ទឹកស្ទឹងសង្កែនៅមិនទាន់ស្រកចុះនៅឡើយទេ ដោយបន្តហក់ឡើងកម្ពស់ជាង ១៤ម៉ែត្រ ដែលធ្វើឱ្យលិចលង់លំនៅឋានប្រជាពលរដ្ឋ ដែលរស់នៅយតាមបណ្ដោយដងស្ទឹងសង្កែ រាប់រយខ្នង។ ចំពោះក្រុងបាត់ដំបង សង្កាត់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ បណ្ដាលឱ្យលិចផ្ទះប្រជាពលរដ្ឋ មានដូចជា សង្កាត់វត្តគរ សង្កាត់ស្វាយប៉ោ សង្កាត់ព្រែកព្រះស្ដេច សង្កាត់រតនៈ សង្កាត់ជ្រៃកោង និងសង្កាត់ក្តុលដួនទាវ។ តំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺស្រុកដែលស្ថិតនៅប៉ែកខាងក្រោមទំនប់សាលាតាអន មានដូចជា ស្រុកឯកភ្នំ ស្រុកសង្កែ និងផ្នែកខ្លះនៃស្រុកថ្មគោល។
ពលរដ្ឋនៅឃុំព្រែកហ្លួង ស្រុកឯកភ្នំ លោក យ័ន សំបាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ កញ្ញា ថា ទឹកជំនន់បានពន្លិចផ្ទះប្រជាពលរដ្ឋ និងបំផ្លាញកសិផលរបស់ប្រជាពលរដ្ឋអស់ជាច្រើនហិកតារ។ លោកបញ្ជាក់ថា ទឹកជំនន់ហក់ឡើងខ្លាំងនៅម៉ោង ៤ព្រឹក ដែលធ្វើឱ្យប្រជាពលរដ្ឋមានពេលវេលាគ្រប់គ្រាន់សម្រាប់ប្រមូលផល និងដឹកជញ្ជូនកសិផលឱ្យបានទាន់ពេលវេលាឡើយ ទើបបណ្ដាលឱ្យទឹកជំនន់លេបត្របាក់កសិផលទាំងនោះអស់គ្មានសល់។
លោក យ័ន សំបាន៖ «យប់មិញគឺលឿនមែនទែន ដែលគាត់ត្រៀមខ្លួនអត់ទាន់។ ហើយដំណឹងឱ្យតែមួយថ្ងៃ ហើយបើកភ្លាម បើកជង្ហុក វាហានិភ័យ។ ស្រែច្រូតអត់ទាន់នេះ គឺបញ្ហាហ្មង គឺខ្ទេចហ្មង។ ហើយស្រែដែលប្រមូលផលហើយ អ្នកខ្លះហាលទុកនៅផ្ទះអីហ្នឹង គឺត្រូវបាត់បង់។ អ្នកខ្លះហាលនៅវត្ត ក៏អ៊ីចឹងដែរ។ នៅវត្តលិច នៅសាលារៀននៅមុខហ្នឹង ក៏លិចដែរ វិទ្យាល័យស្រុកឯកភ្នំក៏លិចដែរ»។
ទោះជាយ៉ាងណា ពលរដ្ឋអះអាងថា កាលពីថ្ងៃទី១៨ កញ្ញា មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានជូនដំណឹងការបើកទ្វារទឹក ដល់ប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងក្រោមទំនប់សាលាតាអន ឱ្យមានការប្រុងប្រយ័ត្នដែរ ប៉ុន្តែពួកគាត់គិតថា កម្ពស់ទឹកមិនឡើងខ្លាំងនោះទេ ទើបមិនបានត្រៀមលក្ខណៈទុកជាមុន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង លោក ឡុង ផលគុណ និងអភិបាលខេត្តនេះ គឺលោក សុខ លូ ដើម្បីសុំការបកស្រាយបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី ២៩ កញ្ញា។
ទាក់ទិនរឿងនេះ រដ្ឋបាលខេត្តបាត់ដំបង ចេញសេចក្ដីបកស្រាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក អំពីការចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងក្រុងបាត់ដំបង ដែលកំពុងជន់ឡើងនៅក្នុងដងស្ទឹងសង្កែ និងបានលិចតំបន់ទំនាបមួយចំនួន នៅក្នុងខេត្តបាត់ដំបង ដោយសារជំនន់ទឹកភ្លៀងផ្នែកខាងលើមួយរយៈចុងក្រោយនេះ។ រដ្ឋបាលខេត្តបាត់ដំបង លើកឡើងថា ទឹកជំនន់ អាចនឹងស្រកទៅវិញ នៅថ្ងៃស្អែក។
មិនត្រឹមតែខេត្តបាត់ដំបង មួយប៉ុណ្ណោះទេ ទឹកជំនន់ក៏បានវាយប្រហារ ធ្វើឱ្យខូចខាតសម្បែងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ផ្លូវថ្នល់ និងបំផ្លាញកសិផលនៅតាមតំបន់នៃខេត្តមួយចំនួនផងដែរ មានដូចជា ស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកកណ្ដៀង និងក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់ និងក្រុងកំពង់សោមជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។