ​ថ្នាំ​ចាក់​ខ្លួន​យើង យើង​ទៅ​សួរ​ពេទ្យ​ទៅ យើង​ទិញ​ចាក់​ទៅ អត់​ដែល​ទាក់ទង​រឿង​កសិកម្ម »

កសិករ​ចិញ្ចឹម​គោ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ជំនន់​ទឹក​ភ្លៀង​នៅតែ​បន្ត​អូស​បន្លាយ ហើយ​សត្វ​ចិញ្ចឹម​ឈឺ​ងាប់​នោះ ជីវភាព​របស់​អ្នក​ចិញ្ចឹម​សត្វ និង​កាន់​តែ​ក្រីក្រ ហើយ​គ្មាន​ប្រាក់​សង​បំណុល​ធនាគារ។

កសិករ​ភាគ​ច្រើន​ក្រៅ​ពី​របរ​ដាំដុះ ពួក​គាត់​តែងតែ​ធ្វើ​ការ​ចិញ្ចឹម​សត្វ គោ ក្របី ជ្រូក មាន់ ទា ពពែ និង​សត្វ​ចៀម​ជា​ដើម ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ លោក ស្រី វុឌ្ឍី និង​ប្រធាន​ការិយាល័យ​ជំនាញ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តប៉ៃលិន លោក ខៀវ សុថុន និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ លោក ប៉ាង វណ្ណាសេដ្ឋ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១២ តុលា។ ប៉ុន្តែ ហ្វេសបុក​របស់​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​ថា លោក ខៀវ សុថុន ដឹកនាំ​មន្ត្រី​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ និង​ភ្នាក់​សុខភាព​សត្វ​ភូមិ ចុះ​អន្តរាគមន៍ និង​តាមដាន​ព្យាបាល​ជំងឺ​សត្វពាហនៈ បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ទឹក​ជំនន់​នៅ​ឃុំ​សាលាក្រៅ និង​ឃុំ​ស្ទឹងត្រង់ ដោយ​ព្យាបាល​គោ​បាន​ចំនួន ១២ក្បាល កាល​ពី​ថ្ងៃ​ទី១០ តុលា។ ចំណែក​ហ្វេកប៊ុក​មន្ទីរ​កសិកម្ម​បន្ទាយមានជ័យ បង្ហាញ​ថា ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល បាន​ចុះ​ព្យាបាល​សត្វ​គោ​របស់​កសិករ កំពុង​ឈឺ​បាន ៧ក្បាល នៅ​ស្រុក​អូរជ្រៅ ដោយ​សង្ស័យ​ជា​ជំងឺ​អុត​ក្ដាម និង​ជា​សះស្បើយ ២ក្បាល​ហើយ។ មន្ត្រី​ជំនាញ​បាន​ណែនាំ​ដល់​ម្ចាស់​សត្វ បន្ត​ថែទាំ និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​បរិវេណ​ទ្រុង និង​ក្រោល​ជា​ប្រចាំ​ក្នុង​រដូវ​ភ្លៀង​នេះ។

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​បច្ចេកទេស​កសិកម្ម លោក នី ណាក់ សង្កេត​ឃើញ​ថា ជាទូទៅ​កំឡុង​ពេល​ទឹក​ជំនន់ បញ្ហា​ជំងឺ​សារទឹក និង​ជំងឺ​អុតក្ដាម​កើត​រាល់​ឆ្នាំ ហើយ ប៉ុន្តែ ក្រោយ​ទឹក​ជំនន់​ស្រក នឹង​កើត​មាន​ជំងឺ​អុត​ក្ដាម​ច្រើន។ លោក​ថា ខេត្ត​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់ តែង​មាន​ការិយាល័យ​កសិកម្ម​ប្រចាំ​ស្រុក និង​មន្ទីរ​សកម្ម​ខេត្ត​ត្រូវ​ស្រង់​ទិន្នន័យ និង​ស្នើ​ឱ្យ​ក្រសួង​អន្តរាគមន៍​ចុះ​ចាក់​វ៉ាក់សាំង​សត្វ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។ លោក នី ណាក់ អំពាវនាវ​ដល់​កសិករ ដែល​មាន​បញ្ហា​សត្វ​កើត​ជំងឺ ត្រូវ​ប្រញាប់​ទាក់ទង​ទៅ​ក្រសួង​កសិកម្ម ជាពិសេស អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដែល​មាន​លេខ​ទូរស័ព្ទ ០២៣ ៨៨៣ ៧៤៦ ដើម្បី​អន្តរាគមន៍​ដល់​ពួក​គាត់​ទាន់​ពេល​វេលា៖ « ទាំង​អនាគត ទាំង​បច្ចុប្បន្ន គឺ​យើង​ត្រូវតែ​មាន​ផែនការ​ទុក​ជា​មុន​ថា ខែ​ណា គឺ​ជា​ខែ​ដែល​ជំងឺ​អុតក្ដាម និង​ជំងឺ​សារទឹក​កើត​ឡើង ហើយ​មន្ទីរ​កសិកម្ម ក្រសួងកសិកម្ម ហើយ​នឹង​ប្រជាពលរដ្ឋ ត្រូវ​ធ្វើ​ម៉េច ដើម្បី​បង្ការ​ទុក​ជា​មុន​បាទ។ ប្រសិន​ជា​យើង​បណ្ដែតបណ្ដោយ​ទុក​ឱ្យ​ជំងឺ​ហ្នឹង​វា​រាតត្បាត​ទៅ​ហើយ ហើយ​យើង​មក​ធ្វើ​ការ​ព្យាបាល វា​យឺត​ពេល​បាទ។ ហើយ​ដំណោះស្រាយ គឺ​យើង​ត្រូវតែ​ចាក់​វ៉ាក់សាំង​ការពារ​ទុក​ជា​មុន នៅ​ពេល​ដែល​ទឹក​ជំនន់​កើត​ឡើង យើង​ត្រូវ​តែ​ត្រៀម​ក្នុង​ការ​បង្ការ យើង​ចាក់​វ៉ាក់សាំង​ទុក​មុន​ឱ្យ​ហើយ »

កន្លង​មក ក្រោយ​ពី​ទឹក​ជំនន់ ជំងឺឆ្លង​លើ​សត្វ​គោ តែងតែ​កើត​មាន​ស្ទើរ​រៀងរាល់​ឆ្នាំ ប៉ុន្តែ អាជ្ញាធរ​ហាក់​គ្មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​ដល់​កសិករ​នោះ​ទេ។

កសិករ និង​សង្គម​ស៊ីវិល​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​រក​ដោះស្រាយ​បញ្ហា​បច្ចេកទេស​ចិញ្ចឹម​សត្វ និង​សិក្សា​ស្រាវជ្រាវ​រក​វិធី​បង្ការ​ទប់ស្កាត់​ជំងឺ​សត្វ​ជូន​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ឱ្យ​បាន​ជា​ប្រចាំ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ប្រក​របរ​ចិញ្ចឹម​សត្វ​របស់​កសិករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។