ជំនន់​ទឹក​ភ្លៀង​ទន្លេ​មេគង្គ​បណ្ដាល​ឱ្យ​មនុស្ស​៣​នាក់​ស្លាប់ និង​រាប់​រយ​គ្រួសារ​រក​ទី​សុវត្ថិភាព

0:00 / 0:00

ទឹកភ្លៀង និង​ជំនន់​ទន្លេ​មេគង្គ​បាន​សម្លាប់​មនុស្ស​៣​នាក់​ស្លាប់ ហើយ​ពលរដ្ឋ​ជាង​ ២.៧០០​គ្រួសារ ត្រូវ​ភៀសខ្លួន​ពី​ផ្ទះសម្បែង​ទៅ​រក​ទីទួល​សុវត្ថិភាព​។ ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​ប្រាប់​ថា ទឹកទន្លេ​បាន​ហក់​ឡើង​ខ្ពស់ និង​ហូរ​ចូល​ក្នុង​ភូមិ​ស្រុក​មួយ​ចំនួន​ថែមទៀត ដែល​នៅ​ជាប់​មាត់ទន្លេ​នៅ​ខេត្ត​ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ខណៈ​ទឹកទន្លេ​នៅ​ខេត្ត​ស្ទឹងត្រែង ក៏​កំពុង​លិចលង់​មិនទាន់​ស្រក​ចុះ​ដែរ​។ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជូនដំណឹង​តាម​ហ្វេសប៊ុក (facebook) ថា ភ្លៀង​បន្ត​ធ្លាក់​ស្ទើរ​គ្រប់​ខេត្ត នៅ​ថ្ងៃ​ទី៧ កញ្ញា។

អ្នក​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​ក្រចេះ លោក ធីម ហ៊ន ឱ្យ​ដឹង​ថា ទឹក​លិច​ចូល​ក្នុង​ក្រុង​ក្រចេះ​ខ្លាំង ហើយ​អាជ្ញាធរ​បាន​ជម្លៀស​ពលរដ្ឋ និង​សត្វ​ពាហនៈ​ទៅ​រក​ទី​ទួល​សុវត្ថិភាព ព្រមទាំង​បាន​ចាក់​វ៉ាក់សាំង ដល់​សត្វ​គោក្របី នោះ​ថែមទៀត។ បច្ចុប្បន្ន ផ្លូវជាតិ​លេខ​៧​អា កំពុង​លិច​ខ្លាំង នៅ​ចន្លោះ​ស្រុក​ឆ្លូង ក្រុង​ក្រចេះ និង​ស្រុក​ចិត្របុរី។ ទឹក​ក៏​កំពុង លិច​ផ្សារ​សាមគ្គី​ខេត្ត​ក្រចេះ និង​ផ្ទះ​ពលរដ្ឋ​ច្រើន​ឃុំ​ដែរ៖ «អាជ្ញាធរ គាត់​សកម្ម​នៅ​ក្នុង​ការ​តាមដាន​មើល​សកម្មភាព​ហ្នឹង​។ ដល់​អ៊ីចឹង​ឃើញ​ថា គាត់​ចុះ​ជួយ​ប្រជាពលរដ្ឋ​រក​ទី​ទួល​សុវត្ថិភាព ដើម្បី​ជម្លៀស​ពួកគាត់​ហ្នឹង រក​កន្លែង​ទីទួល​សុវត្ថិភាព ដើម្បី​ការពារ​ពី​ហានិភ័យ​ណា​មួយ ដែល​កើតឡើង​ពី​ទឹកជំនន់​ហ្នឹង​ណា​។ អ៊ីចឹង មាន​តាំងពី​ការ​ជម្លៀស​ប្រជាពលរដ្ឋ​រក​ទី​ទួល​សុវត្ថិភាព ក៏ដូចជា​សត្វ​ពាហនៈ​អ៊ីចឹង ហើយក៏​មានការ​ផ្ដល់​ថ្នាំ​បង្ការ ចាក់​វ៉ាក់សាំង ដល់​គោ ក្របី​ហ្នឹង ឃើញ​ថា អាជ្ញាធរ​គាត់​បាន​ចុះ​បំពេញ​សកម្មភាព​ហ្នឹង ឃើញ​ថា មានការ​យកចិត្តទុកដាក់​ដែរ»។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឲ្យ​ដឹង​ថា ស្រុក ៥​ នៅ​ខេត្ត​ក្រចេះ បាន​លិចលង់ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​​ ៥.៣២៤​គ្រួសារ​ និង​ពលរដ្ឋ​ ១.០៤៨​នាក់​​បាន​​ភៀសខ្លួន​។ ចំណែក​នៅ​ខេត្ត​ត្បូងឃ្មុំ ទឹក​លិច​ស្រុក​ចំនួន​២ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ ១.៦០៤​​គ្រួសារ និង​ពលរដ្ឋ​ ១៦៩​គ្រួសារ​ភៀសខ្លួន។

ដោយឡែក​នៅ ខេត្ត​ស្ទឹងត្រែង ជំនន់​ទឹកទន្លេ​មេគង្គ បាន​ជន់​លិច​ស្រុក​ចំនួន​៦ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ៦.១៣៣​​គ្រួសារ និង​ស្រូវវស្សា​អស់​ ៣.៩៦៥​ហិកតារ​និង​ពលរដ្ឋ ១.៤៦៦​គ្រួសារ​ ភៀសខ្លួន​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព។

ក្រៅពី​ខេត្ត​ចំនួន​៣​ ដែល​រង​ផល​ប៉ះពាល់​ផ្ទាល់​ពី​ជំនន់​ទឹកទន្លេ​មេគង្គ ខេត្ត​២​ ផ្សេងទៀត គឺ​ខេត្ត​កំពង់ចាម និង ខេត្ត​កណ្ដាល ក៏​កំពុង​រង​ការ​បាក់​ច្រាំងទន្លេ​ជា​បន្តបន្ទាប់ ដោយសារ​ទឹក​ហូរ​ខ្លាំង​។ មន្ត្រី​ធនធាន​ទឹក ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី​៧ កញ្ញា ឱ្យ​ដឹង​ថា ពលរដ្ឋ​កំពុង​ច្រក​ខ្សាច់​ ២.១០០​បាវ នៅ​ឃុំ​រកាខ្នុរ ឃុំ​ព្រែកអាជី និង​ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ដើម្បី​ទប់​ច្រាំងទន្លេ កំពុង​បាក់ មិន​ឱ្យ​បាក់​ត​មក​ដល់​ផ្លូវ​អ្នក​ភូមិ ដែល​នៅ​ជាប់​មាត់ទន្លេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។