នៅថ្ងៃទី២៣ ខែ កញ្ញា អភិបាលខេត្តក្រចេះ បានប្រាប់វិទ្យុអាស៊ីសេរី ថា ខាងអាជ្ញាធរខេត្តបានចេញសេចក្ដីប្រកាសអាសន្នហើយ កាលពីថ្ងៃទី២១ កញ្ញា ដោយសារកម្រិតទឹកឡើងដល់ ២០.៣០ម៉ែត្រ។ ចំណែកឯអភិបាលខេត្តកំពង់ចាម ក៏បានបញ្ជាក់ថា កម្រិតទឹកនៅខេត្តកំពង់ចាម ក៏បានឈានដល់កម្រិតប្រកាសអាសន្នដូចគ្នា នៅថ្ងៃទី២៣ កញ្ញា នេះ ដោយកម្រិតទឹកឡើងដល់ ១៥.៣០ម៉ែត្រ។
អភិបាលខេត្តទាំងពីរក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតាមដងទន្លេ និងប្រជាពលរដ្ឋផ្សេងទៀត មានការប្រុងប្រយ័ត្ន ដោយយកចិត្តទុកដាក់រៀបចំទ្រព្យសម្បត្តិ និងសត្វពាហនៈឲ្យបានត្រឹមត្រូវ ដើម្បីការពារកុំឲ្យខូចខាតដោយសារទឹកជំនន់។
អភិបាលខេត្តក្រចេះ លោក សរ ចំរុង បានមានប្រសាសន៍កាលពីថ្ងៃទី២១ កញ្ញា ថា ក្រោយពេលដែលឃើញការកើនឡើងនៃល្បឿនទឹកបែបនេះ ខាងអាជ្ញាធរខេត្តក្រចេះ បានជូនដំណឹងទៅដល់អាជ្ញាធរដែលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់នៅតាមមូលដ្ឋានឱ្យត្រៀមលក្ខណៈជាមុនក្នុងការការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋពីគ្រោះមហន្តរាយនេះ។
លោកបន្ថែមទៀតថា ចំពោះខេត្តក្រចេះ មានស្រុកមួយចំនួនទទួលរងការគំរាមកំហែងពីសំណាក់ទឹកទន្លេមេគង្គ ពិសេសស្រុកនៅជាប់ដងទន្លេ ដូចជាស្រុកឆ្លូង ស្រុកព្រែកប្រសប់ ស្រុកសំបូរ និងក្រុងក្រចេះ។ លោកក៏បានឱ្យដឹងដែរថា ប្រជាពលរដ្ឋមួយចំនួនក៏បានត្រៀមលក្ខណៈជាមុនខ្លះ ហើយសម្រាប់បញ្ជៀសបញ្ហាដែលនឹងអាចកើតឡើង។
ចំពោះខេត្តកំពង់ចាម វិញ ដែលជាខេត្តនៅជាប់ដងទន្លេមេគង្គដែរនោះ ត្រូវបានអភិបាលខេត្ត លោក លន់ លឹមថៃ បានមានប្រសាសន៍នៅថ្ងៃ២២ កញ្ញា ថា អាជ្ញាធរខេត្តនិងស្រុកក៏បានត្រៀមលក្ខណៈមួយចំនួន ដើម្បីបង្កភាពងាយស្រួលនិងការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា ទីទួលសុវត្ថិភាពនៅទូទាំងខេត្តកំពង់ចាម មានចំនួន ៦៦៣កន្លែង ដែលផ្ទុកចំនួនប្រជាពលរដ្ឋបានប្រមាណជាជាង ៥ម៉ឺននាក់។ ក្នុងចំណោមស្រុកទាំង ១៦ នៃខេត្តកំពង់ចាម គឺមាន ស្រុកចំនួន ៧ ដែលនៅជាប់ដងទន្លេមេគង្គ និងមានស្រុកមួយចំនួនទៀតត្រូវបានទទួលការគំរាមកំហែងពីទឹកទន្លេសាប។
បើទោះបីការហក់ឡើងខ្ពស់នៃទឹកទន្លេមេគង្គនៅប៉ុន្មានថ្ងៃចុងក្រោយនេះ មិនទាន់បង្កឱ្យមានចំនួនមនុស្សស្លាប់ និងការខូចខាតធ្ងន់ធ្ងរក៏ដោយ ក៏អភិបាលខេត្តទាំងពីរ អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសត្រូវយកចិត្តទុកដាក់ចំពោះកូនក្មេង ដែលជាជនងាយរងគ្រោះ និងត្រៀមលក្ខណៈបន្ថែមទៀត ដើម្បីបញ្ចៀសការខាតបង់ផ្សេងៗជាយថាហេតុ។ ម្យ៉ាងទៀត អាជ្ញាធរដែលពាក់ព័ន្ធគ្រប់កម្រិត បន្តតាមដាននូវសុវត្ថិភាព និងត្រូវរាយការណ៍ពីស្ថានភាពរបស់ប្រជាពលរដ្ឋមកថ្នាក់លើជាប្រចាំ ជុំវិញបញ្ហានៃការកើនឡើងនៃទឹកទន្លេមេគង្គនេះ។
ទឹកឡើងលើសកម្រិតប្រកាសអាសន្ននៅខេត្តស្ទឹងត្រែង
ចំណែកនៅឯខេត្តស្ទឹងត្រែង ទឹកទន្លេសេសាន និងទន្លេស្រែពក បានស្រកចុះវិញហើយ ប៉ុន្តែទឹកជំនន់នៅតំបន់ទន្លេមេគង្គលើក្នុងខេត្តនេះ នៅតែបន្តជន់លិចបង្កផលប៉ះពាល់ប្រជាពលរដ្ឋនៅឡើយ។
ភ្លៀងនៅតែបន្តធ្លាក់នៅខេត្តនានានៃភាគឦសានប្រទេសចាប់តាំងពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែកញ្ញា ធ្វើឲ្យជំនន់ទឹកទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង ឋិតក្នុងកម្រិតលើសពីកម្រិតប្រកាសភាពអាសន្ន។
មន្ត្រីអាជ្ញាធរខេត្តស្ទឹងត្រែងឲ្យដឹងថា ស្រុកចំនួន ៤ នៅក្នុងខេត្តនេះ បានរងផលប៉ះពាល់ដោយសារទឹកជំនន់។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក រដ្ឋា វីសាល៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។