ពលរដ្ឋរស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទាំងម្ចាស់ដើមកៅស៊ូ និងពលរដ្ឋធ្លាប់មានមុខរបរដឹកជញ្ជូនដើមកៅស៊ូ ឬស្វាយចន្ទី ទៅលក់នៅប្រទេសវៀតណាម នៅតែទទូចឲ្យរាជរដ្ឋាភិបាល ឬមន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណាសម្រួលឲ្យពួកគាត់អាចដឹកជញ្ជូនឧសទាំងនោះទៅលក់នៅប្រទេសវៀតណាម ដូចដើមឡើងវិញ។ បញ្ហានេះ មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បញ្ជាក់ថា អាជ្ញាធរតម្រូវឲ្យពលរដ្ឋទាំងនោះសុំច្បាប់ដើម្បីដឹកជញ្ជូនឈើទាំងនោះជាមុន។
ប្រជាពលរដ្ឋនៅស្រុកមេមត់ ដែលមានមុខរបរដឹកឧសកៅស៊ូ និងម្ចាស់ចម្ការខ្លះ លើកឡើងថា ក្រោយពេលអាជ្ញាធរមិនអនុញ្ញាតឲ្យពួកគាត់អាចយកឧសទាំងនេះទៅលក់នៅប្រទេសវៀតណាម បាន គឺធ្វើឲ្យប៉ះពាល់ដល់ជីវភាពក្នុងគ្រួសារ។ ពលរដ្ឋខ្លះ ត្រូវការប្រាក់បង់បំណុលធនាគារប្រចាំខែ ហើយពលរដ្ឋខ្លះទៀត ត្រូវការដឹកជញ្ជូនដើមកៅស៊ូទៅលក់នៅវៀតណាម គ្រាន់បានដើមទុនខ្លះមកដាំដំណាំផ្សេងៗបន្តទៀត។
ពលរដ្ឋនៅភូមិណងក្រពើ ឃុំមេមត់ លោក អ៊ាប ឆាយ រៀបរាប់ថា ក្រោយពេលគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មិនអនុញ្ញាតឲ្យដឹកជញ្ជូនឈើគ្រប់ប្រភេទចេញទៅប្រទេសវៀតណាម គឺបណ្ដាលឲ្យប៉ះពាល់ប្រជាពលរដ្ឋដែលធ្លាប់ដឹកជញ្ជូនឧសកៅស៊ូ ទៅលក់នៅវៀតណាម ប្រចាំថ្ងៃ ហើយលោកត្រូវខាតបង់ផ្ទួនៗគ្នា។ លោកថា ប្រសិនបើអាជ្ញាធរតម្រូវឲ្យពួកគាត់សុំច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម ឬខាងរដ្ឋបាលព្រៃឈើនោះ គឺពិបាកណាស់ ព្រោះពលរដ្ឋមានចម្ការកៅស៊ូតិចតួចជាលក្ខណៈគ្រួសារ គ្រាន់តែចំណាយប្រាក់រត់ការ គឺមិនគ្រប់គ្រាន់ផង៖ « ប៉ះពាល់ច្រើនតែម្តងបង ដូចខ្ញុំដើរម៉ៅគេ ដើរកក់លុយគេ ហើយម្ចាស់គេចេះតែបង្ខំឲ្យកាប់រហូត ដល់យើងកាប់ មិនដឹងយកទៅលក់នៅណា ?»។
ប្រភពដដែលបន្តថា នៅស្រុកមេមត់ មានពលរដ្ឋជាច្រើនគ្រួសារកំពុងជួបបញ្ហាប្រឈមមួយនេះ។ សកម្មភាពបិទច្រកព្រំដែន មិនអនុញ្ញាតឲ្យពលរដ្ឋដឹកជញ្ជូនឧសប្រភេទដើមកៅស៊ូ ឬស្វាយចន្ទី ទៅលក់នៅប្រទេសវៀតណាម ក្រោយពេលរាជរដ្ឋាភិបាលបង្កើតគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ កាលពីថ្ងៃទី១៥ មករា។ គណៈកម្មាធិការនេះ បានដាក់បទបញ្ជាទប់ស្កាត់មិនឲ្យឈើគ្រប់ប្រភេទ អាចចរាចរតាមច្រកព្រំដែនបាន ដើម្បីជៀសវាងករណីរត់ពន្ធឈើខុសច្បាប់ចេញទៅវៀតណាម។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍កាលពីថ្ងៃទី២៩ មីនា ថា ខាងគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានដោះស្រាយរួចរាល់ហើយតាមរយៈកិច្ចប្រជុំកាលពីដើមខែកុម្ភៈ ដោយសម្រេចឲ្យពលរដ្ឋប្រកបមុខរបរនាំឈើប្រភេទកៅស៊ូ និងប្រភេទស្វាយចន្ទី ទៅលក់នៅប្រទេសវៀតណាម ត្រូវសុំច្បាប់ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធជាមុន៖ « ការនាំឈើចេញ បើទោះបីជាឈើហ្នឹងដាំក៏ដោយ ស្អីក៏ដោយ ត្រូវតែសុំលិខិតអនុញ្ញាត »។
ប្រជាពលរដ្ឋលើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាលនៅតែទាមទារឲ្យពួកគាត់សុំច្បាប់ទៀតនោះ ពួកគាត់មានតែនាំគ្នាផ្អាកការប្រកបមុខរបររបស់ខ្លួនប៉ុណ្ណោះ។
ទោះបីយ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មើលឃើញថា ចំណាត់ការរបស់អាជ្ញាធរ គឺមិនត្រឹមត្រូវឡើយ ពីព្រោះនៅក្នុងច្បាប់គេហាមឃាត់ចំពោះព្រៃឈើរបស់រដ្ឋប៉ុណ្ណោះ មិនបានហាមឃាត់ចំពោះឈើដើមកៅស៊ូ ឬស្វាយចន្ទីជាកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋទេ។ លោកថា វិធានការរបស់អាជ្ញាធរ គឺបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់អ្នកភូមិ៖ « ដើមកៅស៊ូមិនមានអីខុសច្បាប់ទេ មិនមែនជាជំនួញដែលខុសច្បាប់ទេ »។
លោក នាង សុវ៉ាត បង្ហាញទស្សនៈថា រាជរដ្ឋាភិបាលត្រូវមានការសម្រួលណាមួយ ដើម្បីឲ្យប្រជាពលរដ្ឋដែលមានមុខរបរបែបនេះ អាចដោះដូរទំនិញរបស់ខ្លួនបានដោយងាយស្រួល ជាជាងធ្វើឲ្យពួកគាត់កាន់តែរងទុក្ខបន្ថែមទៀតនោះ៕ SO
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។