មនុស្ស ៤​នាក់​ស្លាប់ និង​ជិត ៣​ម៉ឺន​គ្រួសារ​ផ្សេង​ទៀត រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ចំនួន ៤ រង​គ្រោះ​ដោយ​ទឹក​ជំនន់

ពលរដ្ឋជិត ៣​ម៉ឺន​គ្រួសារ (២៩.១៤៥) រស់នៅ​ក្នុង​ខេត្ត​ចំនួន ៤ តាម​ដង​ទន្លេ​មេគង្គ​លើ​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់​លិច​លំនៅឋាន ប៉ះ​ពាល់​ផល​ដំណាំ​រាប់​ពាន់​ហិកតារ សត្វ​ពាហនៈ ជម្លៀស​ចេញ​ពី​លំនៅឋាន និង​មនុស្ស ៤​នាក់​ស្លាប់​ដោយសារ​លង់​ទឹក។

ពលរដ្ឋ​មួយ​ចំនួន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​ស្ទឹងត្រែង​ត្អូញ​ថា ការ​ចែក​អំណោយ​របស់​អាជ្ញាធរ​មាន​ភាព​ខ្វះ​ចន្លោះ​ច្រើន ឬ​មិន​បាន​ផ្តល់​ជូន​ពលរដ្ឋ​រង​គ្រោះ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។

ពលរដ្ឋរងគ្រោះដោយទឹកជំនន់រស់នៅខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម​កំពុង​ប្រឈម​វិបត្តិ​ខ្វះស្បៀងអាហារ សេដ្ឋកិច្ចធ្លាក់ចុះ ក្រោយ​ពីផលដំណាំ​ពួកគេនៅ​រដូវវស្សា​ឆ្នាំនេះ​ច្រើន​ហិកតារ​ខូចខាតទាំងស្រុង។ អ្នកភូមិអំពាវនាវឲ្យរបប លោក ហ៊ុន សែន ចែកអំណោយ​ជូនពលរដ្ឋ​រង​គ្រោះ​ឲ្យពិតប្រាកដ តម្លាភាព និង​មិនរើសអើងនិន្នាការនយោបាយ ខណៈអាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ហាក់រើសអើងក្នុងការផ្តល់អំណោយ។

ពលរដ្ឋរងគ្រោះដោយទឹកជំនន់រស់នៅ​ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃ​ទី៣ សីហា​ថា ថ្មីៗ នេះ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បាន​ចុះ​ចែក​អំណោយ​ជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ជា​ច្រើន​គ្រួសារ នៅ​ស្រុក​សៀមប៉ាង ក៏​ប៉ុន្តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​ធំ ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ មិន​បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​អាជ្ញាធរ​នោះ​ទេ។ លោកអង្កេតឃើញថា មាន​ពលរដ្ឋ​ខ្លះ​ពុំ​មែន​ជា​ជន​រង​គ្រោះ បែរ​ជា​បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​អាជ្ញាធរ​ទៅ​វិញ៖ «មិន​ចែក​ជូន​រងគ្រោះ​ទៅ​ជា​ចែក​ខុស​ជន​រងគ្រោះ​ទៅ​វិញ ទៅ​ឲ្យ​មេ​ភូមិ​មេ​ឃុំ បែង​ចែក​សាច់​ញត្តិ​បង​ប្អូន​គេ​ទៅ​វិញ។ អា​នេះ​ខ្លះ​អា​នោះ​ខ្លះ​យាប់​ណាស់ »។

កាលពីថ្ងៃទី៣ កក្កដា​កន្លង​ទៅ អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន បាន​ចុះ​ចែក​អំណោយ​មនុស្សធម៌​ជូន​ពលរដ្ឋ​ជាង ៤​រយ​គ្រួសារ (៤៣៨) គ្រួសារ នៅ​ឃុំ​ស្រែ​សំបូរ ឃុំ​ថ្ម​កែវ និង​ឃុំ​សន្តិភាព ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ដែល​រងគ្រោះ​ទឹក​ជំនន់​ហូរ​ចូល​ទន្លេ​សេកុង ដោយសារ​ការ​បាក់​ទំនប់​វារីអគ្គិសនី សេពាន​សេណាម​ណយ ខេត្ត​អត្តពឺ ប្រទេស​ឡាវ។ អ្នក​ភូមិ​ថា មាន​ពលរដ្ឋ​រាប់រយ​គ្រួសារ​ទៀត មាន​ជីវភាព​ខ្វះ​ខាត​ត្អូញ​ថា ពួក​គេ​មិន​បាន​ទទួល​អំណោយ​ពី​អាជ្ញាធរ​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី បាន​បដិសេធ​មិន​បំភ្លឺ​រឿង​នេះ​ទេ ដោយ​លោក​ជំរុញ​ឲ្យ​សួរ​អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​ លោក ញឹម វណ្ណដា តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី៣ សីហា។

តែយ៉ាងណា លោក កែវ វី បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ខេត្ត​ចំនួន​ ៤​តាម​ដង​ទន្លេ​មេគង្គ​លើ ​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​ចំនួន​ជិត ៣​ម៉ឺន​គ្រួសារ (២៩.១៤៥) ហើយ​ប្រជាពលរដ្ឋ​ចំនួន​ជាង ៣​ពាន់​គ្រួសារ (៣.៤៧៦) ត្រូវ​​ជម្លៀស​ទៅ​ទីទួល​មាន​សុវត្ថិភាព​​បាន​ចំនួន ២៣​ទីតាំង។ លោក​ថា​លំនៅឋាន​ពលរដ្ឋ ១២​ខ្នង ត្រូវ​បាន​រុះរើ​ដោយសារ​បាក់​ច្រាំង​ទន្លេ ជម្លៀស​សត្វ​ពាហនៈ​បាន​ជាង ៩​ពាន់​ក្បាល (៩.៦៣២) លិច​សាលារៀន​ជាង ១៣៦​កន្លែង លិច​វត្ត ៥៤​កន្លែង ក្នុង​នោះ​មាន​វិហារ​ចាម​៧​កន្លែង និង​មណ្ឌល​សុខភាព ​៩​កន្លែង។ លោក​ថា ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​មាន​ជាង ​៣​ពាន់​គ្រួសារ រួម​ទាំង​គោ​ក្របី​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព។ ចំណែក​មនុស្ស ៤​នាក់​ស្លាប់​ដោយសារ​លង់​ទឹក ក្នុង​នោះ​មាន​កុមារ ៣​នាក់។ ជន​រង​គ្រោះ ៤​នាក់​នោះ ២​នាក់ រស់​នៅ​ខេត្ត​ស្ទឹងត្រែង ម្នាក់​នៅ​ខេត្ត​ក្រចេះ និង​ម្នាក់​ទៀត​នៅ​ខេត្ត​កំពង់ចាម។

ប្រធានអង្គការសម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ​ ការ​ចែក​អំណោយ​ខ្វះ​ចន្លោះ ឬ​មិន​បាន​ចែក​ជួន​ពលរដ្ឋ​រង​គ្រោះ​ផ្ទាល់ ទំនង​ជា​អាជ្ញាធរ​មូលដ្ឋាន​ភូមិ/ឃុំ​មាន​ការ​រើសអើង​និន្នាការ​នយោបាយ និង​លម្អៀង។ លោក​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជាតិ​ត្រូវ​ចុះ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​កុំ​ឲ្យ​ពលរដ្ឋ​ឋិត​ក្នុង​ភាព​ងាយ​រង​គ្រោះ​កាន់​តែ​ធ្ងន់៖ «យើង​ចង់​ឃើញ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល និង​ផ្តល់​ដំណោះ​ស្រាយ​សមរម្យ បើ​កាល​ណា​អាជ្ញាធរ​លម្អៀង ពលរដ្ឋ​នឹង​រង​គ្រោះ​ធ្ងន់ធ្ងរ។ ថ្មីៗ លោក ហ៊ុន សែន និង​លោក ស ខេង ស្នើសុំ​ឲ្យ​អាជ្ញាធរ​ឈប់​រើសអើង​ក្នុង​ការ​បម្រើ​ពលរដ្ឋ »។

របាយការណ៍​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បង្ហាញ​ថា ពលរដ្ឋ​ជិត ៥.០០០​នាក់ ស្មើ​នឹង​ជាង ១.២៨៩​រយ​គ្រួសារ ស្ថិត​នៅ​ឃុំ​ចំនួន ៤ ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ដែល​រង​ការ​លិចលង់​​ដោយសារ​ទឹក​ជំនន់​ហូរ​ពី​ប្រទេស​ឡាវ ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង និង​ពុំ​មាន​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​នោះ​ឡើយ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ព្យាករ​ថា គិត​មក​ដល់​ម៉ោង ១​រសៀល ថ្ងៃ​ទី​៣​ ខែ​សីហា ស្ថានភាព​ទឹក​ជំនន់​នៅ​ទន្លេ​មេគង្គ​លើ បាន​បន្ត​ស្រក​ចុះ​ជា​បន្ត​បន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។