លោក ហ៊ុន សែន គំរាម​អ្នក​រិះគន់​រឿង​បាត់បង់​ព្រៃឈើ​ថា នឹង​ដកហូត​ដីធ្លី

0:00 / 0:00

អ្នកឃ្លាំមើល​ព្រៃឈើ ក្រុម​យុវជន និង​ពលរដ្ឋ​សោកស្តាយ ចំពោះ​ការ​និយាយ​ដៀមដាម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​លើ​អ្នក​រិះគន់ រឿង​បាត់បង់​ព្រៃឈើ​ថា គឺជា​ជន​អគតិ និង​ជា​ក្រុម​បក្ស​ប្រឆាំង ដែល​នាំគ្នា​ទៅ​កាប់​ទន្ទ្រានព្រៃ​ធ្វើ​កសិកម្ម ដើម្បី​បង្កបង្កើនផល នាំ​ឱ្យ​ព្រៃឈើ​បាត់បង់​។ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​នឹង​ដកហូត​ដីធ្លី​របស់​អ្នក​ដែល​រិះគន់​ទាំងអស់ ដែល​កាន់កាប់ ក្រោយ​ទសវត្សរ៍​ទី៧០ ដើម្បី​យក​ដី​ដាំ​កូនឈើ​ឡើងវិញ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាម​ចំពោះ​អ្នក​ដែល​រិះគន់​លោក​ដដែលៗ រឿង​បាត់បង់​ព្រៃឈើ​ថា លោក​នឹង​រឹបអូស​យក​ដីធ្លី​អ្នក​ទាំងនោះ ដែល​កាន់កាប់​ក្រោយ​ឆ្នាំ១៩៧៩ ដែល​លោក​អះអាង​ថា ដី​ទាំងនោះ​បាន​មក​ពី​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​។ លោក​ថា មូលហេតុ​នាំ​ឱ្យ​ព្រៃឈើ​បាត់បង់​ដោយសារ​កំណើនប្រជាជន ធ្វើ​ឱ្យ​មាន​តម្រូវការ​ដីធ្លី សម្រាប់​បង្កបង្កើនផល។

លោក​ទទួល​ស្គាល់​ថា កម្ពុជា​បាត់បង់​ព្រៃឈើ ប៉ុន្តែ​ជំនួស​មកវិញ នូវ​ដំណាំ​កសិកម្ម ដើម្បី​បំពេញតម្រូវការ​ជីវភាព​ប្រជាជន ហើយក៏​មាន​ដី​នៅ​កន្លែង​ខ្លះទៀត មាន​ព្រៃ​រេចរឹល តែ​ជំនួស​មក​វិញ ដោយ​ដើម​កៅស៊ូ ដូងប្រេង និង​ស្វាយចន្ទី​ជាដើម​។ លោក ហ៊ុន សែន ថ្លែង​បែប​នេះ ក្នុង​ពិធីបុណ្យ​ទិវា​មច្ឆាជាតិ​១ កក្កដា ក្នុង​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី១ កក្កដា​៖ «ពួក​អគតិ​និយម​ប្រើប្រាស់​ថា ឈើ​បាត់​ទៅណា ព្រៃ​បាត់​ទៅណា ឥលូវ​បើសិនជា​អ្នកឯង​នៅតែ​បន្ត រក​បាត់​ទៅណា​ព្រៃឈើ​ ? ដី​ដែល​អ្នកឯង​កាន់កាប់​ក្រោយ​ឆ្នាំ ១៩៧៩ គឺ​បាន​មក​ពី ការ​បាត់បង់​ព្រៃឈើ​ហ្នឹងហើយ​។ ដី​នៅ​ដដែលៗ តែ​ក្រុម​អ្នកឯង​មួយចំនួន​កាន់កាប់»។

អ្នកឃ្លាំមើល​ព្រៃឈើ ក្រុម​យុវជន និង​ពលរដ្ឋ ប្រតិកម្ម​ចំពោះ​ការ​លើកឡើង​នេះ ដោយ​ចាត់ទុកថា ជា​ការ​ប្រើ​វោហារ​សព្ទ​នយោបាយ ដើម្បី​ដោះ​បន្ទុក ឬក៏​សម្រាល​ការទទួលខុសត្រូវ ពី​វិនាសកម្ម​ព្រៃឈើ ខុស​ទំនង ក្នុងនាម​ជា​រដ្ឋាភិបាល​អនុវត្ត​ច្បាប់។

យុវតី​រស់នៅ​រាជធានី​ភ្នំពេញ កញ្ញា ធួន ស្រីពៅ យល់​ថា ការ​លើកឡើង​នេះ ពុំ​មែន​ជា​យន្តការ​ស្វែងរក​ដំណោះស្រាយ វិបត្តិ​ព្រៃឈើ ដែល​អូស​បន្លាយពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​។ កញ្ញា​បន្ថែម​ថា មាន​ហេតុផល​បន្ទាប់បន្សំ​ជាច្រើន នាំ​ឱ្យ​ព្រៃឈើ​បាត់បង់​ដោយសារ បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​កើតមាន​ជា​ហូរហែ គ្មាន​យន្តការ​លុបបំបាត់​ទាល់តែសោះ បើទោះ​បី​ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ភស្តុតាង និង​របាយការណ៍​រាប់​មិន​អស់​ក្តី ក៏​មន្ត្រី​រដ្ឋាភិបាល​មិន​យកចិត្តទុកដាក់​ដោះស្រាយ​ដែរ។

កញ្ញា​ចង់​ឃើញ​រដ្ឋាភិបាល​ទទួល​យក​មតិ​រិះគន់ ក្នុង​ន័យ​ស្ថាបនា ឬក៏​របាយការណ៍​ស្រាវជ្រាវ របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល មក​ពិនិត្យ និង​ដោះស្រាយ​ឱ្យ​ហ្មត់​ចង់ ប្រសើរ​ជាង ការ​និយាយ​វាយប្រហារ​គ្នា គំរាមកំហែង និង​ការ​ធ្វើទុក្ខបុកម្នេញ ដើម្បី​យកឈ្នះ​ចាញ់​៖ «រដ្ឋាភិបាល​គួរតែ​អនុវត្ត​កាតព្វកិច្ច​របស់​គាត់​ឱ្យ​បាន​ល្អ និង​ត្រឹមត្រូវ​បំផុត និង​ពង្រឹង​ការអនុវត្ត​ច្បាប់ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព ជាពិសេស​ដាក់ទោស​ជន​ល្មើស​។ រដ្ឋាភិបាល​គួរតែ​យក​របាយការណ៍​មក ពិនិត្យ និង​ស្រាវជ្រាវ​ឱ្យ​ច្បាស់លាស់ ប្រសើរ​ជាង ធ្វើទុក្ខបុកម្នេញ ដើម្បី​ឈ្នះ​ចាញ់»។

​ពលរដ្ឋ​ម្នាក់​ទៀត រស់នៅ​ខេត្ត​ស្ទឹងត្រែង លោក ថាន់ វ៉ន គិត​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន បែប​នេះ គឺជា​ការ​ទទួលស្គាល់​ការពិត​ថា ព្រៃឈើ​នៅ​កម្ពុជា​កំពុង​បាត់បង់​ច្រើន​។ លោក​នៅចាំ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​សន្យា​រាប់មិនអស់​ប្ដេជ្ញា​ការពារ​ព្រៃ​ឱ្យ​គង់វង្ស ប៉ុន្តែ​មិន​បាន​អនុវត្ត​ដូច​ការ​សន្យា​ទេ គឺ​ឃើញ​ថា និយាយ​ឌឺដង និង​គំរាមកំហែង​លើ​អ្នក​រិះគន់​ទៅវិញ​។​

លោក​បន្ថែម​ថា ប្រភព​ចម្បង​នាំ ឱ្យ​ធនធានធម្មជាតិ​វិនាស​ហិនហោច ដោយសារ​អំពើពុករលួយ និង ការអនុវត្ត​ច្បាប់​ធូររលុង ហើយ​បញ្ហា​នេះ នៅតែ​កើតឡើង​ដដែលៗ ដែល​រដ្ឋាភិបាល​គ្មាន​សមត្ថភាព​ដោះស្រាយ​ទាល់តែសោះ៖ «បើ​តាម​មើល​ភូមិ​ខ្ញុំ គ្មាន​ការពារ​អី​បានទេ បើ​ពលរដ្ឋ​ការពារ​ថា គណបក្សប្រឆាំង ដល់ពេល​អស់​ព្រៃឈើ​ថា គណបក្សប្រឆាំង​។ អាជ្ញាធរ​ឥលូវ​អត់​យក​ច្បាប់​ជាធំ​ផង ចង់​ថា អ្វី​ស្រេច​តែ​ចិត្ត​អាង​មានអំណាច»។

ចំណែក​អ្នកឃ្លាំមើល​បរិស្ថាន លោក សាន់ ម៉ាឡា មើលឃើញ​ថា បុគ្គល​ណា​ក្តី​ឱ្យ​តែ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ អាជ្ញាធរ​រដ្ឋ​គួរតែ​នាំ​ខ្លួន​បុគ្គល​នោះ យក​ទៅ​អនុវត្ត​ច្បាប់ មិន​គួរ​ប្រើ​វោហារ​សព្ទ​នយោបាយ ដើម្បី​សម្រាល​ការទទួលខុសត្រូវ របស់​រដ្ឋាភិបាល​បានទេ​។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​គួរតែ​បង្ហាញ​ភស្តុតាង​ឱ្យ​ច្បាស់លាស់ ការ​ដែល​ចោទប្រកាន់ អ្នក​រិះគន់ ឬ​ក្រុមប្រឆាំង​ណាមួយ ដែល​ចូលរួម​ចំណែក​បំផ្លាញ​ព្រៃឈើ ដើម្បី​ទទួល​បាន​ដី​បង្កបង្កើនផល៖ «វិបត្តិ​ព្រៃឈើ​នេះ​កើតឡើង​យូរ​ឆ្នាំ​ហើយ បច្ចុប្បន្ន​នេះ ខ្ញុំ​អត់​មាន​សង្ឃឹមថា រដ្ឋាភិបាល ឬ​ក្រសួងបរិស្ថាន មាន​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការ​ដោះស្រាយ ធ្វើការ​ដោះស្រាយ​បញ្ហា​ព្រៃឈើ​ណាស់​។ មានតែ​ពឹង​លើ​ពលរដ្ឋ អង្គុយ​មើល​គេ​កាប់​បំផ្លាញ​ព្រៃឈើ ឬក៏​រួបរួម​គ្នា ធ្វើការ​បញ្ឈប់​បទល្មើស​ព្រៃឈើ​ទូទាំង​ប្រទេស»។

​របាយការណ៍​ស្រាវជ្រាវ របស់​ក្រុម​អ្នកឃ្លាំមើល​បរិស្ថាន​បង្ហា​ញ​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ឯកជន​ជាច្រើន​នៅ​ជុំវិញ​ព្រៃ​អភិរក្ស​នៅ​ខេត្ត​ឦសាន ខេត្ត​កំពង់ធំ ក្រចេះ និង ខេត្តព្រះវិហារ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​អាជីវកម្ម​ឈើ​ខុសច្បាប់​រីក​រាល​ដាល់​ខ្លាំង​ជាង ១០ ឆ្នាំ​មក​ហើយ រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​បញ្ឈប់​នៅ​ឡើយ​ទេ​។ លើស​ពី​នេះ ក្រុមហ៊ុន​ទាំងនោះ គឺជា​ប្រភព​ធ្វើ​ឱ្យ​ព្រៃឈើ ក្នុង​តំបន់​ការពារ និង​ក្រៅ​ដែន​អភិរក្ស វិនាស​ហិនហោច ដោយសារ​ក្រុម​ឈ្មួញ បាន​បើក​ដេប៉ូ​អារឈើ និង​ស្តុក​ឈើ ក្នុង​ទីតាំង​របស់​ក្រុមហ៊ុន ដើម្បី​កាប់​ឈើ​ខុសច្បាប់ ធ្វើ​អាជីវកម្ម ដោយមាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង មន្ត្រី​បរិស្ថាន​មួយចំនួន បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ឯកជន​ទាំងនោះ ដើម្បី​ទទួលផល​ប្រយោជន៍។

បញ្ហា​ប្រឈម​ទាំងនេះ កម្រ​ឃើញ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​មន្ត្រី​ខិលខូច​ណាស់ គឺ​ឃើញ​តែ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ដែល​ហ៊ាន​ចេញ​មុខ​ការពារ​ព្រៃឈើ តាម​ប្រព័ន្ធ​តុលាការ។

​សកម្មជន​ការពារ​ព្រៃឈើ​លោក ហេង ស្រស់ អះអាង​ថា របាយការណ៍​របស់​ពួក​លោក រក​ឃើញ​ឧកញ៉ា​ជាង ២០​នាក់ និង​ក្រុម​អ្នកមាន​ឥទ្ធិពល​ជាច្រើន​នាក់​ទៀត រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ ដែល​ក្នុង​នោះ មាន​ឧកញ៉ា​ខ្លះ ឃើញ​គណៈកម្មការ​ជំនាញ​អនុវត្ត​ច្បាប់ ហើយ​ក៏​មាន​ឧកញ៉ា​ខ្លះ​ទៀត មិន​ឃើញ អនុវត្ត​ច្បាប់​នោះ​ទេ។

លោក​បន្ថែម​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ របស់​ក្រសួង​កសិកម្ម គឺជា​អ្នក​ស៊ីញេ​ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ក្នុង​ព្រៃ​អភិរក្ស​ជាច្រើន ហើយ​ក៏​មាន​មន្ត្រី​គយ​ខ្លះ គឺជា​អ្នក​បោះត្រា​ឱ្យ​មាន​ការ​ដឹក​ឈើ​ឆ្លងដែន​ខុសច្បាប់​ដែរ។ លោក​សង្កត់​ថា បុគ្គល​ដែល​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​ភាគច្រើន ជា​មន្ត្រី​មាន​ឥទ្ធិពល ក្នុង​ជួរ​រដ្ឋាភិបាល​កម្រ​ឃើញ សមត្ថកិច្ច​អនុវត្ត​ច្បាប់​ណាស់ បើ​ទោះ​បី​មាន​ជាប់​ពាក់ព័ន្ធ​ជំនួញ​ឈើ​ខុសច្បាប់​ក្ដី​៖ «គួរតែ​ពិនិត្យមើល​កូនចៅ​ក្រោម​ឱវាទ​របស់​គាត់ ដែល​ចេញ​មក រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ នៅ​កម្ពុជា រត់ពន្ធ​លក់​នៅ​ក្រៅ​ប្រទេស​។ យើង​មាន​ឯកសារ​ច្បាស់លាស់ ដើម្បី​បង្ហាញ​ឱ្យ​សាធារណជន បើ​រដ្ឋាភិបាល​ចង់បាន នឹង​បង្ហាញ​ឱ្យ​មើល​ថា នរណា​គេ រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា»។

សកម្មជន​បរិស្ថាន​រូប​នេះ​បន្ថែម​ថា មូលហេតុ​សំខាន់ ធ្វើ​ឱ្យ​ព្រៃឈើ​បាត់បង់​ច្រើន មកពី​រដ្ឋាភិបាល​អសមត្ថភាព​ថែរក្សា និង​ការពារ ពុំ​មែន​មក​ពី​ពលរដ្ឋ និង​ក្រុម​អ្នក​រិះគន់ កាប់​ទន្ទ្រាន​យក​ដី​យក ធ្វើ​កសិកម្ម​នោះ​ទេ។ ពួកគេ​សង្កេត​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​បាន​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​រដ្ឋាភិបាល​នៅតែ​មិន​ព្រម​ដោះស្រាយ​រឿង​នេះ តែ​បែរជា ប្រើ​ទស្សន​នយោបាយ ឌឺដង ចំពោះ​អ្នក​រិះគន់​ទៅវិញ។

របាយការណ៍​របស់​អ្នកឃ្លាំមើល​ព្រៃឈើ​រក​ឃើញ​ថា ក្រុម​ឧកញ៉ា​មួយ​ចំនួន ជា​ឈ្មួញ​រកស៊ី​ឈើ​ធំៗ និង​ជា​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល មិន​ត្រឹមតែ​គ្មាន​ចំណាត់ការ​ច្បាប់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះ​ទេ គឺ​រដ្ឋាភិបាល តែងតែ​ចេញមុខ​ការពារ​អ្នក​ជួញ​ឈើ​ខុសច្បាប់ របស់​ក្រុម​ឧកញ៉ា និង​ក្រុមហ៊ុន​ឯកជន​មួយចំនួន​។ រីឯ វិធានការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​កន្លងទៅ ទាល់​តែ​មាន​បទបញ្ជា​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើប​សមត្ថកិច្ច​ហ៊ាន​អនុវត្ត​ច្បាប់ ។ ប្រការ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​វិបត្តិ​ព្រៃឈើ គ្មាន​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព​យូរអង្វែង។

កាលពី​ចុងឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​ស្តី​បន្ទោស​ពលរដ្ឋ និង​អ្នក​ដែល​រិះគន់​លោក​រឿង​បាត់បង់​ព្រៃឈើ​ថា នាំគ្នា​ទៅ​ទិញ​ឈើ ដើម្បី​សង់ផ្ទះ លើកទឹកចិត្ត​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ហើយ​បែរជា​នាំគ្នា​ទម្លាក់កំហុស​មក​លើ​លោក​ទៅវិញ​។ លោក​ព្រមាន​ថា នឹង​រុះរើ​ផ្ទះ​របស់​ពលរដ្ឋ​ទាំងអស់ ដែល​សង់​ក្រោយ​ឆ្នាំ​១៩៧៩ ដើម្បី​ប្រមូល​ឈើ​ដែល​បាត់បង់​មកវិញ។

កាលពី​ចុងខែ​សីហា ឆ្នាំ​២០២១ សហព័ន្ធ​កូរ៉េ​ដើម្បី​ចលនា​បរិស្ថាន (Korea Federation for Environmental Movements) ចេញ​ផ្សាយ​របាយការណ៍​ពិស្ដារ​មួយ រក​ឃើញ​ថា ទំហំ​ព្រៃឈើ​បាន​ថយ​ចុះ​ជាង ៥​ម៉ឺន ៦​សែន​ហិកតារ (៥៦.០៨៤ ) ក្នុង​ឆ្នាំ ២០១៥ និង​បាត់បង់ ព្រៃ​ជាង ១​ម៉ឺន ៥ សែន ហិកតារ​ទៀត នៅ​ឆ្នាំ​២០២០​។ ការ​រក​ឃើញ​នេះ ផ្អែក​តាម​ទិន្នន័យ​ផ្កាយ​រណប​​សាធារណៈ​ផ្តល់​ដោយ​សាកលវិទ្យាល័យ​ម៉ារីលែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។