ប្រជានេសាទតំបន់បឹងទន្លេសាបជាច្រើនគ្រួសារប្រឈមដាច់បាយដោយសារគ្មានត្រី
2019.11.30
ប្រជានេសាទនៅតំបន់បឹងទន្លេសាបស្រុកឯកភ្នំ ខេត្តបាត់ដំបង រាប់ពាន់គ្រួសារប្រឈមនឹងការដាច់ស្បៀងអាហារនៅពេលខាងមុខ ដោយសារផលត្រីឆ្នាំនេះថយចុះខុសប្រក្រតី ធ្វើឱ្យពួកគាត់មិនអាចរកប្រាក់ចំណូលបានច្រើនដូចឆ្នាំកន្លងទៅ។ អ្នកភូមិអះអាងថា សព្វថ្ងៃពួកគាត់អាចនេសាទរកប្រាក់ចំណូលបានពី១ម៉ឺន ៥ពាន់ (១៥.០០០) ទៅ ៣ម៉ឺន (៣០.០០០) រៀលក្នុងមួយថ្ងៃប៉ុណ្ណោះ។
ប្រជានេសាទនៅស្រុកឯកភ្នំ ព្រួយបារម្ភថា នៅក្នុងរដូវដែលសម្បូរត្រីចាប់ផ្ដើមខ្សត់ត្រីធ្វើឱ្យពិបាករកប្រាក់ចំណូលបែបនេះហើយ ទម្រាំតែដល់រដូវប្រាំងពិតប្រាកដទៀតពួកគាត់មិនដឹងជាដាច់បាយលំបាកយ៉ាងណាទេ។
ប្រជានេសាទនៅរស់នៅតំបន់បឹងទន្លេសាប ក្នុងឃុំកោះជីវាំង ថ្លែងសុំមិនឱ្យបញ្ចេញឈ្មោះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ឱ្យដឹងនៅថ្ងៃទី៣០ វិច្ឆិកាថា រដូវសំបូរត្រីឆ្នាំនេះ ពួកគាត់ធ្វើនេសាទរកប្រាក់ចំណូលស្ទើរតែមិនគ្រប់ទិញអង្ករច្រកឆ្នាំផង។ លោកស្រីបន្តថា អ្នកភូមិដែលនេសាទជាលក្ខណៈគ្រួសារ ដែលមានគ្នា ២នាក់ដាក់មងក្រឡាញឹករាប់រយម៉ែត្របានកូនត្រីប្រហែលពី ២០ទៅ ៤០គីឡូក្រាម ហើយលក់បានប្រាក់ប្រមាណពី ២ម៉ឺន ទៅ ៤ម៉ឺនរៀល (៤០.០០០) ក្នុងមួយថ្ងៃ។លោកស្រីបន្ថែមថា ប្រាក់នេះនៅពេលទូទាត់ថ្លៃសាំងកាណូតបើកទៅនេសាទ ហើយនៅ២ម៉ឺន ៥ពាន់រៀល (២៥.០០០)ប៉ុណ្ណោះ ដើម្បីដោះស្រាយជីវភាពគ្រួសារ៖ «ពីមុនមកយើងរាយមង៥ហ៊ុនកន្លះ ឬ៦ហ៊ុនអី វាជាប់ត្រីច្រើន តែឥឡូវនេះវាសឹងតែត្រីវាមិនចង់មើលមងហ្នឹងទៀត។ រាយមង១០ដៃបានត្រី ៤ក្បាលអី ជាក់ស្ដែងប្អូនខ្ញុំវាទៅរាយ ពីមុនមកវាដាក់មង២ដៃ ត្រីជាប់ស្អេកស្កះ តែឥឡូវអត់សោះ។ ឆ្នាំនេះរឹតតែអត់ជាងឆ្នាំទៅមិញទៀត អ្នកខ្លះ ទៅធ្វើកម្មករគេនៅលើគោកនៅទន្លេសាបអត់សូវមានមនុស្សច្រើនដូចមុនទេ យើងរកអត់សូវបានហើយជីវភាពរឹតតែយ៉ាប់ទៅៗ»។
លោកបន្តថា កាលពីឆ្នាំកន្លងទៅក្នុងរដូវសំបូរត្រីបែបនេះ ពួកគាត់អាចនេសាទយ៉ាងហោចណាស់ក៏ រកប្រាក់បាន ៥ម៉ឺនរៀល (៥០.០០០)ក្នុងមួយថ្ងៃ ក៏នៅតែមិនអាចសន្សំប្រាក់ឱ្យកូនបានរៀនសូត្រគ្រប់គ្រាន់ផង ទម្រាំតែឆ្នាំនេះរកប្រាក់មិនសូវបានទៀត មិនដឹងជាជីវភាពដុនដាបយ៉ាងណានោះទេនៅពេលខាងមុខ។
រីឯប្រជានេសាទនៅឃុំព្រៃចាស់ ស្រុកឯកភ្នំ ឯណោះវិញ លោក អ៊ឹម ឌុង ថ្លែងថា អ្នកភូមិនៅតំបន់លោកធ្វើនេសាទរកប្រាក់មិនគ្រប់ដោះស្រាយជីវភាពគ្រួសារនោះទេ។ លោកបន្តថា មូលហេតុដែលរកប្រាក់មិនបាន ដោយសារផលត្រីឆ្នាំនេះថយចុះខុសប្រក្រតី ដោយក្នុងមួយថ្ងៃពួកគេអាចរកប្រាក់ចំណូលពីរបរនេសាទបានពី១ម៉ឺន ទៅ៣ម៉ឺនរៀលប៉ុណ្ណោះ៖ «បាទ!វាខ្សត់ខ្លាំងអត់ជាងឆ្នាំមុនឆ្ងាយណាស់ ខុសគ្នាដូចថាឆ្នាំមុនបានត្រី១តោនអីចឹងឆ្នាំនេះចាប់ត្រីបានតែ២០០ ទៅ៣០០គីឡូក្រាមទេ។អ្នកដាក់បរណរ៉ាវក៏អត់អ្នកដាក់ជាលក្ខណៈគ្រួសារ ក៏អត់បានត្រីដូចតែគ្នាហ្នឹង តែធ្វើម៉េចបើយើងអត់មានមុខរបរអីធ្វើ ចេះតែរកទៅអ្នកទន្លេ។ មិនដឹងគិតយ៉ាងម៉េចទេ មានតែតាមដំណើរហ្នឹងទៅ បើអត់ដូចតែគ្នាទូទៅហើយ មិនដឹងធ្វើម៉េចទេ»។
លោកបន្ថែមថា សព្វថ្ងៃមនុស្សពេញកម្លាំងការចាប់ផ្ដើមនាំគ្នាធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅភ្នំពេញ នៅព្រំដែនកម្ពុជា-ថៃ និងមួយចំនួនទៀតទៅធ្វើការនៅប្រទេសថៃស្ទើរស្ងាត់ពីភូមិ។
ទាក់ទងបញ្ហានេះប្រធានរដ្ឋបាលជលផល ខេត្តបាត់ដំបង លោក ជួង សុភា ប្រាប់អាស៊ីសេរីថា ទិន្នផលត្រីនៅតំបន់បឹងទន្លេសាបឆ្នាំនេះថយចុះជាងឆ្នាំកន្លងទៅ ប្រមាណ២០ភាគរយ។ លោកបន្តថា មូលហេតុដែលត្រីថយចុះ ដោយសារតែឆ្នាំនេះទឹកទន្លេសាបឡើងយឺត ហើយទឹកឡើងតិចជាងឆ្នាំមុខមួយម៉ែត្រកន្លះ ដែលធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់ត្រី។ លោកបញ្ជាក់ថា អាជ្ញាធរខេត្តបានត្រៀមផែនការ ដើម្បីជួយដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ពីរបបនេសាទនេះនៅពេលមុខរួចហើយ ប៉ុន្តែលោកមិនបានបញ្ជាក់វិធីជួយពលរដ្ឋដោយរបៀបណានោះទេ៖ «អាជ្ញាធរដែនដីនិយាយយើងនឹងព្យាយាមជួយរឿងហ្នឹងបាទ! ហើយជួយគាត់រយៈវិធីណានោះអាស្រ័យទៅអភិបាលខេត្តនិងមន្ត្រីរដ្ឋាភិបាលបាទ។ ប៉ុន្តែរាល់ថ្ងៃអាជ្ញាធរកំពុងតែឱ្យមេភូមិស្រាវជ្រាវ រកមើលមានប្រជាពលរដ្ឋណាខ្លះខ្វះខាត យើងហ្នឹងវិធីជួយគាត់តាមជាក់ស្ដែង សំខាន់ជំនាញជលផលគឺរកមុខរបរបន្ថែមជូនគាត់បាទ»។
របាយការណ៍រដ្ឋបាលជលផលខេត្តបាត់ដំបងឱ្យដឹងថា មានប្រជានេសាទប្រមាណ ១ម៉ឺនគ្រួសារកំពុងប្រកបរបបនេសាទត្រីនៅតំបន់បឹងទន្លេសាបក្នុងខេត្តបាត់ដំបង ហើយប្រជាពលរដ្ឋ៥ពាន់គ្រួសារ រស់នៅខេត្តបាត់ដំបង ក្រៅពីនោះអ្នកនេសាទចំណាកស្រុក។
លោក ជួង សុភាព អះអាងថា អ្នកនេសាទប្រមាណ៤០ភាគរយ ក្នុងចំណោម ១ម៉ឺនគ្រួសាររងផលប៉ះពាល់ដែលប្រឈមនឹងការដាច់ស្បៀងនៅពេលខាងមុខ ដោយសារផលត្រីថយចុះ។ លោកបន្តថា ប្រជាពលរដ្ឋដែលប៉ះពាល់ខ្លាំងមាន២ឃុំ គឺឃុំព្រៃចាស់ និងឃុំកោះជីវាំង នៅតំបន់បឹងទន្លេសាបស្រុកឯកភ្នំ ដែលពួកគាត់ពឹងផ្អែកទៅលើរបបនេសាទដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ ដោយសារពួកគាត់មិនអាចដាំដុះដូចពលរដ្ឋនៅតំបន់ផ្សេងឡើយ៕