ក្រុមអ្នកស្រឡាញ់ព្រៃឈើខកចិត្តចំពោះមន្រ្តីបរិស្ថានខេត្តក្រចេះដែលបណ្តែតបណ្ដោយឱ្យបទល្មើសដឹកឈើចេញពីតំបន់ព្រៃឡង់ និងការរំលោភយកដីធ្វើចម្ការយ៉ាងអាណាធិបតេយ្យដោយគ្មានការបង្រ្កាបណាមួយឱ្យបានត្រឹមត្រូវ។ ក្រុមយុវជនទាំងនោះមើលឃើញថា មន្រ្តីបរិស្ថាន អសមត្ថភាព និងគ្មានឆន្ទៈការពារព្រៃអភិរក្សមួយនេះឱ្យបានគង់វង្ស ខណៈបទល្មើសព្រៃឈើកើនឡើង។
ក្រុមអ្នកស្រឡាញ់ព្រៃឈើលើកឡើងថាព្រៃឡង់ស្ថិតក្នុងខេត្តក្រចេះគឺជាតំបន់ដែលមានបទល្មើសព្រៃឈើខ្លាំងជាងបណ្ដាខេត្តផ្សេងៗហើយបទល្មើសទាំងនោះកើតចេញពីអំពើពុករលួយរបស់មន្រ្តីបរិស្ថានបានឃុបឃិតគ្នាជាមួយជនល្មើស។ ការលើកឡើងនេះក្រោយពីយុវជនជាង៣០នាក់បានធ្វើយុទ្ធនាការជិះកង់ជុំវិញព្រៃឡង់និងព្រៃព្រះរការប្រទះឃើញមានការដឹកចេញតាមរយៈគោយន្តឆ្លងកាត់ទីស្នាក់ការបរិស្ថានដោយគ្មានអាជ្ញាធរណាអើពើទប់ស្កាត់ឡើយ។
យុវជនដែលបានចូលរួមជិះកង់លោក អួត ឡាទីន ប្រាប់វិទ្យុអាសេរីនៅថ្ងៃទី២២ខែឧសភាថាកំឡុងពេលដែលយុវជនកំពុងជិះកង់ឆ្លងកាត់ឃុំកំពង់ចាមស្រុកសំបូរខេត្តក្រចេះឆ្ពោះទៅភ្នំជីខេត្តកំពង់ធំបានជួបប្រទះឃើញការដឹកឈើឈ្លីកនិងសុក្រំជាង៦០កំណាត់នៅតំបន់ចំនួន៣ផ្សេងៗគ្នាយកមករក្សាទុកនៅព្រៃសហគមន៍ប្រាសាទតាខ្មៅនិងសោមទីប៉ូ (ភូមិឧបសម្ព័ន្ធពីភូមិយាវ) ស្រុកសំបូរ។លោកបន្តថាឈើទាំងនោះមានប្រវែងចន្លោះពី៥ទៅ៦ម៉ែត្រនិងមានមុខកាត់ចន្លោះពី៣តឹកទៅ៤តឹក។
លោក អួត ឡាទីន បន្ថែមថា តំបន់ព្រៃឡង់ខេត្តក្រចេះ មានចំណុចផ្សេងទៀត ក្រៅពីបទល្មើសព្រៃឈើ ក៏មានការចូលកាប់ទន្រ្ទានយកដីធ្វើចម្ការពីសំណាក់ប្រជាពលរដ្ឋនិងអ្នកមានអំណាចដែរ។ លោកថាតំបន់ទាំងនោះគឺនៅចំណុចតំបន់ប្រាំដំ ខេត្តក្រចេះ រហូតដល់ជិតភ្នំជីខេត្តកំពង់ធំ ដែលមានទំហំដីរាប់ពាន់ហិកតា ត្រូវបានជនខិលខូចរំលោភយក៖ «សម្រាប់មន្រ្តីបរិស្ថានបើមិនមានការប្រព្រឹត្តអំពើពុករលួយទេ ខ្ញុំគិតថាឈើនៅតំបន់ព្រៃឡង់មិនអាចដឹកចេញបានទេ ព្រោះដឹកច្រកណាក៏មានទីស្នាក់ការបរិស្ថានដែរ ត្រូវឆ្លងកាត់ទីស្នាក់ការបរិស្ថានដែរ ។ អ៊ីចឹងខ្ញុំផ្ទាល់គិតថា ទំនងជាប្រព្រឹត្តអំពើពុករលួយ ឃុតឃិតគ្នារវាងមន្រ្តីបរិស្ថាន និងអ្នករកស៊ីឈើដោយខុសច្បាប់ មានទាំងឈ្មួញខាងក្រុមហ៊ុនផង និងឈ្មួញខាងក្រៅផង »។
លោកបន្តថា ការមិនអើពើរបស់មន្រ្តីបរិស្ថាននេះដោយសារតែពាក់ព័ន្ធអសមត្ថភាពនិងគ្មានឆន្ទៈពិតប្រាកដក្នុងការបង្រ្កាបជនល្មើសដែលធ្វើឱ្យជនទាំងនោះចេះតែប្រព្រឹត្តបទល្មើសព្រៃឈើតាមអំពើចិត្តដោយមិនខ្លាចច្បាប់។ លោកស្នើឱ្យក្រសួងបរិស្ថានគួរតែពង្រឹងឡើងវិញចំពោះមន្រ្តីមូលដ្ឋានត្រូវមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវមិនគួរយកតំបន់ព្រៃអភិរក្សជាកន្លែងប្រព្រឹត្តបទល្មើសនោះទេ។តំបន់ព្រៃឡង់មានផ្ទៃដីប្រមាណ៥០ ម៉ឺនហិកតា ដោយគ្រប់ដណ្តប់ខេត្តចំនួន៤ គឺព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ តំបន់ព្រៃឡង់ ត្រូវបានរដ្ឋាភិបាល់កំណត់ជាតំបន់ការពារ កាលពីឆ្នាំ២០១៦។
អង្គការលើកលែងទោសអន្តរជាតិ ហៅថា Amnesty International ក្នុងឆ្នាំ២០២១ ព្រៃឈើជាង៦ពាន់ហិកតាក្នុងដែនជម្រកសត្វព្រៃធំៗចំនួន២គឺព្រៃឡង់និងព្រៃព្រះរកាត្រូវបានកាប់បំផ្លាញ តាមរយៈការទទួលសំណូកនិងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។ នៅក្នុងរបាយការណ៍ដដែលបានថែមទាំងចោទប្រកាន់ចំៗទៅលើអាជ្ញាធរពាក់ព័ន្ធនិងជាពិសេសមន្ត្រីក្រសួងបរិស្ថានថាមិនបានអើពើនឹងការរាយការណ៍បទល្មើសពីប្រជាពលរដ្ឋនិងថាពេលខ្លះមន្ត្រីក្រសួងបរិស្ថានទាំងនោះបានចុះទៅស៊ើបអង្កេតប៉ុន្តែគ្រាន់តែទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ។
ចំណែកយុវតីម្នាក់ទៀតគឺ ធួង ស្រីពៅ ដែលចូលរួមយុទ្ធនាការជិះកង់ជុំវិញព្រៃឡង់ដើម្បីបរិស្ថានអស់រយៈពេល១០ថ្ងៃ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី១០ ដល់២០ ខែឧសភា បានឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ទើបបញ្ចប់កាលពីថ្មីៗនេះ ឱ្យអាស៊ីសេរីដឹងថា កញ្ញាតក់ស្លុតយ៉ាងខ្លាំងដែលប្រទះឃើញបទល្មើសដឹកឈើចេញពីតំបន់ព្រៃឡង់។ យុវតីរូបនេះបន្តថា បើសិនជាបទល្មើសនៅតែបន្តបែបនេះ ព្រៃឡង់នឹងក្លាយជាទីវាលរហោឋាន ហើយបាត់បង់ឈើប្រណិតៗនៅពេលខាងមុខ៖ « ជាសារក៏ដូចជាការសំណូមពរដល់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធទាំងអស់ហ្នឹង សូមចូលរួមឱ្យសកម្មប្រកបដោយភាពស្មោះត្រង់ យុត្តិធម៌ សមធម៌ ចូលរួមការពារធនធានធម្មជាតិ បរិស្ថាននៅក្នុងប្រទេសកម្ពុជា។ ជៀសវាំងការប្រព្រឹត្តអំពើពុករលួយការស៊ីសំណូកសូកប៉ាន់ ពីបុគ្គល ក្រុម ឬក៏ឈ្មួញអ្នកមានអំណាចណាម្នាក់ឡើយ ។ មួយទៀត បើសិនជានៅបន្តឱ្យមានសកម្មភាពកាប់បំផ្លាញ់ព្រៃឈើដោយអនាធិបតេយ្យបែបនេះទៀត សម្រាប់ខ្ញុំ គិតថា ព្រៃឡង់ ក៏ដូចធនធានធម្មជាតិវានឹងបាត់បង់ឆាប់នៅពេលខាងមុខ » ។
វិឡុអាសេរីមិនអាចទាក់ទង អភិបាលរងខេត្តក្រចេះលោក ប៉ែន លីណាត ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២២ ខែឧសភា ដោយទូរសព្ទចូលតែគ្មានអ្នកទទួល។ ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រាក៏មិនអាចទាក់ទងបានដែរនៅថ្ងៃទី២២ខែឧសភានេះ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះធ្លាប់ឱ្យវិទ្យុអាស៊ីសេរីដឹងថាបទល្មើសនៅតំបន់ព្រៃឡង់មិនមានទ្រង់ទ្រាយធំដូចមុននោះទេ។
សេចក្តីថ្លែងការណ៍របស់ក្រុមបណ្តាញសហគមន៍ព្រៃឡង់ ចុះកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពី «សកម្មភាពកាប់បំផ្លាញព្រៃឈើ និងការកាប់រានដីព្រៃល្មើសច្បាប់នៅក្នុងតំបន់ព្រៃឡង់» បានឱ្យដឹងថា បទល្មើសនៅតំបន់ព្រៃឡង់ មានការកាប់បំផ្លាញដើមជ័រច្បោះ និងដើមឈើធំៗ ដោយអនាធិបតេយ្យ រួមដឹកឈើទាំងនោះយកឱ្យក្រុមហ៊ុន Think Biotech Co.,Ltd ស្ថិតក្នុងខេត្តក្រចេះ ក្រុមហ៊ុន Thy Nha Co.,Ltd Development and Investment និងក្រុមហ៊ុន PNT ស្ថិតក្នុងខេត្តព្រះវិហារ និងសកម្មភាពការដឹកជញ្ជូនឈើជាច្រើនគោយន្តក្នុងមួយថ្ងៃៗ។
ពាក់ព័ន្ធនឹងបញ្ហានេះ សហរដ្ឋអាមេរិកកាលពីខែមិថុនា ឆ្នាំ២០២១ បានប្រកាសបញ្ចប់ជំនួយដល់រដ្ឋាភិបាលកម្ពុជា ក្រោមគម្រោងព្រៃឡង់បៃតងដោយលើកហេតុផលថា «បញ្ហាមិនត្រូវបានដោះស្រាយ» ដែលបណ្ដាលឱ្យបទល្មើសចេះតែបន្តកើតមានកាន់តែខ្លាំង។ សកម្មជនព្រៃឈើនៅតែបន្តទទូចឱ្យក្រសួងបរិស្ថានពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរឹងនិងលុបបំបាត់ក្រុមហ៊ុនរកស៊ីឈើដោយខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។