ទឹក​ជំនន់​ធ្ងន់ធ្ងរ បង្ខំ​ឱ្យ​ពលរដ្ឋ​នៅ​ស្ទឹងត្រែង​រាប់ពាន់​គ្រួសារ​ ជម្លៀស​ចេញ​ពី​លំនៅឋាន

0:00 / 0:00

ពលរដ្ឋ​រាប់ពាន់​គ្រួសារ​រស់នៅ​ខេត្ត​ស្ទឹងត្រែង​បាន​ជម្លៀស​ចេញពី​លំនៅឋាន​ បន្ទាប់​ពី​រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេ​មេគង្គ​ និង​ទន្លេ​សេកុង​។ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បាន​បញ្ជា​ឱ្យ​ កងកម្លាំង​ប្រដាប់​អាវុធ​រាប់​រយ​នាក់​ ជួយសង្គ្រោះ​ពលរដ្ឋ​ និង​ជម្លៀស​ទៅកាន់​ទី​ទួល​មាន​សុវត្ថិភាព​។

ទឹកជំនន់​ទន្លេ​មេគង្គ​ នៅ​តែ​បន្ត​ហក់​ឡើង​ខ្ពស់​ ហួស​កម្រិត​ប្រកាស​អាសន្ន។ ទឹក​ទន្លេ​ទាំង​ពីរ​បាន​ឡើង​ដល់​កម្ពស់ ១២ម៉ែត្រ បើ​ធៀប​នឹង​កម្ពស់​ប្រកាស​អាសន្ន​ត្រឹម ១០,៧០​ម៉ែត្រ​ គឺ​កើន​ឡើង​ជិត ២តឹក (កើន ០,១៧​ម៉ែត្រ) គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៦ កញ្ញា។ ទន្ទឹម​គ្នា​នេះ​ កម្ពស់​ទឹកទន្លេ​សេកុង​មាន​កម្ពស់​ ១២,៣៨​ម៉ែត្រ ដែល​កើនឡើង​ ជិត ៤តឹក (០,៣៦ម៉ែត្រ)។ ចំណែក​ទន្លេ​សេសាន​ទឹក​មាន​កម្ពស់​ ១០,០៩​ម៉ែត្រ កើន​ឡើង​ជិត ២តឹក (០,១៩​ម៉ែត្រ)។

ក្រៅ​ពី​នេះ​ មន្ទីរ​ធនធាន​ទឹក​ ខេត្ត​ស្ទឹងត្រែង ប្រកាស​ថា ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ ក៏​បាន​ជូនដំណឹង​ស្ដី​ពី​ការ​បើក​ទ្វារ​ទំនប់​បង្ហូរ​ទឹក​របស់​ខ្លួន​ដែរ (ក្នុង​កម្រិត​ ជិត​ ៦ពាន់​ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី (៥៧១១​m3​/s) ចូល​ក្នុង​អាងទន្លេ​សេសាន)។

ក្នុង​ពេល​នេះ អាជ្ញាធរ​ខេ​ត្ត​ស្ទឹ​​ង​ត្រែង​ឱ្យ​ដឹង​ថា ជំនន់​ទឹកទន្លេ​មេគង្គ​ និង​ទន្លេសេកុង​ បណ្ដាល​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​ជាង​ ៣ពាន់​ ២ រយ​គ្រួសារ (៣.២២០​) និង​ត្រូវ​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ចំនួន​ជិត​ ១ពាន់​គ្រួសារ​(៧៩៣)។ គ្រោះ​មហន្តរាយ​នេះ​ ធ្វើ​ឱ្យ​ប៉ះពាល់​ស្រុក​ និង​ក្រុង​ចំនួន​ ៦ ឬ​ស្មើ​ ២៦ឃុំ​ ឬ ៧៥​ភូមិ។

អភិបាលខេត្ត​ស្ទឹង​ លោក​ ម៉ុម​ សា​រឿន បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា គ្រោះ​មហន្តរាយ​នេះ​ ធ្វើ​ឱ្យ​ខូចខាត​ផលដំណាំ​ និង​ប៉ះពាល់​ផ្ទះសម្បែង​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​។ លោក​ក៏បាន​ជំរុញ​ឱ្យ​ អាជ្ញាធរ​មូលដ្ឋាន​ រៀបចំ​ទី​ទួល​សុវត្តិភាព​ ដើម្បី​ជម្លៀស​ពលរដ្ឋ​ ដែល​រង​ផល​ប៉ះពាល់​ នៅ​កាន់​ទី​ទួល​សុវត្ថិភាព​ និង​បាន​ណែនាំ​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ជាដើម។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​ លោក​ ម៉ែ​ន គុង ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ​ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី៦ កញ្ញា។

អ្នកជំនាញ​បរិស្ថាន​វាយតម្លៃ​ថា​ ​បម្រែបម្រួល​អាកាសធាតុ​ និង​ឥទ្ធិពល​ខ្យល់ព្យុះ​ ធ្វើ​ឱ្យ​ផ្ទៃ​រងទឹក​ភ្លៀង​ក្នុង​អាងទន្លេ​មេគង្គ​ និង​អាងទន្លេ​បី​ កើន​ឡើង​ខ្លាំង​ រួមផ្សំ​ទឹកភ្លៀង​ធ្លាក់​ជាបន្តបន្ទាប់​ផង​ បណ្ដាល​ឱ្យ​ទឹក​ក្នុង​អាងទន្លេ​មេគង្គ​ហក់​ឡើង​ខ្ពស់​ខុស​ធម្មតា​។ លើស​ពី​នេះ​ នៅ​គ្រា​ដែល​ទឹកទន្លេ​មេគង្គ​កើនឡើង​ខ្លាំង​ នឹង​ចាល់​ឡើង​ ចូល​ទន្លេ​សេកុង​ ទន្លេ​សេសាន​ និង​ទន្លេ​ស្រែ​ពក​ បង្ក​ឱ្យ​ទីរួមខេត្ត​ស្ទឹងត្រែង​ទាំងមូល​ ក្លាយ​ជា​ផ្ទៃ​អាង​ ឬ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​។ រី​ឯ​ទំនប់​វា​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ បាន​បើក​បង្ហូរ​ទ្វារ​ទឹក​បន្ថែម​ទៀត​ ចូល​ទន្លេ​សេកុង​ បង្ក​ឱ្យ​បរិមាណ​ទឹក​ហក់​ឡើង​កាន់តែ​ខ្ពស់​ លិចលង់​លំនៅឋាន​ពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង​ និង​តំបន់​ទំនាប​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ​។

នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី​ លោក​ លាង​ ប៊ុ​នលាភ (3SPN Coordinator) ពន្យល់​ថា​ ទ្វារ​ទឹក ដែល​ក្រុមហ៊ុន​បើក​បង្ហូរ​ បូករួម​ទឹកទន្លេ​មេគង្គ​កំពុង​កើន​ឡើង​ផង​ បណ្តាល​ឱ្យ​ទឹក​ច្រាល​ឡើង​ ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ គួរ​ឱ្យ​ព្រួយបារម្ភ​។ លោក​ថា​ ប្រសិនបើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ គ្រោះ​មហន្តរាយ​នេះ​នឹង​អូស​បន្លាយ​ពេល។ លោក​ជំរុញ​អាជ្ញាធរ​ខេត្ត​ ត្រូវ​មាន​យន្តការ​ច្បាស់លាស់​ ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ ទាក់ទិន​ការ​បើកទឹក​កម្រិត​ណា​មួយ​ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​លើ​ពលរដ្ឋ​នៅ​ខ្សែទឹក​ខាង​ក្រោម៖ «សំណូមពរ​ឲ្យ​អាជ្ញាធរ​ដែន​ដី និង​រដ្ឋាភិបាល ដើម្បី​បញ្ចៀស​មហន្តរាយ​កើត​មាន​ដល់​ប្រជាជន​យើង​តាម​ដង​ទន្លេ យើង​គួរ​ណាស់​តែ​ពិភាក្សា ជាមួយ​ក្រុមហ៊ុន​ថា រាល់​ការ​បើក​ទឹក​ហ្នឹង ត្រូវ​បើក​ទឹក​តាម​លំហូរ​ប្រភេទ​ណា ជា​អាទិ៍​ដូច​ទំនប់​យ៉ាលី​នៅ​វៀតណាម យើង​មាន​យន្តការ​បើក​បង្ហូរ​តាម​ធម្មជាតិ។ យើង​មាន​អាង​ស្តុក​ពីក្រោម យើង​ការពារ​បើ​ពេញ​យើង​បើក​បញ្ចូល​ខាង​ក្រោម មួយ​រយៈ​សិន ដើម្បី​ឲ្យ​បញ្ចេញ​ទៅ​ទៀត។ នេះ​ជា​ហេតុ​មួយ ដើម្បី​បញ្ចៀស​ហានិភ័យ​បាន។ កុំ​ចរចា​ទាន់​ទឹក​ពុំ​មែន​លិច​ប៉ុណ្ណឹង​ទេ »

ឆ្លើយតប​រឿង​នេះ​ តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ លោក​ អ៊ុំ​ រ៉េ​ត ថ្លែង​ថា​ ផ្ទៃ​អាង​វារីអគ្គិសនី​មាន​កម្ពស់​ ៧៥ម៉ែត្រ​ធៀប​កម្ពស់​នីវ៉ូទឹក​សមុទ្រ​ ដូច្នេះ​ប្រសិនបើ​មាន​ទឹកភ្លៀង​ច្រើន​ប៉ុណ្ណា​ក្ដី​ ក៏​ទ្វារ​ទឹក​ត្រូវតែ​បើក​បង្ហូរ​តាម​បរិមាណ​ធម្មជាតិ​ដដែល​។ លោក​បញ្ជាក់​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​បើក​បង្ហូរ​ទ្វារ​ទឹក​ក្នុង​កម្រិត​ជាង​ ៥ពាន់​ម៉ែត្រ​គូប​ ក្នុង​វិនាទី​ (៥.៧១១​m3​/s)មិន​ប៉ះពាល់​ពលរដ្ឋ​រស់នៅ​ខ្សែទឹក​ខាងក្រោម​នោះ​ទេ៖ «ផ្ទៃ​អាង គឺ​កម្ពស់ ៧៥ម៉ែត្រ ធៀប​ទឹកសមុទ្រ អ៊ីចឹង​ទឹក​មក​ប្រវែង​ប៉ុន្មាន ត្រូវ​បើក​ប៉ុណ្ណឹង បើ​បើក​លើស​ហ្នឹង គឺ​ហួស​ទំនប់​ហើយ​មាន​ន័យ​ថា ទឹក​មក​ប៉ុន្មាន គឺ​ព្រលែង​ប៉ុណ្ណឹង​វិញ។ យើង​អត់​ដែរ​ស្តុក​ទឹក​ទុក​អី​ណា។ ស្តុក​ទឹក​ទុក គឺ​ដំបូង​បំផុត គឺ​តម្រូវ​ឲ្យ​បាន​កម្ពស់ ៧៥​ម៉ែត្រ »

អាស៊ី​សេរី​បាន​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក​ លោក​ ចាន់​ យុត្ថា​ និង​ប្រធានមន្ទីរ​ធនធាន​ទឹក​ខេត្ត​ស្ទឹងត្រែង​ លោក​ ប៉ាង​ ប៉េង​ ដើម្បី​សុំ​សេចក្ដី​អធិប្បាយ​បន្ថែម​លើ​បញ្ហា​នេះ​ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកលើ​ក នៅ​ថ្ងៃ​ដដែល​នេះ។

ក្រសួង​ធនធាន​ទឹក​បាន​ជូនដំណឹង​ថា នៅ​គ្រា​ដែល​បរិមាណ​ទឹក​ភ្លៀង ធ្លាក់​ច្រើន​ជាប់ៗ គ្នា​ ឥទ្ធិពល​ព្យុះ​ និង​ការប្រែប្រួល​អាកាសធាតុ​អូស​បន្លាយពេល​ នឹង​បណ្ដាល​ឱ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ខ្លាំង​ ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​រស់នៅ​តាម​ដង​មេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ ខេត្ត​ក្រចេះ​ និង​ខេត្ត​ត្បូងឃ្មុំ៕

ផ្សារស្ទឹងត្រែង

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។